ភ្នំពេញ៖មាស សុខសោភា បានចេញបទចម្រៀងសរសើរពីគុណសម្បត្តិស្វាមីនាងជាថ្មីម្ដងទៀតតាមរយៈបទ”អរគុណលោកប្ដី” ដែលផលិតដោយខ្លួនឯង បន្ទាប់ពីនាងបានចេញបទ”ឧត្តមស្វាមី” នៅថោន កាលពីឆ្នាំមុន។យ៉ាងណាបទទី២នេះការគាំទ្រនៅមានកម្រិត ឬViews នៅទាប ទើបសោភា រៀបគម្រោងធ្វើឲ្យមានអ្នកចូលទៅមើលបទមួយនេះច្រើន និងដើម្បីឲ្យគេស្គាល់ស្វាមីនាងកាន់តែច្បាស់តាមរយៈការផ្ដល់រង្វាន់ដល់អ្នកណាយកបទមួយនេះទៅផ្សព្វផ្សាយមានViews លើសគេទៀតផង។ការឡង់សេស្វាមីរបស់សុខសោភា បែបនេះគឺនាងចង់បង្ហាញឲ្យគ្រប់គ្នាបានដឹងថាប្ដីនាងជាបុរសល្អជាងគេលើលោកសម្រាប់រូបនាង នៅមុនពេលដែលនាងប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់១៤ឆ្នាំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខងមុខនេះផងដែរ។ប៉ុន្ដែជារៀងរាល់ឆ្នាំនៅថ្ងៃពិសេសនេះសុខសោភា គ្រាន់តែនាំស្វាមីដើរកម្សាន្ដលក្ខណៈឯកជនធម្មតា ប៉ុណ្ណោះមិនដែលធ្វើពិធីជប់លៀងជួបជុំមិត្តភក្ដិផឹកស៊ីធំដុំនោះឡើយ។តែរឿងដែលសោភា មិនដែលភ្លេចនៅថ្ងៃខួបមង្គលការរបស់ខ្លួននោះជារៀងរាល់ឆ្នាំនាងបានចេញសារលើកទឹកចិត្តស្វាមីឲ្យមនុស្សគ្រប់គ្នាបានដឹងថាលោកអ៊ឹត រ៉ាដា បានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង។ដោយឡែកការច្រៀងសរសើរប្ដីដល់ទៅ២ដងរបស់សោភា ចំពោះលោករ៉ាដា បែបនេះមានន័យថានាងចង់តបស្នងទៅស្វាមីជាសាធារណៈ ហើយក៍ចង់ប្រាប់ទៅមនុស្សទាំងឡាយថាបុរសក្នុងស្រម៉ៃដែលបេះដូងនាងត្រូវការបំផុតគឺនាងរកបានដូចក្ដីសុបិនហើយ ។
មាស សុខសោភា មិនដែលលាតត្រដាងលម្អិតថាប្ដីនាងបានធ្វើអ្វីខ្លះដល់នាងទើបនាំឲ្យនាងពេញចិត្ដស្ដូកដល់ម្លឹងនោះទេ ប៉ុន្ដែតាមសកម្មភាពជាក់ស្ដែងលោករ៉ាដា តែងតែងសម្របខ្លួនតាមនាងគ្រប់ពេលដូចជានៅពេលដែលតារារូបនេះស្លៀកពាក់ស៊ិចស៊ី ហើយត្រូវបានអ្នកខ្លះរិះគន់ ប្ដីនាងគាំទ្រសោភា ជានិច្ច ,នៅពេលដែលសោភា ស្និតបុរសណាម្នាក់ដូចជាមួយលោកឆន សុវណ្ណារាជ ជាដើមប្ដីនាងអត់ដែលប្រចណ្ឌឬហួង ហែង ឡើយ ខណៈពេលដែលនាងទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីលោករ៉ាដា តែងតែថតគ្រប់សកម្មភាពទាំងអស់ ,រៀបចំចាក់ភ្លេងបទខ្លះឲ្យនាង និងយូសម្លៀកបំពាក់ឲ្យនាងគ្រប់ឆាក។សកម្មភាពទាំងអស់នេះអាចឲ្យគេមើលឃើញជាក់ស្ដែង ប៉ុន្ដែគេជឿរថាស្វាមីសោភា អាចនឹងមានគុណសម្បត្តិជាច្រើនទៀតដែលមិនបើកចំហ ទើបតារាល្បីល្បាញរូបនេះចាត់លោករ៉ាដា ជាឧត្តមស្វាមីរបស់នាង ហើយនាងតែងតែអរគុណបុរសម្នាក់នេះចូលមកជីវិតរបស់នាងជាង១០ឆ្នាំមកនេះ។
