ភ្នំពេញៈ សកម្មជនបរិស្ថាន បានលើកឡើងថា ពិតជាអាណិតផ្លូវថ្នល់ និងមនុស្ស នៅរាជធានីភ្នំពេញ ណាស់ ព្រោះពេលភ្លៀងធ្លាក់ម្ដងៗ ទឹកជន់លិចស្ទើរគ្រប់កន្លែង លុះពេលរាំង ដីហុយ សំរាមពាសពេញផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសុខភាព ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
សកម្មជនបរិស្ថាន បញ្ជាក់ថា កត្តាដែលនាំឲ្យមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ ដោយសារការលុបបឹង ការចោលសំរាមពាសវាលពាសកាល នៅតាមមាត់លូ និងកត្តាមួយចំនួនទៀត ។ រីឯកត្តាដែលនាំឲ្យមានដីហុយនៅពេលរាំងភ្លៀង ផ្លូវស្ងួត ដោយសារតែមានការខ្វះចន្លោះរបស់អាជ្ញាធរលើការរៀបចំលើបញ្ហាបរិស្ថាន និងបញ្ហាបច្ចេកទេសមួយចំនួនទៀត ។ ដូច្នេះសកម្មជនបរិស្ថាន ផ្ដល់យោបល់ថា រាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ គួរតែពិនិត្យពិចារណា និងសិក្សាឲ្យបានច្បាស់ឡើងវិញ ពាក់ព័ន្ធនឹងបញ្ហាទឹកលិចផ្លូវ និងលំនៅប្រជាពលរដ្ឋ នៅពេលភ្លៀងធ្លាក់ និងដីហុយ ពេលរាំងភ្លៀង នៅក្នុងរាជធានីភ្នំពេញ ។
លោកសាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផ្លូវ និងមនុស្ស (ប្រជាពលរដ្ឋ) នៅភ្នំពេញ អភ័ព្វណាស់ ពេលធ្លាក់ភ្លៀង ត្រូវជន់លិច ពេលរាំងភ្លៀង ពោរពេញដោយដីហុយ និងសំរាម រីឯអ្នកប្រើប្រាស់ផ្លូវបង់ពន្ធពេញៗ ។ រាជធានីភ្នំពេញ អាជ្ញាធរហាក់មានការខ្វះចន្លោះច្រើនទៅលើអនាម័យ និងការរៀបចំសោភណភាព ឲ្យមានលក្ខណៈស្ដង់ដារ ។ ដូច្នេះលោកសំណូមពរដល់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ គួរតែធ្វើកំណែទម្រង់ រៀបចំរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរ លុបបំបាត់នូវការទឹកជន់លិចនៅខែវស្សា និងដីហុយធូលីសំរាម នៅខែប្រាំង រួមទាំងរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវ ឲ្យបានល្អ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ។
