Thursday, January 23, 2025
Homeព័ត៌មានជាតិអ្នកសម្ដែងកាត់សក់ រិះគន់សាន សុជា រឿងចង់កែប្រពៃណីមង្គលការខ្មែរ

អ្នកសម្ដែងកាត់សក់ រិះគន់សាន សុជា រឿងចង់កែប្រពៃណីមង្គលការខ្មែរ

ភ្នំពេញៈ បន្ទាប់ពីអន្ទិតសាន សុជា យកថ្ងៃរៀបការរបស់ខ្លួន កាលពីពេលថ្មីៗនេះ បង្ហាញថ្លែងការទើសនឹងប្រពៃណីអាពាហ៍ពិពាហ៍របស់ខ្មែរ ជាពិសេសនិយាយប្រមាថទេវតា អ្នកសម្ដែងក្នុងពិធីកាត់សក់ កណ្ដាល ហើយថែមទាំងបានអួតចិញ្ចៀនរៀបការ ហើយចង់កែប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ នោះមក  បានធ្វើឲ្យមហាជន ផ្ទុះការរិះគន់ព្រោងព្រាត ជាពិសេសពីក្រុមភ្លេងបុរាណ និងច្រៀងសម្ដែងកាត់សក់ ក្នុងពិធីមង្គលការ ។  

សូមរំលឹកថា អន្ទិតសាន សុជា អតីតព្រះធម្មកថិកល្បី ដែលលាចាកសិក្ខាបទបានជាង២ខែ  បានភ្ជាប់ពាក្យជាមួយនារីរូបស្រស់ ជាកូនអ្នកស្រុកសៀមរាប ឡៅ ដានេ នោះ បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃអាទត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីព្រឹក នៅសាលមង្គលលំដាប់ថ្មី ផ្លូវក្រវាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។  ពិធីអាពាហ៍ពិពាហ៍របស់អន្ទិតសាន សុ​ជា និង​ភរិយា មាន​គគ្រឹកគគ្រេង​ ក្រោម​វត្តមាន​ភ្ញៀវកិត្តិយសចូលរួម​យ៉ាង​ច្រើន​កុះករ ។ ប៉ុន្តែស្របពេលជាមួយគ្នា​នោះ​ បែរ​ជា​រង​នូវ​ពាក្យ​រិះគន់ពីមហាជនជា​ច្រើន​ ដែលបង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​អន្ទិត​សាន សុជា​ ដែលបានថ្លែងនៅក្នុងថ្ងៃរៀបការ ប្រមាថដល់ទេវតា និងអ្នកសម្ដែងក្នុងពិធីកាត់សក់បង្ក់សិរី  ។

អន្ទិតសាន សុជា បាននិយាយនៅពេលនោះថា លោកមិនចង់ឲ្យមានពិធីកាត់សក់ដែលអ្នកសិល្បៈបុរាណ (អ្នកសម្ដែង) តែងតួជាទេវតា និងទេពធីតា យកកន្រ្តៃមាស កន្រ្តាក់ប្រាក់ កញ្ចក់ទិព្វ កំបិតកោ ចុះមកឋានកណ្ដាល ឲ្យពរកូនកំឡោះ កូនក្រមុំ ក្នុងថ្ងៃសិរីមង្គលនោះទេ តែធ្វើម៉េចបើអ្នកសម្ដែងពិធីកាត់សក់នោះ គ្នាចេះតែប៉ុណ្ណឹង ។ ជាមួយគ្នានេះ អន្ទិតសាន សុជា បានលើកដៃអួតបង្ហាញចិញ្ចៀនពេជ្ររៀបការ ដោយនិយាយប្រមាថទេវតា ថាបើទេវតាឲ្យពរ លោកអត់បានអីទេ តែបើមនុស្សឲ្យ ទើបលោកបានភ្លាម ហើយថែមទាំងថា បើទេវតាមែនទែនមក លោកនឹងដេញឲ្យទៅវិញទៀតផង ។

លោកសាន សុជា បានថ្លែងនៅពេលនោះថា “ តាំងពីខ្ញុំនៅជាព្រះអង្គសាន សុជា ម្ល៉េះ ខ្ញុំតែងតែព្រួយបារម្ភជាងគេ ពិធីមួយហ្នឹង ។ អ៊ីចឹងក៏សុំអធ្យាស្រ័យបងៗក្រុមភ្លេងបន្តិចដែរ ដោយសារខ្ញុំបានប្រាប់អ៊ំអាចារ្យ ឲ្យទៅខ្សឹបប្រាប់ថាមិនបាច់ដើរតួទេវតាអីទេ ប៉ុន្តែខ្ញុំក៏សុំអភ័យទោស ដោយសារពួកបងចេះអ៊ីចឹង វាធ្លាប់មាត់តែអ៊ីចឹង ខ្ញុំអត់ប្រកាន់អីទេ មានតែសុំទោសទៅវិញអ៊ីចឹងណា! កុំអន់ចិត្តអន់ថ្លើមអីណា! ហ្នឹងហើយ! ខ្ញុំយល់!​ ថារត់មាត់អ៊ីចឹង ដល់ពេលអត់ឲ្យច្រៀងថាអ៊ីចឹង មិនដឹងច្រៀងថាម៉េច អត់ឲ្យនិយាយថាអ៊ីចឹង មិនដឹងនិយាយថាម៉េច តែខ្ញុំអរគុណម្យ៉ាងទៀតនោះ គឺបងៗអត់ប្រើពាក្យអាសអាភាសអ៊ីចឹងណា! ខ្ញុំព្រួយអាហ្នឹងមួយទៀត ព្រោះនៅក្នុងពិធីកាត់សក់ដ៏ច្រើនហ្នឹង ដើម្បីឲ្យគេសើចហ្នឹង ក្រៅពីពាក្យអាសអាភាស មិនដឹងនិយាយអីទេ ហ្នឹងហើយ! មិញអរគុណមែនទែនកន្លែងហ្នឹង ខ្ញុំខ្មួលៗក្នុងពោះ ប៉ុន្តែកាត់អាហ្នឹងចេញ ។ ប៉ុន្តែខ្ញុំស្ដាប់បណ្ដើរ គិតបណ្ដើរ ខ្ញុំកោតចាស់បុរាណយើងចេះបង្កើតនូវវប្បធម៌ដែលធ្វើឲ្យសប្បាយ ដែលធ្វើឲ្យមានការជួបជុំ ក៏បង្កប់នូវអត្ថន័យនៃការដឹងគុណ ។ គ្រាន់តែខុសតែបន្តិចទេ ខុសតែបន្តិច អត់បានយកមាគ៌ាព្រះពុទ្ធមកដាក់ យកអាបួងសួងច្រើនជាង “ ។

អន្ទិតសាន សុជា បានលើកដៃអួតបង្ហាញចិញ្ចៀន ហើយបានថ្លែងបន្តថា “ ទេវតាឲ្យពរខ្ញុំ ខ្ញុំអត់បានទេ តែបើមនុស្សឲ្យពរខ្ញុំ បានភ្លាម មិញនេះ! ហាសៗ ឃើញទេ? ហ្នឹងហើយ! ខ្ញុំរាប់អានតែមនុស្សទេវតាទេ ទេវតាមែនទែន ជូនបុណ្យឲ្យទៅវិញចុះ! តែបើមនុស្សមានចិត្តជាទេវតា នេះ! មិនដឹងប៉ុន្មានទេ ខ្ញុំមិនដឹងតម្លៃប៉ុន្មានទេ ។ អ៊ីចឹងយ៉ាងណា ក៏ខ្ញុំនៅតែគោរពសរសើរចំពោះបុព្វបុរសយើងដែលអាចបង្កើតនូវវិធីអ៊ីចឹង ប៉ុន្តែគ្រាន់ថា ស្ដាប់អត្ថន័យទៅ យើងដឹងថា បានសរុបតែមួយមុខ គឺបំណងល្អ ចង់ឲ្យពួកខ្ញុំបានសុខ តែប៉ុណ្ណឹងទេណា បំណងល្អណា គឺចង់ឲ្យពួកខ្ញុំហ្នឹងបានសុខ ហើយម្យ៉ាងទៀតក៏របៀបដូចជាឲ្យញាតិមិត្តហ្នឹងមានមេត្តាធម៌ ចេះឲ្យពរ ឲ្យជ័យអីអ៊ីចឹង ដោយការរាប់អានគ្នា អាហ្នឹងជាគុណប្រយោជន៍ដែលខ្ញុំមើលឃើញ មិនមែនអត់ប្រយោជន៍សោះទេ ប៉ុន្តែនៅក្នុងពាក្យទាំងអស់នោះអត់ពិតទេ ខ្ញុំនៅតែប្រកាន់គោលការណ៍អ៊ីចឹង តែខ្ញុំនៅតែឲ្យធ្វើ ដើម្បីខ្ញុំអង្គុយស្ដាប់តាំងពីដើមដល់ចប់ តើធ្វើអីខ្លះ? ហ្នឹងហើយ! ដើម្បីខ្ញុំគិតផ្ចង់ ថាយើងគួរបន្ថែមអី បន្ថយអី ដើម្បីឲ្យវាមានន័យអប់រំកាន់តែល្អជាងហ្នឹងទៀត ។ ឧទាហរណ៍ ពរថា…អានេះខ្ញុំសុំនិយាយណា! ខ្ញុំសុំទោស! ហ្នឹងអត់អីទេ បង្កើតកូនប្រុស ទៅជាឧកញ៉ា ហើយបើកើតជាកូនស្រី ឲ្យទៅជាលោកជំទាវ ហើយអ្នកណាធ្វើរាស្រ្ត? បើគ្រប់គ្នាបានអ៊ីចឹង អ្នកណាធ្វើរាស្រ្ត? ប៉ុន្តែមិនឲ្យកំហុសទេ ខ្ញុំអត់ឲ្យកំហុសទេ ជាទម្លាប់ដែលយើងចេះមកអ៊ីចឹង ។ បើសិនជាយើងអាចអង្គុយច្នៃពរហ្នឹងឲ្យជាលក្ខណៈ…ខ្ញុំនិយាយនេះ មិនមែននិយាយដល់ពួកបងអ្នកលេងទេ ខ្ញុំនិយាយទៅអ្នករៀបប្រពៃណី ដែលក្នុងការដឹកនាំមនុស្ស ក្នុងពរ ដែលឲ្យច្រៀង ឲ្យអីហ្នឹង ឲ្យវាជាគំនិតឲ្យការគិតពិចារណាជាងហ្នឹង ប្រហែលជាកាន់តែល្អ…” ។

ការថ្លែងរបស់អតីតភិក្ខុសាន សុជា ខាងលើនេះ ធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកសិល្បៈ ដែលពាក់ព័ន្ធនឹងការរកចំណូលពីពិធីមង្គលការ រួមមាន អ្នកភ្លេង អ្នកច្រៀងភ្លេងការ និងតារាកំប្លែង តារាសម្ដែង ដែលគេជួលទៅសម្ដែងក្នុងពិធីកត់សក់ បង្កក់សិរីក្នុងពិធីមង្គលការ ដោយមហាជនភាគច្រើន ចាត់ទុកការលើកឡើងរបស់អន្ទិតសាន សុជា ជាការទើសខុសរឿង និងចង់កែនូវអ្វីដែលជាមរតកប្រពៃណីពីដូនតា ដែលបង្ហាញពីចរិតអួងអាង  ធ្វើមើលមានតែខ្លួនឯងម្នាក់ ដែលចេះជាងគេ ។

ក្នុងចំណោមអ្នករិះគន់ទាំងនោះ ក៏មានលោកឈន សៀងហៃ ម្ចាស់តន្រ្តីវង់ភ្លេងបុរាណ និងសម័យ ដែលមានជំនាញចម្រៀងបុរាណ មួយរូប នៅរាជធានីភ្នំពេញ បានធ្វើការរិះគន់អន្ទិតសាន សុជា ចំនួន៤ ចំណុច គឺ១. ទាក់ទងឲ្យមានការធ្វើទេវតាក្នុងពេលកាត់សក់ ២. ក្នុងពេលកាត់សក់ អត់ឲ្យជូនពរកូនប្រុស (កូនកំលោះ) ឡើងជាឧកញ៉ា កូនស្រី (កូនក្រមុំ) ឡើងជាជំទាវ ៣. មិនឲ្យមានពាក្យចំអេសចំអាស និង៤. បើទាស់ច្រើនម្លឹងៗ ឬបំភ្លេចប្រពៃណីនេះចោល មិនបាច់ឲ្យមានភ្ញៀវកិត្តិយសចូលរួមទេ ឲ្យរៀបការតែ២នាក់ ទៅបានហើយ ។ ជាពិសេសលោករិះគន់ខ្លាំង ត្រង់ដែលអន្ទិតរូបនេះថា អត់ប្រកាន់ឬចាប់កំហុសអ្នកភ្លេង ពីរឿងធ្វើទេវតានទេ ព្រោះចេះតែប៉ុណ្ណឹង ។

លោកឈន សៀងហៃ បានបង្ហោះវីដេអូនៃការថ្លែងរបស់អន្ទិតសាន សុជា ដែលទើសរឿងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដោយភ្ជាប់ជាមួយសំណេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “គាត់បួសយូរពេកទេដឹង បានទៅជាអ៊ីចឹង? ជូនពរក៏ខុស ចង់កែប្រពៃណីខ្មែរពីដូនតាមកទៀត ហើយថាឲ្យអ្នកភ្លេងថាអត់ប្រកាន់ទេ ព្រោះចេះតែប៉ុណ្ណឹង…។ ខ្ញុំដាក់សំណួរប៉ុន្មានចំណុចថា: ទី១. បើពេលកាត់សក់មិនឲ្យធ្វើទេវតា មិនឲ្យធ្វើតាមទម្រង់ជើងការកម្មវិធីកាត់សក់ តើឲ្យធ្វើម៉េច? គាត់បង្កើតអីថ្មីហី? ឬកម្មវិធីកាត់សក់គាត់ច្រៀងរ៉េបបទបងវ៉ាន់ដា? ហើយថាអ្នកភ្លេងចេះតែប៉ុណ្ណឹង បើមិនឲ្យច្រៀងអ៊ីចឹង អត់ដឹងច្រៀងថាម៉េច ចុះកាលអ៊ំបួសហ្នុងប្រើធម៌អីផ្សេងក្រៅពីធម៌ព្រះពុទ្ធ? មិនចេះតែប៉ុណ្ណឹងដូចគ្នា? ទី២.អត់ឲ្យជូនពរថា កាត់កូនប្រុសឡើងជាឧកញ៉ា កាត់កូនស្រីឡើងជាជំទាវ អ៊ីចឹងបើថាកាត់គាត់ទាំងពីរហើយឡានអូសគាត់ព្រមអត់? ទី៣.កម្មវិធីកាត់សក់លេងកំប្លែងចម្អេះចម្អះដោយមនុស្ស ដោយបរិបទជាក់ស្តែងតាមស្រុកភូមិ និងតាមតម្រូវការម្ចាស់កម្មវិធីទេ មិនមែនអ្នកភ្លេងទាំងអស់សុទ្ធតែបែបនេះទេតា និងទី៤.បើចេះច្រើនម្លឹងៗមិនការតែពីរនាក់ហ្នុងទៅ រៀបចំបែបបទប្រពៃណីធ្វើអី? និយាយតាមត្រង់ កាលពីអ៊ំបួស ខ្ញុំស្តាប់ខ្លះ តែតាំងពីសឹកមក ឃើញអាបទពេលបងចាស់ទៅ ថ្ងៃភ្ជាប់ពាក្យមក មានអារម្មណ៍ថា ភ្លាវតាំងពីថ្ងៃនោះ ដល់ពេលការ ភ្លាវលើសដើម សំណាងណាស់ មិនប៉ះក្រុមភ្លេងខ្ញុំ រើមកផ្ទះ ទុកឲ្យប្រពន្ធអ៊ំឯងច្រៀងតែឯងឥឡូវហ្នឹង “ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកឈន សៀងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្មវិធីកាត់សក់ ក្នុងចំណោមកម្មវិធីជាច្រើនទៀត នៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលបន្សល់ទុកតាំងពីដើមមក មិនអាចលុបបំបាត់ទេ គឺមានតែថែរក្សា ហើយអភិវឌ្ឍឲ្យកាន់តែល្អជាងមុនទៀត ។

