Friday, January 24, 2025
Homeព័ត៌មានជាតិអ្នកអភិរក្សមរតកកំណាព្យខ្មែរ ស្នើសុំនាយករដ្ឋមន្រ្តី ផ្ដល់ទីតាំងបណ្ដុះបណ្ដាលយុវជន

អ្នកអភិរក្សមរតកកំណាព្យខ្មែរ ស្នើសុំនាយករដ្ឋមន្រ្តី ផ្ដល់ទីតាំងបណ្ដុះបណ្ដាលយុវជន

ភ្នំពេញៈ អ្នកអភិរក្សកំណាព្យខ្មែរ ត្អូញត្អែរពីការលំបាកក្នុងការបង្កើតក្លឹប និងបណ្ដុះផ្នត់គំនិតយុវជន ឲ្យងាកចាប់អារម្មណ៍លើសិល្បៈកំណាព្យ។ ដូច្នេះប្រធានក្លឹបអភិរក្សមរតកកំណាព្យខ្មែរ ស្នើសុំសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អគារនិងទីតាំងសម្រាប់បើកវគ្គបណ្ដុះបណ្ដាល  បង្រៀនកំណាព្យខ្មែរ ដល់យុវជនខ្មែរ​ តទៅមុខទៀត ឲ្យបានសមរម្យ ខណៈដែលកន្លែងបង្ហាត់បង្រៀនសព្វថ្ងៃ ជ្រកក្រោមវិទ្យាល័យវត្តកោះ ក្នុងថ្នាក់រៀនដែលចាស់ទ្រុឌទ្រោម អាចនឹងត្រូវរុះរើក្នុងពេលឆាប់ៗខាងមុខ ។ ជាមួយនេះ ប្រធានក្លឹបអភិរក្សមរតកកំណាព្យខ្មែរ ក៏បានអំពាវនាវទៅដល់យុវជនជំនាន់ក្រោយ គួរតែងាកមកចាប់អារម្មណ៍ និងសិក្សាស្វែងយល់អំពីកំណាព្យខ្មែរ ឲ្យបានទូលំទូលាយ ព្រោះកំណាព្យខ្មែរ ពិតមានសារសំខាន់ណាស់ ក្នុងការអបរ់ទូន្មានផ្នែកគំនិត ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោក សីហា ឧត្តម ប្រធានក្លឹបអភិរក្សមរតកកំណាព្យខ្មែរ ទាក់ទងនឹងសិល្បៈកំណាព្យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣៖

នគរធំៈ ជម្រាបសួរលោកសីហា ឧត្ដម! ជាដំបូង តើអាចជម្រាបបានទេថា ក្លឹបអភរិក្សមរតកកំណាព្យខ្មែរ ដែលមានលោកជាប្រធាន បានបង្កើតឡើងតាំងពីឆ្នាំណាមកដែរ? តើមានគោលបំណងអ្វីខ្លះ ទើបសម្រេចបង្កើតក្លឹបអភិរក្សមរតកកំណាព្យខ្មែរ នេះឡើង?

លោកសីហា ឧត្ដមៈ បាទ! ក្លឹបអភិរក្សមរតកកំណាព្យខ្មែរ ហើយនិងសាលាអភិរក្សមរតកសិល្បៈបុរណខ្មែរនេះ ពីដើមឡើយហ្នឹង គឺមានកំណើតនៅឆ្នាំ២០០៩ ។ នៅឆ្នាំ២០០៩ហ្នឹង គឺក្រោមការដឹកនាំរបស់ខ្ញុំ ក៏ដូចជាសហការីចំនួន៣រូបទៀត មានលោកសុខ ពីឡុត លោកសូ វាសនា និងលោកទេព ផល្គុណអង្គារ័ត្ន ហើយនិងមានសិស្សស្ម័គ្រចិត្តមួយចំនួនទៀតហ្នឹង ជាជ័យលាភីជាមួយនឹងអ្នកស្រលាញ់កំណាព្យដែរហ្នឹង ដែលមានដូចជា កញ្ញាឈាវ រចនា កញ្ញាអ៊ន សុខនី កញ្ញាសួស សននិវឌ្ឍន៍ អី គិតថា អត់ចង់ឲ្យមរតកកំណាព្យហ្នឹងបាត់បង់ ហើយណាមួយគឺមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសិស្សនិស្សិតអី គាត់អាចសិក្សាស្វែងយល់អំពីកំណាព្យ ឬគេហៅថា ទាញយកការអប់រំពីហ្នឹង ហើយណាមួយទៀតមានការព្រួយបារម្ភសំខាន់ជាងគេហ្នឹង លោកសាស្រ្តាចារ្យយ៉ាន់ បូរិន ពេលនោះលោកចូលនិវត្តន៍ ខ្ញុំរៀនជាមួយលោកហ្នឹងយូរហើយ ប៉ុន្តែពេលលោកចូលនិវត្តន៍ទៅ លោកលែងបានទៅបង្ហាត់នៅកន្លែងណាទៀត ។ អ៊ីចឹងខ្ញុំមិនចង់ឲ្យលោកទុកសមត្ថភាពហ្នឹងចោល ចំណេះជំនាញហ្នឹងចោលទេ ។ អ៊ីចឹងនៅពេលនោះ ខ្ញុំក៏រួបរួមគ្នាបង្កើតទៅជាក្លឹបមួយ ដែលមានការអនុញ្ញាតពីលោកនាយក សុខ សុវណ្ណា នៅវិទ្យាល័យបាក់ទូកហ្នឹង លោកអនុញ្ញាតឲ្យថ្នាក់រៀនមួយ ឲ្យបើកទៅជាក្លឹបកំណាព្យវិទ្យាល័យបាក់ទូក ។

នគរធំៈ តើមានការលំបាកអ្វីខ្លះ នៅពេលបើកដំបូងនោះ ហើយបានផ្លាស់ប្ដូរទីតាំងថ្នាក់រៀនប៉ុន្មានដង មកដល់ពេលនេះ?

