ភ្នំពេញ ៖ ទីតាំងលួចលាក់ផលិត កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយ មួយកន្លែងត្រូវបាន កម្លាំងនគរបាលជំនាញ ស្រាវជ្រាវឈានដល់ការបង្ក្រាប និងដកហូតបានប្រេងម៉ាស៊ីនក្លែងក្លាយ ជាច្រើនម៉ាក រាប់តោន។

ប្រតិបត្តិការបង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ប្រតិបត្តិការបង្ក្រាបប្រេងម៉ាស៊ីនក្លែងក្លាយនេះ បានធ្វើឡើងដោយមានការចូលរួមសហការពីសមត្ថកិច្ចមូលដ្ឋាន នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ ក្រុមហ៊ុននាំចូលប្រេងម៉ាស៊ីន។

ក្រោយពីការឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបម្រើឱ្យការងារវេចខ្ចប់ប្រេង ម៉ាស៊ីនក្លែងក្លាយ ជាច្រើន ដូចជា សំបកពុយ សំបកធុង សំបកកេស សំបកដប តែម ស្ទិកកឺរ រូមនិងឧប ករណ៍សម្រាប់ច្រកមួយចំនួន ព្រមទាំងប្រេងម៉ាស៊ីនច្រករួចហើយ ជាច្រើនធុង ដែលមានចំណុះរាប់តោន៕




