Friday, January 24, 2025
Homeព័ត៌មានជាតិកូនប្រុសលោកគង់ គាំ បួងសួងសូមឲ្យឪពុកបានជាសះស្បើយពីជំងឺ

កូនប្រុសលោកគង់ គាំ បួងសួងសូមឲ្យឪពុកបានជាសះស្បើយពីជំងឺ

ភ្នំពេញៈ លោកគង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ ជាកូនប្រុសបង្កើតរបស់លោកគង់ គាំ និងជាកូនចៅស្មោះត្រង់នឹងលោកសម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានបន់ស្រន់បួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សាការពារឪពុករបស់លោក ដែលកំពុងមានជំងឺ ឲ្យមានសុខភាពល្អឡើងវិញ ហើយលោកក៏សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មី នៃគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) សម្ដេចហ៊ុន ម៉ាណែត បើកលំហប្រជាធិបតេយ្យ បើកផ្លូវឲ្យរូបលោក និងអ្នកនយោបាយនិរទេសទាំងអស់បានវិលត្រលប់ចូលស្រុកវិញ ក្រោមស្មារតីបង្រួបបង្រួម ផ្សះផ្សាជាតិ ។

          លោកគង់ សភា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា “ បាទ! ការពិតហើយ ខ្ញុំបានបង្ហោះនូវសារបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ឲ្យតាមថែរក្សាលោកឪពុករបស់ខ្ញុំ ឲ្យមានសុវត្ថិភាព ឲ្យមានសុខភាពល្អរឹងមាំឡើងវិញ ដោយសារគាត់បានចូលមន្ទីរពេទ្យ ហើយក៏ត្រូវជំងឺបៀតបៀន ក្រោយពីគាត់មានជំំងឺបាក់ទឹកចិត្ត ហើយធ្វើឲ្យជំងឺខ្លះបានវាយលុកចូលដល់រាងកាយរបស់គាត់ ឲ្យគាត់ចូលមន្ទីរពេទ្យ ។ ខ្ញុំបានបួងសួង ហើយលោកជាអ្នកមានគុណរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែបួងសួង និងបន់ឲ្យវត្ថុស័ក្ដិសិទ្ធិទាំងអស់តាមរក្សាការពារអ្នកដែលផ្ដល់កំណើត ជាព្រះរស់របស់ខ្ញុំ ដើម្បីសេចក្ដីសុខនៃក្រុមគ្រួសាររបស់ខ្ញុំ ព្រោះគាត់់ជាអ្នកមានគុណ ផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ ចៅ កូនទាំងអស់ ក្នុងនាមគាត់ជាមេគ្រួសារ ហើយគាត់បានលះបង់ច្រើនណាស់ សម្រាប់គ្រួសារនិងប្រទេសជាតិរបស់យើង ។ ខ្ញុំក្នុងនាមជាកូនខ្មែរមួយរូប ពិតជាមានការនឹករលឹកដល់ស្រុកកំណើត ហើយមានបំណងវិលត្រលប់ទៅស្រុកកំណើតវិញ ព្រោះទឹកដីនៃប្រទេសកម្ពុជា ជាស្រុកកំណើតរបស់ខ្ញុំ ។ អ៊ីចឹងហើយខ្ញុំនៅតែនឹក នៅតែគោរពស្រលាញ់ ប្រៀបបីដូចជាមាតារបស់ខ្ញុំ ក្នុងនាមខ្ញុំជាកូនខ្មែរ តែខ្ញុំមិនអាចទៅបាន ដោយសារតែច្បាប់នៃរបបផ្ដាច់ការ គ្រប់គ្រងដោយត្រកូលហ៊ុន បានហាមឃាត់ បានកាត់ទោសខ្ញុំ មិនឲ្យខ្ញុំចូលទៅស្រុកវិញ ។ អ៊ីចឹងខ្ញុំនៅតែមានសង្ឃឹម ថាការតស៊ូនយោបាយ ក្នុងនាមជាគណបក្សប្រឆាំង ក្នុងនាមជាអ្នករិះគន់ ដើម្បីស្ថាបនា ចង់ឃើញប្រទេសជាតិរីកចម្រើន ចង់ឃើញការគោរពច្បាប់ និងនីតិរដ្ឋ និងភាពយុត្តិធម៌សង្គមដោយពិតប្រាកដ “ ។

