Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកទិញផ្ទះខ្យល់ ផ្ទុះការតវ៉ាលើកទី២

អ្នកទិញផ្ទះខ្យល់ ផ្ទុះការតវ៉ាលើកទី២

ភ្នំពេញ ៖ ក្រុមអ្នកទិញផ្ទះ បុរីទ្រី គីម ចម្ការដូង គម្រោងទី១០ ចំនួនជាង៥០គ្រួសារ បានលើកគ្នាបន្តធ្វើការតវ៉ា ជាលើកទី២ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងមុខបុរី ដែលស្ថិតនៅក្នុងភូមិតាឡី សង្កាត់ ដង្កោ ខណ្ឌដង្កោ។

ការផ្ទុះការតវ៉ាជាលើកទី២នេះ ក្រោយពេលទទួលដំណឹងថា ម្ចាស់បុរី ត្រូវម្ចាស់ដីប្តឹងសមត្ថកិច្ច ចាប់ខ្លួនដាក់ ពន្ធនាគារ ហើយម្ចាស់ដី ចង់លុបបំបាត់កិច្ចសន្យាទិញនិងលក់ រវាងពួកគាត់ និងម្ចាស់បុរី ចោលថែមទៀត ខណៈការតវ៉ាកាលពីលើកមុន នៅមិនទាន់មានដំណោះស្រាយ នៅឡើយ។

ក្រុមអ្នកតវ៉ា បាននិយាយថា ការប្រមូលផ្តុំគ្នាធ្វើការតវ៉ានាពេលនេះ ពួកគាត់មានបំណងចង់ឱ្យអា ជ្ញាធរពន្លឿន ការជួយដោះស្រាយជូនពួកគាត់ឱ្យបានឆាប់ និងធ្វើការស្នើឱ្យភាគីម្ចាស់ដីឈ្មោះស៊ួន គឹមស៊្រុន ចូលខ្លួនមក ដោះស្រាយជូនពួកគាត់ ដែលជាជនរងគ្រោះ ចំនួន៥២គ្រួសារនេះផង។ អ្វីដែលពួកគាត់ដឹងនោះ គឺលោកស៊ួន គឹមស៊្រុន បានទទួលលុយថ្លៃលក់ដី ពីម្ចាស់បុរី ឈ្មោះហេង ទ្រី សរុបចំនួន ១ ១៨០ ០០០ដុល្លាររួចទៅហើយ និងបានចរចាគ្នា ដើម្បីទារលុយដែលនៅសល់ពីម្ចាស់បុរី បន្ថែម ប៉ុន្តែអត់ត្រូវគ្នា ម្ចាស់ដីរូបនោះក៏បានប្តឹងឱ្យ សមត្ថកិច្ចចាប់ខ្លួនម្ចាស់បុរី ដាក់ពន្ធនាគារបាត់ទៅហើយ។

ប្រភពដដែល បានបន្តថា ចំណែកម្ចាស់បុរី ឈ្មោះហេង ទ្រី ក៏បានទទួលលុយពីពួកគាត់ទាំង៥២គ្រួសារ សរុបចំនួនជាង ១លាន ៥០ម៉ឺនដុល្លារ រួចទៅហើយដែរ ប៉ុន្តែអត់មានផ្ទះ ប្រគល់ឱ្យពួកគាត់ ដើម្បីរស់នៅឡើយ ហើយពេលនេះ ត្រូវជាប់គុកថែមទៀត តើឱ្យពួកគាត់ត្រូវទៅរំពឹងអ្វី? ស្របពេលនេះដែរ មិនត្រឹមតែពុំទាន់មាន ដំណោះស្រាយជាមួយម្ចាស់បុរីប៉ុណ្ណោះទេ ម្ចាស់ដី ក៏ចង់រលាយកិច្ចសន្យាទិញនិងលក់ផ្ទះ រវាងពួកគាត់ និងម្ចាស់បុរីទៀត ទើបធ្វើឱ្យពួកគាត់រឹតតែកើតទុក្ខមិនសុខចិត្តថែមមួយកម្រិតទៀត ហើយប្រមូលផ្តុំតវ៉ាជា លើកទី២នេះ។

គួររំលឹកថា កាលពីវេលាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្រុមអ្នកទិញបុរីខាងលើ បានលើកគ្នាទៅកាន់ សាលា ខណ្ឌដង្កោ ធ្វើការតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរ ក្រោយទិញផ្ទះយូរហើយ អ្នកខ្លះបង់ប្រាក់បានចំនួន ៣០ភាគរយ ទៅ៨០ភាគរយ និងអ្នកខ្លះទៀតបង់គ្រប់ ១០០ភាគរយទៅហើយ ប៉ុន្តែនៅពុំទាន់ទទួល បានផ្ទះនៅ ឡើយ។

មិនតែប៉ុណ្ណោះ ស្រាប់តែបែកធ្លាយរឿងទំនាស់រវាងម្ចាស់បុរី និងម្ចាស់ដី យ៉ាងរញ៉េរញ៉ៃបំផុត រហូតដល់ការ ផ្អាកការសាងសង់ផ្ទះ ហើយពេលនេះម្ចាស់បុរីខាងលើ ក៏បានគេចខ្លួនលែងទទួលខុសត្រូវថែមទៀតផងជា ហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភខ្លាំង និងអស់ទំនុកចិត្ត លើម្ចាស់បុរី ទើបពួកគាត់កាន់រូបថតសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងរូបថតសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  លើកគ្នាទៅរកអាជ្ញាធរខណ្ឌដង្កោ ឱ្យជួយដោះស្រាយ។ ប៉ុន្តែរហូតមកទល់ពេលនេះនៅពុំទាន់មានដំណោះស្រាយ ទើបបន្តធ្វើការតវ៉ាជាលើកទី២ទៀត។

ក្រុមអ្នកតវ៉ាខាងលើ ធ្លាប់បានបញ្ជាក់ប្រាប់ថា ផ្ទះនៅក្នុងបុរីនោះ ចែកចេញជា ២ប្រភេទ គឺទី១-ប្រភេទផ្ទះ អាជីវកម្ម ក្នុង១ខ្នង តម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ និងទី២-ប្រភេទវីឡាកូនកាត់ តម្លៃចាប់ពីជាង៥ម៉ឺន ដុល្លារ ឡើងទៅ ហើយពួកគាត់បានចូលទៅទិញផ្ទះនៅទីនោះ តាំងពីក្រុមហ៊ុនបុរីនេះចាប់ផ្តើមបុកគ្រឹះ សាងសង់ដំបូង ហើយបានធ្វើកុងត្រាជាមួយគ្នា ដោយម្ចាស់បុរី ធានាត្រឹមរយៈពេល២ឆ្នាំ នឹងបានផ្ទះនៅ ដោយពួកគាត់ តាមរយៈការបង់រំលស់ ហើយបើគិតមកដល់ពេលនេះ អ្នកខ្លះបង់បាន៣០ ទៅ៥០ ឬ៨០ភាគរយ រីឯអ្នកខ្លះទៀត បានបង់គ្រប់ចំនួន១០០ភាគរយទៅហើយ ប៉ុន្តែពុំទទួលបានផ្ទះសម្រាប់រស់នៅឡើយ៕

RELATED ARTICLES