លោកសីហា ឧត្ដមៈ បាទ! ត្បិតតែកាលណោះ យើងនៅក្មេងខ្ចីដែរ ខ្ញុំអីក៏នៅក្មេងខ្ចីដែរ ដល់អ៊ីចឹងប្រកូកប្រកាសទៅ អត់ទាន់សម្បូរបែបដូចឥឡូវ ឌីជីថលដូចឥឡូវមែន ប៉ុន្តែព័ត៌មានពេលនោះហាក់ដូចជាលឿន មានសិស្សចូលមករៀន១សប្ដាហ៍ៗហ្នឹង គឺចូលមករៀន៣០នាក់អីដែរ ។ ប៉ុន្តែយើងចេះតែគិតថា តើបានអីបញ្ជូនទៅគ្រូវិញ? អ៊ីចឹងសិស្សទាំងអស់ហ្នឹងបានសំណូមពរមកខ្ញុំដែលជាអ្នកដឹកនាំក្នុងក្លឹបហ្នឹងថា ឥឡូវយើងរួបរួមគ្នា (រៃលុយ) ជូនលោកគ្រូម្នាក់១ដុល្លារទៅ ក្នុងពេលគាត់មកបង្រៀន២ម៉ោងអីអ៊ីចឹង ។ សកម្មភាពនេះបន្តរហូតមកដល់ឆ្នាំ២០១៤ ទើបខ្ញុំបានរើទីតាំងលែងនៅវិទ្យាល័យបាក់ទូកទៀតហើយ គឺយើងទៅសុំទីតាំងនៅវត្តមហាមន្រ្តី កុដិលេខ២៨ លោកគ្រូសូត្រស្ដាំ អនុញ្ញាតឲ្យមានថ្នាក់រៀននៅទីនោះ ហើយយើងបន្តបានរយៈពេល៣ខែ ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យវ៉ែន សុន ។ ខ្ញុំសុំបញ្ជាក់ពីខាងដើមបន្តិចថា សិស្សចូលរៀននៅពេលនោះហ្នឹង គឺមានសមាសភាពតាំងពីព្រះសង្ឃ ឧបាសក និវត្តន៍ជនផ្សេងៗ ហើយជំនាន់ហ្នឹងអត់ទាន់សម្បូរបែបទេ ការផ្សព្វផ្សាយ ប៉ុន្តែដឹងតៗគ្នាទៅ ថ្នាក់រៀនហ្នឹងចេះតែពេញៗដែរ ហើយខ្ញុំខិតខំប្រឹងប្រែងផ្សាយដែរ គឺប្រាប់ញាតិមិត្តជិតខាងអីដែរ ហើយគាត់ចាប់អារម្មណ៍ ក៏អញ្ជើញមករៀន ហើយថ្នាក់រៀននេះ មិនត្រឹមតែរៀនដើម្បីចេះចំណេះជំនាញមួយមុខទេ គឺរៀនដើម្បីអប់រំផ្លូវចិត្តទៀត ព្រោះអត្ថបទកំណាព្យដែលរៀនហ្នឹង គឺសុទ្ធតែទាក់ទងនឹងការអប់រំផ្នែកព្រះពុទ្ធសាសនា ក៏ដូចជាផ្លូវចិត្ត ផ្លូវអារម្មណ៍ ជាដើម ។ អ៊ីចឹងពេលណាដែលសិក្ខាកាមរៀនហ្នឹង គឺមានអារម្មណ៍ថាដូចជាធូរស្រាលនៅក្នុងចិត្ត ស្ដាប់សំឡេងពីរោះរបស់គ្រូផង របស់មិត្តសិក្ខាកាមដទៃទៀតផង ហើយនិងជាពិសេសគឺពាក្យអប់រំទូន្មានប្រៀនប្រដៅ បកស្រាយនូវកំណាព្យផ្សេងៗ ហើយរហូតមកដល់ឆ្នាំ២០១៥ ទើបយើងរើទីតាំងទៀត មកសុំព្រឹទ្ធបុរសមហាវិទ្យាល័យតូរ្យតន្រ្តី គឺលោកសាស្រ្តាចារ្យ យស ច័ន្ទដារ៉ា ហើយបន្ទាប់មកលោកសាស្រ្តាចារ្យ ហង្ស ឫទ្ធីរ៉ាវុធ ។ យើងនៅទីនោះរហូតដល់ឆ្នាំ២០១៩ គឺយើងសុំថ្នាក់រៀននៅទីនោះតែ១ថ្នាក់ទេ យើងសិក្សាថ្ងៃសុក្រ ថ្ងៃសៅរ៍ ហើយនិងអាទិត្យ ។ អ៊ីចឹងពេលនោះចាប់ផ្ដើមមានបើកវគ្គសិក្សាចម្រៀងមហោរី ចម្រៀងប្រពៃណីថែមទៀត ហើយថវិកាដែលប្រមូលបានពីសិស្សហ្នឹង គឺគ្រាន់តែថ្លៃសាំងជូនសាស្រ្តាចារ្យបង្គោលដែលអញ្ជើញមករៀនផង ហើយនិងដំណើរការ ការធ្វើវិញ្ញាបនបត្រ ក៏ដូចជាថ្លៃទឹកភ្លើងអីផ្សេងៗជាដើម ។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០២០ ខ្ញុំបាទនិងលោកសាស្រ្តាចារ្យយ៉ាន់ បូរិន ដែលខំតស៊ូជាមួយខ្ញុំតាំងពីដើមមកនោះ បានប្រកាសមូលនិធិ យកថវិកាទិញដីបង្កើតជាសាលាតែម្ដង ។ ប៉ុន្តែដោយសារតែប្រមូលបានតែ១៥០០ដុល្លារជាង មិនអាចយកទៅទិញដីខាងណាបាន ក៏ទុកថវិកាហ្នឹងសិន ហើយក៏សរសេរលិខិតគោរពស្នើសុំឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សុំបង្តើតថ្នាក់រៀននៅក្នុងសាលាណាមួយក្នុងរាជធានីភ្នំពេញ ។ ដោយទឹកចិត្តសន្ដោសប្រណី លោកក៏បានឲ្យខាងមន្ទីរជ្រើសរើសឲ្យ ហើយខាងមន្ទីរក៏បានជ្រើសរើសផ្ដល់ថ្នាក់រៀនមួយ នៅវិទ្យាល័យវត្តកោះ រហូតដល់សព្វថ្ងៃនេះ ។ អ៊ីចឹងគិតពីឆ្នាំ២០២០ មកដល់ឥឡូវហ្នឹង គឺយើងនៅវិទ្យាល័យវត្តកោះ ប៉ុន្តែមិនមែនជាអគារកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ហើយអគារនោះសព្វថ្ងៃនេះមានសភាពទ្រុឌទ្រោមណាស់ទៅហើយ ដែលអាចនឹងរើចេញនៅក្នុងពេលឆាប់ៗនេះដែរ ។

