Friday, January 24, 2025
Homeព័ត៌មានជាតិចៅអធិការវត្តថា ផុតពុទ្ធសករាជ៥០០០ ទើបមានព្រះសិរអារ្យមេត្រី រួចនឹងមានភ្លើងឆេះផែនដី

ចៅអធិការវត្តថា ផុតពុទ្ធសករាជ៥០០០ ទើបមានព្រះសិរអារ្យមេត្រី រួចនឹងមានភ្លើងឆេះផែនដី

ខេត្តបាត់ដំបងៈ ព្រះគ្រូចៅអធិការវត្តមួយ បានអះអាងថា នៅក្នុងអំឡុង៥០០០ឆ្នាំ នៃព្រះពុទ្ធសាសនានេះ នឹងពុំមានព្រះពុទ្ធថ្មីអង្គណាត្រាស់ដឹងទេ ជាពិសេសគ្មានមនុស្សស្រីណាអាចត្រាស់ដាស់ជាព្រះពុទ្ធបានទេ គឺរហូតដល់ផុតពុទ្ធសករាជ៥០០០ ទើបមានព្រះសិរអារ្យមេត្រី យាងពីឋានតុសិត មកប្រោសសត្វលោក នាឋានកណ្ដាល ហើយផុតពីព្រះសិរអារ្យមេត្រី នឹងមានបាតុភូមិភ្លើងឆេះក្បល (ភ្លើងឆេះផែនដីទាំងមូល) អស់ទៅ ក៏គ្មានព្រះពុទ្ធណាត្រាស់ដឹងទេ គឺមានតែស្ដេចចក្រ មកគ្រប់គ្រងជម្ពូទ្វីបទាំងមូល ។

ព្រះភិក្ខុកទ្ទធម្មោ ឆន សុវណ្ណល័យ ព្រះចៅអធិការវត្តសូរិយាវង្សារាម ហៅវត្តព្រែកស្នោ ស្ថិតនៅក្នុងភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា នៅក្នុងព្រះពុទ្ធសាសនា មនុស្សស្រី មិនអាចត្រាស់ដឹងជាព្រះពុទ្ធ ជាព្រះឥន្រ្ទ ឬជាព្រះព្រហ្មបានទេ ហើយនៅក្នុងសាសនារបស់ព្រះសមណគោតម (ព្រះពុទ្ធសាសនា) ក៏មិនមានអរិយបុគ្គលឯណាទៀត ក្រៅពីព្រះសិរអារ្យមេត្រី ដែលបានត្រាស់ដឹង នឹងយាងមកស្ថានមនុស្សលោក បន្តពីព្រះសមណគោតម នៅពេលគ្រប់៥០០០ឆ្នាំដែរ ។ ដូច្នេះអ្វីដែលព្រះអង្គថា ប្រទេសខ្មែរមានមនុស្សស្រីត្រាស់ដឹងជាព្រះពុទ្ធនោះ គឺគ្រាន់តែជាការផផ្ញើសារទាញស្មារតីសាធុជនទាំងឡាយ កុំឲ្យជឿងប់ងុលទៅលើបុគ្គលនៅក្នុងសាសនា តែប៉ុណ្ណោះ ។

ព្រះតេជគុណឆន សុវណ្ណល័យ បានមានថេរដីកាថា “ ជាការពិតទៅ គ្មានព្រះពុទ្ធណានឹងត្រាស់ដឹងឡើងទេ ព្រោះនៅក្នុងសកលលោកយើងនេះ ហើយក៏គ្មានមនុស្សស្រីណានឹងត្រាស់ដឹងជាព្រះពុទ្ធដែរ ។ នៅក្នុងចំណុចហ្នឹង បានន័យថា ការបង្ហោះសាររបស់អាត្មាហ្នឹង គឺចង់ពញ្ញាក់ដល់បរិស័ទឲ្យបានយល់ ឲ្យបានដឹង