ភ្នំពេញៈ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម លោករស់ សារ៉ុម បានធ្វើការសុំទោសលោកស្រីឧកញ៉ាហ៊ុន ស៊ីណាត ជាសាធារណៈ បន្ទាប់ពីតុលាការ បានកោះហៅទៅសាកសួរពីរឿងលោកស្រីហ៊ុន ស៊ីណាត ប្ដឹងពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឿក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង ។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន លោករស់ សារ៉ុម បានបង្ហោះឃ្លីបសំឡេងសន្ទនារវាងលោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា អមជាមួយសំណេរថា “ ខ្ញុំមានរឿងចង់សួរបិសាចមុខគុជ ផែង វណ្ណៈ បច្ចុប្បន្នបានសញ្ជាតិខ្មែរនៅ? ប្រឹងរកយុត្តិធម៌ជូនខ្មែរណាស់ ។ ក្នុងចំណោមបងប្អូនបង្កើតសម្ដេចតេជោ ខ្ញុំយល់ថាលោកជំទាវហ៊ុន ស៊ីណាត ល្មមសម្រាកហើយ សម្ដេចតេជោ ដកទំនុកចិត្តប៉ុន្មានដងហើយ នៅតែបានដៃទៀត ។ កាងមនុស្សខូចចង្រៃបក្ស សូមសម្ដេចតេជោ កុំប្រកាន់ខ្ញុំ ដែលប៉ះប្អូនសម្ដេច ព្រោះលោកជំទាវថ្នាក់ក្រោមល្អៗមិនសូវចូលចិត្ត ជាយោបល់ខ្ញុំប្រយ័ត្ននាំគ្រោះដល់យុវជនបន្តវេន ។ ធ្វើបាបមន្រ្តីល្អលោកសុខ លូ ក្រុមខ្ញុំចេញដើរតាមផ្លូវហើយ មិនទុកមុខឲ្យមន្រ្តីជើងកាងខូចឡើយ ។ ចង្រៃបក្សមធ្យម ងុំចង្រៃជាតិ លោកជំទាវហ៊ុន ស៊ីណាត អើយល្មមៗបានហើយ ។ ទុកឲ្យខ្ញុំដកស្កូវលោកជំទាវហ៊ុន ស៊ីណាត បែបត្រូវមនុស្ស “ ។
ក្រោយបានឃើញសំណេររបស់លោករស់ សារ៉ុម ខាងលើនេះ លោកស្រីហ៊ុន ស៊ីណាត មានប្រតិកម្មយ៉ាងខ្លាំង និងបានពឹងពាក់មេធាវីឲ្យរៀបចំបណ្ដឹងប្ដឹងលោករស់ សារ៉ុម ទៅតាមផ្លូវច្បាប់ ។ ភ្លាមៗនោះដែរ មេធាវីរបស់លោកស្រីហ៊ុន ស៊ីណាត បានធ្វើសេចក្ដីជូនដំណឹងមកលោករស់ សារ៉ុម ឲ្យធ្វើការសុំទោសលោកស្រីហ៊ុន ស៊ីណាត នៅក្នុងរឿងនេះ ។
នៅក្នុងលិខិតជូនដំណឹង ចុះថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ លោកស្រីហង្ស ផារ៉ាឌី អត្តលេខ ២១៥៨ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការិយាល័យនៅក្រុមមេធាវី អេដ អេន អេស ដែលមានអាសយដ្ឋាននស្ថិតនៅផ្ទះលេខ៧៤ ផ្លូវលេខ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមេធាវីការពារសិទ្ធិនិងជាមេធាវីតំណាងដោយអាណត្តិ ជូនលោកស្រីហ៊ុន ស៊ីណាត បានបញ្ជាក់ទៅលោករស់ សារ៉ុម នៅពេលនោះថា ការសរសេរបង្ហោះខ្លឹមសារខាងលើនេះ គឺចាត់ទុកថាជាអំពើបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងអំពើញុះញង់ឲ្យមានការរើសអើង ដែលចាត់ទុកថាបានល្មើសនឹងបញ្ញត្តិមាត្រា ៣០៥, មាត្រា៣០៧ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយការសរសេរនោះចេតនាបំផុសបំផុល ប្រើប្រាស់ពាក្យពេចន៍ប្រមាថ មាក់ងាយ និងញុះញង់ដល់ប្រជាជនក្នុងប្រទេស និងសមាជិកបក្សឲ្យធ្វើការរើសអើងមកលើកូនក្ដីលោកស្រី ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីលោកស្រី នៅក្នុងសង្គមយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។ ហេតុដូច្នេះលោកស្រីសូមជូនដំណឹងដល់លោករស់ សារ៉ុម ធ្វើការសុំទោសជាសាធារណៈ និងលុបចោលនូវការសរសេរសារបង្ហោះខាងលើដែលប៉ះពាល់ដល់លោកស្រីហ៊ុន ស៊ីណាត ជាបន្ទាន់ក្នុងរយៈពេលមិនឲ្យលើសពី២៤ម៉ោង គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ប្រសិនបើមិនមានការលុបចោល និងធ្វើការសុំទោសជាសាធារណៈតាមកាលកំណត់នោះទេ លោកស្រីនឹងបន្តចំណាត់ការចំពោះករណីនេះទៅតាមផ្លូវច្បាប់ជាធរមាន ។
ឆ្លើយតបនឹងសេចក្ដីជូនដំណឹងរបស់មេធាវីលោកស្រីហ៊ុន ស៊ីណាត ខាងលើនេះ លោករស់ សារ៉ុម បានលុបសំណេរនិងដកវីដេអូនោះចោល និងបានធ្វើការសុំទោសលោកស្រី ហ៊ុន ស៊ីណាត តាមបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នៅពេលនោះ ប៉ុន្តែជាមួយនឹងការសុំទោស លោកក៏បានឆ្លើយតបទៅនឹងអ្នកដែលចូលមកខមិ្មន (Comment) ថា ការដែលលោកធ្វើបែបនេះ ឬយល់ព្រមសុំទោស ដោយសារតែលោកយល់ដល់ព្រះឥន្ទ (សម្ដេចហ៊ុន សែន)។ ការឆ្លើយតបទៅនឹងអ្នកខមិ្មន របស់លោករស់ សារ៉ុម នៅពេលនោះ បានធ្វើឲ្យលោកស្រីហ៊ុន ស៊ីណាត មានការខឹងសម្បាឡើងវិញ និងបដិសេធទទួលយកការសុំទោសពីលោករស់ សារ៉ុម ។
លោកស្រីហ៊ុន ស៊ីណាត បានសរសេរបញ្ជាក់ក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា “ថ្ងៃនេះសួមផ្ដាំទៅម្ចាស់គណនីហ្វេសប៊ុកផេក ឈ្មោះ Ruos Sarom ផងថា ខ្ញុំមិនអាចទទួលយកការសូមទោសរបស់លោកបាន ដោយសារលោកបាននិយាយថា ការសូមទោសនេះ យល់ដល់ព្រះឥន្ទ ដូច្នេះយើងចាំជួបគ្នានៅតុលាការវិញបានល្អ ។ ម្យ៉ាងលោកឯងប្រមាថសុទ្ធតែថាខ្ញុំកាងមនុស្សខូច ខ្ញុំសួរលោកឯងថាពលករទាំងអស់នេះ សុទ្ធតែខូចឬ? លោកឯងមើលងាយពលករពេកហើយ “។
ជាមួយនឹងការរក្សាជំហរបែបនេះ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកស្រីហ៊ុន ស៊ីណាត តាមរយៈមេធាវី បានដាក់បណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោករស់ សារ៉ុម ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង” ប្រព្រឹត្តនៅលើបណ្ដាញសង្គម ហ្វេសប៊ុក កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ តាមបញ្ញត្តិ មាត្រា៤៩៥ មាត្រា៤៩៦ ក្រមព្រហ្មទណ្ឌ ។