នគរធំៈ អ៊ីចឹងតាំងពីបង្កើតមកដល់ពេលនេះ តើក្លឹបអភិរក្សមរតកកំណាព្យខ្មែរ បានបើកវគ្គបណ្ដុះបណ្ដាលដល់សិក្ខាកាម បានប៉ុន្មានវគ្គហើយ?

លោកសីហា ឧត្ដមៈ មកទល់សព្វថ្ងៃនេះ គឺយើងមានសិក្ខាកាម សិក្សា៧ជំនាន់រួចមកហើយ ។ ក្នុងមួយជំនាន់ៗហ្នឹង ត្រូវឆ្លងកាត់៤វគ្គសិក្សា គឺត្រូវចំណាយរយៈពេល១ឆ្នាំ៣ខែ សរុបទៅវា១៥ខែដែរ បានចប់ ហើយយើងទទួលបានសិក្ខាកាមចំនួន៤៨៨នាក់ហើយ មកទល់សព្វថ្ងៃនេះ ។

នគរធំៈ ក្នុងចំណោមសិក្ខាកាមដែលបានសិក្សាកន្លងមក តើមានប៉ុន្មាននាក់ដែលជាប់ជ័យលាភីប្រកួតតែងកំណាព្យ និងស្មូតកំណាព្យ?

លោកសីហា ឧត្ដមៈ បាទ! នៅក្នុងនោះមានសិក្ខាកាមយើងច្រើនបានទទួលជ័យលាភីនៅក្នុងការប្រលងផ្សេងៗ ប្រលងថ្នាក់ជាតិក៏ដោយ ប្រលងថ្នាក់ក្រោមជាតិ តាមរាជធានីខេត្តអីក៏ដោយ ក៏បានដែរ ទាំងតែងកំណាព្យ ទាំងសូត្រកំណាព្យ ជាពិសេសនៅក្នុងទិវាគ្រូបង្រៀន ។

នគរធំៈ បើពិនិត្យមើលឲ្យស៊ីជម្រៅ តើកំណាព្យខ្មែរ ពិតជារួមចំណែកធំណាស់មែនទេ នៅក្នុងគោលការណ៍គ្រឹះនៃវប្បធម៌?

