Friday, January 24, 2025
Homeព័ត៌មានជាតិផ្អើលមកថ្វាយបង្គំ សុំទឹកមន្តច្រើនពេក ព្រះសង្ឃធុតង្គ ចន្ទមុនី ផ្អាកទទួល

ផ្អើលមកថ្វាយបង្គំ សុំទឹកមន្តច្រើនពេក ព្រះសង្ឃធុតង្គ ចន្ទមុនី ផ្អាកទទួល

ខេត្តកំពង់ឆ្នាំងៈបន្ទាប់ពីប្រជាពុទ្ធបរិស័ទផ្អើលគោរពជឿលើព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ សុ្រករលាប្អៀរ ខេត្តកំពង់ឆ្នាំង ច្រើនភ្លូកទឹកភ្លូកដីពេក គណៈកម្មកាវត្ត ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹក ឬមើលជំងឺផ្សេងៗ លើកលែងតែពុទ្ធបរិស័ទដែលមកធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ជាប្រក្រតីធម្មតា ។

សេចក្ដីជូនដំណឹង របស់គណៈកម្មការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ចុះថ្ងៃ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានខ្លឹមសារថា “ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត មានកិត្តិយសសូមគោរពជូនដំណឹងដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ឲ្យបានជ្រាបថាៈ វត្តចន្ទប្បជោត្តនារាម សូមប្រកាសដំណឹង ស្ដីពីការផ្អាកចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹក ឬមើលជំងឺផ្សេងៗហើយ លើកលែងតែមកធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ជាប្រក្រតីធម្មតា ។

ហេតុដូច្នេះគណៈគ្រប់គ្រងវត្ត បានសម្រេចផ្អាកការអនុញ្ញាតឲ្យសាធារណជនទាំងអស់ (ក្នុង និងក្រៅប្រទេស) ចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទមុនី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងផ្លូវការជាថ្មី ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន “ ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានចេញសេចក្ដីណែនាំ ស្ដីពីការចេញ-ចូលវត្ត ដោយបញ្ជាក់ថា ចំពោះសាធារណជនដែលមានបំណងចង់អញ្ជើញមកវត្តតាសុត ត្រូវគោរពតាមសេចក្ដីណែនាំរបស់វត្ត ដូចខាងក្រោមៈ

១. ត្រូវមកក្រោមរូបភាពក្នុងការបំពេញបុណ្យកុសលជាធម្មតាទូទៅ (ឧ. យកចង្ហាន់ ឬទេយ្យទានផ្សេងៗ ប្រគេនព្រះសង្ឃ ) ហើយចំពោះការប្រគេនវិញ មិនចាំបាច់ទាល់តែជួបព្រះធម្មវនវាសី ទើបប្រគេនបាននោះទេ គឺជួបតែព្រះសង្ឃអង្គណាមួយក្នុងវត្ត ក៏អាចប្រគេនបានទាំងអស់ ពីព្រោះព្រះអង្គចន្ទមុនី មានកិច្ចការចាំបាច់របស់ព្រះអង្គ ។

២. ត្រូវគោរពពេលវេលាដែលវត្តបានកំណត់ ដោយពេលព្រឹក (ពីម៉ោង៨និង៣០នាទី ដល់ម៉ោង១០និង៣០នាទី ) និងពេលល្ងាច (ពីម៉ោង២និង៣០នាទី ដល់ម៉ោង៥និង៣០នាទី) ។

៣. ដល់ម៉ោងកំណត់របស់វត្តក្នុងចំណុច (២) ខាងលើ វត្តមិនអនុញ្ញាតឲ្យមានការស្នាក់នៅក្នុងវត្តឡើយ។

៤. ត្រូវរក្សាសណ្ដាប់ធ្នាប់ និងអនាម័យក្នុងទីវត្តអារាម ឲ្យបានស្អាត ក្នុងនាមជាកូនខ្មែរ ៕

RELATED ARTICLES