Monday, November 18, 2024
Homeតារាខ្មែរសម្តេចហ៊ុន សែន បញ្ចប់មាត់ចាបមាត់ព្រាប ផ្សំផ្គុំ​រៀបការ​ក្មួយប្រុស និងតារាស្រីហ៊ិន ច័ន្ទនីរ័ត្ន

សម្តេចហ៊ុន សែន បញ្ចប់មាត់ចាបមាត់ព្រាប ផ្សំផ្គុំ​រៀបការ​ក្មួយប្រុស និងតារាស្រីហ៊ិន ច័ន្ទនីរ័ត្ន

ភ្នំពេញ ៖ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ដើម្បីបញ្ចប់​មាត់ចាបមាត់ព្រាប ពីរឿងឯកជនស្នេហារវាងក្មួយប្រុសរបស់សម្តេច និងតារាសម្តែងស្រី រូបស្រស់ផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាតួឯកស្រី ក្នុងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នោះ សម្តេច ក្នុងឋាន:​ជាឪពុកធំ (អ៊ំំប្រុស) សម្រេចចូលរួមរៀបចំផ្សំផ្គុំក្មួយប្រុស និងតារាស្រីហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០២៣ នេះ ហើយនឹងរៀបការតាមប្រពៃណីខ្មែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចហ៊ុន សែន បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ថា «ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវ ជុំវិញ​កូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងឋាន:ជាឪពុកធំ កូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការ តាមប្រពៃណី។

ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃ២២ ខែធ្នូ ២០២៣ កំណត់ជា​ថ្ងៃរៀបការ ដែលគ្រួសារទាំងសងខាងនិងសាមីខ្លួន បានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំ រៀបចំពេល​វេលាបែបនេះ។

ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបក​ស្រាយផ្សេងពីនេះទៀត​ឡើយ»។

សូមបញ្ជាក់ថា កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ជាតារាសម្តែង និងជាពិធីការិនីទូរទស្សន៍បាយ័ន ដែលមានឈ្មោះល្បីជា​តារា​ដែលមានសម្រស់ស្អាតលេចធ្លោ ដែលមានកិត្តិយស ត្រូវបានជ្រើសឲ្យសម្តែងជាតួឯក ក្នុងខ្សែភាព​យន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាខ្សែភាពយន្តជីវិតពិតរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសព្វថ្ងៃជា​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋាន:ស្មើនាយករដ្ឋមន្ត្រី ហើយតាមរយ:ការសម្តែងរឿងនេះ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ក៏ទទួលបានមេដាយនិងគ្រឿងឥស្សរិយយស បំពាក់ដោយសម្តេចហ៊ុន សែន ផ្ទាល់ផង​ដែរ៕ ខៀវទុំ

RELATED ARTICLES