ភ្នំពេញ ៖ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមកាន់តែខិតជិតមកដល់ប្រជាពលរដ្ឋ ដែល ជាប់ខ្សែស្រឡាយចិនបាននាំគ្នាទៅទិញដើមផ្កាអង្គាសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូច ដែលមានដាក់លក់តាមដងផ្លូវស្ទើរគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ។
ដើមផ្កាអង្គាសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូច ចាប់ផ្តើមឡើងថ្លៃនិងលក់ដាច់ជាងគេនាឪកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនៅថ្ងៃទី២៧ ខែមករា ខាងមុខនេះ ។
បើតាមសំដីលោក កែវ ចាន់នឿន អាជីវករលក់ផ្កា ក្នុងភូមិទឹកថ្លា បាននិយាយថា ផ្កាអង្គាសិល្ប៍ ពីមួយឆ្នាំទៅមួយឆ្នាំ ដើមផ្កាកាន់តែឡើងថ្លៃទៅៗក៏ដោយសារដើមផ្កា អង្គាសិល្ប៍ ពិបាករកកាប់ ពិបាករកទិញពីពលរដ្ឋដែលចូលព្រៃកាប់យកមកណាស់បន្ទាប់ពី ព្រៃមួយចំនួនប្រែក្លាយជាដីចំការ មានម្ចាស់អស់ហើយ ជាដីរបស់ក្រុមហ៊ុន ធ្វើឱ្យអ្នកដើរកាប់ ជួបការលំបាក ស្វែងរកហើយត្រូវស្វែងរកនៅកន្លែងឆ្ងាយៗ ទម្រាំតែបានយកមកចំណាយពេលវេលាចំណាយថវិកាច្រើន ដល់លក់វិញ ទាល់តែលម្លៃទៅតាមនឹងដែរ ។
ប្រភព បានប្រាប់ឲ្យដឹងផងដែរថាដើមផ្កាអង្គាសិល្ប៍មានការលំបាករក ដោយសារតែ តំបន់ភ្នំមួយចំនួន ដែល ធ្លាប់តែមានអ្នកឡើងកាប់ផ្កាអង្គាសិល្ប៍អាចចូលទៅដល់ត្រូវ បានរាជរដ្ឋាភិបាលផ្តល់ជាដីសម្បទាន ឲ្យក្រុមហ៊ុនឯកជន ជាហេតុអ្នកកាប់មិនអាចឡើង ភ្នំទាំងនោះ បានទៀតដោយបង្វែរទៅរកនៅតំបន់ភ្នំឆ្ងាយៗ ដែលមាន ចម្ងាយរាប់រយគីឡូម៉ែត្រ ពីទីប្រជុំជន ។
លោក ឆាយ សាវុធ អ្នករកស៊ីទិញលក់ផ្កាអង្គាសិល្ប៍នៅមុខវត្តទឹកថ្លាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយបានប្រាប់អ្នកយកពត៌មានឱ្យដឹងថា ខ្ញុំត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីស្វែងទៅរកទិញផ្កាអង្គាសិល្ប៍យកមកសម្រាប់ដាក់លក់បន្ត។ វាមានការលំបាកខ្លាំងណាស់ ត្រូវធ្វើដំណើររាប់១០០គីឡូម៉ែត្រពីទីប្រជុំជន អស់ពីកន្លែងមួយទៅកន្លែងមួយ ពីស្រុកមួយទៅស្រុកមួយដើម្បីរកទិញពីអ្នកឡើងភ្នំ ពីអ្នកចូលព្រៃ ។ លោកបន្តទៀតថាឆ្នាំនេះតម្លៃក៏កាន់តែឡើងថ្លៃជាងឆ្នាំមុនដែរ ថ្លៃមួយទ្វេដង ដោយពីមួយឆ្នាំទៅមួយឆ្នាំកាន់តែពិបាករក កាប់ រកទិញ ។ ភាពលំបាកនេះ ទាំងអ្នកដើរកាប់ទាំងអ្នកដើរបករមូលទិញ យកមកសម្រាប់លក់បន្ត ។
ផ្កាអង្គាសិល្ប៍ច្រើនដុះនៅតំបន់ភ្នំនានាពិសេសនៅតំបន់ភ្នំដែលនៅជិតមាត់សមុទ្រ។ ខេត្តដែលគេច្រើនទៅទិញ ផ្កាអង្គាសិល្ប៍ពីអ្នកកាប់នៅលើភ្នំមានដូចជា ខេត្តពោធិ៍សាត់កោះកុង រួមទាំងខេត្តមួយចំនួនទៀត សំខាន់គឺឲ្យតែ ផ្កានោះ ងាយស្រួលថែទាំនិងចេញផ្កាចំពេលចូលឆ្នាំប្រពៃណីចិន ។ លោក បន្តទៀតថា យ៉ាងណាក៏ដោយនៅឆ្នាំនេះលោករំពឹងថា ផ្កាអង្គាសិល្ប៍ដែលខ្លួនបានទិញនឹងលក់ដាច់ ដោយសារតែវាមានផ្កាច្រើនធ្វើឲ្យអ្នកទិញចង់បាន និងពេញចិត្ត ។ តម្លៃផ្កាអង្គាសិល្ប៍លក់ជាដើម ។ផ្កាអង្គាសិល្ប៍ត្រូវបានបងប្អូនខ្មែរកាត់ចិន ចិន វៀតណាម មានជំនឿថា នាំលាភសក្ការៈជូនពួកគេ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ គេនិយមទិញផ្កាអង្គាសិល្ប៍នៅមុនថ្ងៃបុណ្យចូលឆ្នាំ១ថ្ងៃ ឬ២ថ្ងៃ ។ ដោយឡែកសម្រាប់ឆ្នាំនេះ បុណ្យ ចូលឆ្នាំចិននឹងត្រូវប្រារព្ធនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧ (ថ្ងៃសែន) ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ។
លោក តូ សុផល ជាកូនខ្មែរកាត់ចិនរស់នៅភូមិធុងកៅស៊ូសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា ដែលជារៀងរាល់ឆ្នាំតែងតែទិញផ្កាអង្គាសិល្ប៍ដាក់តាំងនៅផ្ទះថ្ងៃបុណ្យចូល ឆ្នាំចិន បានប្រាប់ឲ្យដឹងថាផ្កាអង្គាសិល្ប៍ គឺស្ថិតក្នុងជំនឿអមតៈ របស់ជនជាតិចិនដោយពួកគេជឿជាក់ថា ជាផ្កានាំសំណាង ប្រសិនបើថ្ងៃចូលឆ្នាំចិនផ្កាអង្គាសិល្ប៍រីកច្រើនល្អគឺបានសេចក្តីថាឆ្នាំនេះពួកគេ នឹងរកស៊ីមានបាន ប្រាក់ហូរហៀរ តែប្រសិនបើផ្កានោះរីកមិនសូវល្អការរកស៊ីនៅឆ្នាំនេះក៏ទៅតាម ហ្នឹងដែរ៕