Friday, January 24, 2025
Homeព័ត៌មានជាតិអ្នកគោរពជឿសង្ឃធុតង្គ ទេវតាដើរដី និងព្រហ្មខឹម វាសនា ផ្ទុះប្រតិកម្មនឹងបណ្ឌិតហែហមលោកសម រង្ស៊ី

អ្នកគោរពជឿសង្ឃធុតង្គ ទេវតាដើរដី និងព្រហ្មខឹម វាសនា ផ្ទុះប្រតិកម្មនឹងបណ្ឌិតហែហមលោកសម រង្ស៊ី

ភ្នំពេញៈ អ្នកគោរពជឿព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការ វត្តតាសុត នៅខេត្តកំពង់ឆ្នាំង ដែលល្បីថា ជាលោកឪសួងទី២ ទេវតាដើរដី មានបារមីខ្លាំងពូកែ កំពុងល្បីកក្រើកស្ទើរពេញមួយប្រទេសកម្ពុជា និងអ្នកគោរពជឿលើលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បានផ្ទុះប្រតិកម្មទៅនឹងលោកបណ្ឌិតសេង សារី អ្នកវិភាគនយោបាយ និងអ្នកសិក្សាស្រាវជ្រាវសង្គម ដែលបានយករូបព្រះធម្មវនវាសី ចន្ទមុនី និងលោកខឹម វាសនា មកកាត់តចូលក្នុងចង្កោមបុគ្គលមួយចំនួន ដែលមានសីលមិនបរិសុទ្ធ ហើយតាំងខ្លួនជាគ្រូមន្តអាគមអូមអាម ។

ក្នុងចំណោមអ្នកគោរពជឿព្រះសង្ឃធុតង្គ ចន្ទមុនី ក៏មានលោកបណ្ឌិតពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មួយរូបផងដែរ បានបញ្ចេញប្រតិកម្មទៅនឺងលោកបណ្ឌិតសេង សារី ដោយហៅបណ្ឌិតសេង សារី ថាជាបណ្ឌិតហែហមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅប្រទេសបារាំង ហើយបានចោទបណ្ឌិតដែលកំពុងរស់និរទេសនៅប្រទេសអូស្រ្តាលី រូបនេះថា មានចេតនាចោទព្រះសង្ឃធុតង្គ ចន្ទមុនី បោកប្រាស់បងប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿទៅលើព្រះអង្គ ទើបយករូបព្រះអង្គទៅកាត់តចូលទៅក្នុងចង្កោមមនុស្សដែលមិនមានសីលបរិសុទ្ធ ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិតសេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម ដែលកន្លងមក ត្រូវបានគណបក្សនយោបាយមួយចំនួនរិះគន់ថា មានការវិភាគលម្អៀងទៅខាងលោកសម រង្ស៊ី អតីតមេប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) នោះ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក នៅលើគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ។ នៅក្នុងរូបភាពនោះ លោកបណ្ឌិតសេង សារី បញ្ជាក់ថា ជារូបភាពកាត់ត ដែលមានរូបភាពចំនួន១១ ដែលជាបុគ្គលកំពុងល្បីដោយភាពភ្ញាក់ផ្អើល និងការជឿជាមង្គលរបស់ប្រជាពលរដ្ឋ តាមរយៈការប្រកាសពីបារមីរបស់គ្រូទាំងអស់នោះ ។  

          គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិតសេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម ដែលកន្លងមក ត្រូវបានគណបក្សនយោបាយមួយចំនួន រិះគន់ថា មានការវិភាគលម្អៀងទៅខាងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) នោះ បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ដែលជារូបភាពកាត់តភ្ជាប់គ្នាជាចង្កោម មានរូបភាពចំនួន១១ ដែលជាបុគ្គលកំពុងល្បីក្នុងពេលបច្ចុប្បន្ន ។

