ភ្នំពេញ ៖ ក្នុងពិធិរំលឹកខួប១៣ឆ្នាំ នៃការស្លាប់លោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងសារសម្តែង ការសោកស្តាយ និងបន់ស្រន់ឱ្យក្រុមគ្រួសាររបស់ លោកជា វិជ្ជា មានសន្តិភាព និងយុត្តិធម៌។
យោងតាមទំព័រហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានផ្សាយនូវ “សេចក្តី ថ្លែងរបស់លោកឯកអគ្គរដ្ឋទូត Heidt នៅថ្ងៃ ខួបនៃការស្លាប់របស់លោកជា វិជ្ជា” នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ ដែលមានខ្លឹមសារ ថា “ខ្ញុំបានស្គាល់លោកជា វិជ្ជា យ៉ាងច្បាស់ នៅពេលខ្ញុំធ្វើការនៅក្នុងស្ថានទូតអាមេរិក ពី ឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។ នៅពេលនោះ ខ្ញុំគឺជាមន្ត្រីទទួលបន្ទុកបញ្ហាការងារនិងសេដ្ឋកិច្ច ហើយលោកជា វិជ្ជា គឺជាប្រធានសហជីព សេរី។ យើងបានជួបគ្នាញឹកញាប់ ដើម្បីពិភាក្សា ពីការអភិវឌ្ឍនៃសហជីព នៅប្រទេសកម្ពុជា។ យើងមិនបានយល់ ស្របគ្នាលើគ្រប់បញ្ហាទេ តែខ្ញុំតែងតែជឿថា លោកគឺជាសំឡេងដ៏ពិតប្រាកដរបស់កម្មករ កម្មការិនីកម្ពុជា។ ខ្ញុំមាន ចិត្តរីករាយដោយស្ថានភាពនៃកម្មករកាត់ដេរ កម្ពុជា មានភាពប្រសើរឡើងច្រើន តាំងពី ទសវត្សរ៍ឆ្នាំ១៩៩០ មក ដោយសារការខិតខំ របស់រដ្ឋាភិបាល ម្ចាស់រោងចក្រ និងការខិតខំ របស់ពលរដ្ឋ ដែលមានការប្តេជ្ញាចិត្តខ្ពស់ ដូច លោកជា វិជ្ជា”។
សេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា វីល្លៀម ហេដថ៍ (William Heidt) បានបន្តថា “ខ្ញុំមានសេចក្តីក្រៀមក្រំជាខ្លាំងនៅពេលឮថា លោកជា វិជ្ជា បានស្លាប់នៅឆ្នាំ២០០៤ ហើយតែងតែនឹកគិត ទៅរកលោក តាំងពីលោកត្រូវបានគេសម្លាប់។ នៅខួបលើកទី១៣ នៃការស្លាប់របស់លោក ខ្ញុំ សូមចូលរួមជាមួយមនុស្សជាច្រើននៅកម្ពុជា និងនៅជុំវិញពិភពលោក ក្នុងការបន់ស្រន់ឱ្យ លោកជា វិជ្ជា និងគ្រួសាររបស់លោកមានសន្តិភាព ការជាសះស្បើយ និងយុត្តិធម៌”។
គួររំលឹកថា លោកជា វិជ្ជា អតីតប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតូបលក់ កាសែតជិតវត្តលង្កា រាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេល ដែលប្រទេសកម្ពុជា ពេលនោះបានជួបវិបត្តិ នយោបាយ ក្រោយការបោះឆ្នោតឆ្នាំ២០០៣។
ជារៀងរាល់ឆ្នាំ ពិធីបុណ្យរំលឹកខួបនៃ ការស្លាប់របស់លោកជា វិជ្ជា តែងតែត្រូវបាន សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោកជា មុនី ជាប្អូនប្រុស បង្កើតរបស់លោកជា វិជ្ជា រៀបចំប្រារឰធ្វើឡើង នៅកន្លែងរូបសំណាករបស់លោកជា វិជ្ជា មុខវត្ត លង្កា រាជធានីភ្នំពេញ ដោយមានការចូលរួមពី កម្មករ សង្គមស៊ីវិល ប្រជាពលរដ្ឋទូទៅ អ្នកនយោបាយ ព្រះសង្ឃ និងបណ្តាស្ថានទូតមួយចំនួន។
សម្រាប់ឆ្នាំនេះ ការប្រារឰខួបនៃការស្លាប់ របស់លោកជា វិជ្ជា ក៏មិនខុសពីឆ្នាំមុនៗ គឺមាន ការគោរពវិញ្ញាណក្ខន្ធ សូត្រមន្ត បង្សុកូលឧទ្ទិសកុសល ហើយអ្វីដែលក្រុមគ្រួសារលោកជា វិជ្ជា និងអ្នកចូលរួមទាំងអស់ទទូចចង់បាន គឺការស្វែង រកឃាតករពិតនៃករណីឃាតកម្មលើលោកជា វិជ្ជា ដោយបានលើកឡើងថា យុត្តិធម៌នៅតែ មិនទាន់បានផ្តល់ជូនដល់គ្រួសាររបស់លោកជា វិជ្ជា ដែលបាននិងកំពុងរង់ចាំ និងទាមទារយុត្តិធម៌ ១៣ឆ្នាំមកហើយ។
ទោះបីយ៉ាងណា សហជីពកម្មករ និង ពលរដ្ឋមួយចំនួន ដែលគោរពស្រលាញ់លោក ជា វិជ្ជា នៅតែសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការស៊ើបអង្កេតលើកករណីឃាតកម្មនេះ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីឃាតកម្មលើ លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជានេះ កាលពីឆ្នាំ២០១៤ ប្រមុខរាជរដ្ឋា-ភិបាលកម្ពុជា បានចេញសេចក្តី សម្រេចលេខ៧៣ ស.ស.រ បង្កើតគណៈកម្មការស៊ើបអង្កេតអន្តរក្រសួង ដឹកនាំដោយក្រសួង មហាផ្ទៃ។ ប៉ុន្តែដល់ពេលនេះ មានរយៈពេល ជិត៣ឆ្នាំហើយ ដែលមជ្ឈដ្ឋានសង្គមមើល ឃើញថា មិនទាន់បានលទ្ធផលវិជ្ជមាននៅឡើយ ក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ៕ កុលបុត្រ