Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានស័ក្តិ៤ ជិះម៉ូតូ ឡានបុកស្លាប់

ទាហានស័ក្តិ៤ ជិះម៉ូតូ ឡានបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ ទើបនឹងចេញពីបំពេញការងារនៅពេលយប់ ជិះម៉ូតូ ១គ្រឿង សំដៅទៅផ្ទះ ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកបរក្នុងល្បឿនលឿន វ៉ាជែងដោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាមន្ត្រីយោធា ប៉ើងបោកក្បាលទៅនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។  ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចដេប៉ូប្រេងឥន្ធនៈ សូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយ អំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះហង្ស សុវណ្ណ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរ ជាមន្ត្រីយោធា ឋានន្តរសក្តិវរសេនីយ៍ត្រី (ស័ក្តិ៤) មានលំនៅ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានបើករ ថយន្តគេចបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនរងគ្រោះ ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាក Today ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1GY 6372 ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិច ទៅកើត ខណៈពេលមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿង មិនស្គាល់ម៉ាកនិងមិនចាំស្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើត ទៅលិច (បញ្ច្រាសគ្នា) ក្នុងល្បឿនយ៉ាងលឿន និងបានបើករថ យន្តវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូ ខ្ទេចស្រុញផ្នែកខាងមុខ និងធ្វើឱ្យជនរងគ្រោះប៉ើងខ្ទាតជាង ១០ម៉ែត្រ បោកក្បាលទៅនឹងថ្នល់ ផ្កាប់មុខ ហូរ ឈាម ស្លាប់នៅនឹងកន្លែងមួយរំពេច។ ដោយឡែករថយន្តបង្កហេតុ រងការខូចខាតផ្នែកខាងមុខ ហើយភ្លាមៗ នោះ អ្នកបើកបរបានបន្ថែមល្បឿន រត់គេចឆ្ពោះចូលទៅរាជធានីភ្នំពេញ បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងជំនាញចរាចរណ៍ខណ្ឌ បានចុះទៅដល់កន្លែង កើតហេតុ និងធ្វើការទាក់ទងសាច់ញាតិ ដើម្បីឱ្យមកទទួលសព។ បន្ទាប់មមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឱ្យសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី។

ចំណែកមធ្យោបាយ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុ និងអ្នកបើកបរ នាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES