ខេត្តសៀមរាបៈ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានលើកឡើងថា ពលរដ្ឋខ្មែរភ្លើណាស់ ពេលបោះឆ្នោត គេឲ្យរើសខ្លួនឯងសោះ ទៅរើសអ្នកដឹកនាំខ្លាំង រួចបែរជាអង្គុយខ្លាច ។ មេបក្សជួង ដែលតាំងខ្លួនជាព្រហ្មរក្សាលោក រូបនេះ បានរំលឹកថា ក្នុងការបោះឆ្នោតកន្លងទៅ ដែល LDP ដែលបានចូលរួមឈរឈ្មោះបោះឆ្នោត ឲ្យជ្រើសរើសដែរ តែប្រជាពលរដ្ឋខ្មែរ មិនដឹង១០ ដឹង២០ ព្រហ្ម (LDP) មិនរើស បែរទៅរើសទេវតា (CPP) ។
ថ្លែងពន្យល់ធម៌ដល់សាវ័ក និងសមាជិក LDP នៅក្នុងចម្ការ ជើងភ្នំគូលែន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បាននិយាយថា ប្រជាពលរដ្ឋខ្មែរ ភ្លើណាស់ រើសបានអ្នកដឹកនាំខ្លាំង ខ្លួនឯងអង្គុយខ្លាច ។ អតីតមេបក្សដែលប្រកាសឈប់ធ្វើនយោបាយ គិតរឿងពន្យល់ធម៌រូបនេះ បានបន្ទោសប្រជាពលរដ្ឋខ្មែរថា ក្នុងការបោះឆ្នោតអាណត្តិកន្លងទៅ LDP បានចូលរួមឈរឈ្មោះបោះឆ្នោត ឲ្យជ្រើសរើសដែរ តែប្រជាពលរដ្ឋខ្មែរ មិនដឹង១០ មិនដឹង២០ (កាលនោះនៅលើសន្លឹកឆ្នោត LDP មានលេខរៀង លេខ១០ ចំណែកគណបក្សប្រជាជនកម្ពុជា (CPP) ដែលមានរូបសញ្ញាទេវតាបាចផ្កា មានលេខរៀង លេខ២០ មិនរើសយកព្រហ្ម (LDP) បែរជារើសយកទេវតា (CPP ) ទើបមិនបានសុខ ។
លោកខឹម វាសនា បានថ្លែងថា “ ព្រោះរដ្ឋាភិបាលអីហ្នឹង អញគិតហើយ អញដឹងតែម្ដង ថាវាទៅម៉េចៗហើយ អញមើលដឹងតែម្ដង ហើយអញថាប្រជាពលរដ្ឋ មិនដឹងនិយាយថាម៉េច ពភ្លើៗយ៉ាងហ្នឹងនេះ ភ្លើនោះភ្លើ! ថាភ្លើណាស់មែនទែននោះ! បោះឆ្នោតឲ្យគេហើយ យកអ្នកខ្លាចមក ដើម្បីអង្គុយសំពះ ហើយទៅរកឯងជួយ ។ ខឹម វាសនា បើពូកែខាងជួយគេ មិនជួយទៅប្រជាពលរដ្ឋទៅអ៊ីចឹង? ហើយវាទៅបោះឆ្នោតរើសអ្នកខ្លាច ហើយមកខ្លាចទៀត ហើយវាស្រែកឲ្យយើងជួយ ហើយទៅភ្លើយ៉ាងហ្នឹង អញនិយាយថាម៉េច? ឈប់តែម្ដងឥឡូវ! អត់និយាយតែម្ដង អ្ហែងយកអាឃ្លីបដែលអញនិយាយអំពីនយោបាយ មុនអញឈប់និយាយនយោបាយនោះ តែអញនិយាយថាម៉េច? អញថាឈប់និយាយនយោបាយហើយ ចង់ស្ដាប់ពីនយោបាយទៀត ទៅរកឃ្លីបចាស់ៗមក! អញឈប់និយាយហើយ! និយាយធ្វើអីទៀត បើវាឲ្យគូទស្ដាប់រហូតអ៊ីចឹង គ្មានស្ដាប់ទេ! គ្មានរវល់ទេ! វាថាស្ដាប់ទៅ ចំណេញអញ យល់ច្រឡំហើយ! យល់ទេ! ស្ដាប់ទៅវាយល់ខុស យល់ត្រូវ យល់អាណាល្អ អាណាអាក្រក់ វាយល់ត្រឹមត្រូវ ថាអាណាល្អត្រឹមត្រូវហ្នឹង គឺវាហ្នឹងទេបានប្រយោជន៍នោះ យល់ទេ! ហ្គេមនេះ ថាអាណាគិតខុស ខូចអាហ្នឹង កាស្យូណាគិតខុស ខូចកាស្យូហ្នឹង យល់អានរកកាស្យូហ្នឹង យល់ទេ! លោកិយហ្នឹងវាបន្លំយើង វាបន្លំថា អត់ស្ដាប់គេហ្នឹងខាតគេ ប៉ុន្តែតាមពិតខាតវាសោះហ្នឹង ។ ដែលហៅថា វិញ្ញាណដឹង គឺវិញ្ញាណដឹងជាអារម្មណ៍ វាមានអារម្មណ៍ថា ខាតយើង ឃើញខុសទេ? តាមពិត ខាតវាតើ! ព្រះពុទ្ធថា ធម្មទានណា ឈ្នះអស់ទានទាំងពួង អាចែកអំណោយហ្នឹងមិនឈ្នះអញទេ យល់ទេ? ធម្មទានឈ្នះអស់ទានទាំងពួង អត់មានអ្នកណាធ្វើផង ក្រៅពីព្រះពុទ្ធចេញ មានតែអញហ្នឹងហើយ ដល់ពេលឥឡូវអញចែកធម្មទានហ្នឹងទៀត ។ ដូច្នេះអញអ្នកជួយនិងអ្នកឲ្យហ្នឹង ឲ្យធម្មទាន ហើយជាទានថ្លៃថ្លាប្រសើរអស់ទានទាំងពួង ហើយអញខ្លាចចាញ់អ្ហែង? ឲ្យអញនៅក្រោមអ្ហែង នៅមិនកើតទេអ្ហ៎ា! នៅវាមិនកើត! ដូចមានអារម្មណ៍នៅពីក្រោមអ្ហែង នៅមិនកើត យល់ទេ? “ ។
លោកខឹម វាសនា បានថ្លែងបន្តថា “ គឺថា ប្រជាពលរដ្ឋខ្មែរ គេឲ្យរើសណ៎ា! មិនមែនឡើងកាន់ការងារស្រុកទេសហ្នឹងដោយអត់បោះឆ្នោតទេ គេឲ្យគាត់រើសតើ! ប៉ុន្តែគាត់ឡប់ គាត់អ៊ីចឹង ទៅរើសអ៊ីចឹង យល់ទេ? ហ្គេមវគ្គហ្នឹងវាអ៊ីចឹង ទៅរើសអ៊ីចឹង ថា LDP ១០ ហើយហ្នឹង (CPP) ២០ អត់ដឹង១០ ដឹង២០អីទេ ។ មើល!ដូចទេ? ចាប់ឆ្នោតមក គឺត្រូវតែម្ដង អត់ដឹង១០ ដឹង២០អីសោះអ៊ីចេះ! ហើយរកបានសុខយ៉ាងម៉េច បើមិនដឹង១០ ដឹង២០ផង? អត់ដឹងថា១០ ព្រហ្មសោះ! ឯណោះម៉េចមិនមើលទៅ? ឯណេះព្រហ្ម អត់ដឹង១០ ដឹង២០អីទេ ឡប់ទៅ! ក្មួយអើ្ហយ! សម័យកាលទេ និយាមកាល យល់ទេ? ថាអស់ពីក្ដៅ ឥឡូវអង្គុយសើចតើ! អង្គុយតែសើច មិនដឹងនិយាយថាម៉េច វាហួសហេតុពេកទៅណា! ហួសហេតុ! ហើយអញមើលទៅហួសហេតុគ្រប់ជំនាន់ “ ។
