ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ក្រាំងពង្រ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជាមុខសញ្ញាប្លន់ និងចែកចាយគ្រឿងញៀន ខណៈពេលឃើញគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជនសង្ស័យជិះម៉ូតូរត់គេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រខណ្ឌដង្កោ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុមានកម្លាំងនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ក៏បានឃើញមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌សពាក់ស្លាកលេខភ្នំពេញ១FI៤០៣៤ ធ្វើដំណើរពីលិចទៅកើតមកដល់ក្បែរគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ស្រាប់តែឃើញជនសង្ស័យបត់ម៉ូតូត្រឡប់ក្រោយវិញសមត្ថកិច្ចមានការសង្ស័យដេញតាមជនសង្ស័យដែលអង្គុយនៅខាងក្រោយបានបោះចោលកាំភ្លើងខ្លីមួយដើមម៉ាក ប៉េអូរវិត ចូលក្នុងទឹកប្រឡាយតាមចិញ្ចើមផ្លូវហើយបានផ្ដួលម៉ូតូរត់គេចខ្លួនបាត់ម្នាក់សមត្ថកិច្ចបានដេញចាប់និងឃាត់ខ្លួនបានម្នាក់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលក្រាំងពង្រ ឆែកឆេររកឃើញមានជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយនិងកាំភ្លើង១ដើម ព្រមទាំងម៉ូតូមាកMSXមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាននាំខ្លួនយកមកសាកសួរនិងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលក្រាំងពង្រ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ខដង្កោចាត់ការទៅតាមច្បាប់៕ ណន អ៊ាត