Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីមហារីកដោះ ទួញយំសុំជំនួយសង្គ្រោះជីវិត

ស្ត្រីមហារីកដោះ ទួញយំសុំជំនួយសង្គ្រោះជីវិត

ខេត្តកំពង់ចាម ៖ ស្ត្រីមេម៉ាយម្នាក់ រស់នៅក្នុងជីវភាពទីទ័លក្រ និងថែមទាំងកើតជំងឺកាចសាហាវ (មហារីក ដោះ) ប៉ុន្តែដោយសារពុំមានលទ្ធភាពទៅពិនិត្យព្យាបាលបានទៀងទាត់ ទើបធ្វើឱ្យអាការជំងឺចេះតែធ្វើទុក្ខកាន់ តែខ្លាំងឡើង រហូតឈានដល់ដំណាក់កាលធ្ងន់ អត់មានថវិកាដើម្បីព្យាបាល បានត្រឹមទួញយំដង្ហោយសុំការ ជួយសង្គ្រោះពីសប្បុរជន គ្រាន់បានបន្តជីវិតទៅមុខ មើលថែចិញ្ចឹមកូនតូចៗចំនួន២នាក់។ស្ត្រីអភ័ព្វដែលកើតមានជំងឺកាចសាហាវ មានឈ្មោះណយ សាម អាយុ៤៤ឆ្នាំ មានលំនៅ ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ជាស្ត្រីមេម៉ាយ មានកូនប្រុស២នាក់ ក្នុងបន្ទុក ដោយកូនច្បង ឈ្មោះរ៉េត សុខឃាង អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ ចំណែកកូនពៅ មានឈ្មោះរ៉េត គាង អាយុ៨ឆ្នាំ រៀនថ្នាក់ទី៣។

អ្នកស្រី ណយ សាម បានរៀបរាប់ទាំងអួលដើមក កាលពីរសៀលថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២៣ថា កាលពីគាត់ នៅក្រមុំ បានខំប្រឹងដើរស៊ីឈ្នួលគេ  រកប្រាក់សន្សំធ្វើបានផ្ទះឈើ មួយខ្នង ជញ្ជាំងបាំងស័ង្កសី ដំបូលប្រក់ ស័ង្កសី គ្រាន់ជ្រកកោន បាំងភ្លៀងខ្យល់។ ក្រោយមក គាត់បានរៀបការជាមួយបុរសម្នាក់ ឈ្មោះដេកា អាយុស្របាលគ្នា តែរៀបការរួច ទើបដឹងថា ប្តីនេះគឺជាមនុស្សមិនចេះរកស៊ីទំនុកបម្រុងគ្រួសារទេ គឺពឹង ផ្អែកមកលើរូបគាត់ប្រពន្ធទាំងស្រុង។ ក្រោយពីរួមរស់នឹងគ្នា បានកូនប្រុស២នាក់រួចមក ពួកគាត់ក៏បាន លែងលះគ្នា ហើយតាមដំណឹងឮថា ពេលនេះ អតីតប្តីគាត់ មានប្រពន្ធទៀត និងមានកូនទៀតផង។

អ្នកស្រី ណយ សាម បន្តទាំងទឹកភ្នែកថា ចាប់តាំងពីថ្ងៃលែងលះគ្នា មកដល់សព្វថ្ងៃនេះ ប្តីមិនដែលបាន មកសួរសុខទុក្ខកូន ឬផ្តល់លុយកាក់ជួយចិញ្ចឹមកូនបន្តិចណាឡើយ។ ចំណែករូបគាត់ ប្រឹងធ្វើការងាររោង ចក្រកាត់ដេរ នៅស្រុកជើងព្រៃ បានជាងមួយឆ្នាំ សន្សំលុយទិញកង់១គ្រឿង ទុកឱ្យកូនបង សម្រាប់ជិះទៅ រៀនរាល់ថ្ងៃ តែដោយសុខភាពគាត់មិនអំណោយផល ក៏បានឈប់ធ្វើការងាររោងចក្រ ហើយកូនប្អូន មិនមានកង់ជិះទៅរៀននឹងគេទេ។ ស្ថិតនៅក្នុងជីវភាពទីទ័លលំបាកបែបនេះ កន្លងមកអាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់បានជួយឧបត្ថម្ភទំនុកបម្រុង ទាំងអង្ករ ទាំងសម្ភារៈ ព្រមទាំងលុយកាក់ខ្លះៗជាហូរហែដែរ។

អ្នកស្រី ណយ សាម បានបន្ថែមថា ស្រាប់តែមួយរយៈចុងក្រោយនេះ ប្រហែលជា ៤ទៅ៥ខែ មិនដឹងជា យ៉ាងម៉េច ដោះខាងឆ្វេងរបស់គាត់ ចាប់ផ្តើមឡើងរឹង ក្រោយមកស្រាប់តែធំឡើងៗ ថែមទាំងកើតជាដំ បៅហូរឈាម ខ្ទុះ ធ្វើឱ្យរូបគាត់ឈឺចុកចាប់ សម្រាន្តមិនលក់សោះឡើយ។ ក្រោយមក គាត់បានទៅមន្ទីរ ពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីពិនិត្យអាការជំងឺ ទើបដឹងថា គាត់បានកើតជំងឺមហារីកដោះ និងថែមទាំង កើតជំងឺឈាមសស៊ីឈាមក្រហមទៀត ដែលធ្វើឱ្យសុខភាពរបស់គាត់ចេះតែដុនដាបទៅៗ ដេកមិនលក់ និងចេះតែក្តៅក្រហល់ក្រហាយពេញក្នុងខ្លួន។ 

អ្នកស្រី ណយ សាម បានបញ្ជាក់ទាំងអួលអាក់ថា តាមពិតគាត់ចង់ព្យាបាលជំងឺនេះណាស់ តែមិនមានថវិកា ដើម្បីព្យាបាលនោះឡើយ ហេតុនេះមានតែអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ មេត្តាជួយសង្គ្រោះជីវិត គាត់ឱ្យផុតពីគ្រោះថ្នាក់ដល់ផង គ្រាន់មានឱកាសបាននៅមើលថែ ចិញ្ចឹមកូនតូចៗទាំង២នាក់។

លោកកែវ ហុកគ្រី មេឃុំសូទិព្វ បានបញ្ជាក់ប្រាប់ថា គ្រួសារស្ត្រីឈ្មោះណយ សាម គឺអាជ្ញាធរបានធ្វើប័ណ្ណ ក្រីក្រជូន និងបានទទួលប្រាក់បៀវត្សឧបត្ថម្ភប្រចាំខែទៀតផង។ កន្លងទៅគ្រួសារនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ជួយទំនុកបម្រុង ជួយអង្ករ ជាហូរហែ ហើយមួយរយៈចុងក្រោយ ពេលដែលក្រុមយុវជនយ កអង្ករ ទៅជូនគ្រួសារដែលមានជីវភាពខ្វះខាតនេះ ក៏ទទួលដំណឹងថា មានជំងឺមហារីកដោះ។ចំពោះកូនប្រុសពៅរបស់ស្ត្រីរូបនេះ ដែលមិនមានកង់ជិះទៅរៀន អាជ្ញាធរនឹងប្រឹងប្រែងរកសប្បុរសជនជួយ ឧបត្ថម្ភកង់ ១គ្រឿង ផងដែរ៕

RELATED ARTICLES