លោកសីហា ឧត្ដមៈ ខ្ញុំគិតថា កំណាព្យរបស់យើងនេះ គឺជាបញ្ញាវប្បកម្មរបស់ដូនតាខ្មែរយើងតែម្ដង ហើយគឺជាក្បួនខ្នាតមួយ គឺជាវិធីសាស្រ្តមួយនៅក្នុងការទូន្មានប្រៀនប្រដៅទៅដល់គ្រប់ជំនាន់ ។ ខ្ញុំមានការសប្បាយចិត្ត ហើយនិងមោទនភាពមែនទែន នៅពេលសិក្សាស៊ីជម្រៅមែនទែន ខ្ញុំយល់ឃើញថា បើសិនជាពាក្យពេចន៍ធម្មតា សរសេរធម្មតា ប្រហែលជាអ្នកអាន អ្នកស្ដាប់ លោកនិយាយពាក្យធម្មតាអីអ៊ីចឹងទៅ ប្រហែលជាមិនសូវស្ដាប់ប៉ុន្មានទេ ប៉ុន្តែបើសិនជាមានកាព្យ មានឃ្លោង មានឃ្លា មានចួន មានផ្ទួនរណ្ដំអ៊ីចឹង អ្នកស្ដាប់ហ្នឹងរឹតតែចូលចិត្ត អ្នកអានហ្នឹងរឹតតែចូលចិត្តទៀត ។ អ៊ីចឹងចង់ទូន្មានគេ ប្រដែប្រដៅកែតម្រង់គេ ក៏ងាយស្រួលជាងពាក្យពេចន៍ធម្មតា ហើយគេចូលចិត្ត ។ ខ្ញុំគិតថា ពិតជាសំខាន់មែនទែន នៅក្នុងគ្រឹះវប្បធម៌នេះ ដោយសារថា កំណាព្យខ្មែរ វាបានជះឥទ្ធិពលគ្រប់ទម្រង់សិល្បៈ មិនថាចម្រៀង មិនថារបាំ មិនថាល្ខោន មិនថាតន្រី្តទេ គឺកំណាព្យមានឥទ្ធិពលជះទៅលើ ហើយការស្មូតកំណាព្យនេះក៏ដោយ ការតាក់តែងនិពន្ធកំណាព្យនេះក៏ដោយ គឺបម្រើគ្រប់ទម្រង់សិល្បៈទាំងអស់ ។ អ៊ីចឹងការសិក្សាអំពីសិល្បៈ គួរស្វែងយល់ចាប់ផ្ដើមទៅពីកំណាព្យ ហើយមួយទៀតហ្នឹង ខ្ញុំសរសើរដូនតាខ្មែរយើងមែនទែន រកអីដែលប្រៀបផ្ទឹមមិនបាន ចង់មានទ្រព្យសម្បត្តិមហាសាលយ៉ាងណាក៏ដោយ ក៏ប្រៀបផ្ទឹមអត់បានដែរ ដោយហេតុថា មរតកនេះគឺតពីមួយជំនាន់ ទៅមួយជំនាន់ ។ មរតកកំណាព្យខ្មែរនេះ ទាំងតែងជាឯកសារផ្លូវការហ្នឹងមានរហូតដល់៥៤បទ របៀបសូត្រហ្នឹងជាផ្លូវការមាន៥៩ ។ អ៊ីចឹងខ្ញុំគិតថា វាច្រើនលើសលុបជាងជាតិសាសន៍ដទៃ ដែលក្នុងនាមយើងជាកូនខ្មែរហ្នឹងត្រូវតែថែរក្សា ។

នគរធំៈ ក្នុងចំណុចនេះ បើប្រៀបធៀបជាមួយទម្រង់សិល្បៈផ្សេងទៀត តើកំណាព្យខ្មែរពិបាករៀនឬយ៉ាងណា?

លោកសីហា ឧត្ដមៈ ខ្ញុំគិតថា នៅពេលដែលសិក្សាកំណាព្យនេះ គឺពិតជាមានការលំបាក ទាំងការតែងនិពន្ធ ហើយនិងការសូត្រកំណាព្យ ។ ការតែងនិពន្ធវិញ គឺតម្រូវឲ្យអ្នកតែងហ្នឹងមានទេពកោសល្យចេះរៀបរាប់ ហើយត្រូវមានមនោសញ្ចេតនា ។ អ៊ីចឹងបើសិនជាយើងអត់សូវមានមនោសញ្ចេតនានៅក្នុងការតាក់តែង អាហ្នឹងក៏យើងអាចលំបាកដែរ បើយើងសរសេរតាមតែអំពើចិត្តរបស់យើង អត់គោរពក្បួនខ្នាត បទនៃកំណាព្យ អាហ្នឹងក៏មិនមែនហៅថាកំណាព្យដែរ ។ ឯការស្មូតវិញ បើសិនជាចង់ឲ្យល្អ គឺត្រូវតែមានទេពកោសល្យពីកំណើត មានសំឡេងពីរោះខ្លះដែរ ទើបមករៀនទៅទទួលបានរលាក់រលើនបទហ្នឹងច្រើន ហើយបទស្មូតនេះ អ្នកដែលរៀនហ្នឹងគឺចាំបាច់ណាស់ត្រូវតែមានការផ្ទៀងផ្ទាត់មែនទែន ត្រចៀកហ្នឹងត្រូវស្ដាប់ ហើយចាំទៀត ហើយទាល់តែមានការស្រលាញ់ចូលចិត្តមែនទែន ។ បើខ្លះគេថា គ្រាន់តែឮស្មូតទៅ គេខ្លាច ប៉ុន្តែអត់គិតថា ការដែលរលាក់រលើននេះ គឺជាបែបបទមួយ ដែលពិបាកធ្វើបំផុត ហើយអ្នកដែលធ្វើបានហ្នឹង គួរសរសើរគាត់ទៅ ព្រោះគាត់សូត្រដើម្បីអប់រំទូន្មានយើង ដើម្បីឲ្យយើងសង្វេគនៅក្នុងការរស់នៅ ។

នគរធំៈ តទៅមុខ តើសង្ឃឹមថា ក្លឹបអភិរក្សមរតកកំណាព្យខ្មែរ នឹងរឹងមាំជាងនេះឬទេ?