លោកឈន សៀងហៃ បានមានប្រសាសន៍ថា​ “ បាទ! និយាយទៅ អ្វីដែលខ្ញុំបានលើកឡើងហ្នឹង គឺខ្ញុំអត់មានអីផ្សេងពីហ្នឹងទេ គ្រាន់តែថា ក្នុងនាមខ្ញុំជាអ្នកសិល្បៈ ជាអ្នកចម្រៀងផ្នែកខាងបុរាណហ្នឹង គ្រាន់តែថា អ្វីដែលយើងធ្វើហ្នឹង វាជាទំនៀមទម្លាប់ពីបុរាណ ហើយយើងធ្វើឡើងពីបុរាណតៗគ្នាមក ។ អ៊ីចឹងនៅក្នុងកម្មវិធីកាត់សក់ហ្នឹង ពេលដែលអ្នកចម្រៀងគាត់ឡើងទៅ ធ្វើជាទេវតា ធ្វើអីហ្នឹង គាត់និយាយរួចហើយថា គាត់ជាតំណាងឲ្យទេវតា គាត់មិនបានតាំងខ្លួនគាត់ជាទេវតាទេ ។ អ៊ីចឹងបាននៅក្នុងកម្មវិធីកាត់សក់ហ្នឹង មានចំណុចកន្លែងហ្នឹង ហើយអ្វីដែលខ្ញុំចង់និយាយហ្នឹង គឺគាត់និយាយថា អ្នកភ្លេង អ្នកចម្រៀងអីហ្នឹង ដោយសារចាំមាត់ រត់មាត់តែអ៊ីចឹង បើអត់ឲ្យលេងអ៊ីចឹង អត់ឲ្យច្រៀងអ៊ីចឹង អត់ដឹងច្រៀងថាម៉េច ។ អ៊ីចឹងបានខ្ញុំចង់សួរទៅកាន់គាត់វិញថា អាហ្នឹងវាជាទំនៀមតៗគ្នា ដល់ពេលក្មេងជំនាន់ក្រោយ គាត់រៀន គាត់ធ្វើទៅ ក៏វាអ៊ីចឹងដូចគ្នា ។ អ៊ីចឹងបានចង់សួរថា ពេលដែលគាត់បួសហ្នឹងក៏ប្រើធម៌ដូចតែគ្នាទេ ជាទំនៀមប្រពៃណី ពេលដែលគាត់បួស គាត់ប្រើធម៌ពីព្រះពុទ្ធមក មិនរត់មាត់ទៅអ៊ីចឹងដូចគ្នា? គឺប្រើទៅអ៊ីចឹងដូចគ្នាទេ វាអត់អាចបង្កើតជាស្អីផ្សេងបានទេ ហើយអ្នកចំណុចមួយទៀត អ្នកកំប្លែងកាត់សក់អីអ៊ីចឹង គាត់ថា មានកន្លែងខ្លះប្រើពាក្យចំអេសចំអាសអីអ៊ីចឹង គាត់គ្រាន់តែលើកឡើងទេ ប៉ុន្តែជាក់ស្ដែងថ្ងៃមង្គលគាត់ហ្នឹង គឺអត់មានប្រើពាក្យចំអេសចំអាចអីអ៊ីចឹងទេ តែចំណុចហ្នឹងក៏ខ្ញុំចង់និយាយដែរថា ពាក្យលេងកំប្លែងហ្នឹងគឺដោយមនុស្សទេ មិនមែនទាំងអស់ទេ អ្នកខ្លះគាត់លេងអ៊ីចឹងមែន ហើយជាពិសេសនៅតាមជនបទស្រុកស្រែយើងពីជំនាន់មុនអី គឺលេងអ៊ីចឹងមែន ប៉ុន្តែជាក់ស្ដែងក្មេងជំនាន់ក្រោយ គឺអត់ទេ គាត់គោរពខ្ជាប់ខ្ជួនណាស់ កាត់សក់គឺលេងតាមទម្រង់ ជាទម្រង់ប្រពៃណីរបស់យើង អត់មានឡើងកាំប្លែងរញ៉េរញ៉ៃដូចអ្វីដែលគាត់បាននិយាយទេ ឥឡូវលែងមានហើយ ហើយពាក្យជូនពរ ក៏ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងពីដើមមកអ៊ីចឹងដែរ ។ នៅក្នុងថ្ងៃមង្គល គឺយើងចាំបាច់ប្រើពាក្យមង្គល អត់មានប្រើពាក្យអពមង្គលបានទេ ។ អ៊ីចឹងហើយបានជាអ្នកចម្រៀងកាត់សក់ហ្នឹង ពេលដែលជូនកន្រ្តៃ ជូនអីហ្នឹង គឺជូនពរទៅកូនប្រុសកូនស្រី ឲ្យឡើងជាជំទាវ ឲ្យឡើងជាឧកញ៉ា មានលាភ មានជ័យ មានសិរីសួស្ដីនៅក្នុងថ្ងៃមង្គលរបស់គាត់ ហើយដល់ពេលយើងជូនពរហើយ គាត់ (សាន សុជា) និយាយថា ចុះបើធ្វើឧកញ៉ា ធ្វើជំទាវអស់ អ្នកណាធ្វើរាស្រ្ត? អ៊ីចឹងមានន័យថា ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា លោកជំទាវរាល់ថ្ងៃហ្នឹងមិនមែនរាស្រ្តទេឬ? ជាស្ដេចឬ បើគាត់និយាយអ៊ីចឹង? អ៊ីចឹងអាហ្នឹងជាពាក្យជូនពរ ពាក្យមង្គល និយាយមួយម៉ាត់ទៅ អ្វីដែលយើងចង់និយាយហ្នឹង គឺមង្គលសំខាន់បំផុត ព្រោះអីកម្មវិធីរបស់យើង កម្មវិធីមង្គល “ ។