លោកគង់ សភា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយទោះបីខ្ញុំមិនបានវិលចូលក្នុងស្រុក តែខ្ញុំនៅតែតស៊ូលើឆាកអន្តរជាតិ ហើយថ្ងៃណាមួយ របបក្រុងភ្នំពេញ នឹងបើកលំហប្រជាធិបតេយ្យ សេរីភាពជូនដល់ប្រជាពលរដ្ឋ ដល់អង្គការសង្គមស៊ីវិល លើកលែងទោសដល់អ្នកទោសនយោបាយ និងផ្ដល់ឲ្យអ្នកទោសនយោបាយនិរទេសខ្លួន វិលត្រលប់ទៅប្រទេសកម្ពុជាវិញ ក្នុងនាមអ្នកផ្សះផ្សាជាតិ ក្នុងនាមខ្មែរនិងខ្មែរ លើកយកវប្បធម៌សន្ទនាមកដោះស្រាយ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិទាំងមូល ។ ដូច្នេះខ្ញុំអំពាវនាវសូមឲ្យលោកហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីបន្តវេននោះ បន្តពូជនោះ ហើយគាត់មានចំណេះដឹងខ្ពស់នោះ ត្រូវតែមានស្នាដៃ ដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិ ។ ដើម្បីឲ្យប្រជាពលរដ្ឋគេគោរពស្រលាញ់ ទាល់តែយើងមានស្នាដៃអ្វីមួយធំដុំ ដើម្បីឲ្យមានប្រជាពលរដ្ឋគោរពស្រលាញ់ ។ ដូច្នេះខ្ញុំសង្ឃឹមថា លោកហ៊ុន ម៉ាណែត បើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីយកជាស្នាដៃ ហើយសម្រាប់លោកឪពុក និងលោកសម រង្ស៊ី គាត់គឺជាអ្នកទស្សនវិទូ ដែលខ្ញុំបានលើក ពួកគាត់បានសាបព្រោះប្រជាធិបតេយ្យ គាត់បានផ្ដល់ដល់យុវជនជំនាន់ក្រោយនូវទឹកចិត្តជាតិនិយម ផ្ដល់នូវមេរៀននៃការតស៊ូ ដើម្បីការពារបូរណភាពទឺកដី ការពារភាពយុត្តិធម៌សង្គម និងផ្ដល់នូវជាតិនិយមជាច្រើន ព្រោះគាត់បានលះបង់សម្ភារៈផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ លះបង់ទាំងកម្លាំងចិត្ត ទាំងបញ្ញាញាណទាំងអស់ ដើម្បីប្រទេសជាតិ ហើយគាត់សល់អ្វីក្រៅពីរូបរាងកាយ និងគំនិតដែលផ្ដល់ឲ្យយើងសិក្សាពីគាត់ទេ គាត់គ្មានចង់បានអំណាច ទ្រព្យសម្បត្តិអ្វីឡើយ “ ។

          គួរបញ្ជាក់ថា ចូលមកដល់ខែតុលា ឆ្នាំ២០២៣ ក្នុងវ័យ៨២ឆ្នាំ លោកគង់ គាំ បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយជំងឺ​បេះដូង និង​ទឹក​ដក់​ក្នុង​សួត ត្រូវបានក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​ជួយសង្គ្រោះ​ ព្យាបាល​អស់​រយៈពេល ៤​ថ្ងៃ ទើបបានធូរស្បើយ និងបានវិលត្រលប់មកសម្រាកព្យាបាលបន្តនៅផ្ទះវិញ ៕

RELATED ARTICLES