Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលខារ៉ាអូខេ ជក់ថ្នាំញៀន ប៉ូលិសចាប់១០៧នាក់

ចូលខារ៉ាអូខេ ជក់ថ្នាំញៀន ប៉ូលិសចាប់១០៧នាក់

ខេត្តបន្ទាយមានជ័យ ៖ ទីតាំងខារ៉ាអូខេ មួយកន្លែង ស្ថិតនៅកណ្តាលក្រុងប៉ោយប៉ែត ដែលជាប់សង្ស័យ ពាក់ព័ន្ធនឹងករណីលក់ ចែកចាយនិងប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឆ្មក់ចុះបង្ក្រាប ដកហូតបានវត្ថុតាងជាក់ស្តែង (ថ្នាំញៀន) មួយចំនួន ព្រមទាំងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី សរុប១០៧ នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុច ហាងខារ៉ាអូខេ SKY KTV ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីមន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយអនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រប សម្រួលនីតិវិធីពីលោកលឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងដឹកនាំផ្ទាល់ ដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ប្រភពដដែល បន្តថា ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០៧នាក់ (ស្រី៤០នាក់) ក្នុងនោះជនបរទេស ចំនួន៤២នាក់ (ស្រី៧នាក់) រួមមាន ឥណ្ឌូណេស៊ី ២១នាក់ (ស្រី១នាក់) វៀតណាម ១៥នាក់ (ស្រី២នាក់) ចិន ៣នាក់ (ស្រី១នាក់) និងថៃ៣នាក់ (ស្រី៣នាក់)។

ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម្សៅម៉ដ្ឋសថ្លា ៦កូនថង់ និង ១កូនថង់តូច។ ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ១កញ្ចប់។ ថ្នាំពណ៌ក្រហម (រូបទំពាំងបាយជូរ) ១កញ្ចប់។ ថ្នាំពណ៌លឿង ១០កញ្ចប់។ ថ្នាំពណ៌ទឹកក្រូច ១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហម អក្សរ (LV) ១កញ្ចប់។

គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេ SKY KTV ត្រូវបានបិទជាបណ្តោះអាសន្ន។ រីឯជនសង្ស័យ ទាំងអស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES