Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងថ្លៃស្នើសុំប៉ូលិស តាមចាប់ប្អូនថ្លៃ កាប់៣កាំបិត រត់គេចបាត់

បងថ្លៃស្នើសុំប៉ូលិស តាមចាប់ប្អូនថ្លៃ កាប់៣កាំបិត រត់គេចបាត់

ខេត្តព្រៃវែង  ៖ បុរសរងគ្រោះម្នាក់ ដែលត្រូវប្អូនថ្លៃកាប់ប្រហារ ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ បានទទូចសុំឱ្យសមត្ថកិច្ចជំនាញ ពិសេសលោកស្នងការនគរបាលខេត្តព្រៃវែង មេត្តាជួយរកយុត្តិធម៌ និងពន្លឿនចំណាត់ការស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ ខណៈដែលមកដល់ពេលនេះ មានរយៈពេលជិត ២ខែមកហើយ ដែលជនដៃដល់បានរត់គេចខ្លួន។

ករណីអំពើហិង្សា ប្អូនថ្លៃកាប់បងថ្លៃ ចំនួន៣កាំបិតនេះ បានកើតឡើង តាំងពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិកំរែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយជនបង្កហេតុ មានឈ្មោះម៉េង ស៊ី ណេត (ត្រូវជា ប្អូនថ្លៃ) ចំណែកជនរងគ្រោះ មានឈ្មោះតេង ស៊ា (ត្រូវជាបងថ្លៃ) រងរបួសក្បាល ១កាំបិត និងគុម្ពត្រចៀក ២កាំបិត។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅភូមិកំរែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃ វែង កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លុះព្រឹកឡើងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនជាជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលធាយ ហើយសមត្ថកិច្ចបានធ្វើសំណុំរឿងនេះបញ្ជូនទៅអធិការដ្ឋានស្រុកបាភ្នំ ដើម្បីជួយស៊ើបអង្កេត និងស្រាវជ្រាវ តាមឃាត់ខ្លួនជនបង្កហេតុ យកមកផ្តន្ទាទោស និងដោះស្រាយតាម នីតិវិធី ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានឃាត់ខ្លួនជនដៃដល់យកមកដោះស្រាយតាម ច្បាប់ នៅឡើយ  ពោលគឺស្ងាត់ឈឹងតែម្តង។

ជនរងគ្រោះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញជនសង្ស័យដែល មានភិនភាគដូច ក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចផង។

ជាមួយនេះ ជនរងគ្រោះ បានទទូចស្នើសុំទៅដល់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង សូមមេត្តាជួយស៊ើបអង្កេត និងជំរុញដល់មន្ត្រីថ្នាក់ក្រោម ឱ្យជួយពន្លឿននិងជួយដោះស្រាយរឿង អយុត្តិធម៌នេះជូនដល់រូបគាត់ឆាប់ៗផង៕

RELATED ARTICLES