Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់កន្ទុយលេខត្រូវ មេអត់សង ឈ្លោះគ្នាផ្អើល ប៉ូលិស

ចាក់កន្ទុយលេខត្រូវ មេអត់សង ឈ្លោះគ្នាផ្អើល ប៉ូលិស

ភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថា ខ្លួនបានចាក់ឆ្នោតយួន (៣លេខ) ត្រូវចំនួន ២ពាន់រៀល (លុយដើម) លុះ ពេលទៅបើកលុយ បែរជាមេឆ្នោតមិនបើកលុយឱ្យ ធ្វើឱ្យស្ត្រីជាអ្នកចាក់ឆ្នោតឡាំប៉ា កើតទុក្ខមិនសុខចិត្ត ហៅអ្នកព័ត៌មានទៅសម្ភាសន៍ ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ នាំអ្នកចាក់ឆ្នោតចូល ប៉ុស្តិ៍ ចំណែកមេឆ្នោត បានចាក់សោផ្ទះ រត់គេចខ្លួនបាត់។

ករណីអ្នកចាក់ឆ្នោត និងមេឆ្នោតឈ្លោះគ្នាផ្អើលប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្សាររន្ទះបាញ់ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌ ចម្ការមន។

យោងតាមប្រភពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា ក្រោយពីទទួលបានព័ត៌មានថា មានករណីទំនាស់គ្នានៅក្នុងផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការ មន រាជធានីភ្នំពេញ ភ្លាមនោះ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌចម្ការមន សហការជាមួយ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ បាននាំស្ត្រីចាក់ឆ្នោត ឈ្មោះវណ្ណ លីហេង មកសាកសួរនិងអប់រំណែនាំ ធ្វើកិច្ចសន្យា បញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) បន្ទាប់ពីស្ត្រីនោះធ្វើសម្ភាសន៍ ជាមួយ សារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវ ចំនួន២០០០រៀល តែមេកន្ទុយលេខ មិនបើកលុយឱ្យ។ ចំណែកមេឆ្នោត ដែលលួចកត់កន្ទុយលេខ គេចាក់ត្រូវ អត់សងនោះ បានរត់គេចខ្លួនបាត់ និងចាក់សោទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះ និងជាអ្នកលក់ឆ្នោតខាងលើ ដើម្បីនាំយកមកសាកសួរ និងអនុវត្តតាមនីតិវិធី៕

RELATED ARTICLES