Friday, January 24, 2025
Homeព័ត៌មានជាតិស្រីស្លៀកស្បង់ចីវរ ធ្វើព្រះត្រាស់ដឹង អាជ្ញាធរចុះបង្ក្រាប សារភាពកំហុស

ស្រីស្លៀកស្បង់ចីវរ ធ្វើព្រះត្រាស់ដឹង អាជ្ញាធរចុះបង្ក្រាប សារភាពកំហុស

ខេត្តក្រចេះ៖ ស្រ្តីគ្រូទាយ និងព្យាបាលជំងឺម្នាក់ នៅខេត្តក្រចេះ ដែលយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀក អង្គុយក្នុងចានផ្កាឈូក ធ្វើដូចព្រះទើបបានត្រាស់ដឹង ថតបង្ហោះក្នុងបណ្ដាញសង្គម នាំឲ្យមានការភ្ញាក់ផ្អើល រិះគន់ពីអ្នកកាន់ព្រះពុទ្ធសាសនា រហូតដល់មានព្រះចៅអធិការវត្តមួយ បិណ្ឌបាតឲ្យភ្ញាក់កំណើតឡើងនោះ ទីបំផុតត្រូវបានអាជ្ញាធរចុះទៅបង្រ្កាប និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ហើយគ្រូស្រីរូបនេះ បានសារភាពកំហុស និងធ្វើកិច្ចសន្យាថា ឈប់ប្រព្រឹត្តបែបនេះទៀតហើយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានស្រ្តីជាគ្រូមន្តអាគម ព្យាបាលជំងឺម្នាក់ ឈ្មោះសុខ នី ដែលល្បីមានលំនៅ ភូមិអូរឫស្សី ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ បានយកស្បង់ចីវររបស់ព្រះសង្ឃ មកអង្គុយក្នុងចានផ្កាឈូកធ្វើដូចព្រះត្រាស់ដឹង រួចថតបង្ហោះក្នុងបណ្ដាញសង្គម នាំឲ្យមានការភ្ញាក់ផ្អើលរិះគន់ពីអ្នកកាន់ព្រះពុទ្ធសាសនា ។

បន្ទាប់មក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរក្រុងក្រចេះ រួមនឹងមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងព្រះមេគណខេត្ត និងមន្រ្តីពាក់ព័ន្ធ បានចុះទៅអប់រំគ្រូទាយស្រីរូបនោះ ឲ្យបញ្ឈប់សកម្មភាពខុសឆ្គងបែបនេះជាបន្ទាន់ ដោយឲ្យគោរពតាមលក្ខខណ្ឌចំនួន៣ចំណុច រូមមានៈ ទី១ ត្រូវលុបចេញនូវវីដេអូឃ្លីបដែលខ្លួនបានបង្ហោះការស្លៀកពាក់ស្បង់ចីវរព្រះសង្ឃនោះចេញពីបណ្ដាញសង្គម។ ទី២ ត្រូវដកយកស្បង់ចីវរព្រះសង្ឃមករក្សាទុកនៅព្រះចៅអធិការវត្តអូរឫស្សី និងទី៣ មិនអនុញ្ញាតឱ្យស្លៀកពាក់ស្បង់ចីវរព្រះសង្ឃបែបនេះទៀតនៅពេលក្រោយ។ បើសិនជាមិនអនុវត្តតាមកិច្ចសន្យាទាំងបីចំណុចនេះទេ ខាងមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ នឹងមានវិធានការច្បាប់។

គោរពតាមការណែនាំ និងលក្ខខណ្ឌខាងលើនេះ គ្រូទាយស្រីស្លៀកស្បង់ចីវរព្រះសង្ឃខាងលើ បានយល់ព្រមអនុវត្តតាម ដោយបានធ្វើកិច្ចសន្យា ផ្ដិតមេដៃ ទទួលស្គាល់កំហុសត្រឹមត្រូវ នៅចំពោះមុខព្រះភក្រ្តព្រះវិមលរតន បណ្ឌិតទេព ហត្ថា ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, ព្រះសីលគន្ធប្បជ្ជោត ភួង រតនា ព្រះគ្រូអនុគណក្រុងក្រចេះ, ព្រះតេជគុណជួន វុទ្ធី លេខាធិការសាលាគណខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីលោកស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ, លោកកែ ឃឿង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត, លោកមឿន សៅគុណ អភិបាលរងក្រុងក្រចេះ, លោកស្រីខៀវ សុផៃ អភិបាលរងក្រុងក្រចេះ និងលោកស្រី ខាន់ សុខលី ប្រធានការិយាល័យរដ្ឋបាលក្រុងក្រចេះ ។

