Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុកស្រី វ៉ៃប៉ូលិស ជាប់ខ្នោះ

បើកឡានបុកស្រី វ៉ៃប៉ូលិស ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុកម៉ូតូ ១គ្រឿង ជិះដោយនារីម្នាក់ ចំពីក្រោយ បណ្តាលឱ្យថ្លោះចង្កេះ រួចព្យាយាមបើករត់ តែត្រូវបុរសជាមន្ត្រីនគរបាលម្នាក់ ប្រទះឃើញ ក៏បើក រថយន្តទៅស្ទាក់ពីមុខ និងរាយការណ៍សុំអន្តរាគមន៍ពី សមត្ថកិច្ច ស្រាប់តែអ្នកបើកបររថយន្តបង្កហេតុ ខឹង សម្បា វាយទាំងសមត្ថកិច្ចថែមទៀត ទីបំផុតត្រូវសមត្ថកិច្ចប្រើធម៌ក្តៅ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាលើសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាល ពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សារទំនើប ម៉ាក្រូ តាម បណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ZOOMER-X ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-9346 ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ទិសដៅពីជើង ទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6711 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ស្របទិសដៅគ្នា តាមពីក្រោយម៉ូតូ ក្នុងល្បឿនលឿន រួចក៏ជ្រុលបុកពីក្រោយម៉ូតូ បណ្តាលឱ្យនារីជាម្ចាស់ម៉ូតូ រងរបួសថ្លោះចង្កេះ ចំណែកម៉ូតូ រងការខូចខាតបែកកាតាប៊ូខាងក្រោយ រីឯរថយន្ត រងការខូចខាតបន្តិចបន្តួច។

ប្រភពដដែល បន្តថា ពេលនោះ មានបុរសម្នាក់ ដែលស្គាល់ថាជាសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានបើក បររថយន្ត ១គ្រឿង ទៅស្ទាក់ពីមុខរថយន្តរថយន្តបង្កហេតុ ដោយសាររថយន្តនោះបម្រុងបើករត់គេច។ បន្ទាប់មក អ្នកបើកបររថយន្តបង្កហេតុ និងបុរសជាអ្នកបើករថយន្តទៅស្ទាក់ពីមុខនោះ បានឈ្លោះប្រកែកគ្នា និងប្រវាយប្រតប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ។

ប្រភពដដែល បន្តទៀតថា ភ្លាមៗនោះ បុរសដែលជាអ្នកបើករថយន្តបង្កហេតុ នៅតែព្យាយាមឡើងរថយន្ត ដើម្បីរត់គេចចេញពីកន្លែងកើតហេតុ។ ខណៈពេលឃើញដូច្នេះ សមត្ថកិច្ចមូលដ្ឋាន ក៏ចូលទៅឃាត់ស្រាប់ តែបុរសរូបនោះ ទះក្បាលសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចមូលដ្ឋានចាប់វាយខ្នោះតែម្តង។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ ការទៅតាមផ្លូវច្បាប់៕

RELATED ARTICLES