លោកឈន សៀងហៃ បន្តថា “ និយាយទៅ ប្រពៃណីធ្វើប្លុងតុងតំណាងទេវតាចុះកាត់សក់ ក្នុងពិធីមង្គលការនេះ វាពិតជាសំខាន់ ។ ក្នុងនោះផ្នែកវប្បធម៌ គឺពួកយើងបានលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ដូនតាពីដើមមក បង្ហាញមកពិភពលោក ក៏ដូចជាពេលខ្លះទៅ មានភ្ញៀវបរទេសចូលរួមក្នុងកម្មវិធីមង្គលការអីអ៊ីចឹង ក៏គាត់បានឃើញថា ប្រពៃណីខ្មែរល្អផូរផង់ណាស់​ ធ្វើអ៊ីចឹងៗទៅ វាល្អ មានប្រយោជន៍សម្រាប់សង្គមយើង ជាពិសេសបានអភិរក្ស និងថែរក្សាអ្វីដែលជាប្រពៃណីទំនៀមទម្លាប់បន្សល់ទុកពីដូនតា ឬធ្លាប់មានពីមុនមក ។ ទី២ វាបានជួយដល់អ្នកសិល្បៈដែរ ព្រោះអីការងារអ្នកសិល្បៈ ដឹងស្រាប់ហើយ មានតែប៉ុណ្ណឹង ជាពិសេសប្រពៃណីហ្នឹង គឺរកបានតែខែប្រាំងនោះទេ ខែវស្សាអត់បានទេ ។ ដូច្នេះវាសំខាន់ កម្មវិធីកាត់សក់ក៏សំខាន់ ហើយនៅក្នុងកម្មវិធីមង្គលការទាំងមូលជារួមហ្នឹង កម្មវិធីសំខាន់ៗច្រើនណាស់ បន់ស្រន់សំពះបួងសួងសុំពរពីទេវតា ពីអីហ្នឹង គឺមានច្រើន ។ សូម្បីតែចូលឆ្នាំខ្មែរ ក៏ប្រពៃណីយើងមានទទួលទេវតាដែរ ។ អ៊ីចឹងបានជាក្នុងកម្មវិធីមង្គលការ មានកាត់សក់ មានអីអ៊ីចឹង ។ ដូច្នេះជារួមចុងក្រោយ សម្រាប់ខ្ញុំអត់មានអីសំណូមពរ ឬមួយក៏អត់មានអីផ្សេងពីហ្នឹងទេ មានតែប៉ុណ្ណឹងទេ គ្រាន់តែសំដៅលើបញ្ហាប៉ុណ្ណឹងថា កម្មវិធីមង្គល គឺមានតែប៉ុណ្ណឹង ហើយកម្មវិធីមង្គលហ្នឹង គឺមានច្រើន មិនមែនមានតែកាត់សក់ហ្នឹងមួយទេ មានតាំងពីជំនូនពេលព្រឹក និយាយជើងការអីផ្សេងៗ កម្មវិធីបំពាក់ចិញ្ចៀន កម្មវិធីច្រើនណាស់ ក្នុងពិធីមង្គលការនោះ ដូចជាមានពិធីសែនក្រុងពលី ជាវខាន់ស្លា ជាដើម ។ អ៊ីចឹងចង់និយាយថា ក្មេងជំនាន់ក្រោយ ក៏ដូចជាខ្ញុំជាអ្នកសិល្បៈម្នាក់ដែរខាងបុរាណអ៊ីចឹង ខំព្យាយាម ខំរៀនអីអ៊ីចឹង មិនមែនមួយថ្ងៃចេះទេ ជំនាញអស់ហ្នឹងពិបាកណាស់ ហើយក៏កម្រមានអ្នកចេះដែរ ខាងបែបបុរាណ ។ អ៊ីចឹងពួកយើងខំប្រឹងថែរក្សា ខំប្រឹងអីអ៊ីចឹង គ្រាន់តែចង់ឲ្យបងប្អូនគាត់បើកចិត្តយល់ថា កម្មវិធីគឺអ៊ីចឹង ជាពិសេសចង់និយាយថា សម័យនេះ មិនមែនដូចពីមុន ឡើងទៅកាត់សក់​ ចំអេសចំអាចដូចអ្វីដែលគេនិយាយទេ ។ យើងអត់មានលុបបំបាត់ទេ មានតែថែរក្សា ហើយអភិវឌ្ឍឲ្យកាន់តែល្អជាងមុនទៀត អត់មានប្រើពាក្យចំអេសចំអាសទេ “ ។

ជាមួយគ្នានោះដែរ ​អ្នក​ស្រីលុយ សារីនណា ភរិយារបស់លោកស៊ុក សុភា អតីតតារាសម្ដែងល្បី ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានធ្វើការរិះគន់អន្ទិតសាន សុជា ដោយចំៗ​ថា ​អ្នក​ស្រីមិន​ដែល​ឃើញ​មនុស្ស​ប្រុស​អួត​ចិញ្ចៀន​នៅក្នុងថ្ងៃមង្គលរបស់ខ្លួន ដូចអន្ទិតសាន សុជា នោះ​ឡើយ ហើយធ្លាប់ជាធម្មកថិកសម្ដែងធម៌ដ៏ល្បី ឬធ្លាប់ជាអ្នកបួសដែលមានការប្រាថ្នាតិច មិនសមណាត្រេកត្រអាល សប្បាយអរនឹងរបស់ក្រៅខ្លួនបែបនេះទេ ។

អ្នក​ស្រីលុយ សារីនណា បានបង្ហោះវីដេអូដែលលោកសាន សុជា លើកដៃអួតចិញ្ចៀនរៀបការ និងថ្លែងប្រមាថទេវតា នៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ស្រី ជាមួយសំណេរថា “ តាំងពីកើតមក អត់ដែលឃើញខាងប្រុសណា អួតអំពីចិញ្ចៀនដែលបានទទួលទេ មានតែមនុស្សស្រីទេ ដែលអួតទៅសម។ ហេតុតែគ្នាមិនដែលបានស្គាល់ពេជ្រ អាសូរតែកែវភ្នែកខាងស្រីទេ ដែលមិនបានលើកចិញ្ចៀនអួត។ មិនគួរណាយកមនុស្សទៅប្រៀបធៀបជាមួយនឹងទេវតា ហើយមើលងាយទេវតាអ៊ីចឹងសោះ!!! ទេវតាសួរថា៖ តើទេវតា លោកខុសអី បានជាដៀមដាមថាឲ្យលោករហូតអញ្ចឹង??? “ ។

ដោយឡែក លោកអ៊ុក សុវណ្ណារិទ្ធ ហៅនាយចាបចៀន តារាកំប្លែងជើងចាស់ ដែលល្បីឈ្មោះតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និងកំពុងមមាញឹកក្នុងកម្មវិធីកាត់សក់ ក្នុងរដូវរៀបការនេះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកមិនមានអីទៅតបតជាមួយអ្នកណាទេ គ្រាន់តែចង់បញ្ជា បើឲ្យទៅបំបាត់ប្រពៃណីខ្មែរ លោកមិនគាំទ្រទេ ព្រោះយើងត្រូវការអភិរក្ស និងអភិវឌ្ឍ ។

លោកអ៊ុក សុវណ្ណារិទ្ធ ហៅនាយចាបចៀន បានមានប្រសាសន៍ថា “ បាទ! ខ្ញុំអត់មានអីតបតផង ប៉ុន្តែគ្រាន់តែខ្ញុំមានទម្លាប់ខ្លួនឯងមួយ កាលណាយើងធ្វើអី យើងត្រូវដឹងថា ពិធីមង្គល គឺជាថ្ងៃសិរីសួស្ដីរបស់គេ អ៊ីចឹងយើងមិនអាចទៅធ្វើអីដូចអ្នកនេះថា អ្នកនោះថា ទៅជាអាសអាភាសម៉េច អាហ្នឹងរឿងគេទេ ខ្ញុំមិនដឹង ប៉ុន្តែបើខ្លួនខ្ញុំៗប្រយ័ត្នណាស់ ហើយក៏ខ្ញុំអត់ដែលតាំងខ្លួនឯងជាទេវតាអីទេ គឺថា នៅក្នុងពិធីកាត់សក់ ខ្ញុំតែងតែថា ខ្ញុំហ្នឹងជាប្លុងតុង ឬជាបម្រើរបស់ទេវតា ខ្ញុំមិនដែលតាំងខ្លួនខ្ញុំជាទេវតាម្ដងណាទេ ក្នុងអាជីពការងារហ្នឹង ។ អ៊ីចឹងខ្ញុំគ្រាន់តែជាបម្រើរបស់ទេវតា ខ្ញុំបំពេញសិរីទៅតាមអ្វីដែលជាប្រពៃណីដូនតារបស់យើងធ្លាប់មានកន្លងមក យើងក៏ធ្វើតាមទៅ អ្នកណាគេត្រូវការយើង យើងក៏ធ្វើតាមបែបផែនហ្នឹងទៅ គឺខ្លួនខ្ញុំមួយ ខ្ញុំតែងតែធ្វើអ៊ីចឹង តែត្រង់គាត់ (សាន សុជា) ថាឲ្យអ្នកណា អាហ្នឹងជារឿងសិទ្ធិរបស់គាត់និយាយទេ ខ្ញុំមិនមានអីទៅតបតជាមួយគាត់ទេ តែបើថា ឲ្យទៅបំបាត់ប្រពៃណីអី អាហ្នឹងខ្ញុំមិនគាំទ្រទេ ព្រោះឥឡូវយើងចង់និយាយថា យើងអភិរក្ស និងអភិវឌ្ឍ យើងអត់បដិសេធទេ ប៉ុន្តែបើកន្លែងណាដែលមានជាទំនៀមទម្លាប់ មានជាប្រយោជន៍មកដល់មនុស្សទូទៅក្នុងសង្គម យើងអភិរក្សវាទៅ ។ ខ្ញុំឲ្យឧទាហរណ៍មួយ ឧបមាថា ប្រពៃណីជាតិសាសន៍ខ្លះ អាហ្នឹងខ្ញុំមិនដែលឃើញទេ ខ្ញុំឮតែដូនតានិយាយថា គេឲ្យឡើងលើដើមឈើ ចាស់ទៅ អង្រួនៗធ្លាក់មក យកទៅសម្លាប់ម៉េច អាហ្នឹងខ្ញុំឮតពីគេទេ ខ្ញុំមិនដែលឃើញច្បាស់ផ្ទាល់ភ្នែកទេ អាហ្នឹងក៏ជាប្រពៃណីបែបពូជសាសន៍គេមួយដែរ ប៉ុន្តែសួរថា តើប៉ះពាល់ទេសិទ្ធិមនុស្ស? ប៉ះពាល់! វាមិនដែលអាណាឡើងទៅអង្រួនឲ្យធ្លាក់ដើម្បីយកទៅសម្លាប់ម៉េច អាហ្នឹងបើប្រពៃណីបែបអ៊ីចឹងអី សម្រាប់ខ្ញុំៗក៏អត់គាំទ្រដែរ ហើយយើងធ្លាប់ឮសូរហើយ ថាអារក្ខច្រានទម្លាក់ទឹកឯណា ទៅអារក្ខទឹក អារក្ខភ្នំ អារក្ខសមុទ្រឯណាច្រានទៅៗងាប់ អាប្រពៃណីអ៊ីចឹង ខ្ញុំក៏អត់គាំទ្រដែរ តែប្រពៃណីដូចជាកាត់សក់អី ដូចអត់មានអីប៉ះពាល់ទៅដល់ពិធីមង្គលរបស់គេផង ។ តែបើសិនណាបុគ្គលហ្នឹងប្រើពាក្យមិនសមរម្យដោយប្រការណាមួយ អាហ្នឹងក៏ខ្ញុំអត់គាំទ្រទេ ។ ប៉ុន្តែពេលចុះមកធ្វើប្លុងតុង បម្រើទេវតា ក្នុងពិធីកាត់សក់មង្គលការនោះ អាហ្នឹងធម្មតាដូចចាប៉ី ដូចអាយ៉ៃ ក៏យើងតែងសុំខន្តីអភ័យទោស ក្រែងលោកឆ្គាំឆ្គងដោយប្រការណាមួយ គឺអាហ្នឹងជាភាសាការទូត យើងត្រូវតែប្រើអាហ្នឹងហើយ ប៉ុន្តែដល់ពេលយើងលេង យើងត្រូវប្រយ័ត្នទៅណា! ព្រោះដូចខ្ញុំនិយាយពីដើមអ៊ីចឹង ពិធីមង្គលរបស់គេ យើងមិនអាចទៅចំអេសចំអាស យើងមិនអាចទៅនិយាយអីឲ្យលើសពីអ្វីដែលយើងស្រាវជ្រាវបានហ្នឹងទេ វាទៅតាមជាក់ស្ដែងទៅ ដូចសម្រាប់ខ្ញុំមួយ ខ្ញុំមិនដែលថា ខ្ញុំល្អជាងគេទេ ប៉ុន្តែខ្ញុំក៏ធ្វើការងារហ្នឹងយូរដែរហើយ ខ្ញុំមិនដែលទៅមានបញ្ហាអ៊ីចឹងៗជាមួយអ្នកណាទេ “ ។