គូររំលឹកថាមាស សុខសោភា បានភ្ជាប់ស្នេហ៍ឆ្លងទ្វីពជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ពោលគឺរក្សារចំណងស្នេហ៍បាន១៦ឆ្នាំមកហើយ និងបានរៀបការដោយលួចលាក់ចំនួន២លើកគឺទី១ ការតាមបែបសាសនាគ្រិស្ទនៅព្រះវិហារមួយនៅកាណាដាកាលពីឆ្នាំ២០០៨ និងលើកទី២ ការនៅខ្មែរ ស្រដៀងសែនព្រេនថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ។ដោយសារតែមានការរិះគន់ថាសុខសោភា រៀបការហាក់មិនសាកសមទៅនិងភាពល្បីល្បាញរបស់នាងទើបកាលពីឆ្នាំ២០២១ ធ្លាប់មានដំណឹងថានាងចង់រៀបការជាលើកទី៣ ដែលធ្វើជាចំហនិងធំដុំដូចតារាល្បីៗមួយចំនួនទៀត តែពេលនោះកូវីដ មិនទាន់ស្ងាត់ទើបធ្វើឲ្យព័តមានថាសោភា ចង់រៀបការដោយបើកចំហ ត្រូវស្ងប់ស្ងាត់ទៅវិញរហូតមកដល់បច្ចុប្បន្នតែម្ដង។ចំណែកអ្នកគាំទ្រសុខសោភា ភាគច្រើនបានសរសើរនាងថាទោះជានាងមិនទាន់បានរៀបការធំដូចឱក សុគន្ធកញ្ញា ឬសុគន្ធ និសា ក្ដី ប៉ុន្ដែចំណងស្នេហានាងគ្មានភាពប្រេះស្រាំឡើយ ពោលគឺកាន់តែរឹងមាំ ហេតុនេះមង្គលការជាសាធារណៈ ឬដោយបើកចំហមិនមែនជារឿងដែលចាំបាច់បំផុតក្នុងជីវិតឡើយ តែអ្វីដែលសំខាន់គឺការយល់ចិត្តគ្នាទៅវិញនោះទេ ។
ក្រៅពីមាស សុខសោភា តារាល្បីៗដែលភ្ជាប់ស្នេហ៍ជាមួយបុរសអាណិកជនខ្មែរបរទេសមានដូចជាគឹម លក្ខិណា ,វ៉េត រតនា ,ជិន សេរីយ៉ា ,សៀម ស្រីណុច និងសារ៉ាយ សក្ខណា ជាដើម ។ប្រភពបានឲ្យដឹងថាសោភា ចង់បានកូនខ្លាំង តែដោយសារនាងមិនធ្លាប់រៀបការដោយបើកចំហ នោះហើយទើបនាំឲ្យនាងពិបាកក្នុងការពពោះ ព្រោះខ្លាចគេថាជាគំរូ មិនល្អ ។ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះសោភា តែងតែចេញមុខអះអាងថាយុវជនឈ្មោះBovee Hundley ជាកូនរបស់នាង បើទោះជាមានអ្នកស្និតថាប្រុសក្មេងនោះគ្រាន់តែជាក្មួយរបស់នាងក្ដី ក៍នាងមិនស្ដាប់ឡើយ ។ដោយឡែកសម្រាប់អាជីពចម្រៀងវិញក្រោយចាកចេញពីរាម ជិត១ឆ្នាំ សោភា ដែលតាំងចិត្តថាមិនទៅចូលផលិតកម្មណាទាំងអស់នៅឆ្នាំ២០២៣ ក្រៅពីច្រៀងនៅផលិតកម្មខ្លួនឯងCamtrax Music នោះមានផលិតកម្ម៣នៅតែរងចាំត្រងយកនាងគឺGalaxy ,ហង្សមាស និងថោន ៕