ក្នុងចំណោមបុគ្គលល្បីទាំងអស់នោះ រួមមានៈ ព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តតាសុត នៅខេត្តកំពុងឆ្នាំង ដែលប្រជាពុទ្ធបរិស័ទខ្មែរស្ទើរតែទូទាំងប្រទេស កំពុងគោរពជឿថា ជាលោកឪសួង ទី២ ទេវតដើរដី ។ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP ) ដែលបានតាំងខ្លួនជាព្រហ្មរក្សាលោក  និងគ្រូស្នងរូប គ្រូបារមី គ្រូឱសថបុរាណឥសីស៊ូ សេងហួរ គ្រូបារមី៧ភាសា គ្រូសី្រព្យាបាលជំងឺ១០០មុខ ដែលតាំងខ្លួនត្រាស់ដឹងជាព្រះពុទ្ធ និងគ្រូបារមីតាំងខ្លួនជាព្រះសិរអារ្យមេត្រី ជាដើម ហើយសូម្បីរូបសត្វស្វាដេកលេចពង និងរូបសត្វជ្រូក ដែលកំពុងល្បីថ្មីៗនេះ ពីរឿងធ្លាយវីដេអូកូនជ្រូកនោះ ក៏លោកបណ្ឌិតសេង សារី យកមកកាត់តបញ្ចូលជាមួយដែរ ដោយលោកបានសរសេរខ្លី នៅចំណុចកណ្ដាលនៃចង្កោមរូបកាត់តទាំងអស់នោះថា “ ថ្នាំបើមិនជឿ កុំប្រមាថ” ។

ភ្ជាប់ជាមួយចង្កោមរូបភាពខាងលើនេះ លោកបណ្ឌិតសេង សារី បានសរសេរបន្ថែម នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នោះថា “នៅពេលដែលខ្ញុំចង់បំភ្លេចរឿងជាតិ រឿងសាសនា រឿងសង្គម និងនយោបាយ ខ្ញុំតែងតែមើលពួកគេជាប្រចាំ! “ ។

ភ្លាមៗបន្ទាប់ពីបានឃើញលោកបណ្ឌិតសេង សារី បង្ហោះរូបភាពកាត់តភ្ជាប់ជាមួយសំណេរខាងលើនេះ លោកបណ្ឌិតពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាអ្នកគោរពជឿព្រះសង្ឃធុតង្គ ចន្ទមុនី បានបញ្ចេញប្រតិកម្ម សម្ដែងការមិនពេញចិត្ត ចំពោះលោកបណ្ឌិតសេង សារី ដែលបានយករូបព្រះអង្គធម្មវនវាសី ចន្ទមុនី មកកាត់តបញ្ចូលជាមួយរូបភាពបុគ្គលមួយចំនួនទៀត ដែលលោកយល់ថា មិនមានសីលបរិសុទ្ធ ។

លោកបណ្ឌិតពេជ្រ ស្រស់ បានបង្ហោះរូបភាពនិងសំណេរក្នុងទំព័រ របស់លោកបណ្ឌិតសេង សារី ខាងលើ ក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា “ បងប្អូនជួយឱ្យពរជ័យបណ្ឌិតហែហមលោក សម រង្ស៊ី ម្នាក់មួយម៉ាត់ផង គាត់យកគុណម្ចាស់ ចន្ទ មុនី ទៅក្នុងចង្កោមមនុស្សដែលគ្មានសីលបរិសុទ្ធ គាត់ចង់និយាយថា ព្រះតេជគុណ វនវាសី ចន្ទ មុនី បោកប្រាស់បងប្អូនខ្មែរ “ ។

លោកបណ្ឌិតពេជ្រ ស្រស់ បានសរសេរបញ្ជាក់បញ្ជាក់ពីជំហររបស់លោក ក្នុងនាមជាអ្នកនយោបាយ ដែលមានជំនឿលើសាសនា និងការគោរពចំពោះព្រះសង្ឃធុតង្គ ចន្ទមុនី នៅថ្ងៃដដែលនោះថា “ ជនមួយចំនួនមួលបង្កាច់ខ្ញុំថាជាបណ្ឌិតជាអ្នកនយោបាយ ជឿងប់ងល់លើជំនឿជ្រុល ជឿលើមន្តអាគមផ្សេងៗទៀត ខ្ញុំសូមបើកបង្ហាញពីជីវភាពជំនឿរបស់ខ្ញុំសព្វថ្ងៃនេះតទៅ ១. សែនចិន ខ្ញុំមិនសែន ពីព្រោះខ្ញុំជាខ្មែរ ២. សែនក្បាលទឹក ខ្ញុំមិនសែន ពីព្រោះខ្ញុំជាខ្មែរ ៣. ឆ្លងឆ្នាំសកល ខ្ញុំមិនប្រារព ពីព្រោះខ្ញុំជាខ្មែរ ៤. បុណ្យគ្រីសស្មាស់ ខ្ញុំមិនប្រារព ពីព្រោះខ្ញុំជាខ្មែរ ៥. បុណ្យខ្មោចហាឡូវីន ខ្ញុំមិនប្រារព្ធ ពីព្រោះខ្ញុំជាខ្មែរ ៦. ធ្វើពិធីខួបកំណើត ខ្ញុំមិនប្រារព្ធធ្វើ ពីព្រោះខ្ញុំជាខ្មែរ ៧. ពិធីបុណ្យក្តីស្រលាញ់ ខ្ញុំមិនប្រារព្ធ ពីព្រោះខ្ញុំជាខ្មែរ ៨. ពិធីលោតម៉ុងសាយ ខ្ញុំមិនធ្វើពិធី ពីព្រោះខ្ញុំជាខ្មែរ ៩. ពិធីសែនព្រះខែ ខ្ញុំមិនប្រារព្ធសែន ពីព្រោះខ្ញុំជាខ្មែរ ។

លោកបណ្ឌិតពេជ្រ ស្រស់ បានសរសេរបន្តថា “ ជំនឿដែលខ្ញុំប្រារព្ធមានដូចជា ១. ទំនៀមទម្លាប់ដូនតាខ្មែរ ខ្ញុំគោរពធ្វើ ពីព្រោះខ្ញុំជាខ្មែរ ២. បុណ្យចូលឆ្នាំខ្មែរ ខ្ញុំប្រារព្ធធ្វើ ពីព្រោះខ្ញុំជាខ្មែរ ៣. បុណ្យកាន់បិណ្ឌ-ភ្ជុំ ខ្ញុំប្រារព្ធធ្វើ ពីព្រោះខ្ញុំជាខ្មែរ ៤. បុណ្យវិសាខបូជា ខ្ញុំប្រារព្ធធ្វើ ពីព្រោះខ្ញុំជាខ្មែរ ៥. បុណ្យមាឃបូជា ខ្ញុំប្រារព្ធធ្វើ ពីព្រោះខ្ញុំជាខ្មែរ ៦. ក្នុងផ្ទះមានអាសនៈព្រះពុទ្ធ ខ្ញុំគោរព ពីព្រោះខ្ញុំជាខ្មែរ ៧. ជំនឿដូនតាខ្មែរ ខ្ញុំគោរពធ្វើ ពីព្រោះដូនតាខ្ញុំជាខ្មែរ ។ ដូច្នេះពាក្យដែលមួលបង្កាច់ខ្ញុំថាបែបនេះបែបនោះ ដោយសារអ្នកមួលបង្កាច់ទាំងនោះមិនដែលស្គាល់ខ្ញុំ ហើយមានចិត្តអកុសលមកលើខ្ញុំ ទើបមួលបង្កាច់ខ្ញុំទាំងងងឹតតែម្តង បើមានបុណ្យ និងបាបមែន អ្នកទាំងនោះនឹងទទួលបាប “ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកបណ្ឌិតពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកពិតជាមានការខកចិត្តមែនទែន ចំពោះលោកសេង សារី ដែលជាបញ្ញវន្តមួយរូប ហើយមានងារជាបណ្ឌិតដូចលោកដែរ តែការនិយាយស្ដីខ្វះការស្រាវជ្រាវ និងខ្វះសច្ចភាព ដែលយកព្រះអង្គចន្ទមុនី ទៅប្រៀបធៀប ដាក់ក្នុងចង្កោមមនុស្សដែលពុំមានសីលបរិសុទ្ធ ។ បានន័យថា ជាការប្រមាថមួយទៅលើសាវ័កព្រះពុទ្ធ ដែលជាភិក្ខុសង្ឃត្រឹមត្រូវ មានសីលបរិសុទ្ធ ហើយដែលមានការគោរពបូជាពីប្រជាពលរដ្ឋច្រើនមែនទែន ។

លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ទី១ ចំពោះលោកបណ្ឌិតសេង សារី ខ្ញុំមានការខកចិត្តមែនទែន ដែលជាបញ្ញវន្តមួយរូប ហើយមានងារជាបណ្ឌិតដូចខ្ញុំដែរ តែការនិយាយស្ដីខ្វះការស្រាវជ្រាវ និងខ្វះសច្ចភាព ដែលយកព្រះអង្គចន្ទ មុនី ទៅប្រៀបធៀប ក៏ដូចជាទៅដាក់ក្នុងចង្កោមមនុស្សដែលពុំមានសីលបរិសុទ្ធ ។ មានន័យថា មនុស្សដែលមិនបានបដិបត្តិធម៌ ក៏ដូចជាមិនមាននៅក្នុងតម្រាអ្នកដែលប្រតិបត្តិតាមបែបសាសនាព្រះពុទ្ធ ។ អ៊ីចឹងគាត់យករូបព្រះអង្គចន្ទមុនី ទៅលាយឡំជាមួយក្រុមហ្នឹង វាជាការប្រមាថមួយទៅលើសាវ័កព្រះពុទ្ធ ដែលជាភិក្ខុសង្ឃត្រឹមត្រូវ ហើយដែលមានការគោរពបូជាពីប្រជាពលរដ្ឋច្រើនមែនទែន ហើយបណ្ឌិតសេង សារី យកបែបនេះ គឺឆ្លុះបញ្ចាំងពីភាពអគតិរបស់លោកសេង សារី ហ្នឹងតែម្ដង ហើយអ្នកឯទៀតនោះ គឺគាត់យកជំនឿមកបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋខ្មែរបូជា ជាបច្ច័យទេ ក្នុងចំណោមរូបភាពដែលលោកបណ្ឌិតសេង សារី យកមកបង្ហាញនោះ​ ។ អ៊ីចឹងខ្ញុំខកចិត្តមែនទែន ចំពោះលោកបណ្ឌិតសេង សារី ដែលគាត់ជាបញ្ញវន្តមួយរូប តែខ្វះការស្រាវជ្រាវ និងការសម្លឹងមើលអ្នកមានធម៌ពិតប្រាកដ ដែលគាត់យកគុណម្ចាស់ចន្ទមុនី ទៅលាយឡំពួកដែលពុំមានសីលទាល់តែសោះ” ។

លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍បន្តថា “ ទី២ ព្រះគុណម្ចាស់ចន្ទ មុនី ព្រះអង្គមានសីលបរិសុទ្ធ ត្រង់ទី១​ លោកសង្រួមបានសម្រេចនូវវាចាសង្រួម រូបកាយសង្រួម ចិត្តសង្រួម សង្រួមរហូតដល់ធ្វើឲ្យពុទ្ធបរិស័ទជ្រះថ្លាមែនទែន ហើយអ្វីដែលចំណុចសំខាន់គឺព្រះអង្គតែងតែមានថេរដីកាឲ្យប្រជាបរិស័ទហ្នឹងសាមគ្គីគ្នា ស្រលាញ់គ្នា កុំមានការឈ្លោះទាស់ទែងគ្នា ហើយជាទីគួរចាប់អារម្មណ៍ហ្នឹង គឺគុណម្ចាស់អាចញ៉ាំងសទ្ធាឲ្យប្រជាប្រុសស្រីជ្រះថ្លាជាមួយហ្នឹង គឺថា គុណម្ចាស់មិនអួតអាងទេ ទោះបីគុណម្ចាស់លោកសម្រេចធម៌បរិសុទ្ធយ៉ាងណាក៏ដោយ តែគុណម្ចាស់មិនដែលអួតអាងទេ គឺលោកនៅគង់ជាស្មើចិត្ត ស្មើព្រះភក្រ្ត ហើយមិនរើសអើងប្រជាបរិស័ទឡើយ គឺឲ្យតម្លៃស្មើៗគ្នា នោះហើយគឺជាភាពបរិសុទ្ធ និងភាពអស្ចារ្យរបស់គុណម្ចាស់ចន្ទ មុនី ហើយបើនិយាយពីរឿងឧបនិស្ស័យវិញ គុណម្ចាស់បានប្រមើលមើលឃើញឧបនិស្ស័យរបស់មនុស្សដែលមានឧបនិស្ស័យខ្ពស់ជាមួយព្រះអង្គ ហើយដោះស្រាយបញ្ហាជូនមនុស្សដែលមានឧបនិស្ស័យនោះ ដោយប្រើនូវបញ្ញាញាណ ក៏ដូចជាថេរដីកាដាស់តឿន “ ។

លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍បន្តទៀតថា “ ទី៣ រឿងបាបបុណ្យ វានឹងកើតឡើងចំពោះជនណាដែលមានចិត្តជាអកុសល ដែលមួលបង្កាច់ ដែលលាបពណ៌គេហ្នឹង អាហ្នឹងគឺបាបបុណ្យហ្នឹង គឺមិនអាចកាត់ផ្ដាច់បានទេ ។ មានន័យថា ជនណាដែលមានចិត្តអប្រិយ បាបនឹងទៅរកជននោះស្វ័យប្រវត្តិតែម្ដង ហើយយប់នេះ (០១ តុលា) ខ្ញុំនឹងបកអាក្រាតពួកដែលប្រឆាំងជ្រុលនិយម ដែលទាញរឿងគុណម្ចាស់ចន្ទ មុនី ចូលទៅក្នុងរឿងនយោបាយ ដែលជាហេតុនាំឲ្យខ្ញុំនៅមិនសុខទេ ។ អ៊ីចឹងខ្ញុំត្រូវតែបកអាក្រាតពីគំនិតទុច្ចរិតពួកគេ ដោយហេតុថា ដោយសារតែវត្តមានគុណម្ចាស់ចន្ទ មុនី ហ្នឹងហើយ ដែលធ្វើឲ្យពួកគេនិយាយអីលែងមានឥទ្ធិពលមកលើប្រជារាស្រ្តខ្មែរយើងហ្នឹង ពួកគេខឹងកន្លែងហ្នឹង បានគេនាំគ្នាមកវ៉ៃប្រហារគុណម្ចាស់ចន្ទ មុនី “ ។

សូមបញ្ជាក់ថា ក្រៅពីប្រតិកម្មរបស់លោកបណ្ឌិតពេជ្រ​ ស្រស់ ខាងលើនេះ ក៏មានប្រតិកម្មពីអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ជាច្រើនទៀត ចំពោះការយករូបព្រះធម្មវនវាសី ចន្ទមុនី មកកាត់បញ្ចួលក្នុងចង្កោមរូបខាងលើ ដែលយើងមិនអាចស្រង់មកបង្ហាញទាំងអស់បាន ដូចជាគណនីហ្វេសប៊ុក ឈ្មោះ “Stronger Lion” បានសរសេរថា “សម្រាកខ្លះទៅបណ្ឌិតហែហម! លោកគួរតែចេះបែងចែកមនុស្សល្អនិងអាក្រក់បានហើយ មិនគួរយកលោកតាចន្ទមុនី មកចូលក្រុមពួកឡប់សតិអ៊ីចឹងទេ លោកឯងនេះរៀនប្រឆាំង ឲ្យចេះថ្លឹងថ្លែងផង ប្រយ័ត្នធ្លាក់នរក ស្លាប់ចោលឆ្អឹងនៅស្រុកគេទៅ!…” ។

ដោយឡែក សម្រាប់សមាជិក LDP ដែលជាកូនចៅ និងសាវ័ក គោរពជឿលោកខឹម វាសនា តាំងខ្លួនជាព្រហ្មរក្សាលោក ក៏បានបញ្ចេញប្រតិកម្មព្រោងព្រាត ចំពោះលោកបណ្ឌិតសេង សារី ដែលបានយករូបលោកខឹម វាសនា មកកាត់បញ្ចូលក្នុងរូបចង្កោមខាងលើ ដោយពួកគេបានជេរប្រមាថលោកបណ្ឌិតសេង សារី ដោយពាក្យអសុរោះទៅតាមកំហឹងរៀងៗខ្លួន ដែលយើងសូមស្រង់យកសំណេរប្រតិកម្មរបស់សាវ័កលោកខឹម វាសនា មួយចំនួន ដូចជាប្រើពាក្យថា អាបណ្ឌិតទុគ្គតិភពបាតនរក អាបណ្ឌិតថោកទាប អាបណ្ឌិតដូរបាយច្រាស បណ្ឌិតអន់ត្រង់យកព្រហ្ម មកដាក់ក្នុងដែរ មិនចេះស្ដាប់ទស្សនៈខ្មែរ បំភ្លៃធម៌រៀនទៅជាសូត្រ បណ្ឌិតខួរអាចម៍ ជាដើម ។

ទោះបីជាយ៉ាងណា ជុំវិញប្រតិកម្ម របស់សាវ័កព្រះធុតង្គ ចន្ទមុនី និងព្រហ្មខឹម វាសនា ខាងលើនេះ “នគរធ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោកបណ្ឌិតសេង សារី បានទេ កាលពីល្ងាចម្សិលមិញ ៕

RELATED ARTICLES