កុំឲ្យងប់ងុលទៅនឹងជំនឿផ្ដេសផ្ដាស ដែលចេះតែជឿ ដែលធ្វើឲ្យវាចលាចលទៅដល់សន្តិសុខរបស់ប្រទេសកម្ពុជាយើង វានាំឲ្យមានផលលំបាកទៅដល់រាជរដ្ឋាភិបាល ការគ្រប់គ្រងនៃជំនឿ ព្រោះញោមយល់ហើយថា ជំនឿ វាតែងតែមានគ្រប់ជនជាតិសាសន៍ ហើយជនជាតិសាសន៍នីមួយៗមានសិទ្ធិគ្រប់គ្រាន់ក្នុងការគោរពជំនឿបែបផ្សេងៗរបស់គេ ដែលគេអាចជឿបាន ។ ប៉ុន្តែការជឿហ្នឹងក៏ឲ្យវាមានហេតុ មានផល ត្រិះរិះពិចារណា ជាពិសេសយើងអ្នកកាន់ព្រះពុទ្ធសាសនា ដែលមានព្រះតៃបិដក ដែលមានដីការបស់ព្រះអង្គ ទ្រង់បានត្រាស់សម្ដែងមកហើយ ហើយក៏យើងឆ្លុះបញ្ចាំងថា វាគ្មានមនុស្សស្រីណាមួយ នឹងត្រាស់ដឹងឡើងទេ ។ ចំណុចវាគ្មាននោះហេតុអី? ទី១ មុននឹងត្រាស់ជាព្រះពុទ្ធ អ្នកតាំងប្រាថ្នាឲ្យត្រាស់ជាព្រះពុទ្ធហ្នឹង វាត្រូវយ៉ាងម៉េច? វាត្រូវប្រែក្លាយ បើថា មនុស្សស្រីត្រាស់ជាព្រះពុទ្ធ លុះត្រាតែមនុស្សស្រីហ្នឹងប្រែក្លាយពីមនុស្សស្រីហ្នឹងទៅជាមនុស្សប្រុសសិន ។ ចំណុចទី២ ស្ដេចចក្រពត្តិ បើសិនណាជាអាចក្លាយទៅជាស្ដេចចក្របាន លុះត្រាតែមនុស្សស្រីហ្នឹងបំពេញបារមីហ្នឹងឲ្យក្លាយទៅជាមនុស្សប្រុសហើយ បានអាចក្លាយទៅជាស្ដេចចក្របាន ។ ចំណុចទី៣ បើសិនណាមនុស្សស្រីចង់ក្លាយទៅជាព្រះឥន្ទនោះ លុះត្រាតែមនុស្សស្រីបំពេញបារមីហើយ តាំងសន្សំបុណ្យហ្នឹងឲ្យបានក្លាយជាមនុស្សប្រុសហើយ បានក្លាយទៅជាព្រះឥន្ទបាន ។ ចំណុចទី៤ គឺព្រហ្មលោក ១៦ជាន់ហ្នឹង អត់មានមនុសុ្សស្រីទេ មានតែមនុស្សប្រុស ។ អ៊ីចឹងមនុស្សដែលសន្សំឈាន ចម្រើនឈានបានទៅកើតនៅព្រហ្មលោកទាំង១៦ជាន់ហ្នឹង លុះត្រាតែសន្សំបុណ្យហ្នឹងឲ្យបានក្លាយជាមនុស្សហើយ ចម្រើនឈានទៅ បានទៅកើតនៅព្រហ្មលោក “ ។

ព្រះគ្រូចៅអធិការខាងលើ បន្តថា “បើយោងទៅតាមដីកា យោងទៅតាមព្រះត្រៃបិដក យោងតាមខ្លឹមសារនៃព្រះពុទ្ធ ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយ មានតែព្រះសិរអារ្យមេត្រី មួយគត់ ដែលនឹងអាចត្រាស់ជាព្រះពុទ្ធ នៅពុទ្ធកប្បយើងហ្នឹង ។ ប៉ុន្តែសាសនារបស់ព្រះជិនស្រី ព្រះសិរអារ្យមេត្រី នៅយូរលង់ទៀតណាស់ មិនងាយទេ យូរណាស់ មនុស្សយើងហ្នឹងមានអាយុខិតចុះទៅដល់១០ឆ្នាំស្លាប់ ៥ឆ្នាំបានគ្នាជាប្ដីប្រពន្ធ ចាស់បុរាណ គេឲ្យនិយមន័យថា មនុស្សដាក់កាំជណ្ដើរឡើងដើមត្រប់ ហើយកាប់ចាក់សម្លាប់គ្នា៧យប់ ៧ថ្ងៃ ហើយដល់មានមនុស្សមួយក្រុមនោះរត់ចូលទៅក្នុងព្រៃ នាំគ្នាពិចារណាថា ហេតុអ្វីកាលពីសម័យដើមឡើយមនុស្សយើងមានអាយុវែងៗ មិនចេះកាប់ មិនចេះសម្លាប់គ្នាទេ កូនចេះគោរពម៉ែឪ ចុះឥឡូវនេះកូនក៏លែងគោរពម៉ែឪ ចេះតែកាប់ចាក់សម្លាប់គ្នាទៅវិញទៅមកអ៊ីចឹង? ដល់យូរអ៊ីចឹងទៅ មនុស្ស១ក្រុមហ្នឹងនាំគ្នាគិតពិចារណាទៅ ថាយើងនេះមិនបានគោរពនិងកាន់សីលប្រាំទេ ហើយនិងកម្មបទទាំងឡាយ១០ មានកាយកម្ម៣ វិចីកម្ម៤ និងមនោកម្ម៣ ។ អ៊ីចឹងហើយក៏នាំគ្នាគោរពប្រតិបត្តិទៅ អាយុមនុស្ស១០ឆ្នាំនោះឡើងទៅដល់២០ឆ្នាំ ឡើងមកដល់៣០ឆ្នាំ ឡើងមកដល់១សែនកោដិឯណោះ ។ ដល់អាយុមនុស្សនោះឡើងដល់១សែនកោដិហើយ មនុស្សនោះមានការប្រមាថកាតទានថា យើងគ្មានការស្លាប់ទៀតទេ យើងអស់ការស្លាប់ហើយ ក៏មានការប្រមាថហ្នឹងេជាធំ ធ្វើឲ្យមនុស្សនោះកាប់ចាក់សម្លាប់គ្នា អត់មានបានគោរពកាន់នូវសីល៥ ឬមួយក៏សិក្ខាបទទាំង១០នោះ អាយុមនុស្សក៏ខិតចុះធ្លាក់ចុះមកក្រោមវិញ មកដល់អាយុនេះ ៨ម៉ឺនឆ្នាំ បានមានព្រះសិរអារ្យមេត្រី ដែលមានអស់ពួកព្រហ្ម អស់ពួកសក្កទេវរាជ អស់ពួកទេវតាទាំង១ម៉ឺនលោកធាតុនោះ បានទៅអារធនាព្រះសិរអារ្យមេត្រី នៅក្នុងឋានតុសិតនោះ ឲ្យយាងចុះមកឋានមនុស្សលោកនេះ ដើម្បីត្រាស់ជាព្រះពុទ្ធស្រោចស្រង់សត្វលោក ។ អាហ្នឹងមានតែមួយព្រះអង្គហ្នឹងទៀតទេ ហើយផុតពីព្រះអង្គហ្នឹងទៅ ក៏ភ្លើងហ្នឹងវាឆេះកល្ប ផែនដីយើងហ្នឹងវាអស់ទៅ ហើយក្រោយមកទៀត វាមានអសុញ្ញកប្ប គ្មានព្រះពុទ្ធណាត្រាស់ដាស់ទេ មានតែស្ដេចចក្រទេ ។ ស្ដេចចក្រហ្នឹងបានន័យថា គ្រប់គ្រង់អស់នូវជម្ពូទ្វីបទាំងឡាយ មានឫទ្ធិ មានអំណាច ដែលស្ដេចចក្រហ្នឹងជាអ្នកគោរពរក្សានូវទសពិធរាជធម៌ ដឹកនាំមនុស្សហ្នឹងឲ្យរក្សាសីល៥ ឲ្យរក្សាកម្មបទទាំងឡាយ១០ហ្នឹង ដែលមានរតនៈទាំង៧ហ្នឹង ។ អ៊ីចឹងដល់ពេលយើងនេះ ដោយសារតែជំនឿ ភាពងប់ងុល ដែលមានការផ្អើលឈូឆគ្នាទៅវិញទៅមក ជឿទៅលើមង្គលភ្ញាក់ផ្អើល ខាងណេះមានព្រះពុទ្ធត្រាស់ដឹង ខាងណោះមានអ្នកមានបុណ្យចុះមកចាប់ជាតិ ដូចសព្វថ្ងៃ យើងតែងតែឃើញនូវភាពងប់ងលរបស់បរិស័ទហ្នឹង មានព្រះអង្គខ្លះក៏បង្ហោះទៅ ទេវតាដើរដី ដូចជាបច្ចុប្បន្នកាលយើង យើងឃើញមានភាពល្បីល្បាញព្រះអង្គវនវាសី ជាដើម “ ។

ព្រះភិក្ខុកទ្ទធម្មោ ឆន សុវណ្ណល័យ បានបន្តទៀតថា “ អាត្មាមិនមែនលើកឡើងជាការរិះគន់ទេ ប៉ុន្តែគ្រាន់ថា ជំនឿ គឺការភ្ញាក់ផ្អើល ហើយកាលណាវាភ្ញាក់ផ្អើលហើយ វាលំបាកដល់អ្នកណា? វាលំបាកដល់សន្តិសុខ គឺការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលឯណោះ ព្រោះជំនឿ ញោមអាចដឹងហើយ ប្រទេសខ្លះកើតសង្រ្គាមដោយសារតែជំនឿ ឈ្លោះគ្នា កាប់ចាក់គ្នាហ្នឹងដោយសារតែជំនឿ ។ អ៊ីចឹងបានន័យថា ប្រទេសខ្មែររបស់យើង យើងជាអ្នកគោរពស្រលាញ់ព្រះពុទ្ធសាសនា ព្រះមហាក្សត្រ ព្រះអង្គដឹកនាំយើង ឲ្យយើងគោរពព្រះពុទ្ធសាសនា ។ អ៊ីចឹងហើយយើងដើរតាមមាគ៌ានៃព្រះមហាក្សត្រ យើងដើរទៅតាមគន្លងជលបាទរបស់ព្រះពុទ្ធសាសនា ។ អ៊ីចឹងបញ្ជាក់ខាងក្រោយមកទៀតនេះ បានន័យថា វាគ្មានមនុស្សស្រីណាអាចត្រាស់ជាព្រះពុទ្ធបានទេ ហើយបច្ចុប្បន្ននេះក៏មានគ្មានមនុស្សអាចមកត្រាស់ជាព្រះពុទ្ធបានដែរ ព្រោះនៅក្នុងសាសនារបស់សមណគោតម ​ព្រះអង្គនៅឡើយតើ! ព្រះអង្គប្រតិស្ឋាន៥ពាន់ព្រះវស្សាឯណោះ យើងទើបតែបាន២៥៦៧ព្រះវស្សាតើ! នៅពីរពាន់ឆ្នាំជាងទៀតឯណោះ ។ អាហ្នឹងយើងគួរតែពិចារណាអ៊ីចឹង កុំឲ្យងប់ងុល ឃើញតែគេល្បីល្បាញពេក ចេះតែធ្វើទៅតាមការល្បីល្បាញ ហើយដល់ពេលអ៊ីចឹងទៅ គេជឿ​ មិនអី បើគេមិនជឿ គេជេរអីអ៊ីចឹងទៅ អាហ្នឹងយើងទទួលបានអី? បានភាពអាម៉ាស់មកវិញ ហើយដល់ពេលអាម៉ាស់ហើយ កើតចលាចល ហើយបណ្ដាញសង្គមហ្វេសប៊ុក យើងគួរបង្ហោះពាក្យណាដែលជាពាក្យខ្លឹមសារ ការអប់រំ ផ្ញើសេចក្ដីស្រលាញ់ បង្ហោះចំណេះដឹងទូទៅ ចែកចាយគ្នា ។ អ៊ីចឹងលើកឡើងដូចលោកគ្រូសាន សុជា ដែលគាត់ទើបបានលាចាកសិក្ខាបទ គាត់លើកឡើងថា សង្ឃឹមថា ប្រទេសខ្មែរនឹងគ្មានអ្នកណាមួយត្រាស់ដឹងទេ ។ ការពិតពាក្យរបស់គាត់និយាយត្រូវ ប៉ុន្តែយើងមួយចំនួនបែរជាខឹងសម្បាគាត់អីអ៊ីចឹងទៅ ថាគាត់និយាយហ្នឹងដើម្បីភាពច្រណែន តែការពិត ការដែលគាត់លើកឡើងនេះ ឥឡូវមកដល់ចំណុចនេះ គឺមានអ្នកត្រាស់ដឹងមែន ហើយបើថា ត្រាស់ដឹងជាមនុស្សប្រុសអីទៅ វាមិនអីទេ តែត្រាស់ដឹងជាមនុស្សស្រីទៅទៀត ហើយញោមរាប់បញ្ចូលមើលថា អ្នកតាំងខ្លួនជាព្រះ ច្រើនណាស់ ដូចជា នៅទួលរាជា តាំងខ្លួនជាព្រះសិរអារ្យមេត្រី ហើយពេលនេះមកតាំងខ្លួនត្រាស់ដឹងមួយព្រះអង្គទៀតហើយ “ ។

ព្រះតេជគុណចៅអធិការវត្ត បន្ថែមថា “ អ៊ីចឹងនៅលើលោកនេះ គ្មានព្រះពុទ្ធណាត្រាស់ដឹងផ្ទួនពីរព្រះអង្គបានទេ មានត្រាស់ដឹងបានតែមួយព្រះអង្គទេ ហើយក៏គ្មានព្រះពុទ្ធណាមកត្រាស់ដឹងនៅអំឡុងនៃសាសនារបស់ព្រះពុទ្ធនីមួយៗ ដែលព្រះអង្គទ្រង់បានប្រតិស្ឋានទុកទេ ហើយព្រះសមណគោតម បរមសាស្ដាហ្នឹង គឺព្រះអង្គទ្រង់ប្រតិស្ឋានទុកសាសនាព្រះអង្គ ដល់៥ពាន់ព្រះវស្សាឯណោះ ។ អ៊ីចឹងគ្មានព្រះពុទ្ធណាមកត្រាស់ដឹងទេ ។ រួមសេចក្ដីទៅ នៅក្នុងនិយមន័យដែលអាត្មាបានបង្ហោះលើកឡើងថា ឥត្ថីលិង្គ ត្រាស់ដឹងជាព្រះពុទ្ធ នៅប្រទេសខ្មែររបស់យើង គឺអាត្មាចង់ឲ្យប្រជាពុទ្ធបរិស័ទដែលគោរពនិងស្រលាញ់ជំនឿផ្សេងៗហ្នឹងកុំមានការភ្ញាក់ផ្អើល យើងត្រូវរក្សានូវសន្តិសុខ សន្តិភាពនៅក្នុងប្រទេសខ្មែររបស់យើងឲ្យបានល្អរៀបរយ ពីព្រោះកាលណាតែយើងមានជំនឿនៃការភ្ញាក់ផ្អើលទៅវាខ្លាំងពេក វាលំបាកដល់ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ហើយដូចអាត្មាបានលើកឡើងហើយថា គ្មានមនុស្សស្រីណាបានត្រាស់ដឹងទេ ហើយក៏គ្មានមនុស្សស្រីណាមួយអាចក្លាយទៅជាស្ដេចចក្រ អាចក្លាយទៅជាព្រះឥន្ទ អាចក្លាយទៅជាព្រះព្រហ្មបានដែរ ។ អ៊ីចឹងហើយបានថា