នាយចាបចៀន បានមានប្រសាសន៍បន្តថា “ ចំពោះពាក្យខ្ញុំជូនពរ ខ្ញុំមិនដែលជូនពរទេ ព្រោះខ្ញុំសិក្សាក្នុងអក្សរសាស្រ្តមក ស្រាវជ្រាវមក ដូចខ្ញុំអ៊ីចឹងមិនដឹងទៅឲ្យពរគេម៉េចទេ ប៉ុន្តែខ្ញុំអាចបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទៅ ឲ្យយកមកប្រសិទ្ធពរជ័យដល់គូស្វាមីភរិយាអី អាហ្នឹងបាន បើឲ្យខ្ញុំជូនពរ លុះត្រាខ្ញុំហ្នឹងមានបារមីខ្លាំងណាស់ ខ្ញុំជាស្អីមួយអ៊ីចឹង ខ្ញុំវាអស្ចារ្យណាស់ ដែលជូនពរគេ ប្រគេនពរគេ ដូចព្រះសង្ឃប្រគេនពរឲ្យយើងអ៊ីចឹង ជូនពរឲ្យយើងអ៊ីចឹង យើងយកអីប្រគេនព្រះសង្ឃបាន លោកឲ្យពរជ័យមកយើងបាន តែដល់ពេលយើងអត់មានចេះធម៌អាថ៌អីផង យើងទៅជូនពរលោកម៉េច? ឧបមាថា ព្រះមុនីឥសី អ្នកបង្រៀនយើង ជាគ្រូអ៊ីចឹង ឲ្យខ្ញុំជូនពរតាឥសីម៉េច? ប៉ុន្តែខ្ញុំអាចបួងសួងសុំឲ្យវត្ថុស័ក្ដិសិទ្ធិអស្ចារ្យលើកលោកនេះ មកប្រសិទ្ធពរជ័យដល់ព្រះមុនីឥសីអ៊ីចឹងទៅ ដល់ព្រះរាជគ្រូរបស់ខ្ញុំ ដល់អីអ៊ីចឹងទៅ មិនមែនខ្ញុំ! អាហ្នឹងខ្ញុំធ្លាប់ធ្វើអ៊ីចឹង ហើយត្រង់ថា គេពេញចិត្ត មិនពេញចិត្តទេ អាហ្នឹងខ្ញុំមិនដឹងទេ ខ្ញុំមិនចាប់បង្ខំឲ្យគេពេញចិត្តទេ ហើយពាក្យកាំបិតកោរកៃ កន្រ្តៃមាស កន្រ្តៃប្រាក់ កញ្ចក់ទិព្វ ដែលប្លុងតុងទេវតាតែងយកមកប្រើនោះ ខ្ញុំមិនដឹងអត្ថន័យប្រែថាម៉េច ប៉ុន្តែធ្លាប់ឮពីដូនតាយើងមកអ៊ីចឹង គឺហៅថាជាគ្រឿងរបស់បំពេញសិរិអ៊ីចឹងទៅ តែងយកមកកាត់សក់ បង្កក់សិរីទៅ សូមឲ្យគូស្វាមីភរិយាហ្នឹងទទួលនូវអ្វីដែលជាការបង្កក់សិរីអ៊ីចឹងទៅ ។ បើពីដូនតាមកវិញ ពេលកាត់សក់អ៊ីចឹង មិនដែលយកមកកាត់១គូអ៊ីចឹងផង ពីមុននោះ គេកាត់ខាងប្រុសផ្សឹង ខាងស្រីផ្សឹង ពីដើមនោះ គេអត់ដែលអង្គុយលើកៅអីជាមួយគ្នាទេ បើគេកាត់ហ្នឹង មនុស្សស្រីហ្នឹង គេឲ្យអង្គុយលើត្បាល់ ។ ម៉េចបានចាស់ទុំដូនតាយើងឲ្យអង្គុយលើត្បាល់? ពីព្រោះត្បាល់ហ្នឹងកាត់ទៅ វាឲ្យកើតស្រូវ កើតអង្ករមក ដោយសារយើងរស់ដោយសារកសិកម្ម ។ អ៊ីចឹងចាស់ៗដូនតាពីដើម លោកឲ្យខាងស្រីអង្គុយលើត្បាល់ ហើយប្រុសហ្នឹងកាត់នៅក្រោមទេ អត់ដែលទៅកាត់ខាងលើខ្ពស់ដូចកូនស្រីទេ អាហ្នឹងយើងស្រាវជ្រាវពីពិធីកាត់សក់ហ្នឹង វាឃើញអ៊ីចឹង ។ ដល់ពេលស្រុកទេសយើង គេសង្ខេប គេពង្រួញ គេចេះតែធ្វើអ៊ីចឹងទៅ ហើយត្រូវក្រសួងធម្មការ លោកអនុញ្ញាតទៀត យើងក៏តាមហ្នឹងទៅ ជាក់ស្ដែងទៅ ។ ដូច្នេះសម្រាប់ខ្ញុំមួយ ខ្ញុំគ្មានអីទៅបញ្ជាឲ្យគេធ្វើអ៊ីចេះ បញ្ជាធ្វើអ៊ីចុះទេ ប៉ុន្តែកាលណាក្រសួងធម្មការ សម្រេចឃើញម៉េច អាហ្នឹងជាសិទ្ធិរបស់ក្រសួងហើយ ហើយយើងចាំតែធ្វើតាមទៅ “ ។