បន្ទាប់ពីបានទទួលបណ្ដឹង ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២៥៥៣នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សាយ ស្រីលក្ខណ៍ ក៏បានចេញដីកាបង្គាប់ឲ្យចូលខ្លួន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បង្គាប់ឈ្មោះរស់ សារ៉ុម ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩និង៣០នាទីព្រឹក បន្ទប់ “ឃ១” ដើម្បីសាកសួរ ពីដំណើររឿង “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង” ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ តាមបញ្ញត្តិ មាត្រា៤៩៥ មាត្រា៤៩៦ ក្រមព្រហ្មទណ្ឌ ។
គោរពតាមដីកាបង្គាប់ឲ្យចូលខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ខាងលើនេះ លោករស់ សារ៉ុម ជាចុងបណ្ដឹង ក៏បានចូលទៅតុលាការ តាមកាលបរិច្ឆេទដែលបានកំណត់ ហើយជាលទ្ធផល ចៅក្រមមិនទាន់សម្រេចទេ ប៉ុន្តែក្នុងដំណាក់កាលចៅក្រមស៊ើបសួរ មិនទាន់ជម្រះនេះ ចៅក្រមស៊ើបសួរ បានសំណូមពរដើមបណ្ដឹង ៣ចំណុច គឺ១. ឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ឃុំខ្លួន ២. សុំទោសជាសាធារណៈ និង៣ សំណងជំងឺចិត្ត ចំនួន១០លានរៀល ។
រំលងបាន១ថ្ងៃ ក្រោយតុលាការហៅទៅសាកសួរនោះ គឺនៅថ្ងៃល្ងាចទី២៦ ខែតុលា ឆ្នាំ២០២៣ លោករស់ សារ៉ុម បានយល់ព្រមទទួលយកសំណូមពរទី២ គឺបានចេញវីដេឃ្លីបនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ធ្វើការសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់កំហុសឆ្គងដែលបានប្រព្រឹត្តចំពោះលោកស្រីហ៊ុន ស៊ីណាត និងសំណូមពរឲ្យលោកស្រីហ៊ុន ស៊ីណាត ជាដើមបណ្ដឹង ដកពាក្យបណ្ដឹងវិញ ។
លោករស់ សារ៉ុម បានបញ្ជាក់នៅក្នុងវីដេអូនោះថា “ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! សូមក្រាបថ្វាយបង្គំព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់! សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់! សូមគោរពសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជាទីគោរព! សូមគោរពដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីគោរពស្រលាលាញ់រាប់អាន! ថ្ងៃនេះខ្ញុំរស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា សូមចេញនូវវីដេអូឃ្លីបមួយ ជូនចំពោះលោកជំទាវហ៊ុន ស៊ីណាត ដែលកន្លងទៅ ខ្ញុំបាទរស់ សារ៉ុម បានប្រើប្រាស់នូវពាក្យពេចន៍មិនសមរម្យ ពាក្យពេចន៍ដែលប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់លោកជំទាវ សូមលោកជំទាវមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ ដោយក្ដីអនុគ្រោះដ៏ធំក្រៃលែង ។ ខ្ញុំបាទរស់ សារ៉ុម សូមអរគុណទុកជាមុនចំពោះទឹកចិត្តសន្ដោសប្រណីរបស់លោកជំទាវ ចំពោះរូបខ្ញុំបាទ ដែលបានប្រព្រឹត្តនូវកំហុសឆ្គងចំពោះលោកជំទាវ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្ដីសុខគ្រប់ប្រការ ហើយទទួលបាននូវជោគជ័យគ្រប់ការងារភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ ហើយចម្រុងចម្រើនគ្រប់ប្រការនោះផងដែរ “ ។