នៅក្នុងកិច្ចសន្យា ចុះថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្រ្តីជាគ្រូទាយខាងលើ បានបញ្ជាក់ថា “ នាងខ្ញុំឈ្មោះសុខ នី កើតថ្ងៃទី៧ ខែ០៣ ឆ្នាំ១៩៨៥ ទីកន្លែងកំណើត ភូមិអូរឫស្សី១ ឃុំអូរឫស្សី ស្រុកក្រចេះ អាសយដ្ឋានបច្ចុប្បន្នភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ មានមុខរបរជាគ្រូទាយជោគវាសនា និងមើលជំងឺ ។ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នាងខ្ញុំបានយកស្បង់ចីវរព្រះសង្ឃព្រះពុទ្ធសាសនាមកស្លៀកពាក់ ហើយថតបង្ហោះនៅលើបណ្ដាញសង្គមពុំបានដឹងថាជារឿងខុសច្បាប់រដ្ឋ និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនាឡើយ ។ ក្រោយទទួលបានការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច នាងខ្ញុំសូមទទួលកំហុសនិងយល់ព្រមលុបវីដេអូឃ្លីបចេញពីហ្វេសប៊ុកវិញ ។ នាងខ្ញុំសូមធ្វើកិច្ចសន្យាថា តទៅថ្ងៃក្រោយ នាងខ្ញុំឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀតហើយ។ បើពេលក្រោយ នាងខ្ញុំនៅហ៊ានធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដើម្បីជាសក្ខីភាពនិងជាភស្តុតាងក្នុងផ្លូវច្បាប់ នាងខ្ញុំសូមផ្ដិតមេដៃស្ដាំទុកជាភ័ស្តុតាង “ ។

“នគរធំ” មិនអាចសុំការបកស្រាយបន្ថែមលើខ្លឹមសារក្នុងកិច្ចសន្យាខាងលើនេះ ពីអ្នកស្រីសុខ នី គ្រូទាយជោគវាសនា និងមើលជំងឺ ខាងលើ បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់អ្នកស្រី មិនអាចទាក់ទងបាន ។

ទោះយ៉ាងណា ជុំវិញបញ្ហានេះ លោកស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ថា ដូចបានឃើញហើយ ការសន្យារបស់គ្រូទាយស្រីដែលស្លៀកស្បង់ចីវរព្រះសង្ឃនោះ មិនមែនត្រឹមតែធ្វើឡើងដោយផ្ទាល់មាត់ទេ គឺធ្វើជាលាយលក្ខណ៍អក្សរ មានស្នាមផ្ដិតមេដៃត្រឹមត្រូវ នៅចំពោះព្រះភក្រ្តព្រះមេគណខេត្ត ព្រះគ្រូអនុគណក្រុង តំណាងឲ្យស្ថាប័នសង្ឃ និងរូបលោក តំណាងឲ្យស្ថាប័នមន្ទីរធម្មការនិងសាសនា ព្រមទាំងអភិបាលរងក្រុងក្រចេះ តំណាងឲ្យអាជ្ញាធរក្រុង ។ ដូច្នេះលោកសង្ឃឹមថា គ្រូស្រីរូបនេះ នឹងអនុវត្តតាមការសន្យារបស់ខ្លួន ប៉ុន្តែបើក្នុងករណីមិនរាងចាល ឬនៅតែបន្តសកម្មភាពដូចមុនទៀត ទាំងច្បាប់រដ្ឋ និងច្បាប់សាសនា នឹងចាត់ការចំពោះស្រី្តរូបនោះហើយ ដោយគ្មានការអនុគ្រោះឲ្យជាលើកទី២ទេ ។