លោកសីហា ឧត្ដមៈ ចំពោះនិរន្តរភាពនៃក្លឹបអភិរក្សមរតកកំណាព្យខ្មែរនេះ គឺខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀតហ្នឹង គឺមានការប្ដេជ្ញាចិត្តថា នឹងចង់ឲ្យតនិរន្តរ៍ទៅមុខ អត់ចង់ឲ្យបាត់បង់ទេ ជាពិសេសហ្នឹងខ្ញុំទទួលភារកិច្ចពីលោកសាស្រ្តាចារ្យយ៉ាន់ បូរិន សង្ឃឹមមុតមាំលើខ្ញុំណាស់ ថាខ្ញុំធ្វើការងារនេះបន្តទៅទៀត ហើយលោកតែងតែមានប្រសាសន៍ថា លោកហើយនិងខ្ញុំដូចជាដំរីជើងមុខ ជើងក្រោយ យោងគ្នា គឺថា លោកបង្រៀនជំនាញហ្នឹងទៅ ខ្ញុំបច្ចេកទេសខាងគ្រប់គ្រង ។ អ៊ីចឹងតមកទល់សព្វថ្ងៃនេះ គឺយើងអាចដំណើរការបានហ្នឹង ដោយសារតែមានសិស្សចូលរួម ។ ឥឡូវហ្នឹងខ្វះទីតាំង យើងអត់ដឹងថាត្រូវទៅណាទៀតទេ ពីព្រោះថា អគារហ្នឹងមានសភាពទ្រុឌទ្រោមហើយ ខាងមន្រ្តីរៀបចំដែនដី លោកអញ្ជើញចុះមកអង្កេត ថាអគារហ្នឹងទ្រុឌទ្រោមហើយ ពីព្រោះសាងសង់តាំងពីឆ្នាំ១៩៥៣ ។ អ៊ីចឹងខ្ញុំក៏អត់ទាន់ដឹងថា ត្រូវទៅណាទៀតដែរ ក៏ប៉ុន្តែជាយុទ្ធសាស្រ្តហ្នឹង គឺមានបំណងស្នើសុំទៅដល់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បើសិនជាលោកបានដឹងហើយ ខ្ញុំបាទសូមគោរពស្នើសុំថ្នាក់រៀនមួយសមល្មមគួរសម ដើម្បីឲ្យខ្ញុំបានបន្តសកម្មភាពហ្នឹងទៀត ពីព្រោះថា ឲ្យតាមលទ្ធភាពទៅរកទិញដីហ្នឹង គឺប្រហែលជាអត់អាចទេ ក្នុងរាជធានីភ្នំពេញ ត្រូវការថវិកាច្រើនណាស់ ហើយថវិកា១៥០០ដុល្លារ ដែលសិក្ខាកាម ក៏ដូចជាសប្បុរសជនហ្នឹង ខ្ញុំជាអ្នកគ្រប់គ្រងក្លឹបហ្នឹងបានចំណាយទៅលើការជួសជុលថ្នាក់រៀននៅវិទ្យាល័យវត្តកោះ ហើយនិងទិញសម្ភារៈ តុកៅអីផ្សេងៗដាក់នៅទីនោះ ។ អ៊ីចឹងមកទល់សព្វថ្ងៃនេះ យើងមានសកម្មភាព១៣ឆ្នាំមកហើយ យើងខ្ញុំអត់ចង់បោះបង់ឲ្យផុតរលត់ទៅវិញទេ យើងខ្ញុំនៅតែបន្តសកម្មភាព ដើម្បីបានបណ្ដុះបណ្ដាលកូនខ្មែរតទៅទៀត ហើយជួយឲ្យលោកគ្រូ អ្នកគ្រូចាស់ៗហ្នឹងបានមកបង្រៀន ផ្ទេរចំណេះដឹងហ្នឹងឲ្យអស់ជូនទៅដល់កូនខ្មែរជំនាន់ក្រោយ ។