បន្ថែមលើការចេញវីដេអូឃ្លីបខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា លោកសូមទទួលស្គាល់នូវកំហុស និងបានសុំទោសជាសាធារណៈរួចហើយ ដូច្នេះលោកសង្ឃឹមនិងជឿជាក់ថា លោកស្រីឧកញ៉ាហ៊ុន ស៊ីណាត នឹងផ្ដល់ការអនុគ្រោះដល់រូបលោក ដោយទឹកចិត្តដ៏ល្អប្រពៃ របស់លោកស្រីឧកញ៉ាចិត្តធម៌ ដែលបានធ្វើអំពើល្អច្រើនលើមនុស្សគ្រប់គ្នា នាពេលកន្លងមក ។
លោករស់ សារ៉ុម បានមានប្រសាសន៍ថា “ បាទ! គោលបំណងរបស់ខ្ញុំ គឺសម្ដែងនូវការសោកស្ដាយយ៉ាងពន់ពេក ចំពោះកំហុសជាអចេតនា ដែលបានបង្កើតឡើងនាពេលកន្លងទៅ ជាមួយលោកជំទាវនេះ គឺខ្ញុំមានការខុសឆ្គងធ្ងន់ធ្ងរណាស់ ។ អ៊ីចឹងខ្ញុំសូមខន្តីអភ័យទោសពីលោកជំទាវហ៊ុន ស៊ីណាត ព្រមទាំងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ហើយជាសំណូមពររបស់ខ្ញុំ ខ្ញុំសំណូមពរឲ្យលោកជំទាវមេត្តាផ្ដល់ក្ដីអនុគ្រោះដកពាក្យបណ្ដឹងចេញពីផ្លូវតុលាការ ហើយខ្ញុំសូមអរគុណទុកជាមុន នូវទឹកចិត្តដ៏ល្អប្រពៃរបស់លោកជំទាវ សម្រាប់រូបខ្ញុំបាទ ។ ខ្ញុំនៅតែសង្ឃឹមនិងជឿជាក់ថា លោកជំទាវមានក្ដីសន្ដោស ក្នុងនាមជាលោកជំទាវចិត្តធម៌មួយ ដែលធ្វើអំពើល្អច្រើនហើយ ។ ដូច្នេះបន្ថែមមកលើខ្ញុំមួយទៀត ក៏រឹតតែល្អទៅទៀត ។ អ៊ីចឹងខ្ញុំសង្ឃឹមជឿជាក់ថា លោកជំទាវនឹងផ្ដល់ការអនុគ្រោះដល់ខ្ញុំបាទ ដោយទឹកចិត្តដ៏ល្អប្រពៃ ហើយយើងខ្ញុំគ្មានអ្វីក្រៅពីការថ្លែងអំណរគុណទុកជាមុន នូវទឹកចិត្តដ៏ឧត្ដុងឧត្ដមសម្រាប់រូបខ្ញុំទេ “ ។
លោករស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ ជាជំហររបស់ខ្ញុំទៅមុខ លើករណីនេះ ទី១ ខ្ញុំបានទទួលស្គាល់កំហុសរបស់ខ្ញុំរួចទៅហើយ អ៊ីចឹងខ្ញុំមិនផ្លាស់ប្ដូរការទទួលស្គាល់កំហុសរបស់ខ្ញុំទេ រក្សាដដែល ដែលធ្វើប្រព្រឹត្តចំពោះគាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនិងកិត្តិយសរបស់គាត់ហ្នឹង គឺខ្ញុំទទួលស្គាល់ដដែល ហើយក៏ខ្ញុំគ្មានអ្វីទៅតតាំង ឬក៏បញ្ចូលភ័ស្តុតាង ឬក៏ស្អីទេ ខ្ញុំបានទទួលកំហុសរបស់ខ្ញុំរួចទៅហើយ ។ អ៊ីចឹងអត់មានអ្វីដែលបន្តទៅទៀតទេ មានតែការទទួលស្គាល់កំហុសជាសាធារណៈ ទទួលស្គាល់នូវការពិតដែលខ្ញុំបានប្រព្រឹត្តកំហុសឆ្គងចំពោះគាត់ពិតប្រាកដមែន “ ។
ទោះបីយ៉ាងណា ជុំវិញការប្រកាសសុំទោសជាសាធារណៈ និងសំណូមពរឲ្យដកពាក្យបណ្ដឹងវិញ របស់លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ខាងលើនេះ “នគរធំ” មិនទាន់ទទួលបានការឆ្លើយតបពីភាគីលោកស្រីហ៊ុន ស៊ីណាត ជាដើមបណ្ដឹង និងមេធាវីរបស់លោកស្រី ថាតើព្រមទទួលយកការសុំទោសនេះ និងដកពាក្យបណ្ដឹង ឬយ៉ាងណានៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ៕