នាយចាបចៀន បានប្រសាសន៍បន្តទៀតថា “ ដូចខ្ញុំនិយាយអ៊ីចឹង ខ្ញុំអត់មានតបតទៅអ្នកណាទេ គ្រាន់តែជាយោបល់ខ្ញុំផ្ទាល់ គ្រាន់តែអ្វីដែលដូនតាយើងធ្លាប់មានមក បើសិនជាមានប្រយោជន៍ដល់មនុស្សទូទៅក្នុងសង្គម រហូតដល់មនុស្សទៅថ្ងៃមុខទៀត អាហ្នឹងយើងមិនគួរបំបាត់ទេ តើបើដូចខ្ញុំនិយាយខាងដើម ពីប្រពៃណីណាដែលអត់មានប្រយោជន៍ ក៏មិនគួរទុកដែរ ដូចខ្ញុំថា ឡើងដើមឈើរុញឲ្យគ្នាធ្លាក់ អាងយកទៅសម្លាប់អីអ៊ីចឹង បើប៉ះពាល់សិទ្ធិមនុស្ស វាប៉ះខ្លាំងណាស់ មិនគួរឲ្យទុកទេ ។ អានេះជាឧទាហរណ៍ទេ បើជាក់ស្ដែង ដូចខ្ញុំនិយាយអ៊ីចឹង កាលណាមានស្អីកើតជាប្រយោជន៍ទៅដល់សង្គមជាតិ ដល់ប្រពៃណីពូជសាសន៍មួយហើយ យើងមិនគួរទៅបំបាត់ទេ ។ បើអ៊ីចឹងប្រទេសយើងលុបប្រពៃណីបុណ្យអុំទូក លុបប្រពៃណីបុណ្យកឋិន លុបប្រពៃណីភ្ជុំ លុបប្រពៃណីអីអស់ហើយ? មកពីយើងគិតឃើញថាមានប្រយោជន៍ ជាប្រពៃណីរបស់ពូជសាសន៍យើងមួយ ។ ដូច្នេះសូមអធ្យាស្រ័យផង បើការបកស្រាយរបស់ខ្ញុំមិនពេញចិត្តត្រង់ប្រការណាមួយពីអ្នកស្ដាប់ អ្នកអានអី អាហ្នឹងខ្ញុំមិនដឹងធ្វើម៉េចទេ អានេះគ្រាន់តែជាយោបល់ផ្ទាល់របស់ខ្ញុំតែប៉ុណ្ណឹង ខ្ញុំមានតែសុំអធ្យាស្រ័យទេ ព្រោះយើងមិនមែនអ្នកជំនាញ មិនមែនអ្នកបច្ចេកទេស មិនមែនជាអ្នកបណ្ឌិត មិនមែនជាអ្នកខាងវោហាសព្ទទៅពន្យល់គេឲ្យដឹងជ្រៅជ្រះពីអាកិច្ចការអស់ហ្នឹងទេ យើងចេះតៗគ្នាមកទេ “ ។

ជុំវិញការផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋខ្មែរ ជាពិសេសពីអ្នកសិល្បៈ ទាក់ទងនឹងកម្មវិធីកាត់សក់ បង្កក់សិរី ក្នុងទំនៀមទម្លាប់អាពាហ៌ពិពាហ៌ខ្មែរ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីលោកសាន សុជា បានទេ កាលពីល្ងាចម្សិលមិញ ៕

RELATED ARTICLES