Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ម្ចាស់មិននៅ ភ្លើងឆេះផ្ទះ អស់៤០លាន

 ម្ចាស់មិននៅ ភ្លើងឆេះផ្ទះ អស់៤០លាន

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ខណៈដែលម្ចាស់រវល់ចេញទៅស្រែ លុះត្រឡប់មកវិញ ឃើញភ្លើងឆេះផ្ទះពេញបន្ទុកទៅហើយ ធ្វើឱ្យផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក។

ផ្ទះដែលត្រូវភ្លើងឆេះ មានទំហំ ១៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ សង់ពីឈើដំបូលស័ង្កសី ជញ្ជាំងក្តារ មានម្ចាស់ ឈ្មោះខែត ឈួត ភេទប្រុស អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះម៉ាំង អ៊ូ ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះ បាននាំគ្នាចេញទៅ ស្រែអស់ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះខាងលើ រួចក៏មានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ហើយភ្លាមនោះអ្នកជិតខាងបានផ្តល់ដំណឹងដល់ ម្ចាស់ផ្ទះ រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចឱ្យជួយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកពន្លត់ ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនៃអធិការដ្ឋាននគរបាលស្រុក ស្វាយចេក បានដឹកនាំកម្លាំងនគរបាល នាំយករថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ រហូតគ្រប់គ្រង សភាពការណ៍បានទាំងស្រុង តែអកុសល ផ្ទះខាងលើ ត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ។

តាមការបញ្ជាក់ពីជនរងគ្រោះជាម្ចាស់ផ្ទះ គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ប្រាក់ ១ម៉ឺនបាត សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប្លង់ដី រួមនិងសម្ភារៈប្រើ ប្រាស់ក្នុងផ្ទះទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណ៤០លានរៀល។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ហើយពេលឆាបឆេះ ម្ចាស់មិនបាននៅផ្ទះទេ ព្រោះរវល់ទៅធ្វើស្រែចម្ការ៕

RELATED ARTICLES