លោកសាន់ ម៉ាឡា បានមានប្រសាសន៍ថា “ ប្រទេសកម្ពុជាយើងបានអះអាងខ្លួនឯងថា ជាទឹកដីអច្ឆរិយ ជារាជធានីដែលមានភាពទាក់ទាញ ក៏ប៉ុន្តែយើងឃើញថា អាជ្ញាធរហាក់បីដូចជាមានការខ្វះចន្លោះច្រើនទៅលើអនាម័យ និងការរៀបចំសោភណភាពទីក្រុង ឲ្យមានលក្ខណៈស្ដង់ដារ អាចទាក់ទាញភ្ញៀវទេសចរណ៍ពីលោកខាងលិច ក៏ដូចជាប្រជាជនក្នុងតំបន់នេះ ឲ្យមកទស្សនាទីក្រុងយើង ។ ទី១ ខ្ញុំសង្កេតឃើញថា ភ្នំពេញយើងបញ្ហាសំរាម នៅតែជារឿងចោទដ៏ចម្បង ហើយមួយផ្នែកទៀត យើងឃើញថា ភ្នំពេញនៅមិនទាន់មានគំនូសផ្លូវបែងចែកទិសដៅចរាចរណ៍ហ្នឹងឲ្យបានគ្រប់គ្រាន់មួយរយភាគរយទេ ។ រីឯទីក្រុងយើងក៏សម្បូរដីហុយ ពីព្រោះផ្លូវនៅទីក្រុងរបស់យើងមិនសូវជាស្អាត មិនសូវមានអនាម័យ ហើយយើងឃើញថា អាជ្ញាធរពុំមានលទ្ធភាពនិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីរៀបចំជារថយន្តបោសធូលីសម្អាតនៅតាមផ្លូវទេ ។ កន្លងមកយើងឃើញមានខ្លះដែរ ក៏ប៉ុន្តែជាការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនឯកជន គេបានទិញរថយន្តមកធ្វើការបោសសម្អាតផ្លូវយូរៗម្ដង ហើយខ្ញុំចង់ឲ្យអាជ្ញាធររាជធានីភ្នំពេញយើង គាត់រៀបចំឲ្យមានរថយន្តប្រភេទបោសសម្អាតផ្លូវនេះ ធ្វើការបោសសម្អាតផ្លូវជាប្រចាំ ធ្វើម៉េចកុំឲ្យមានធូលីដីហ្នឹងហុយជាប់ប្រលាក់ផ្លូវ ពីព្រោះយើងឃើញថា បើយើងទៅលេងនៅបណ្ដាប្រទេសអភិវឌ្ឍន៍ អាខោអាវយើងពាក់ សឹងថា ពីរថ្ងៃអីមិនមានធូលីប្រលាក់ដីជាប់កទេ ប៉ុន្តែនៅភ្នំពេញយើងពាក់អាវតែ១ថ្ងៃ យើងឃើញថា ធូលីដីប្រលាក់កហ្នឹងច្រើនណាស់ សម្រាប់ប្រជាជនទូទៅ ដែលគាត់មិនមានឡានទំនើបជិះដូចគេ ។ ដូច្នេះរដ្ឋយើងត្រូវតែយកចិត្តទុកដាក់នៅក្នុងបញ្ហាអនាម័យផ្លូវនេះ ឲ្យធ្វើម៉េចអ្នករស់នៅទីក្រុងភ្នំពេញ គាត់មានអារម្មណ៍ថា ស្រស់ស្រាយ គាត់មានមោទនភាពទៅនឹងទីក្រុងដែលខ្លួនកំពុងតែរស់នៅ ។ រីឯរដូវវស្សាវិញ យើងឃើញថា គ្រប់ពេលដែលមានភ្លៀងធ្លាក់កន្លះម៉ោង ទៅ១ម៉ោង ទីក្រុងរបស់យើងគឺចាប់ផ្ដើមជន់លិចហើយ ជាពិសេសនៅតំបន់ផ្លូវទំនាប ឬក៏តំបន់ដែលរដ្ឋាភិបាលជប៉ុនអត់ទាន់បានធ្វើការរៀបចំសាងសង់ប្រព័ន្ធលូត្រឹមត្រូវ ទៅតាមស្ដង់ដារ គ្រប់ពេលដែលមានភ្លៀងធ្លាក់ ប្រជាជននៅទីក្រុងភ្នំពេញយើងតែងតែជួបប្រទះជាមួយនឹងបញ្ហាទឹកលិចផ្លូវ ធ្វើឲ្យម៉ូតគាត់ខូចខាត ធ្វើឲ្យម៉ូតូគាត់រលត់ ។ អ៊ីចឹងវាបង្កជាការមិនសប្បាយចិត្តច្រើន សម្រាប់អ្នកធ្វើដំណើរក្នុងពេលភ្លៀងធ្លាក់ក្នុងទីក្រុងភ្នំពេញ របស់យើង” ។
លោកសាន់ ម៉ាឡា បានមានប្រសាសន៍បន្តថា “ រីឯការរៀបចំសួនច្បារ ការរៀបចំឧទ្យាន ឬក៏ការដាំដើមឈើនៅតាមផ្លូវសំខាន់ៗហ្នឹង ក៏ឃើញថា ទីក្រុងភ្នំពេញរបស់យើងនៅមិនទាន់រៀបចំ ឬក៏ធ្វើបានដូចបណ្ដាប្រទេសជិតខាងទេ ដើមឈើខ្លះធំៗក៏ត្រូវបានគេលះឆ្ការមែក ធ្វើឲ្យបាត់សោភណភាព ឬក៏បាត់ម្លប់សម្រាប់អ្នកធ្វើដំណើរថ្មើរជើង ។ ដូច្នេះរដ្ឋគួរតែវិនិយោគបន្ថែមទៀត ទៅលើការដាំដើមឈើនៅទីក្រុង ការសាងសង់ជាទីសាធារណៈដែលមានផ្កា មានដើមឈើច្រើន មានឧទ្យានកណ្ដាលទីក្រុង ដូចអ្វីដែលប្រទេសអភិវឌ្ឍបានធ្វើ ហើយរដ្ឋយើងកុំសូវសកម្មពេក កុំសូវផ្ដល់អាទិភាពទៅលើការសាងសង់សំណង់អគារ តាមរយៈការលុបដីបឹង ឬក៏ការយកដីសាធារណៈ ដែលទំនេរហ្នឹងទៅឲ្យវិស័យឯកជន ដើម្បីអភិវឌ្ឍ ។ រដ្ឋគួរតែវិនិយោគទីកន្លែងសម្រាប់ប្រជាជនទូទៅ គាត់អាចធ្វើលំហាត់ប្រាណ គាត់អាចសម្រាកលំហែកម្សាន្តផង “ ។
លោកសាន់ ម៉ាឡា បានមានប្រសាសន៍បន្តទៀតថា “ បាទ! ខ្ញុំគិតថា រាជធានីភ្នំពេញ វាជាមជ្ឈមណ្ឌលនយោបាយទេសចរណ៍ និងជាមុខមាត់របស់ប្រទេសជាតិ ។ ដូច្នេះហើយរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី ដែលសុទ្ធសឹងតែជាបញ្ញវន្ត អ្នកដែលរៀនសូត្រពីបណ្ដាប្រទេសអភិវឌ្ឍ អ្នកដែលគាត់បានស្គាល់ពិភពលោកច្រើន គួរតែធ្វើម៉េចធ្វើកំណែទម្រង់ ហើយរៀបចំទីក្រុងភ្នំពេញ របស់យើង ឲ្យបានល្អប្រសើរ ធានាថា ជាទីក្រុងដែលអាចអូសទាញភ្ញៀវទេសចរមកលេងបាន ហើយគួរតែលុបបំបាត់នូវការទឹកជន់លិចទីក្រុង នៅខែវស្សា ហើយដីហុយធូលីសំរាម នៅខែប្រាំងនេះ ដើម្បីធ្វើម៉េចយើងអាចត្រៀមខ្លួនទទួលភ្ញៀវទេសចរផង ហើយវាឆ្លុះបញ្ចាំងពីភាពថា ភ្នំពេញជាទីក្រុងមានភាពទាក់ទាញ ជា Charming City ដូចដែលរដ្ឋាភិបាលធ្លាប់ធ្វើការឃោសនាកន្លងមក “ ។
ជាមួយគ្នានោះដែរ លោកម៉ា ចិត្រា សកម្មជនបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កត្តាដែលធំបំផុតនាំឲ្យមានការជន់លិចទឹកភ្លៀង នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ ដោយសារការលុបបឹង និងអាចមកពីប្រជាពលរដ្ឋខ្វះអនាម័យបរិស្ថាន ចោលសំរាមនៅតាមមាត់លូ ធ្វើឲ្យភ្លៀងមកស្ទះលូ ទឹកហូរមិនទាន់ បណ្ដាលឲ្យជន់លិច ។ ប៉ុន្តែពិចារណាមួយជ្រុងទៀត វាអាចមកពីកង្វះនូវធុងសំរាមសាធារណៈ និងអ្នកដែលទទួលខុសត្រូវខាងប្រមូលសំរាម អាចប្រមូលមិនទាន់ពេលវេលា ។ រីឯបញ្ហាដីហុយ ដោយសារខ្វះការសម្អាតផ្លូវ ឲ្យបានជាប់ជាប្រចាំ ឬមិនមានរថយន្តសម្អាតផ្លូវគ្រប់គ្រាន់ ។