នគរធំៈ ជាចុងក្រោយ តើលោកមានអ្វីផ្ដាំផ្ញើទៅជនរួមជាតិខ្មែរ ជាពិសេសយុវជនខ្មែរ ឲ្យងាកមកចាប់អារម្មណ៍លើកស្ទួយកំណាព្យខ្មែរទាំងអស់គ្នាឬទេ ក្នុងនាមលោកជាប្រធានក្លឹបអភិរក្សមរតកកំណាព្យខ្មែរ?

លោកសីហា ឧត្ដមៈ បាទ! ជាចុងក្រោយ ខ្ញុំមានសារមួយជូនទៅដល់បងប្អូនជនរួមជាតិមហាជន កុលបុត្រខ្មែរទាំងឡាយ បើសិនជាចង់បានការទូន្មានល្អ គួរតែកុំភ្លេចនូវច្បាប់ផ្សេងៗ ច្បាប់ក្រមង៉ុយ ហើយនិងអត្ថបទកំណាព្យបុរណរបស់យើង គឺពាក្យទូន្មានល្អៗណាស់ បើអនុវត្តបាននោះ ប្រទេសជាតិក៏សុខសប្បាយ សង្គមគ្រួសារហ្នឹងក៏សុខសប្បាយដែរ ពីព្រោះថា សុទ្ធតែជាការអប់រំតាមបែបព្រះពុទ្ធសាសនាទាំងអស់ ។ អ៊ីចឹងហើយសិក្សាស្វែងយល់អំពីអត្ថបទកំណាព្យនោះ ហើយគួរតែនាំគ្នាចាប់អារម្មណ៍ឡើងវិញ នូវអត្ថបទទាំងនោះ តាមរយៈការអានក៏ដោយ ការស្មូតក៏ដោយ ការសិក្សារៀនសូត្រក៏ដោយ ។ នៅពេលដែលយើងទទួលបាននូវពុទ្ធិតាមរយៈអត្ថបទទាំងនោះហើយ អនាគតរបស់យើងក៏អាចធូរស្បើយទៅតាមហ្នឹងដែរ ហើយយើងក៏បានចូលរួមចំណែកនៅក្នុងការថែរក្សាមរតកអក្សរសាស្រ្ត សិល្បៈវប្បធម៌ សម្រាប់ដូនតាខ្មែរយើងទៅមុខថែមទៀត ហើយបើបានឃើញការផ្សព្វផ្សាយកំណាព្យ ការសូត្រកំណាព្យ ការតែងកំណាព្យអីផ្សេងៗមានចរិតអប់រំទូន្មានដល់ការអប់រំក្នុងជីវិតក្ដី ដល់ការលើកទឹកចិត្តក្នុងជីវិតអី គួរចែករំលែក ។ សព្វថ្ងៃនេះ ខ្ញុំឃើញថា ការដែលសិក្សាពីកំណាព្យ ហើយក៏ដូចជាការសូត្រកំណាព្យហ្នឹងនៅមានកម្រិតនៅឡើយទេ ។ អ៊ីចឹងខ្ញុំសំណូមពរទៅដល់យុវជនជំនាន់ក្រោយ គួរតែងាកមកស្វែងយល់ការអប់រំតាមបែបបុរាណរបស់យើងខ្លះ យល់អំពីផ្នត់គំនិតថាពីមុននោះ តើគេអប់រំចរិយាសាស្រ្តតាមរយៈរបៀបម៉េច? ហើយវប្បធម៌អក្សរសាស្រ្តរបស់យើងហ្នឹងគឺសម្បូរបែបប៉ុនណា? យើងថែរក្សារបស់ដូនតារបស់យើង អាចមានជាប្រយោជន៍បានទៅចុះបញ្ជីបេតិកភណ្ឌ នាពេលអនាគត ៕

RELATED ARTICLES