Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជនក្លែងព្រះរាជសារហ្លួងម៉ែ ដេកគុកហើយ!

ជនក្លែងព្រះរាជសារហ្លួងម៉ែ ដេកគុកហើយ!

ភ្នំពេញ ៖ ជនត្រូវចោទដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពក្លែង ព្រះរាជសារ របស់ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រមទាំងបន្លំជាព្រះញាតិវង្សផងនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ ពន្ធនាគារ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកអ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចៅក្រមស៊ើបសួរ លោកហុក ពៅ នៅ រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះហាក់ ឧត្តម ដាក់ពន្ធនាគារ បន្ទាប់ ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរ និងបានចោទប្រកាន់ពីបទ ឆបោក បទក្លែងបន្លំឯកសារសា ធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រម ព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ មានព្រះរាជសារក្លែងក្លាយមួយ ត្រូវបានចែកចាយនៅតាមបណ្តាញសង្គម និមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។

ក្រោយមក ក្រសួងព្រះបរមរាជវាំង បានចេញមកបដិសេធព្រះរាជសារនោះ ហើយកម្លាំងអគ្គស្នងការដ្ឋាន នគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីស្វែងរកប្រភព អ្នកក្លែងព្រះរាជសារនោះ។ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញ បានឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះហាក់ ឧត្តម អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំធ្វើលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាសែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជា ស៊ីម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទ ប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្ត ទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការ រៀបចំកម្មវិធីបុណ្យកឋិនទាន។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះ ការចែក រំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់បម្រើ ឧបាយកលរបស់ ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕

RELATED ARTICLES