Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនារីខារ៉ាអូខេ វ៉ៃបោចសក់ភ្ញៀវស្រី២នាក់

នារីខារ៉ាអូខេ វ៉ៃបោចសក់ភ្ញៀវស្រី២នាក់

ខេត្តព្រះសីហនុ ៖ នារីរូបស្រស់ ចំនួន២នាក់ បាននាំគ្នាចូលទៅច្រៀងលេងកម្សាន្តនៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែង លុះជិតដល់ម៉ោងចេញ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងនារីបម្រើការងារក្នុងខារ៉ាអូខេ រហូតដល់ផ្ទុះហិង្សា ដោយភាគីនារីខារ៉ាអូខេ បានព្រួតវាយបោចសក់ និងខ្វាច បណ្តាលឱ្យរងរបួសពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចទីតាំងខារ៉ាអូខេ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក។

តាមសម្តីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងនិងប្អូនស្រីម្នាក់ បាននាំគ្នាចូលមកច្រៀងលេងនៅក្នុងហាងខារ៉ាអូខេ ខាងលើ អស់ជាច្រើនម៉ោង។ លុះមកដល់វេលាម៉ោងប្រមាណជិត ៤ទៀបភ្លឺ ពួកនាងរៀបនឹងបញ្ចប់ការច្រៀងកម្សាន្ត និងចេញវិញទៅហើយ ស្រាប់តែមាននារីជាអ្នកបម្រើការងារក្នុងខារ៉ាអូខេ ខាងលើ បានដើរមកយកស្រាបៀររបស់ពួកនាង ចំនួន២ដប យកទៅ ពេលនោះនាងបានដើរទៅសួរនាំ ថា ហេតុអ្វីបានជាយកស្រាបៀរនាងអ៊ីចឹង នាងមិនទាន់ផឹកអស់ផង? ពេលនោះ នារីជាបុគ្គលិករូបនោះ បានប្រាប់ថា អ៊ីចឹងយកទៅវិញទៅ។

នារីរងគ្រោះ បន្តថា លុះពេលនាងយកស្រាបៀរត្រឡប់មកវិញ ស្រាប់តែនារីជាបុគ្គលិកខារ៉ាអូខេនោះ បាន អង្គុយសម្លក់នាងមិនដាក់ភ្នែក ហាក់មានបំណងចង់រករឿងនាងតែម្តង។ បន្ទាប់មក ដោយនឹកឆ្ងល់នាងក៏ ក្រោកដើរទៅសួរនាំថា ហេតុអ្វីបានជាសម្លក់មុខនាងបែបនេះ? ស្រាប់តែនារីបង្កហេតុនោះ បានស្រែកសម្លុតនាងថា “ចង់យ៉ាងម៉េច? ចង់មានរឿងមែន? កន្លែងនេះគឺជាកន្លែងរបស់យើង” ។ ឮបែបនេះ នាងក៏តបថា “ខ្ញុំមិនចង់មានរឿងអ្វីទេ គ្រាន់តែសួរថាហេតុអ្វីបានជាសម្លក់មុខខ្ញុំ?” ស្រាប់តែរំពេចនោះ នារីខារ៉ា អូខេបង្កហេតុ បានស្ទុះមកវាយ និងចាប់បោចសក់នាងអូស រួចខ្វាចមកលើនាង បណ្តាលឱ្យមានស្នាមរបួស នៅលើខ្លួនតែម្តង។

នារីរងគ្រោះ បញ្ជាក់ថា ក្រោយកើតមានរឿងរ៉ាវអំពើហិង្សាមកលើរូបនាងបែបនេះ ក៏មាននារីម្នាក់ទៀត ទំនង ជាមេការទីតាំងខារ៉ាអូខេនោះ បានចូលមកដល់ ហើយនាងនឹកស្មានថាគេចូលមកដោះស្រាយឱ្យ ក៏រៀបរាប់ ដំណើររឿងប្រាប់ បែរជាត្រូវនារីជាមេការនោះ និយាយថា “បើយើងមិនខុស គេមិនវ៉ៃទេ” រួចថែមទាំងដេញ នាងឱ្យចេញឱ្យលឿនទៅ ប្រយ័ត្នគេវ៉ៃថែមឥឡូវហើយ។ ក្រោយមក ក៏មានសន្តិសុខ បានជួយឃាត់ និងបាន សម្របសម្រួលឱ្យនាងចេញមកខាងក្រៅ ប៉ុន្តែនារីបង្កហេតុ មិនបានចេញមកដោះស្រាយជាមួយនាងទេ គឺនៅ សម្ងំខាងក្នុងបាត់តែម្តង។

ជុំវិញករណីខាងលើនេះ នារីរងគ្រោះ បានទទូចសុំឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ហៅជនបង្កហេតុចេញមក ដោះស្រាយជាមួយនាង ពុំនោះទេ នាងនឹងដាក់ពាក្យបណ្តឹងតាមច្បាប់ហើយ។

យ៉ាងណា ក្រោយកើតហេតុ មានវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ សួរនាំ និងបានចូលទៅខាងក្នុង ខារ៉ាអូខេ ដែលជាទីតាំងកើតហេតុ ដើម្បីសាកសួរបន្ថែម ដើម្បីសម្របសម្រួល ដោះស្រាយ៕

RELATED ARTICLES