ញោមដែលតាំងខ្លួនជាព្រះនៃការត្រាស់ដឹង ដែលទៅអង្គុយលើផ្កាឈូក ធ្វើអាការដូចជាព្រះអង្គត្រាស់ដឹងនោះ ញោមភ្ញាក់កំណើត កើនគំនិតឡើង ព្រោះយើងត្រូវតែរួមស្រលាញ់ជាតិសាសនា កុំឲ្យយកតម្រាប់ទៅតាមអ្វីដែលមិនមែនជាការពិត យើងត្រូវតែទទួលស្គាល់នូវអ្វីហៅថាជាការពិតរបស់យើង ។ ការភូតភរ បោកប្រាស់ កុហកអ្នកដទៃ វាមិនបានផលប្រយោជន៍វែងអន្លាយទេ ថ្ងៃណាមួយ វាគង់តែមានអកុសល បាបកម្មចូលមកយាយីសន្ដានចិត្តរបស់យើង នាំតែអន្តរាយតែខ្លួនយើងទេ ។ អ៊ីចឹងយើងស្រលាញ់ជាតិសាសន៍របស់យើង យើងត្រូវតែរួមគ្នាកសាងនូវប្រទេសខ្មែររបស់យើង ដែលជាប្រទេសកម្សត់ ដែលជាប្រទេសមួយដែលកំពុងតែងើបឡើងចេញអំពីថ្លុកនៃសង្រ្គាម ពីសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃមក យើងឃើញហើយ ដោយសារតែបញ្ហាមិនសាមគ្គីគ្នានេះហើយ បានធ្វើឲ្យយើងបាត់បង់នូវអ្វីៗជាច្រើន ដូចជាបាត់បង់នូវអាយុជីវិត បាត់បង់នូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរយើង ។ អ៊ីចឹងហើយបានឲ្យរួបរួមគ្នាទៅ ស្រលាញ់គ្នាទៅ ហើយជំនឿអ្វីក៏មានជឿទៅ ប៉ុន្តែកុំឲ្យតាំងខ្លួនហ្នឹងវាខ្ពស់ហួសប្រមាថ តែតាំងខ្លួនហួសប្រមាថហើយ វាគ្មានអ្នកណាគេជឿទេ មានតែគេជេរ ប្រទេចផ្ដាសាទៅ វានាំតែកើតភាពក្ដៅក្រហាយ មានការជម្លោះទាស់ទែងគ្នាអីជាដើមអ៊ីចឹងទៅ ។ ហើយបញ្ជាក់ជាខាងក្រោយមកទៀតថា គ្មានព្រះពុទ្ធឯណានឹងត្រាស់ដឹងឡើងនៅលើលោកសន្និវាសយើងនេះទេ ហើយព្រះសិរអារ្យមេត្រី ក៏ព្រះអង្គមិនទាន់បានមកត្រាស់ដឹងដែរ ព្រះអង្គទ្រង់នៅឋានតុសិតទេវលោកឯណោះ ។ អ៊ីចឹងហើយជាចុងក្រោយ មានតែប៉ុណ្ណឹងឯង គ្រាន់តែថា សុំអំពាវនាវដល់ពុទ្ធសាសនិកជនទាំងឡាយកុំឲ្យមានការភ្ញាក់ផ្អើលនូវបញ្ហាជំនឿដែលនាំឲ្យបាត់បង់នូវសេចក្ដីថ្លៃថ្នូររបស់ប្រទេសរបស់យើងទាំងមូលនេះ ព្រោះប្រទេសរបស់យើងបានយកព្រះពុទ្ធសាសនាជាគោលហើយ ដូចមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ “ ៕

RELATED ARTICLES