លោកស៊ូ សែ បានមានប្រសាសន៍ថា “ បាទ! សូមជម្រាបជូនខាងសារព័ត៌មានដែរ ត្រូវហើយ! បញ្ចប់កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ហើយក្នុងកិច្ចសន្យានោះ កំណត់សំខាន់៣ចំណុច ។ ចំណុចទី១ គឺឲ្យគាត់លុបឃ្លីបវីដេអូដែលគាត់ស្លៀកស្បង់ចីវររបស់ព្រះសង្ឃ ដែលបង្ហោះតាមបណ្ដាញសង្គម គាត់ក៏យល់ព្រមទទួលលុបចេញវិញដែរ ។ ទី២ សុំដកយកត្រៃចីវរដែលគាត់ស្លៀកពាក់នោះ យកមកប្រគេនតម្កល់ទុកនៅនឹងសាលាអនុគណក្រុងក្រចេះ ។ ទី៣ បញ្ឈប់មិនឲ្យគាត់មានសកម្មភាពស្លៀកដណ្ដប់នូវស្បង់ចីវររបស់ព្រះសង្ឃតទៅទៀតឡើយ ។ ៣ចំណុចនេះ គាត់ទទួលយកទាំងអស់ ហើយអ្វីដែលសួរថា តើសង្ឃឹមថា ទៅថ្ងៃមុខនោះ គាត់នឹងរាងចាលឬក៏យ៉ាងម៉េច? ពេលដែលយើងឲ្យធ្វើ គាត់ព្រមអនុវត្ត គាត់ព្រមទទួលខុសកំហុស គាត់ថា ឈប់ហើយ ប៉ុន្តែបើថ្ងៃក្រោយ គាត់នៅតែប្រព្រឹត្តបែបនេះទៀត យើងមានកិច្ចសន្យារួចហើយ ពេលនោះយើងមិនអាចយកកិច្ចសន្យាហ្នឹងទៅអនុវត្តជាមួយគាត់ទៀតទេ យើងចាត់តាមវិធានការច្បាប់ម្ដង អាហ្នឹងឈប់ធ្វើកិច្ចសន្យាហើយ បើសិនគាត់នៅតែល្មើស ។ ប៉ុន្តែឥឡូវនេះគាត់ឈប់ហើយ គាត់ក៏បានសន្យាផ្ទាល់មាត់ផង និងលាយលក្ខណ៍អក្សរផងហ្នឹង ថាអត់មានសកម្មភាពអ៊ីចឹងទៀតទេ ។ ក្នុងន័យនេះដែរ ខ្ញុំក៏សូមបញ្ជាក់ថា ពីមុនមក តាមពិតទៅ គាត់ជាគ្រូទាយ គ្រូមើលជំងឺធម្មតា តាមជំនឿ មិនមែនពាក់ព័ន្ធឲ្យធ្ងន់ធ្ងរទៅបង្ក្រាបគាត់ទេ គឺយើងដឹងហើយ ជំនឿរបស់ខ្មែរយើងច្រើនណាស់ ហើយអ្វីដែលយើងទៅដាក់កិច្ចសន្យា ទៅបញ្ឈប់គាត់ហ្នឹង គឺពាក់ព័ន្ធតែរឿងត្រៃចីវររបស់ព្រះសង្ឃតែប៉ុណ្ណោះ ។ យើងដឹងយូរហើយកន្លែងហ្នឹង ប៉ុន្តែគាត់មិនបានធ្វើឲ្យប៉ះពាល់ដល់ស្បង់ចីពរលោក អ៊ីចឹងពេលនេះគាត់ស្លៀកពាក់ យើងត្រូវតែទៅអនុវត្តឲ្យគាត់ធ្វើកិច្ចសន្យា “ ។

