Friday, January 24, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីស្តីការ​ក្រសួង​​មហាផ្ទៃ

នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីស្តីការ​ក្រសួង​​មហាផ្ទៃ

ភ្នំពេញៈ កាលពីព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការ​ក្រសួង​​មហាផ្ទៃ។

អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តើមចេញពីគំនិតផ្តួចផ្តើម​របស់​សម្តេចស ខេង កាលសម្តេច​នៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រ​ពីសម្តេចហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាង​សង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ អគារទីស្តីការថ្មីនេះសាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក ។ សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារមានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូមហាវិថីព្រះនរោត្តម, អគារមានកម្ពស់៤៣.៥ ម៉ែត្រគិតត្រឹមក្រោម​ដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រ គិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រ គិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ គិតដល់ចុងបុស្បបុកធំ។

អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃមានទំហំ១៥៣ ម៉ែត្រគុណនឹង ៨៣ ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចផ្ទុករថយន្តបានចំនួន៣៣០គ្រឿង។ អគារនេះមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ ដោយអនុលោមតាម​គោល​ការណ៍​សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុកភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី ។

អគារបានរំលេចពណ៌សស្ទើរពេញផ្ទៃអគារ លើកលែងតែក្លោងទ្វារមុខ ប្រើប្រាស់​ម៉ាប​ធម្មជាតិពណ៌ឡុត មានបញ្ចូលក្បាច់ឆ្លាក់ ផ្កាចន្ទ និងដំបូលបុស្បុកប្រក់​ក្បឿង​ស្រក​លិញ ។ ជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា និងមានសួនច្បារ​នៅកណ្តាល និងមានរចនាប័ទ្មក្បាច់ចំនួន ៣ គឺក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង ។ សម្រាប់ផ្នែកខាងមុខនៃអគារនេះ គឺបែរទៅទិសខាងកើតស្រប​តាមមហាវិថីព្រះ​នរោ​ត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ លើសពីនេះទៀត អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ មានសមត្ថភាពអាចផ្ទុក​មនុស្សសរុប រហូតដល់ ៨.៥០០នាក់ ហើយមានមុខងារប្រើប្រាស់ជាអគារ​រដ្ឋបាល​ប្រមូលផ្តុំ ដែលមានថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការ​ស៊ីវិល​ មន្ត្រីនគរបាលជាតិ​ មន្ត្រីពន្ធនាគារផងដែរ ។

សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិតជារីករាយណាស់ជាមួយសមិទ្ធផលអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ សម្តេចបានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះការគិតគូរ និងការសាងសង់អគារដ៏ប្រណីតរបស់រដ្ឋមួយនេះ។ សម្តេចបានថ្លែងថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចស ខេង និងការគាំទ្ររបស់សម្តេចហ៊ុន សែន។

សម្តេចហ៊ុន ម៉ាណែត មានក្តីរំពឹងថា មន្ត្រីរាជការក្រសួងមហាផ្ទៃ នឹងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលចាស់ តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេចបានថ្លែងកោតសរសើរមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងអនុវត្តន៍កិច្ចការទាំងឡាយ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏បានក្រើនរំលឹកដល់មន្ត្រីរាជការក្រសួងមហាផ្ទៃថា សម្តេចមានក្តីរំពឹងខ្ពស់ចំពោះមន្ត្រីក្រសួងមហាផ្ទៃក្នុងការបំពេញរាល់កិច្ចការជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចហ៊ុន ម៉ាណែត មានក្តីរំពឹងថា ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា អាចឆ្លើយតបបានទៅនឹងក្តីរំពឹងខាងលើនេះ។

សម្តេចហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមានការពង្រឹងបន្ថែមទៀត នូវគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព  ជាមួយគ្នានោះ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវប្រឹងប្រែងសម្រួចមុខព្រួញ ហើយត្រូវប្រឹងប្រែងអនុវត្តន៍ឱ្យកាន់តែប្រសិទ្ធភាព ជាបន្តទៀត។ សម្ដេចនាយករដ្ឋមន្ត្រី ស្នើដល់គ្រប់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន កែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋ, ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និងគម្រោងអភិវឌ្ឍន៍នានា។ សម្តេចថ្លែងថា ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត ខណៈរដ្ឋបាលថ្នាក់ក្រោមជាតិនេះហើយ ដែលជាអ្នកបម្រើសេវាសាធារណៈដល់ពលរដ្ឋជាប្រចាំ។

សម្ដេចនាយករដ្ឋមន្ត្រី ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់។ សម្ដេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួន គប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា កុំចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែល​ករណី​នេះ​ គឺ​បាន​កើត​ឡើង​ម្តងហើយម្តងទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។​ សម្តេចបានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់​នានា​របស់​ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ ដោយ​កុំចាំ​តែមា​ន​បទ​បញ្ជា​ពីនាយករដ្ឋមន្ត្រី ឬរដ្ឋបាលថ្នាក់ជាតិ»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែម​ទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែមាន​ប្រសិទ្ធភាព ​សំដៅ​បង្កើន​សិទ្ធិ​អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និង​លើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​មន្រ្តីវាល្អជាជាងការពង្រីក។

គួរបញ្ជាក់ថា ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្តីកាថ្មីក្រសួងមហាផ្ទៃ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រី នៃក្រសួងសមហាផ្ទៃ និងបណ្ដាសប្បុរសជនមួយចំនួនផងដែរ ដែលមានស្នាដៃល្អ និងដែលបានចូលរួមចំណែកក្នុងការកសាងអគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ៕

RELATED ARTICLES