Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីខ្មែរប្តឹងប្រុសចិន ចោទរួមភេទ២ដង ឆ្លងអេដស៍ អស់៥៩០០ដុល្លារ

ស្រីខ្មែរប្តឹងប្រុសចិន ចោទរួមភេទ២ដង ឆ្លងអេដស៍ អស់៥៩០០ដុល្លារ

ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិន ម្នាក់ បានអះអាងថា ខ្លួនបានហៅនារីជាជនជាតិខ្មែរម្នាក់ ទៅរួមភេទ លើកទី១ ឲ្យ ៣០០ដុល្លារ លុះលើកទី២ ស្រាប់តែនាងលួចលុយរបស់ខ្លួនអស់ចំនួន ៥៦០០ដុល្លារ (សរុបអស់ ៥៩០០ដុល្លារ) ហើយខ្លួនថែមទាំងបានឆ្លងមេរោគអេដស៍ ពីនារីនោះទៀត។ ប៉ុន្តែករណីនេះ ត្រូវបាននារីម្នាក់ នោះចេញមុខច្រានចោលការចោទប្រកាន់ ដោយនាងបានបង្ហាញលទ្ធផលធ្វើតេស្តឈាម (អវិជ្ជមានមេរាគ អេដស៍) និងបានដាក់ពាក្យប្តឹងបុរសជាជនជាតិចិននោះទៀតផង។

នារីដែលត្រូវបុរសជនជាតិចិន ចោទប្រកាន់ថាបានចម្លងមេរោគអេដស៍ និងលួចលុយ ៥ពាន់ដុល្លារនោះ  មានឈ្មោះ ថ.ស.ល អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានលំនៅបច្ចុប្បន្ន សង្កាត់លេខ៤ ក្រុងព្រះ សីហនុ។ ចំណែកភាគីបុរសជនជាតិចិន មានឈ្មោះលី ស៊ីលីន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសជនជាតិចិន ឈ្មោះលី ស៊ីលីន បានបង្ហោះរូប ប្រូ ហ្វាលហ្វេសប៊ុក របស់នារីជាជនជាតិខ្មែរ ឈ្មោះ ថ.ស.ល ដោយភ្ជាប់ជាមួយនឹងសំណេរថា «គាត់និងខ្ញុំ បានជួបគ្នានៅលើ TikTok នៅថ្ងៃទី២៨ ខែកញ្ញា។ នាងកំពុងធ្វើការនៅក្រុងប៉ោយប៉ែត នៅពេលនោះ ប៉ុន្តែនាងលាលែង ប៉ុន្មានថ្ងៃក្រោយមក ហើយត្រឡប់មកភ្នំពេញ វិញ។ យើងបានរួមភេទម្តង នៅភ្នំពេញ ហើយខ្ញុំឲ្យនាង ៣០០ដុល្លារ នៅថ្ងៃទី២៤ ខែតុលា ជាលើកទីពីរ ដែលយើងរួមភេទ នាងបានយក $5600 ពីកាបូបខ្ញុំ ពេលខ្ញុំគេង»។

បុរសដដែល បានសរសេរបន្ថែមថា “ស្ត្រីនេះមានជំងឺអេដស៍ ឥឡូវនេះខ្ញុំក៏ឈឺដែរ។ ហេតុអ្វីខ្ញុំសំណាងម៉្លេះ? នាងបានលួចលុយចំនួន ៥៦០០ដុល្លារអាមេរិក ហើយនាងបានឆ្លងមេរោគអេដស៍ ខ្ញុំសោកស្តាយដែលបាន ស្គាល់នាង…”។

បន្ទាប់មក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសជនជាតិចិន ខាងលើ បានសរសេរបន្ថែមទៀតថា “ខ្ញុំទើបតែ ទទួលបានសារពីនាង គំរាមខ្ញុំ។ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ បើខ្ញុំមិនបង្ហោះអ្វីប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំត្រូវគេ សម្លាប់ហើយ។ ខ្ញុំគ្មានគ្រួសារ ឬមិត្តភក្តិនៅជុំវិញខ្ញុំទេ។ ឥឡូវខ្ញុំមានជំងឺអេដស៍ ទៀតហើយ។ តើខ្ញុំធ្វើអ្វី តើអ្នក ណាអាចជួយខ្ញុំបាន…”។

ជាការឆ្លើយតប នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សាមីខ្លួននារីជនជាតិខ្មែរ ដែលរងការចោទប្រកាន់ពីបុរសចិន ខាងលើ បានបង្ហោះពាក្យបណ្តឹងមួយច្បាប់ ព្រមទាំងលទ្ធផលតេស្តឈាមរកមេរោគអេដស៍ (អវិជ្ជមានមេរោគ អេដស៍) ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន និងច្រានចោល រាល់ការចោទប្រកាន់ពីបុរសជនជាតិចិនខាងលើ។

ចំពោះពាក្យបណ្តឹងរបស់នារីជាជនជាតិខ្មែរ ឈ្មោះ ថ.ស.ល នោះ ភេទមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖នាងខ្ញុំឈ្មោះ ថ.ស.ល ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ លំនៅបច្ចុប្បន្ន សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សូមគោរពជូនមក ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជាទីគោរពដ៏ខ្ពង់ខ្ពស់ !

កម្មវត្ថ ៖ សុំប្តឹង ករណីបរិហារកេរ្តិ៍។

តបតាមកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូនឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នង ការនគរបាលខេត្ត មេត្តាជ្រាប ថា ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧ៈ០០នាទី នាងខ្ញុំបានឃើញជនជាតិចិន ឈ្មោះលី ស៊ីលីន (ជាអក្សរចិន) បានយករូបនាងខ្ញុំទៅផុសបរិហារកេរ្តិ៍ជាច្រើន មានដូចជានារីរកស៊ីផ្លូវភេទ និងចោទនាងខ្ញុំជាចោរ បានលួចលុយចំនួន ៥៦០០ដុល្លារ និងថែមទាំងចោទ ប្រកាន់ថា នាងខ្ញុំមានផ្ទុកជំងឺអេដស៍ ថែមទៀតផង។ មូលហេតុដែលស្គាល់នាងខ្ញុំ តាមរយៈលេងតិកតុក ដោយនាងខ្ញុំឃើញគាត់ឆាតមកលេងខ្ញុំ និងសួរនាំនាងខ្ញុំថា មានការងារធ្វើឬអត់ ចំពេលនាងខ្ញុំកំពុង អត់ការងារធ្វើផង ក៏បានឆាតជាមួយគាត់ជាហូរហែ ដោយបានឯកភាពគ្នាថា ទៅធ្វើការនៅសណ្ឋាគារគាត់ នៅភ្នំពេញ តែដោយមើលទៅសភាពការណ៍មិនល្អ នាងខ្ញុំក៏សម្រេចចិត្តមិនទៅវិញ តែនាងខ្ញុំមិនដែល បានជួបគ្នាផ្ទាល់ឡើយ។ ក្រោយពីផ្តាច់ទំនាក់ទំនងជាមួយហើយ ក៏ឃើញសារព័ត៌មានឈ្មោះ CNM បានផ្សាយតាមហ្វេសប៊ុក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំជាខ្លាំង។ ហេតុដូច នេះ ស្នើសុំឱ្យសមត្ថ កិច្ចជួយស្វែងរកជនល្មើសខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរ បាលខេត្ត មេត្តាជួយសម្របសម្រួលដោយក្តីអនុគ្រោះ។

សូមឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ ខ្ពស់អំពីនាងខ្ញុំ…៕

RELATED ARTICLES