លោកស៊ូ សែ បានមានប្រសាសន៍បន្តថា “ បាទ! បើនិយាយពីច្បាប់សាសនា យើងដឹងហើយ ខាងក្រសួងធម្មការ និងសាសនា បានចេញរួចហើយសារាចរណែនាំ មិនឲ្យស្លៀកដណ្ដប់នូវស្បង់ចីវររបស់ព្រះសង្ឃពុទ្ធសាសនាតាមទំនើងចិត្តទេ ប៉ុន្តែបើច្បាប់រដ្ឋក៏មាន ប៉ុន្តែពេលនេះយើងធ្វើកិច្ចសន្យាប៉ុណ្ណឹង បើគាត់មិនព្រម អាហ្នឹងគេអនុវត្តតាមច្បាប់រដ្ឋទៀត ប៉ុន្តែគាត់ព្រមហើយ ។ ប៉ុន្តែបើអាជ្ញាធរមិនព្រម ទៅអនុវត្តច្បាប់តទៅទៀត នោះរឿងមួយផ្សេងទៀត ។ ដូច្នេះជារួម តាមពិតទៅ ការងារដែលគាត់ធ្វើកន្លងទៅ មិនមែនយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មទេ កន្លែងនោះគឺគាត់របៀបអប្បិយជំនឿខាងព្រាហ្មញ្ញសាសនា ប៉ុន្តែអ្វីដែលពាក់ព័ន្ធព្រះពុទ្ធសាសនា គឺដោយសារគាត់យកស្បង់ចីវរទៅស្លៀកពាក់ ។ អ៊ីចឹងខ្ញុំសុំអំពាវនាវដល់បងប្អូនយើងទាំងអស់ សូមកុំយកស្បង់ចីវររបស់ព្រះសង្ឃទៅស្លៀកដណ្ដប់តាមទំនើងចិត្តបែបហ្នឹងទៀត អត់បានទេ ទី១ ខុសនឹងច្បាប់សាសនា ទី២ ខុសនឹងច្បាប់រដ្ឋ នៅក្នុងមាត្រា ៥០៨ នៃក្រមព្រហ្មទណ្ឌ បានចែងច្បាស់ណាស់ ត្រូវផ្ដន្ទាទោសដាក់ពន្ធគារ ពី៦ថ្ងៃ ទៅ៣ខែ ហើយពិន័យជាប្រាក់ ពី១០ម៉ឺន ទៅ៥០ម៉ឺនរៀល ។ ដូច្នេះបើសិនជាបងប្អូនណាដែលប្រព្រឹត្តល្មើសថ្ងៃក្រោយ រដ្ឋអំណាច អាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តច្បាប់ និងកុំឲ្យថា ម៉េចបានតឹងម្ល៉េះ? រឹតត្បិតអីម្ល៉េះ? មិនមែនទេ! អាហ្នឹងដោយសារយើងប្រព្រឹត្តផ្ទុយជំនឿហ្នឹង ជំនឿហួសហេតុ ជំនឿផ្ទុយពីផ្លូវសាសនាផង ផ្លូវច្បាប់ផង “ ។

ជាមួយគ្នានោះដែរ ព្រះវិមលរតន បណ្ឌិតទេព ហត្ថា ព្រះមេគណខេត្តក្រចេះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ថា តាមការយល់ឃើញរបស់ព្រះអង្គ ការដែលគ្រូទាយស្រីនោះ យកទង់ព្រះអរហត្ថទៅបំពាក់ថតបង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក ព្រោះតែចង់បាន Views (អ្នកមើលច្រើន) ដើម្បីឲ្យកាន់តែល្បីជាងហ្នឹង ប៉ុន្តែមិនបានគិតដល់ថា ការយកទង់ព្រះអរហត្ថ ទៅលេងសើចបែបនេះ វាខុសធ្ងន់ធ្ងរណាស់ ។ ដូច្នេះហើយទើបក្នុងនាមជាមេគណខេត្ត តំណាងឲ្យស្ថាប័នសង្ឃ ព្រះអង្គបានប្រាប់ទៅគ្រូស្រីនោះថា បើចង់ថ្វាយចីវរដល់ព្រះពុទ្ធ ដូចដែលនាងបានអះអាង អាចថ្វាយនៅលើអាសនៈបាន ព្រះអង្គមិនហាមឃាត់ទេ តែបើយកមកស្លៀកពាក់បង្ហោះជាសាធារណៈបែបនេះ មិនបានដាច់ខាត ។

ព្រះតេជគុណទេព ហត្ថា បានមានថេរដីកាថា “ ពរ! អាត្មាថា អត់ឲ្យមានជាលើកទី២ទេ គេ (គ្រូស្រី) ក៏បានសន្យាដែរ បើសិនជាមានលើកទី២ ទទួលខុសត្រូវចំពោះមុខច្បាប់ អត់ឲ្យមានយកទង់ជ័យព្រះអរហត្ថ ទៅលេងសើចទេ ព្រោះគេៗថា ស្លៀកពាក់ថ្វាយគ្រូ វាមិនមែនទេ! បើឯងចង់ថ្វាយលើអាសនៈ អាត្មាអនុញ្ញាតឲ្យ បើរក្សាទុកលើអាសនៈក៏ទុកទៅ តែឯងយកមកស្លៀក ហើយឯងជាស្រីទៀត ទៅជាអរហត្ថ ព្រះត្រាស់ដីអី អាហ្នឹងវាធ្វើឲ្យអសោចសាសនា ។ និយាយទៅ ធ្វើហ្នឹង គេយកព្រះពុទ្ធសាសនា បូកជាមួយនឹងព្រាហ្មញ្ញសាសនា របស់គេ គេអួតអាងថា គេជាគ្រូល្បីមើលជា ។ បើមើលជា ចាំបាច់ធ្វើពេទ្យធ្វើអី? មន្ទីរពេទ្យ គេធ្វើអស់រាប់សែនដុល្លារ សម្ដេចនាយកធ្វើអស់រាប់លានដុល្លារ ។ តាមពិតជាការអួតអាងយកទៅរកស៊ីហ្នឹង ប៉ុន្តែយ៉ាងណា រឿងធ្វើគ្រូមើលជំងឺនោះ អាត្មាក៏អនុញ្ញាតដែរ ថាឯងចង់មើលអីក៏មើលទៅ ឯងធ្វើអីក៏ធ្វើទៅ ប៉ុន្តែហាមកុំយកទង់ជ័យព្រះអរហត្ថ ទៅលេងសើច ហាមដាច់ខាតអត់ឲ្យមានលើកទី២ទេ ហើយគេក៏បានដាក់ខសន្យាជាមួយមន្រ្តីសង្ឃថ្នាក់ខេត្តទាំងអស់ ជាមួយប្រធានមន្ទីរ ជាមួយអភិបាលរងក្រុង ដែលទៅហ្នឹងមានព្រះមេគណ ព្រះអនុគណក្រុង លេខាសាលាគណ ប្រធានមន្ទីធម្មការ អនុប្រធានមន្ទីរធម្មការ អភិបាលរងក្រុង២រូប ប្រធានការិយាល័យសង្គមកិច្ចហ្នឹង១រូប ទៅដាក់ខសន្យាជាមួយនាងហ្នឹង ហើយនាងក៏បានសន្យាដែរ បើបង្ហោះជាលើកក្រោយទៀត ទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបានក្នុងហ្នឹង អាត្មាក៏លើកឡើងដែរថា បើសិនជាធ្វើគ្រូទាយ ឯងមើលអីក៏មើលទៅ ប៉ុន្តែកុំយកទង់ជ័យអរហត្ថ ទៅបង្ហោះ ព្រោះយើងបង្ហោះនេះ អសោចណាស់ អ្នកណាក៏ចង់រិះគន់ដែរ យើងធ្វើឲ្យខូច អរហត្ថ អរហន្តស្អី ព្រោះមនុស្សស្រីមិនអាចត្រាស់ដឹងបានទេ ក្នុងព្រះពុទ្ធសាសនា ។ ប៉ុន្តែក្នុងន័យនៃការបង្ហោះរបស់គេហ្នឹង ដោយសារ Views (ហ្វេសប៊ុក) គេរាងធ្លាក់ គេចង់ធ្វើឲ្យឡើង ប៉ុន្តែមិនដឹងថាធ្វើឲ្យឡើងគ្រោះថ្នាក់ឯណា! “ ។