លោកម៉ា ចិត្រា បានមានប្រសាសន៍ថា “ បាទ! ក្នុងនាមខ្ញុំជាសកម្មជនបរិស្ថាន ខ្ញុំមើលឃើញថា នៅក្នុងទីក្រុងភ្នំពេញ ផ្លូវមួយចំនួនដែលមានភ្លៀងធ្លាក់មកបណ្ដាលឲ្យជន់លិច ហើយពេលរាំងភ្លៀងទៅវិញបែរជាដីហុយ ។ អាហ្នឹងសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានការអាណិតអាសូរទៅដល់ប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវ អាហ្នឹងទី១ ហើយទី២ អាណិតទៅដល់ម្ចាស់ផ្ទះដែលគាត់នៅនឹងកន្លែងទទួលការជន់លិចនោះ អាហ្នឹងធ្វើឲ្យគាត់ខាតបង់ទ្រព្យសម្បត្តិផង ពិបាកក្នុងការរស់នៅផង អាចប៉ះពាល់ទៅដល់សុខភាពជាដើម ហើយនៅពេលដែលភ្លៀងរាំង នៅពេលដែលមេឃរាំងភ្លៀង វាទៅជាហុយដីវិញ អាហ្នឹងក៏វាប៉ះពាល់ដែរ សម្រាប់ការធ្វើដំណើរ ក៏ដូចជាប៉ះពាល់ទៅដល់សោភណភាព ហើយនិងសុខភាពរបស់ប្រជាពលរដ្ឋដែលទទួលផលជះពីបញ្ហាដីហុយហ្នឹង “ ។
លោកម៉ា ចិត្រា បន្តថា “ បាទ! កត្តាដែលនាំឲ្យមានការជន់លិចនេះ កត្ដាដែលធំបំផុតហ្នឹង គឺការលុបបឹង លុបបឹងនៅរាជធានីភ្នំពេញហ្នឹងឯង គឺលុបសឹងតែអស់ហើយ យើងមើលបឹងតាមោកអីហ្នឹងជាដើម យើងឃើញថាលុបនៅសល់តែប្រមាណជាង២០%ទេ មកដល់ឆ្នាំ២០២៣នេះ អាហ្នឹងយើងមើលឃើញជាក់ស្ដែង ហើយដូចបឹងទំពុនអីអ៊ីចឹងជាដើម លុបសឹងតែអស់ហើយ ហើយខ្ញុំមានការព្រួយបារម្ភណាស់ ជាពិសេសអ្នកដែលរស់នៅបឹងទំពុនហ្នឹង ព្រោះអីខ្ញុំមើលទៅឃើញថា ឲ្យតែដល់រដូវភ្លៀង គឺតែងតែលិច ហើយដូចជាមិនមានដំណោះស្រាយណាមួយឲ្យបានសមរម្យសម្រាប់ពួកគាត់ដែលរស់នៅក្នុងតំបន់ហ្នឹង ហើយខ្ញុំគិតថា ដើម្បីដោះស្រាយបញ្ហានេះបាន រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនឹងរឿងហ្នឹង នៅភ្នំពេញហ្នឹង យើងមើលសិក្សាធ្វើម៉េចដើម្បីដំឡើងនូវស្ថានីយបូមទឹកឲ្យបានច្រើនជាងបច្ចុប្បន្ន អាហ្នឹងបានអាចជួយរំដោះទឹកនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗនៅរដូវវស្សា ។ អាហ្នឹងខ្ញុំមើលថា គួរតែធ្វើវាបន្ថែម ដើម្បីចៀសវាងការជន់លិចបន្ត ហើយពាក់ព័ន្ធទៅនឹងបញ្ហាប្រជាពលរដ្ឋវិញ ការចោលសំរាមផ្ដេសផ្ដាសហ្នឹងក៏វាបណ្ដាលឲ្យមានការកកស្ទះតាមមាត់លូអីហ្នឹងជាដើម ប៉ុន្តែវាមិនមែនជាបញ្ហាអីធំទេ គ្រាន់ថា យ៉ាងណាក៏ដោយចុះ យើងត្រូវតែបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ជាពិសេសយើងមើលឃើញថា ឲ្យតែមានមាត់លូ គឺប្រជាពលរដ្ឋនៅតាមផ្ទះហ្នឹង គឺគាត់តែងតែយកសំរាមទៅដាក់នៅតាមមាត់លូហ្នឹងជាដើម “ ។
លោកម៉ា ចិត្រា បន្តទៀតថា “ ខ្ញុំមិនដឹងថា វាជាកំហុសអ្នកណាទេ បើយើងពិចារណាមួយជ្រុងទៀត វាអាចដែរ ថាមកពីកង្វះនូវធុងសំរាមសាធារណៈ ហើយនិងអ្នកដែលទទួលខុសត្រូវខាងប្រមូលសំរាមហ្នឹងអាចមិនមកឲ្យទាន់ពេលវេលាក្នុងការប្រមូលសំរាម អ៊ីចឹងធ្វើឲ្យវាមានច្រើន ហើយធ្វើឲ្យវាមានការកកស្ទះ ។ អ៊ីចឹងរដ្ឋាភិបាលមានតែការកែប្រែចំណុចហ្នឹងឲ្យបានល្អប្រសើរ ពាក់ព័ន្ធទៅនឹងការមើលការខុសត្រូវផ្នែកប្រមូលសំរាមហ្នឹងឲ្យបានល្អ ។ មួយទៀត ខ្ញុំមើលឃើញថា អាការយកចិត្តទុកដាក់ពីមន្រ្តីបច្ចេកទេសហ្នឹង វាអាចនៅមានកម្រិតមិនទាន់ល្អប្រសើរ ព្រោះអីយើងមើលឃើញកន្លងមកហ្នឹង ឲ្យតែមានការទឹកលិច ឬទឹកជំនន់អីជាដើម មានមន្រ្តីចុះទៅហូរហែ ហើយបើយើងមើលតែរូបភាពហ្នឹង វាដូចជាមិនជួយអីបានទេ បើមើលទៅមន្រ្តីនយោបាយហ្នឹង វាទៅច្រើនហួសហេតុពេក ។ អ៊ីចឹងគួរតែពិនិត្យពិចារណា កុំឲ្យមានមន្រ្តីនយោបាយច្រើនជាងមន្រ្តីបច្ចេកទេស ព្រោះអីវាអត់បានជាប្រយោជន៍អីដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទេ ហើយចុះទៅនាំតែរំខានគេវិញទេ ពេលខ្លះ ។ អ៊ីចឹងគួរតែពិចារណាចំណុចនេះឡើងវិញ ហើយជាសំណូមពរ ឬក៏ជាយោបល់ ដូចខ្ញុំជម្រាបជូនខាងលើ រដ្ឋបាលរាជធានីភ្នំពេញហ្នឹងត្រូវតែពិនិត្យមើលប្រព័ន្ធលូ មានន័យថា រៀបចំប្រព័ន្ធលូឲ្យបានត្រឹមត្រូវឡើងវិញ ថាត្រង់ណាដែលវាចេញពីត្រង់ណា? វាត្រូវចាក់ទៅត្រង់ណាអីអ៊ីចឹង? យើងត្រូវពិនិត្យមើលត្រង់ហ្នឹង ហើយត្រូវតែបន្ថែមនូវម៉ាស៊ីនបូមទឹក ឲ្យបានលើសពីកម្រិតបច្ចុប្បន្ន ព្រោះអីកម្រិតបច្ចុប្បន្ននេះ វាអត់អាចទប់ទេ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង “ ។
