ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ប្អូនជីដូនមួយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានប្រតិកម្មនឹងលោកសង្ឃ ១អង្គ ដែលបានលើកឡើងថា អ្នកដែលជេរអន្ទិតសាន សុជា សុទ្ធតែ ជាអ្នកក្ររហាម និងគ្មានការអប់រំ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ មានព្រះសង្ឃ ១អង្គ ព្រះនាម ប៉ោ រិន បានបង្ហោះរូបព្រះអង្គ ជាមួយអន្ទិតសាន សុជា អតីតព្រះធម្មកថិកល្បី ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន ជាមួយ សំណេរថា «តាមការសង្កេតរបស់ខ្ញុំ អ្នកដែលជេរលោកគ្រូធម៌ ភាគច្រើនសុទ្ធតែអ្នកក្ររហាម ខ្វះការអប់រំ … ក្រហើយសន្សំក្រ តជាតិក្រោយទៀត»។

បន្ទាប់ពីបានឃើញសំណេររបស់ព្រះសង្ឃខាងលើ លោកផ្កាយ៣ ហ៊ុន ជា បានប្រតិកម្មភ្លាមថា អ្នកក្រហ្នឹង វាទើសអីលោកឯង ? លោកហ៊ុន ជា បានព្រមានលោកសង្ឃអង្គនោះថា ប្រយ័ត្នដើរខុសផ្លូវ ធ្លាក់នរក។
លោកហ៊ុន ជា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ថា «និយាយ បានប៉ុណ្ណឹងទៀតវើយ ! អ្នកក្រនឹងវាទើសអីលោកឯង ? យ៉ាត់ដើរខុសផ្លូវធ្លាក់នរក ! នៅវត្តណា ជួយប្រាប់ផង ស្រួលយកបាយទៅឲ្យ ។ ចង់ស៊ីបាយអ្នកក្រ ឬបាយអ្នមាន ? រសជាតិខុសគ្នាតិចទេ ទាន់?»។
ចំណែកគណនីហ្វេសប៊ុក ឈ្មោះ «ជា ចំរើន» បានបញ្ចេញប្រតិកម្មតបទៅលោកសង្ឃខាងលើ នៅថ្ងៃដដែល នោះដែរថា «ឆាន់ចង្ហាន់អ្នកក្រ តែចេញមកដៀលអ្នកក្រ ចឹងគួរសឹកវិញទៅ កុំឲ្យខូចដល់សាសនាព្រះពុទ្ធអង្គអី ! ព្រះពុទ្ធ មិនដែរបង្រៀនសាវ័កបែបនេះទេ។

តើបងប្អូនទទួលយកបានទេ? សំណេររបស់ por rin -ប៉ោរិន (អ្នកដែរជេរលោកគ្រូធម៌ ភាគច្រើនសុទ្ធតែ ក្ររហាម ខ្វះការអប់រំ… ក្រហើយសន្សំក្រ តជាតិក្រោយទៀត) ចំពោះខ្ញុំករុណាទទួលយកមិនទេ!»។
ដូចគ្នានេះដែរ ភិក្ខុមួយអង្គ គង់នៅវតតមួយក្នុងខេត្តព្រះវិហារ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ព្រះអង្គ ឈ្មោះ «ភិក្ខុ រស្មី» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ថា «តើគុណម្ចាស់ឯងរៀងរាល់ថ្ងៃឆាន់បាយពីណាគេ?»។
ទោះបីជាយ៉ាងណា បន្ទាប់ពីមានប្រតិកម្មចំពោះសំណេរខាងលើ ភិក្ខុ ប៉ោ រិន បានលុបសំណេររបស់ព្រះអង្គ ចេញវិញភ្លាម ព្រមទាំងបានសរសេរសុំទោស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ថា «សូមអធ្យាស្រ័យរាល់ពាក្យ មិនសមរម្យ ដែលធ្វើប៉ះពាល់ដល់អារម្មណ៍របស់បងប្អូន សូមអរគុណ »។

គួរកត់សម្គាល់ថា ការលើកឡើងរបស់ភិក្ខុ ព្រះនាមប៉ោ រិន ក្នុងន័យប្រមាថដល់អ្នករិះគន់អន្ទិតសាន សុជា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាអតីតធម្មកថិកល្បី បានលាចាក សិក្ខាបទ បានជាង២ខែ ក៏បានភ្ជាប់ពាក្យជាមួយនារីម្នាក់ នៅប្រទេសអូស្ត្រាលី ហើយនៅតែបន្តសម្តែងធម៌ និងរិះគន់គេឯងគ្រប់គ្នា រួមទាំងរិះគន់ព្រះសង្ឃធុតង្គ ព្រះនាមព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិកាវត្តតាសុត នៅខេត្តកំពង់ឆ្នាំង ដែលប្រជាពុទ្ធបរិស័ទគោរពជឿភ្លូកទឹកភ្លូកដីថា ជាលោកឪសួង ទី២ ទេវតាដើរដី មានបារមី ខ្លាំងពូកែនោះ រហូតធ្វើឲ្យពុទ្ធបរិស័ទមួយចំនួន រិះគន់អន្ទិតសាន សុជា ថាសឹករួចបែកៗ រហូតអ្នកខ្លះហៅថា «ម៉ៃ សុគន្ធ ទី២» ឬ «មហាទើស ទី២» ទៀតផង។ សូម្បីលោកផ្កាយ៣ ហ៊ុន ជា មុននេះក៏ធ្លាប់បានប្រតិ កម្មនឹងអន្ទិតសាន សុជា ពីរឿងនិយាយប៉ះពាល់ដល់ព្រះសង្ឃធុតង្គ វនវាសី ចន្ទ មុនី ផងដែរកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ដោយលោកបានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក ព្រមានអន្ទិតសាន សុជា ថា «លោកឯងបានសឹកហើយ រៀបការហើយ មានគ្រួសារហើយ យកខួរ យកពេលមើលថែ និងរកលុយជួយ គ្រួសារវិញវាល្អជាង ឈប់ ! ឈប់ !»៕