ព្រះតេជគុណទេព ហត្ថា បានមានថេរដីកាបន្តថា “ ជារួមមកវិញ បើនិយាយរឿងសាសនា រាល់ថ្ងៃនេះ បើយើងនិយាយឲ្យអស់ទៅ ហាទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង អាធំហ្នឹងធ្វើផ្សេងទៅ អាតូចធ្វើផ្សឹងទៅ វាអ៊ីចឹង! បើព្រះពុទ្ធ លោកសម្ដែងមកថា សិក្ខាបទ ២២៧ តែមួយទេ មិនថាតូច មិនថាធំ មិនថាស្ដេច មិនថានាម៉ឺនសព្វមុខមន្រ្តី ។ អ្នកខ្លះបានតួនាទី អញ! គ្មានគោរពគេមហាថេរអីទេ សំខាន់គេថា ពាក្យត្រូវនៅមាត់អ្នកទ្រឹស្ដី មិនស្មើមន្រ្តីនិយាយលេង ស្ដាប់ធម៌ទេសនាមិនស្មើភ្លេង ជាការវង្វេងចូលចិត្តជាងនោះ ។ អ៊ីចឹងវាអសោចតែម្ដង ហើយធម្មតាបើយើងគោរពវិន័យព្រះតែមួយ បួសតាមព្រះថា ឆាយាព្រះស្រមោល អ្នកណាបួសមុន អ្នកហ្នឹងបងនិស្ស័យហើយ ព្រះអង្គទ្រង់សម្ដែងអ៊ីចឹង ឯឥឡូវនេះបានថ្នាក់ទោ គ្មានគោរពអ្នកណា អញហើយថ្នាក់ទោ! អ្នកខ្លះបួសតាំងពីឆ្នាំ១៩៨០ជាង ឲ្យគោរពគេ វាអត់ត្រូវ! អាហ្នឹងរឿងសង្ឃក្នុងព្រះពុទ្ធសាសនា ។ ចំណែកអ្នកបដិបត្តិ ដែលជាពុទ្ធបរិសុទ្ធ ដូចនាងនោះវិញ  អាត្មាបាននិយាយក្នុងអង្គប្រជុំនោះដែរថា អ្នកឯងរកស៊ីអីរកស៊ីទៅ តែកុំឲ្យខុសនឹងច្បាប់រដ្ឋ ព្រោះអ្នកឯងរកស៊ីដើម្បីជីវិតខ្លួនឯង ហើយឯងយកទង់ជ័យព្រះអរហត្ថ ហើយទង់ជ័យអរហត្ថហ្នឹងជាទង់ជ័យព្រះមហាក្សត្រ ព្រះពុទ្ធសាសនារបស់រដ្ឋ គឺរដ្ឋាភិបាលបានចែងមកហើយ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយយើងជាស្រីយកទង់ជ័យអរហត្ថទៅពាក់លើ អង្គុយលើផ្កាឈូក សម្រេចមគ្គផលអី ហើយដល់សួរទៅ គេថា ធ្វើថ្វាយគ្រូ ។ បើធ្វើថ្វាយគ្រូ អាចយកចីវរហ្នឹងដាក់លើអាសនៈទៅ ប៉ុន្តែអ្នកពាក់បង្ហោះអ៊ីចឹង វាខុស! ព្រោះ Views ឯងវាអត់ពេកឬម៉េច បានឯងធ្វើឲ្យខូចអ៊ីចឹង? អ៊ីចឹងបានថា បានស៊ីចុក ស៊ីតែឯង តែពេលមានរឿង ធ្វើឲ្យផ្អើលគេមួយខេត្ត មានល្អមុខស្អី! “ ។

ដោយឡែក លោកស្រីខៀវ សុផៃ អភិបាលរងក្រុងក្រចេះ បានបញ្ជាក់ប្រាប់ “នគរធ” នៅរសៀលថ្ងៃដដែលនោះដែរថា ដោយសារជាប់ប្រជុំ លោកស្រីមិនអាចជម្រាបអ្វីបានច្រើនទេ គ្រាន់តែបញ្ជាក់ថា រដ្ឋបាលក្រុង ចាំតែអនុវត្តតាមច្បាប់ទេ បើសិនជាគ្រូទាយស្រីយកស្បង់ចីវរព្រះសង្ឃមកស្លៀកដណ្ដប់ អង្គុយលើផ្កាឈូកនោះ មិនគោរពតាមកិច្ចសន្យាជាលាយលកុ្ខណ៍អក្សរ ។

គួររំលឹកដែរថា ថ្មីៗនេះ ក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំ លេខ១៩/២៣ ក.ធ.ស សរណន ចុះថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្រ្តីចាយ បូរិន ស្ដីពីការអនុវត្តគោលការណ៍ប្រណិបតន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ ដោយហាមដាច់ខាតការយកត្រៃចីវរ ទៅស្លៀកដណ្ដប់តាមទំនើងចិត្ត

សារាចរណែនាំ ខាងលើ បានបញ្ជាក់ថា ព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងស្មារតីនៃការគោរព ប្រណិប័តន៍ និងបណ្ដុះនូវស្មារតីសីលធម៌ និងគុណធម៌ ដែលជាប្រភពនៃការទ្រទ្រង់ព្រះពុទ្ធសាសនា ធ្វើឱ្យកង់ពុទ្ធចក្រនិងអាណាចក្រ ធ្វើដំណើររួមគ្នាដោយខានពុំបាន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកភាពសម្បូររុងរឿង សប្បាយ រីករាយ សុខសន្តិភាព វិបុលភាពដ៏ពិតប្រាកដសម្រាប់មនុស្សជាតិ ដែលជាគោលដៅចម្បង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ប៉ុន្តែក្រសួងធម្មការ និងសាសនា បានពិនិត្យឃើញថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ដូច្នេះឈរលើស្មារតីនេះ ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដូចខាងក្រោម៖

១-ហាមដាច់ខាតការយកត្រៃចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុ ដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។

២-ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ ទេសនា បង្រៀនធម៌ ផ្សព្វផ្សាយ ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ ដែលជាសកម្មភាពមានលក្ខណៈបោកប្រាស់។

 ៣-ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្ខពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។ 

៤-ហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម) ៕

RELATED ARTICLES