លោកម៉ា ចិត្រា បន្ថែមថា “ អ៊ីចឹងជាសំណូមពរ ឲ្យមានការដំឡើងស្ថានីយបូមទឹកបន្ថែម ហើយពាក់ព័ន្ធទៅនឹងការហុយដីវិញ អាហ្នឹងក៏ជាការទទួលខុសត្រូវរបស់រដ្ឋដែរ អាចថាតាមខណ្ឌនានា តាមខណ្ឌរៀងខ្លួនហ្នឹងអាចមានយន្តការណាមួយក្នុងការដោះស្រាយ ។ មានន័យថា មិនបាច់ចាំតែថ្នាក់លើទេ អាជ្ញាធរខណ្ឌហ្នឹងចាត់ចែងទៅ ឧបមាថា យើងមានក្រុមហ៊ុន ហើយពលរដ្ឋបង់ថ្លៃសំរាមរាល់ថ្ងៃហ្នឹង អាចយកអាហ្នឹងទៅទិញជាឡានសម្អាតផ្លូវ ឲ្យមានការសម្អាតផ្លូវទៅ បើថា មិនបាន១អាទិត្យពីរដឹង ឬក៏អីទេ អាចថា ម្ដងក៏បានដែរ ។ អាហ្នឹងយើងចូលរួមចំណែកក្នុងការសម្អាតផ្លូវយើងឲ្យបានស្អាតដែរ ហើយប្រជាពលរដ្ឋយើងទៀតសោតហ្នឹងត្រូវចូលរួមដែរ កុំឲ្យមានការបោះសំរាមពាសវាលពាសកាល អាហ្នឹងវាជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការស្ទះលូផង ហើយវាជាការចូលរួមចំណែកក្នុងការថែរក្សាសោភណភាពនៅក្នុងតំបន់ដែលខ្លួនឯងរស់នៅផងដែរ ហើយមួយសំណូមពរចុងក្រោយរបស់ខ្ញុំ ខ្ញុំសំណូមពរដល់រដ្ឋាភិបាលឲ្យទុកបឹងតាមោកដែលនៅសេសសល់ ឬក៏បឹងតិចតួចដែលនៅទីក្រុងភ្នំពេញហ្នឹងកុំឲ្យមានការលុបបន្តទៀត ទុកវាទៅធ្វើជាបឹងធម្មជាតិ ឬក៏កែច្នៃវាទៅជាឧទ្យានអីអ៊ីចឹងជាដើមទៅ ដើម្បីឲ្យប្រជាពលរដ្ឋយើងគាត់អាចថាមានដំណើរកម្សាន្តនៅចុងសប្ដាហ៍ ដើម្បីឲ្យអារម្មណ៍គាត់ល្អស្រស់ថ្លា ដើម្បីបន្តការងារសប្ដាហ៍ថ្មីអីអ៊ីចឹងជាដើម ។ អាហ្នឹងខ្ញុំគិតថា វាសំខាន់ណាស់សុខភាពរបស់ប្រជាពលរដ្ឋ អ៊ីចឹងអ្វីដែលនៅសេសសល់ហ្នឹងទុកវាទៅ បញ្ហាសុខភាពពលរដ្ឋហ្នឹងមួយ ហើយទី២ហ្នឹងក៏វារួមចំណែកក្នុងការទប់ស្កាត់ការជន់លិចនៅពេលមានភ្លៀងធ្លាក់ផងដែរ “ ។
ទោះបីយ៉ាងណា ពាក់ព័ន្ធការលើកឡើងរបស់សកម្មជនបរិស្ថាន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានទេ កាលពីម្សិលមិញ ។ ប៉ុន្តែកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា មូលហេតុនៃជំនន់ទឹកភ្លៀង គឺដោយសារការប្រែប្រួលអាកាសធាតុ ដែលកើតឡើងទូទាំងពិភពលោក មិនមែនតែក្នុងកម្ពុជាឡើយ ។
ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការជន់លិចរាជធានីភ្នំពេញ ដោយសារភ្លៀងធំ ជារឿងធម្មតាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយការបោះចោលសំរាម ជាបញ្ហាចម្បងដែលបង្កជាការស្ទះលូ នៅពេលមានភ្លៀងធំម្ដងៗ។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានសណ្ដាប់ធ្នាប់ ៕ កុលបុត្រ