Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញចាប់ចោរប្លន់២ របួសប៉េអឹម២

ដេញចាប់ចោរប្លន់២ របួសប៉េអឹម២

ភ្នំពេញ ៖កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ កំពុងចេញល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញ​ជន​សង្ស័យ​ជាមុខសញ្ញាធាក់ប្លន់ម៉ូតូ ១ក្រុម មានគ្នា៥នាក់ ជិះម៉ូតូ ៣គ្រឿង កំពុងធ្វើដំណើរតាមផ្លូវ បានឃាត់​ឱ្យអែបខាង ដើម្បីត្រួតពិនិត្យ តែក្រុមជនសង្ស័យបានព្យាយាម ជិះម៉ូតូរត់គេច ទើបកម្លាំងអាវុធហត្ថបាន​បើករថយន្ត ១គ្រឿង ប្រដេញតាម បណ្តាលឱ្យជួបគ្រោះថ្នាក់ រងរបួសកម្លាំងអាវុធហត្ថ ចំនួន២នាក់ និងត្រូវ​បានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន២នាក់ ប៉ុន្តែ​ក្នុងនោះ មានម្នាក់ គ្មានតម្រុយជាប់ពាក់ព័ន្ធ ក៏ត្រូវបានដោះលែងវិញ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ បានធ្វើឡើងកាលពីវេលា ម៉ោង ៩និង១០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅចំណុចមុខឃ្លាំងអេតចាយ ជិតស្តុបបារគូ ស្ថិតក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះយុំ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មកររោងចក្រ មានលំនៅ ភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ (ជាមុខសញ្ញាវ៉ៃធាក់​ប្លន់ម៉ូតូ) និងទី២-ឈ្មោះរ៉ា ស៊ីយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ (ពុំមានតម្រុយជាប់ពាក់ព័ន្ធបទល្មើស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ)។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិ​សាស្ត្រ ចាប់ពីម៉ោង ៦ព្រលប់ រហូតដល់វេលាម៉ោង៦ព្រឹក ដូចសព្វដង។ លុះមកដល់វេលាម៉ោង ៩និង១០នាទី​យប់ នៅត្រង់ចំណុចស្តុបឫស្សីសាញ់ កម្លាំងជំនាញ បានប្រទះឃើញយុវជន ចំនួន៥នាក់ ជិះម៉ូតូ ៣គ្រឿង ក្នុងនោះមានមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់ម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ ទើបកម្លាំងល្បាត បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យ និងសាកសួរ ស្រាប់តែពួកគេទាំង៣ម៉ូតូ មិនព្រមឈប់ ហើយព្យាយាមបន្ថែមល្បឿនរត់គេច ឃើញដូចនេះក្រុមល្បាត បានប្រដេញតាមរហូតដល់ចំណុច​មុខឃ្លាំង​អេតចាយ ជិតស្តុបបារគូ ស្ថិតក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែរថយន្តសារ៉ែន ១គ្រឿង របស់​កម្លាំងជំនាញ បានជួបគ្រោះថ្នាក់ បណ្តាលឱ្យរងការខូចខាត ព្រមទាំងធ្វើឱ្យកម្លាំងល្បាត ចំនួន២នាក់ រងរបួស និងត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗ។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន​២នាក់ (១-ឈ្មោះយុំ រតនៈ និង២-ឈ្មោះរ៉ា ស៊ីយ៉ា) ប៉ុន្តែក្រោយពីធ្វើការសាកសួរ ឃើញថាឈ្មោះរ៉ា ស៊ីយ៉ា ពុំមានតម្រុយជាប់ពាក់ព័ន្ធបទល្មើស ក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ។

ដោយឡែក ជនសង្ស័យឈ្មោះយុំ រតនៈ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី និងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕

RELATED ARTICLES