ជុំវិញការលើកឡើង របស់លោកខឹម វាសនា ខាងលើនេះ លោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សម្ដីរបស់មេបក្ស LDP រូបនេះ ធ្វើឲ្យលោកកត់សម្គាល់ ២ចំណុច គឺទី១ គាត់ចង់ដៀលប្រជាពលរដ្ឋខ្មែរថា ល្ងង់ខ្លៅ និងទី២ ចង់វាយប្រហារមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ដូច្នេះជាការឆ្លើយតប លោកមិនចាំបាច់ទៅណែនាំប្រជាពលរដ្ឋកុំឲ្យមានសតិអារម្មណ៍នៅក្នុងរឿងនេះទេ គឺពួកគាត់ប្រាកដជាចេះថ្លឹងថ្លែងហើយ ប៉ុន្តែអ្វីដែលលោកចង់សង្កត់ធ្ងន់នោះ គឺគ្រាន់តែចង់រំលឹកទៅដល់បុគ្គលអ្នកនយោបាយថា ថ្វីត្បិតការបញ្ចេញមតិ វាជាសិទ្ធិសេរីភាព របស់បុគ្គលម្នាក់ៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ពិតមែន តែបើការបញ្ចេញមតិ ឬការថ្លែងនោះហួសបន្ទាត់ក្រហម ច្បាប់នឹងចាត់វិធានការហើយ ហើយនឹងមានប្រតិកម្មថ្កោលទោសពីប្រជាពលរដ្ឋមិនខាន ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ ការនិយាយរបស់គាត់ (ខឹម វាសនា) គឺជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែខ្ញុំយល់ថា ស្រុកយើងវាមានច្បាប់ កាលណាប្រើសិទ្ធិវាហូសព្រំដែនបន្ទាត់ក្រហម អាហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៅពេលណាមួយជាមិនខានទេ ។ អាហ្នឹងវាមិនមែនចេះតែបើកទូលាយៗដោយគ្មានព្រំដែនទេ ពីព្រោះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រា៣១ មាត្រា៤១ បានចែងច្បាស់ហើយ គឺថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែមានសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងការនិពន្ធ ក្នុងការផ្សព្វផ្សាយព័ត៌មាន ។ល។និង។ល។ ក៏ប៉ុន្តែវាត្រូវមានបន្ទាត់ព្រំដែន មិនឲ្យប៉ះពាល់សិទ្ធិអ្នកដទៃ មិនឲ្យរំលោភលើកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ហើយបើកាលណាតែប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ អាហ្នឹងហើយសាមីជនគេអាចមានសិទ្ធិដើម្បីប្ដឹងឲ្យដោះស្រាយតាមផ្លូវច្បាប់ ។ អ៊ីចឹងទេបានយល់ថា វាឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសកម្ពុជាយើងកំពុងតែមានសិទ្ធិទូលំទូលាយក្នុងការបញ្ចេញមតិ ក្នុងការផ្សព្វផ្សាយសារព័ត៌មាន ។ល។និង។ល។ ក៏ប៉ុន្តែការដែលប្រើប្រាស់សិទ្ធិទូលំទូលាយនេះ ក៏វាត្រូវមានព្រំដែនកំណត់ដែរ ពេលណាដែលប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកដទៃ និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ អាហ្នឹងគឺថា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ហើយបញ្ហាមួយទៀត បើនិយាយទៅ វាមានខ្លឹមសារញុះញង់ឲ្យមានការបែកបាក់ជាតិ អាហ្នឹងក៏វាពាក់ព័ន្ធនឹងច្បាប់ដែរ ។ អ៊ីចឹងគេហាមមិនឲ្យមានករណីហ្នឹងទេ ហើយខ្ញុំយល់ថា ចំពោះសាមីជនដែលបានលើកឡើង ខ្ញុំយល់ថា រាជរដ្ឋាភិបាលលោកមិនទាន់ចាត់វិធានការទេ ក៏ប៉ុន្តែខ្ញុំយល់ថា ទោះបីយ៉ាងណាក៏ដោយ រាល់សកម្មភាពរបស់អ្នកនយោបាយ ឬពលរដ្ឋយើងសុទ្ធតែត្រូវបានតាមដានត្រួតពិនិត្យជាប្រចាំហើយ ក្នុងករណីណាមួយដែលឆ្លងបន្ទាត់ក្រហម អាហ្នឹងគឺប្រាកដជាមានបញ្ហាប្រឈមចំពោះមុខច្បាប់ហើយ ។ បានន័យថា អាហ្នឹងបន្ទាត់ក្រហម ពេលណាដែលរាជរដ្ឋាភិបាល លោកយល់ឃើញថា វាប៉ះពាល់ដល់សន្តិសុខជាតិ វាប៉ះពាល់ដល់សាមគ្គីភាពផ្ទៃក្នុងរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស អាហ្នឹងគឺថា លោកនឹងដោះស្រាយតាមផ្លូវច្បាប់ហើយ “ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ ចំពោះអ្វីដែលគាត់ថា ពលរដ្ឋខ្មែរ មិនដឹង១០ ដឹង២០ នៅក្នុងការបោះឆ្នោត ព្រហ្ម មិនរើស បែរទៅរើសទេវតា ទាំងដែលដឹងថា ព្រហ្មធំជាងទេវតា និងឲ្យសេចក្ដីសុខជាងទេវតាអីនោះ អាហ្នឹងគាត់ប្រមាថមើលងាយប្រជាជនថាល្ងង់ អាហ្នឹងគឺថា គាត់មិនអាចទទួលបានការគាំទ្រពីមហាជន ប្រជាជនទេ អាហ្នឹងគាត់សម្លាប់ជីវិតនយោបាយខ្លួនឯងហើយ ។ គេមានតែលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ លើកតម្កើងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ហើយអប់រំប្រជាពលរដ្ឋឲ្យប្រព្រឹត្តអំពើល្អ សមស្របជាពលរដ្ឋនៅក្នុងប្រទេសដែលមានអារ្យធម៌រីកចម្រើនរុងរឿង អាហ្នឹងវាអ៊ីចឹង ។ ក៏ប៉ុន្តែបើគាត់ដៀលប្រជាពលរដ្ឋថា ល្ងង់ខ្លៅ ខ្ញុំយល់ថា អានេះវាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងចងកំហឹងជាមួយគាត់ ហើយមិនអាចទៅបោះឆ្នោតគាំទ្រគាត់ទេ ហើយការដែលគាត់ថា ការចែកសារុងក្រមា មិនស្មើនឹងធម្មទាន ឬមិនអាចឈ្នះគាត់ដែលចែកធម្មទានដល់សាវ័កនោះ វាប៉ះពាល់ដល់គណបក្សប្រជាជនហើយ ក៏ប៉ុន្តែវាមិនទាន់ឆ្លងដល់បន្ទាត់ក្រហមទេ ។ យើងធ្វើទាន យើងដឹងសុខ ដឹងទុក្ខប្រជាពលរដ្ឋ អាហ្នឹងវាជាទំនៀមទម្លាប់ដ៏ល្អ ជាប្រពៃណីដ៏ល្អរបស់ជនជាតិខ្មែរ តាំងពីបុរមបុរាណមក ហើយបើយើងធ្វើអំពើល្អសម្រាប់ប្រជាជន អាហ្នឹងយើងទទួលបានការគាំទ្រពីប្រជាជន តែពេលដែលប្រជាជនទទួលផលប្រយោជន៍ពីគណបក្សប្រជាជន ហើយគាត់ទៅទិតៀនថាប្រជាជនល្ងង់ខ្លៅ ឬមួយក៏ទៅទិញទឹកចិត្តពីប្រជាជនអី អាហ្នឹងខ្ញុំយល់ថា មិនចំណេញដល់គាត់ទេ វាមានតែខាត ពីព្រោះគាត់មិនចង់ឲ្យប្រជាជនមានសេចក្ដីសុខ មានការរីកចម្រើននៅក្នុងជីវភាពរស់នៅ ។ ក្នុងន័យនេះដែរ អាហ្នឹងខ្ញុំដូចមិនបាច់ទៅប្រដែប្រដៅប្រជាជនទេ ប្រជាជនកម្ពុជាឆ្លងកាត់រយៈពេលសាមសែសិបឆ្នាំមកទៅហើយ ដូច្នេះហើយគាត់យល់ច្បាស់ហើយ មិនបាច់យើងណែនាំគាត់ទេ អ្នកណា គណបក្សណា អ្នកនយោបាយណាល្អ អ្នកនយោបាយណា គណបក្សណាមិនល្អ អាហ្នឹងលោកដឹងហើយ ។ អ៊ីចឹងទេបានជាលោកមានការវិនិច្ឆ័យសមស្របទៅតាមឆន្ទៈរបស់ខ្លួន និងសមស្របទៅតាមទង្វើគុណសម្បត្តិរបស់គណបក្សដែលល្អនោះ គាត់បោះឆ្នោតគាំទ្រ តែចំពោះគណបក្សណាដែលមិនល្អ ដៀលប្រជាជន ប្រមាថមាក់ងាយប្រជាជន អាហ្នឹងប្រជាជនមិនគាំទ្រ ។ អានេះហើយជាសិទ្ធិអំណាចរបស់មហាជន ប្រជាជននៅក្នុងសង្គមប្រជាធិបតេយ្យ ហើយត្រូវហើយអាហ្នឹង សិទ្ធិរបស់គាត់ហ្នឹង គឺអ្នកណាប្រមាថប្រជាជន គឺប្រជាជនមិនគាំទ្រ ហើយបើគណបក្សណា អ្នកនយោបាយណាដែលដឹងសុខ ដឹងទុក្ខប្រជាជន មហាជន អាហ្នឹងប្រជាជនគាំទ្រ “ ។
ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទស្សនៈដែលលោកខឹម វាសនា លើកឡើងខាងលើនេះ វាមានចំណុចខ្លះដែលអាចធ្វើការពិចារណាដែរ ប៉ុន្តែបើគិតឲ្យដល់ទៅ មិនមានអ្វីដែលត្រូវពិភាក្សាជាមួយគាត់នោះទេ ព្រោះជាធម្មតាទេ ក្នុងនាមគាត់ធ្វើជាអ្នកនយោបាយ នៅពេលដែលគាត់មានសតិមិនល្អ គាត់នៅតែមានការស្រមើស្រមៃ ឬនៅតែនិយាយរឿងនយោបាយអ៊ីចឹងហើយ ។ ដូច្នេះអ្វីដែលសំខាន់ យើងគួរតែជំរុញឲ្យគាត់ទៅរកទទួលការព្យាបាលផ្នែកផ្លូវចិត្តជាពិសេសពីគ្រូពេទ្យ វាប្រសើរជាងបន្តចាប់អារម្មណ៍ស្ដាប់ពីគាត់ ម្ដងនិយាយអ៊ីចេះ ម្ដងនិយាយអ៊ីចុះ ម្ដងនិយាយរឿងទឹកលិចលោក ម្ដងសរសើរពលរដ្ឋ ម្ដងនិយាយបន្តុះបង្អាប់ពលរដ្ឋ ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ ខ្ញុំកត់សម្គាល់តាំងពីដើមមកថា លោកម្នាក់ហ្នឹង គាត់មានសតិមិននឹងនទេ គាត់ម្ដងអ៊ីចេះ ម្ដងអ៊ីចុះ ម្ដងទឹកលិចពិភពលោកអីអ៊ីចឹងទៅ ហើយមនុស្សដែលមានសតិមិននឹងនហ្នឹង វាគួរតែទៅរកទទួលការព្យាបាលជាពិសេស ដោយហេតុអី? មនុស្សដែលធ្លាប់ធ្វើកិច្ចការនយោបាយ នៅពេលដែលគាត់មានសតិមិននឹងន អ៊ីចឹងការស្រមៃ ការនិយាយរបស់គាត់ វានៅពាក់ព័ន្ធរឿងនយោបាយអ៊ីចឹង ក៏ប៉ុន្តែអាការនិយាយរបស់គាត់ហ្នឹងម្ដងអ៊ីចេះ ម្ដងអ៊ីចុះ អត់ទៅណារួចទេ អត់មានស្អីជាគោលដៅជាក់លាក់ទេ គាត់នឹកឃើញអី គាត់និយាយហ្នឹង ម្ដងសរសើរពលរដ្ឋទៅ ម្ដងបង្អាប់ប្រជាពលរដ្ឋទៅ ម្ដងទឹកលិចភពផែនដីទៅ ស្រេចតែគាត់ថាអ៊ីចឹង ។ សម្រាប់ខ្ញុំ ទស្សនៈដែលគាត់លើកឡើងហ្នឹង វាមានចំណុចខ្លះដែលយើងអាចធ្វើការពិចារណាដែរ ក៏ប៉ុន្តែវាជាការធម្មតាទេ មនុស្សហ្នឹងយើងទៅពិភាក្សាអី អំពីរឿងរ៉ាវគាត់ហ្នឹង គាត់លើកអីក៏លើកទៅ ហើយម្យ៉ាងទៀត ដើម្បីថែរក្សាសុខភាពហ្នឹង គាត់គួរតែត្រូវបានទៅទទួលការព្យាបាលជាពិសេសហើយ ជាមួយនឹងគ្រូពេទ្យផ្លូវចិត្ត អ្នកជំនាញផ្លូវចិត្តនោះ ព្រោះនៅស្រុកយើងក៏មានដែរ បើមានលុយកាក់ច្រើន អាចរកទទួលការព្យាបាលនៅក្រៅប្រទេស ក៏ទទួលទៅ ប៉ុន្តែគំនិតខ្ញុំ ខ្ញុំគ្មានយោបល់ចំពោះអ្វីដែលគាត់លើកឡើងអ៊ីចេះអ៊ីចុះនោះ ប៉ុន្តែគ្រាន់ថា ការកត់សម្គាល់របស់ខ្ញុំគឺអ៊ីចឹង ។ ខ្ញុំធ្លាប់រៀនចិត្តសាស្រ្តដែរ ហើយធ្លាប់ជួបមនុស្សច្រើននាក់ដែរ ដែលពាក់ព័ន្ធនឹងផ្លូវចិត្តហ្នឹង ដូចខ្ញុំបញ្ជាក់ជូនខាងលើអ៊ីចឹងថា បើកសិករ គាត់មានបញ្ហាផ្លូវចិត្ត អំពីការរកទទួលទានប្រចាំថ្ងៃ នៅពេលដែលគាត់ខូចចិត្ត គាត់មានវិបត្តិផ្លូវចិត្ត គាត់ខូចសតិ គាត់និយាយតែជុំវិញការងារជីវភាពប្រចាំថ្ងៃអ៊ីចឹងទៅ តែបើសម្រាប់អ្នកនយោបាយ ដូចខ្ញុំបញ្ជាក់ជូនមិញអ៊ីចឹង គាត់ធ្លាប់តែនិយាយរឿងនយោបាយ រឿងអីជាប្រចាំអ៊ីចឹងទៅ តែពេលគាត់បែក ក៏គាត់និយាយពីរឿងហ្នឹងអ៊ីចឹងទៅ “ ៕