Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកា... ប់...មនុស្សអត់បាន កា...ប់...ម៉ូតូ ជាប់ខ្នោះ៥

កា… ប់…មនុស្សអត់បាន កា…ប់…ម៉ូតូ ជាប់ខ្នោះ៥

ខេត្តបាត់ដំបង ៖ ក្មេងទំនើង ១ក្រុម ប្រដាប់ដោយកាំបិតនិងដំបង បានធ្វើសកម្មភាពដេញកាប់យុវជនម្នាក់ តែមិនបានសម្រេច ដោយសារយុវជនរងគ្រោះបានផ្តួលម៉ូតូ រត់បាត់ ស្រាប់តែក្រុមក្មេងទំនើងនាំគ្នាជះកំហឹង ដាក់ម៉ូតូ ដោយព្រួតកាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យរងការខូចខាត លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវ សមត្ថកិច្ចចុះស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន៥នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។ រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ សរុបចំនួន៥នាក់។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហាវ លីម៉ីញ ភេទប្រុស រស់ នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។ ទី២-ឈ្មោះភឿប មករា ភេទប្រុស រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល។ ទី៣-ឈ្មោះវុធ ម៉េងហួរ ភេទប្រុស រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល។ ទី៤-ឈ្មោះចិត្ត ចម្រើន ភេទប្រុស រស់នៅភូមិក្រសាំង ឃុំម៉ឺន ស្រុកថ្មគោល និងទី៥-ឈ្មោះ ណក់ សីហា ភេទប្រុស រស់ នៅភូមិទំនាប ឃុំម៉ឺន ស្រុកថ្មគោល។ ចំណែកវត្ថុតាងដកហូត រួមមាន កាំបិតផ្គាក់ដងឈើ ចំនួន០១ដើម និងម៉ូតូ ចំនួន៤គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចស្រុកថ្មគោល បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះដារ៉ា គឹមហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល បានប្តឹងចំពោះជនសង្ស័យខាងលើ ដែលបាន ធ្វើសកម្មភាព កាប់ម៉ូតូរបស់ខ្លួន ១គ្រឿង ម៉ាកហុងដា ឃ្លីក ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បាត់ដំបង 1A-5648 បណ្តាល ឱ្យខូចខាត បែកក្បាលម៉ូតូ និងស្តុបម៉ូតូខាងក្រោយ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ជាបន្តបន្ទាប់ សរុបចំនួន៥នាក់។

ក្រុមក្មេងទំនើងទាំង៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES