Thursday, January 23, 2025
Homeព័ត៌មានជាតិព្រះសង្ឃ ប្រតិកម្មនឹងព្រហ្មខឹម វាសនា ដៀលអ្នកធ្វើបុណ្យកឋិន សុទ្ធតែពួកឡប់

ព្រះសង្ឃ ប្រតិកម្មនឹងព្រហ្មខឹម វាសនា ដៀលអ្នកធ្វើបុណ្យកឋិន សុទ្ធតែពួកឡប់

ខេត្តសៀមរាបៈ ប្រធានគណបក្សសម័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោកខឹម វាសនា ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ឬស្ដេចចក្រ បានលើកឡើងថា ព្រះពុទ្ធ មិនបង្រៀនឲ្យធ្វើបុណ្យកឋិន ហែកឋិនទេ ដូច្នេះអ្នកដែលធ្វើបុណ្យកឋិន សុទ្ធតែជាពួកឡប់ ។ ក្នុងនោះលោកខឹម វាសនា លោកបានដៀលនិងជេរប្រមាថចំឈ្មោះអតីតភិក្ខុវិរប្បញ្ញោ សាន សុជា ដែលទើបរៀបការប្រពន្ធថ្មីៗនេះ និងព្រះធម្មវនវាសី ព្រះសង្ឃធុត្គកំពុងល្បី មានប្រជាពុទ្ធបរិស័ទគោរពជឿភ្លូកទឹកភ្លូកដី ថាជាលោកឪសួងទី២ ទេវតាដើរដី ពីរឿងធ្វើបុណ្យកឋិនទាននេះទៀតផង ។

ទោះបីយ៉ាងណា សម្រាប់ព្រះសង្ឃដែលជាសាវ័ករបស់ព្រះពុទ្ធ បានប្រតិកម្មចំពោះការលើកឡើងរបស់លោកខឹម វាសនា ខាងលើនេះ ដោយបញ្ជាក់ថា ជាការលើកឡើងមិនត្រឹមត្រូវ កឋិនទាន គឺជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ ហើយការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ គឺរយៈកាលនៃការធ្វើបុណ្យកឋិនទាន ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្ដិក ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ ចំណែកអ្នកធ្វើបុណ្យកឋិនទាន បានផលាអានិស្សងខ្ពស់ ៥យ៉ាងឯណោះ ជាពិសេសអានិស្សងបុណ្យកឋិនទាន អាចជួយឲ្យមនុស្សទៅកើតជាសេ្ដចចក្រ ក្នុងជាតិណាមួយបានទៀតផង ដែលផ្ទុយពីលោកខឹម វាសនា ដែលតាំងខ្លួនជាព្រហ្ម ឬស្ដេចចក្រ តែមិនជឿ និងមិនធ្វើបុណ្យកឋិនទាន ថែមទាំងប្រមាថដល់អ្នកធ្វើបុណ្យកឋិនទានទៅវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកខឹម វាសនា បានថ្លែងទៅកាន់សាវ័ករបស់ខ្លួន ដែលជាសមាជិក LDP នៅឯចម្ការជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា ព្រះពុទ្ធ មិនបានបង្រៀនឲ្យធ្វើបុណ្យកឋិន ហែកឋិនទេ ។ ដូច្នេះអ្នកដែលធ្វើបុណ្យកឋិន សុទ្ធតែជាពូកឡប់ ។

លោកខឹម វាសនា បាននិយាយនៅពេលនោះថា “ … អ៊ីចឹងៗអី មានជំនឿអី? ម៉េចថាជំនឿ? ព្រះពុទ្ធ អ៊ីចឹង? អ៊ីចឹងបានព្រះពុទ្ធបានមានការបំភ្លឺឡើងវិញ ព្រោះក្អែកមួយ ក្អែកមួយលានហើយ លែងមានព្រះពុទ្ធត្រាស់ដឹងហើយ ទៅឡប់ឯណា ហែកឋិនអីឯណា ដូចអាខ្ជា (សាន សុជា) អី សំពះរហូត សីលព័ទ្ធបរមាសៈ គ្មានដឹងខ្យល់អីទេ! វាគ្មានទាក់ទងអីនឹងវិធីបន្តិចទេបងប្អូន វាគ្មានអីទាក់ទងនឹងវិធីបន្តិចទេ គឺថា វិញ្ញាណគឺទាក់ទងនឹងរឿងគិតដឹងខុសដឹងត្រូវហ្នឹងឯង វិញ្ញាណទប់គិតដឹងខុសដឹងត្រូវហ្នឹងឯង គ្មានទាក់ទងអីនឹងវិធីបន្តិចទេ ។ សូម្បីវិធីអីក៏ដោយ អាខ្ជា ថាពិធីអារបៀបអាទេវតារុកដីហ្នឹងមិនត្រូវទេ ពិធីដូចអ្ហែងត្រូវ! គេមកធ្វើកឋិន ធ្វើអី អាខ្ជា ធ្វើអី? ហែកឋិនអ្ហែ៎? បទុមចេតិយគេហ្នឹង ត្រូវហ្នឹង? ឲ្យតែពិធី អត់ត្រូវទាំងអស់បងប្អូន! យើងជាវិញ្ញាណ វិញ្ញាណមានទាក់ទងអីនឹងវិធី? វាទាក់ទងនឹងការប្រើខួរក្បាលគិតឲ្យដឹងខុសត្រូវតើ! តើវិញ្ញាណគ្រប់ទឹក ដឹងខុស ដឹងត្រូវទៅ វាអត់មានទាក់ទងនឹងពិធីទេ “ ។

លោកខិម វាសនា បន្តថា “ ពិធីហែកឋិន ប្រគេនបាយលោកសង្ឃ អត់មានទាក់ទងអីទេ គឺថា គិតឲ្យដឹងខុស ដឹងត្រូវ ដឹង១០ ដឹង២០ ដឹងខ្លួនឯងជាពីណា គឺវិញ្ញាណតែប៉ុណ្ណឹង រឿងរបស់វិញ្ញាណតែប៉ុណ្ណឹង គឺថា វិញ្ញាណត្រូវទប់គិតដឹងខុស ដឹងត្រូវ ដឹងទ្វារខួរ វិញ្ញាណត្រូវប្រើទ្វារទាំង៥ ប្រមូលព័ត៌មានយកទៅគិតហេតុផលនឹងទ្វារខួរឲ្យដឹងខុស ដឹងត្រូវតែប៉ុណ្ណឹងគត់ ហើយយ៉ាងម៉េចបានទៅហែកឋិននោះ? អាណាចង់ស៊ីកឋិននោះ? អញក៏មិនស៊ី អ្ហែងក៏មិនស៊ី ហើយលេងវាត់អាខ្ជា នោះ ថាធ្វើអស់១លាន ងាប់អញអ្ហើយ! បើអញ យកមកស៊ីអស់ហើយ ។ អ្ហែងមើលៗ អញមិនដែលមានអារម្មណ៍ចង់សាងស្អីបន្តិច សាងព្រះពុទ្ធរូប សាងស្អីបន្តិចក្នុងចម្ការ អញមិនដែលមានអារម្មណ៍ចង់សាង អញព្រហ្មរក្សាលោក ហើយអត់មានអារម្មណ៍ចង់សាង អ្ហែងមើលៗ? ដល់ពេលអញងាប់ទៅ អ្ហែងកុំមកធ្វើរូបអញស្អីៗអ្ហ៎ា! អញបា្រប់ណា៎! ថាអញគឺជាវិញ្ញាណទៅបាត់ហើយ នែ! ហើយមកយករូបហ្នឹងមកធ្វើចង្កូមកែវ ចង្កូមអី អាខ្ជា នេះ ចង្កូមនេះ! មិនដឹងចង្កូមស្អី ចង្កូមឆ្កែ ចង្កូមឆ្មាអីអ៊ីចឹង ។ ទោះបីចង្កូមព្រះពុទ្ធ ក៏មិនដឹងទុកធ្វើអីដែរ មិនទុកធ្វើអី យល់ទេ? ចង្កូមក៏ចង្កូមទៅ វាហួសហេតុតែម្ដងអ្ហ៎ា សីលព័ទ្ធបរាមសៈ! គ្រាន់តែអារុកដីហ្នឹង បរាមាសៈរឿងផ្សេងទៅ អាខ្ជា រុកតាមអាខ្ជា ហ្នឹងទៅ សីលព័ទ្ធបរាមាសៈ មួយទៀតទៅ យល់ទេ? គឺថា បងប្អូនត្រូវគិតឲ្យយល់ រឿងវិញ្ញាណ របស់វិញ្ញាណ គឺរឿងទប់គិតនឹងទ្វារខួរ ប្រមូលព័ត៌មានតាមទ្វារទាំង៥ យកទៅគិតនឹងទ្វារខួរឲ្យដឹងខុស ដឹងត្រូវ តែប៉ុណ្ណឹងគត់ រឿងរបស់វិញ្ញាណគឺតែប៉ុណ្ណឹង “​។

ជុំវិញការលើកឡើងរបស់លោកខឹម វាសនា ខាងលើនេះ ព្រះភិក្ខុកទ្ទធម្មោ ឆន សុវណ្ណល័យ ព្រះចៅអធិការវត្តសូរិយាវង្សារាម ហៅវត្តព្រែកស្នោ ស្ថិតនៅក្នុងភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កឋិនទាន គឺជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាតឡើយ ។

ព្រះតេជគុណឆន សុវណ្ណល័យ បានមានថេរដីកាថា “ ជាចំណុចរួមទៅ ចំពោះលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គាត់តែងតែលើកវាទ (វាទៈ) ឡើងខុសនឹងពុទ្ធដីការបស់ព្រះសម្មសម្ពុទ្ធ ។ កឋិនទាន ជាបុណ្យមួយនៅក្នុងព្រះពុទ្ធសាសនា ហើយក៏ជាដីកាប្បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធ ដែលនៅក្នុងហ្នឹង ព្រះអង្គប្បញត្តិព្រះន័យ ហើយនៅក្នុងព្រះតៃបិដកយើង គឺនៅភាគ៧ ឬក៏ភាគ៨ ដែលព្រះអង្គទ្រង់ប្បញ្ញត្តិ ហើយដើមប្បញ្ញត្តិឡើយហ្នឹង គឺចំពោះភិក្ខុទាំង៣០រូប ចំពោះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់ត្រីមាស (៣ខែ) នៅក្នុងពុទ្ធសីមាវត្តនីមួយៗ​ ។ សរុបសេចក្ដីមកថា ទាក់ទងនឹងព្រះពុទ្ធសាសនាយើងនេះ ត្រូវតែមានការប្រារព្ធអង្គកឋិនទាន២៩ថ្ងៃ ហើយក៏ជាបុណ្យកឋិនទាន ជាទានមួយដែលត្រូវតាមកាល ហើយចំពោះវាទមួយដែលលោកខឹម វាសនា ប្រធានគណបក្សសម័យសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គាត់លើកឡើងថា ការហែកឋិន គឺវាឡប់ ឬមួយក៏ហែកឋិន (ពិធី) ហ្នឹង វាមិនពាក់ព័ន្ធទាក់ទងនឹងវិញ្ញាណ គឺវាប្រាសចា្រកអំពីពុទ្ធដីកា ឬមួយហៅថា ពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។ បានន័យថា ការធ្វើបុណ្យ ជាការសម្អាតដោយកាយ វាចា ហើយនិងចិត្ត ហើយវិញ្ញាណគឺវាមានការទាក់ទងប្រាស្រ័យទៅនឹងអាយតនៈទាំង៦ ដែលជាការមើលឃើញ ការស្ដាប់ឮបាន អាចដឹងរសក្ដៅត្រជាក់  ក្លិនក្រអូប ក្លិនមិនក្រអូប ។ អ៊ីចឹងមនុស្សដែលប្រាសចាកវិញ្ញាណ គឺវាអត់មានទទួលការដឹងឮអីទេ ប្រៀបបានដូចជាសាកសព ឬមួយក៏គល់ឈើមួយដែលមិនអាចដឹងអំពីសភាវៈអ្វីទាំងអស់នៅលើលោកនេះ ហើយនៅក្នុងចំណុចដែលគាត់ថា កឋិន (ពិធី) មិនពាក់ព័ន្ធទៅនឹងវិញ្ញាណហ្នឹង ចង់សួរបញ្ជាក់ទៅគាត់វិញថា វិញ្ញាណអ្នកទទួលដឹងឮ ទទួលពន្លឺដោយត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តហើយ ចុះអ្នកដែលគេធ្វើកឋិនហ្នឹង គេដឹងឬអត់? គឺគេដឹងថា គេធ្វើកឋិន គេហែត្រៃ ។ ក្នុងនោះ ចេតនាណាមួយដោយកាយ គឺគេដឹងថា គេបានលើកត្រៃហែទៅ គេបវរណាចំពោះសង្ឃទៅ អាហ្នឹងពាក់ព័ន្ធទៅនឹងចិត្ត គឺគេមានសទ្ធាជ្រះថ្លាចំពោះព្រះសង្ឃ ចំពោះអង្គកឋិនទាន ចំពោះបុណ្យកុសលរបស់គេ ។ ទាក់ទងនឹងវាចា គឺការនិយាយ ការសូត្រធម៌ ការពោលពាក្យល្អៗទៅរកគ្នានៅក្នុងកម្មវិធីកឋិនទានហ្នឹង ។ និយាយទៅ ប្រសិនណាវិញ្ញាណមិនអាចដឹងឮកឋិន ចុះរឿងអីដែលអង្គបី គឺកាយ វាចា និងចិត្តហ្នឹងមិនដឹង? ព្រោះមនុស្សយើងប្រព្រឹត្តល្អទៅដោយកាយ ទៅដោយវាចា និងដោយចិត្ត ។ អ៊ីចឹងបានន័យថា មនុស្សដែលមានវិញ្ញាណ គឺគេអាចធ្វើកឋិនទានបានហើយ វាអត់មានអីត្រូវពាក់ព័ន្ធទៅនឹងបញ្ហាមួយថា អង្គកឋិនទានហ្នឹង វិញ្ញាណមិនដឹងទេ ហើយការដែលគាត់ថា ពុទ្ធបរិស័ទ អ្នកដែលធ្វើអង្គកឋិនទានហ្នឹង ជាមនុស្សដែលឡប់នោះ ក្នុងចំណុចនេះ ក៏ចង់បញ្ជាក់ថា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះទ័យក្នុងការធ្វើអង្គកឋិនទានហ្នឹង ចំពោះអ្នកប្រាជ្ញ កវិបណ្ឌិតទាំងឡាយក៏ធ្វើអង្គកឋិនទាន ហើយចំពោះនាគ ចំពោះគុ្រឌ ចំពោះទេវតា ក៏អាចនិមិត្តកាយមកធ្វើអង្គកឋិនទានបានដែរ ព្រោះអង្គកឋិនទានហ្នឹង គឺជាបុណ្យនៅក្នុងព្រះពុទ្ធសាសនាមួយដ៏ធំ ហើយមួយវត្តអាចធ្វើបានតែម្ដងទេ អត់មានធ្វើបានពីរដឹងទេ ហើយមានការកំណត់មួយហៅថា “កាលទាន” គឺទានមួយតម្រូវទៅតាមកាល តាមវេលា គឺចាប់ពីថ្ងៃ ០១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក កំណត់២៩ថ្ងៃ “ ។

ព្រះតេជគុណឆន សុវណ្ណល័យ បានមានថេរដីកាបន្តថា “ ចំពោះអ្នកដែលធ្វើអង្គកឋិនទានោះ គឺបានអានិស្សង៥យ៉ាង គឺ១ តិកូបញ្ញាវិសាទោ មានបញ្ហាមោះមុត ។ រួមទៅ អ្នកអត់មានបញ្ញា ពេលគាត់ធ្វើអង្គកឋិនទានកាលហ្នឹងហើយ ពេលណាដែលផលបុណ្យហុចមកឲ្យគាត់ហើយ គឺគាត់បានទទួលនូវបញ្ញាមោះមុត បើយើងនិយាយទៅ ដូចជាព្រះមហោសថ ដែលតែងតែមានការឲ្យពរថា សូមឲ្យមានបញ្ញាដូចព្រះមហាសថ ឬមួយក៏ដូចជាព្រះមហាសេរីបុត្រ ដែលជាអគ្គសាវ័កស្ដាំរបស់ព្រះសាស្ដាជាដើម គឺគ្រាន់តែគ្រាប់ភ្លៀងដែលធ្លាក់មកពីលើមេឃជាប់ស្លឹកឈើប៉ុន្មាន ជាប់នៅលើផែនដីប៉ុន្មាន ហូរទៅកាន់ស្ទឺង ហូរទៅកានព្រែក ហូរទៅកាន់អណ្ដូង ហូរទៅកាន់ទន្លេ ហូរទៅកាន់សមុទ្រប៉ុន្មាន បញ្ញារបស់សារីបុត្រ ហ្នឹង គឺអាចរាប់ដឹងគ្រាប់ភ្លៀងដែលធ្លាក់មកពីលើមេឃបាន ។ ដូច្នេះបញ្ញាហ្នឹងទី១ហើយ ឯឫទ្ធិអំណាចខ្លាំងក្លាអី គឺទី២ទេ តែបញ្ញាហ្នឹងធំធេងណាស់ ហើយមនុស្សយើង យល់ហើយ ថាធ្វើអ្វីមួយ គេយកបុគ្គលដែលមានបញ្ញា ។ ហើយទី២ហ្នឹង ឈ្មោះថា សុវណ្ណតា មានពណ៌សម្បុរល្អ គួរជាទីជ្រះថ្លា ហើយមិនមែនតែជ្រះថ្លាក្នុងមនុស្សយើងទេ សូម្បីតែទេវតាក៏ជ្រះថ្លាដែរ នៅសម្បតិ្តហ្នឹងវាកើតឡើងដោយបុណ្យហ្នឹង ដូចលោកយាយវិសាខា អាយុ១២០ហើយ ក៏សម្បុរប្រហែលក្មេងអាយុ១៦ឆ្នាំ ។ ទី៣ សុរូបតា មានរូបល្អ ទី៤ សុសណ្ឋានា មានទ្រង់ទ្រាយល្អ និងទី៥ ចក្កវត្តិរាជហោតិ នឹងបានទៅជាស្ដេចចក្រពត្តិ ក្នុងជាតិណាមួយមិនខាន ។ ទាក់ទងនឹងសម្បត្តិនៃស្ដេចចក្រ គឺនៅពេលមានការប្រារព្ធធ្វើបុណ្យកឋិនឡើង អាចារ្យតែងតែឃោសនាថា ធ្វើបុណ្យកឋិនទានទៅ បានទៅកើតជាស្ដេចចក្រ ។ អ៊ីចឹងស្ដេចចក្រនេះ មិនមែនដូចជាស្ដេចយើងធម្មតាទេ គឺស្ដេចចក្រ មានរតនទាំង៧យ៉ាង ហើយរតនៈ៧យ៉ាងហ្នឹង ១. គឺ ចក្ករតនៈ ចតុរង្គសេនា បានន័យថា ស្ដេចចក្រ មានចតុរង្គ អគ្គសេនាដែលមានឫទ្ធិអំណាចខ្លាំងៗណាស់ អាចហោះទៅគ្រប់ទិសទីបាន ។​ ២. ហត្ថិរតនៈ ដំរីដែលជាយានរបស់ស្ដេចចក្រ អាចហោះបាន ។ ៣. អស្សរតនៈ សេះដែលអាចហោះបាន ។ ៤. មណិរតនៈ កែវមណីភ្លឺខ្លាំង នៅក្នុងប្រាសាទរាជវាំង៧ជាន់របស់ស្ដេចចក្រ ។ ៥. ឥត្ថីរតនៈ មេហេសីដ៏ល្អៗ ក្លិនក្រអូប ហើយព្រះអង្គសម្ដែងថា មហេសីហ្នឹងមកពីជម្ពូទ្វីប ពេលស្ដេចចក្រអស់ទិវង្គតទៅ ចតុលោកបាលទាំង៤ហ្នឹង ត្រូវយកមេហសីហ្នឹងទៅទុកនៅក្នុងជម្ពូទ្វីបវិញ ប៉ុន្តែនៅក្នុងសម្បត្តិស្ដេចចក្រ ទាំង៧នេះ គឺព្រះអង្គសម្ដែងថា អគ្គមហេសីរបស់ស្ដេចចក្រ គឺស្អាតល្អណាស់ មានក្លិនក្រអូប ។ ៦. គហបណិរតនៈ នាយឃ្លាំងដ៏ពូកែរកសម្បត្តិ ដែលអាចចុះមុជទៅក្រោម១២យោជន៍ ទៅយកទ្រព្យសម្បត្តិដែលនៅក្រោមដីមកដាក់នៅឃ្លាំង ។ អ៊ីចឹងបានន័យថា ទ្រព្យសម្បត្តិរបស់ស្ដេចចក្រ មិនចេះអស់ទេ ព្រោះអ្នកដែលយាមឃ្លាំងហ្នឹងអាចទៅប្រមូលទ្រព្យសម្បត្តិបានទាំងអស់ ទោះនៅមហាសមុទ្រ នៅបាតទន្លេ នៅក្រោមដី នៅលើមេឃ គឺនាយឃ្លាំងអាចហោះជ្រែកទៅយកទ្រព្យសម្បត្តិមកប្រមូលទុក ។ ៧. បរិនាយករតនៈ ព្រះរាជបុត្រចម្បងគ្រប់គ្រងការងារជំនួសព្រះរាជបិតា អ៊ីចឹងបានន័យថា ព្រះអង្គមានរាជបុត្រចម្បងមួយ ដែលរាជបុត្រមួយហ្នឹង គឺស្មើនឹងរាជបុត្រ៨៤០០០នាក់ “ ។

ព្រះគ្រូចៅអធិការវត្តខាងលើ បានមានថេរដីកាបន្តទៀតថា “ ជាមួយនឹងលើកឡើងពីអានិស្សង៥យ៉ាង របស់អ្នកធ្វើបុណ្យកឋិនទាន និងរតនៈទាំង៧របស់ស្ដេចចក្រនេះ ការពិតទៅ អ្វីដែលលោកខឹម វាសនា លើកឡើងថា អ្នកធ្វើកឋិនទាន គឺជាមនុស្សឡប់ វាប្រាកចាកពីពុទ្ធប្បញ្ញត្តិ ឬក៏ពុទ្ធានុញ្ញាតរបស់ព្រះបរមសាស្ដាចារ្យ ហើយម្យ៉ាងគាត់លើកឡើងមួយទៀតថា ការធ្វើពិធី វាមិនពាក់ព័ន្ធទៅនឹងវិញ្ញាណហ្នឹង វាអត់ត្រូវទេ ។ វិញ្ញាណ ដូចអាត្មាបញ្ជាក់ពីខាងដើម គឺអាយតនៈទាំង៦ហ្នឹងឯង ហើយអាយតនៈទាំង៦ហ្នឹង វាពាក់ព័ន្ធទៅនឹងកាយ វាចា ហើយនិងចិត្ត ហើយបើសិនជាយើងធ្វើបុណ្យ បើសិនណាជាកាយយើងមិនពាល់ត្រូវ ដូចថា យើងប្រគេនត្រៃ បើសិនណាដៃយើងមិនលើកទៅប្រគេនព្រះអង្គទេ វាម៉េចកើត វាសុទ្ធតែលើក ហើយវាចា បើយើងមិននិយាយថា ព្រះអង្គអើយ! ខ្ញុំកូណានឹងធ្វើអង្គកឋិនទាន ខ្ញុំព្រះករុណាសូមបវរណាវេរនូវកឋិនទានហ្នឹងដល់ព្រះអង្គអីជាដើមអ៊ីចឹង ហើយចិត្តហ្នឹង គឺមានសទ្ធាជ្រះថ្លាណាស់ ចំពោះអង្គកឋិនទានហ្នឹង ហើយការដែលសួរថា អ្នកធ្វើបុណ្យកឋិនជាមួយ គឺបានអានិស្សងយ៉ាងណា? គឺទៅតាមកម្លាំងសទ្ធារបស់ពួកគេ បើយើងទៅចូលរួម យើងមានសទ្ធាជ្រះថ្លាហ្នឹងមុតមាំទៅ បានផលាអានិស្សងច្រើនទៅ បើយើងទៅហើយមិនមានសទ្ធាជ្រះថ្លាទេ ទៅលួច ទៅឆក់ ទៅគ្រវែង ទៅមានជម្លោះ បង្កបញ្ហាដល៉គេនៅក្នុងកម្មវិធីបុណ្យជាដើមអ៊ីចឹង ក៏វាមិនបានអានិស្សងដែរ វាអត់បានទេ “ ។

ព្រះតេជគុណឆន សុវណ្ណល័យ បានមានថេរដីកាបន្ថែមថា “ សរុបទៅ នៅក្នុងជុំវិញមតិរបស់លោកខឹម វាសនា លើកឡើងនេះ អាត្មាចង់និយាយខាងដើមបន្តិចថា លោកខឹម វាសនា គាត់ដឹកនាំបានតែក្រុមអ្នកងប់ងុលនៅក្នុងគណបក្សរបស់គាត់ ហើយចំពោះពុទ្ធបរិស័ទដែលគាត់អ្នកមានសទ្ធាជ្រះថ្លាហើយ គាត់មិនអាចដឹកនាំបានទេ ។ នៅក្នុងបរិយាកាសនេះ ក៏អាត្មាមានសេចក្ដីអំពាវនាវដែរថា កុំថាឡើយលោកខឹម វាសនា សូម្បីតែពាក្យនៃសាសនាផ្សេងៗដទៃដែលគេកំពុងតែលើកឡើងជាវាទនៅក្នុងព្រះពុទ្ធសាសនាយើងហ្នឹង ក៏យើងកុំមានការដែលអាក់អន់ ឬមួយក៏ត្រូវទៅងាករេឲ្យឆ្ងាយអំពីប្រពៃណី អំពីព្រះពុទ្ធសាសនាយើងអី ។ ជារួមទៅ សាសនាអ្វីក៏គេដឹកនាំឲ្យមនុស្សធ្វើអំពើល្អដែរ ប៉ុន្តែព្រះពុទ្ធសាសនារបស់យើងគឺជាសាសនាមួយដែលប្រជាពលរដ្ឋរបស់យើងលះបង់នូវអំពើបាប ការច្រណែនឈ្នានីសអ្នកដទៃ ។ អ៊ីចឹងហើយនៅក្នុងបរិយាសដែលកឋិនកាលរបស់យើងមិនទាន់គ្រប់រយៈពេល២៩ថ្ងៃហ្នឹង សូមអំពាវនាវដល់ពុទ្ធបរិស័ទថា កុំឲ្យមានការអាក់អន់ទៅនឹងពាក្យពេចន៍ ពាក្យសម្ដីរបស់អ្នកក្រៅសាសនា សុំឲ្យយើងអ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងធ្វើទៅ ព្រោះជាប្រពៃណីរបស់ជាតិយើងផង ហើយក៏ជាដីកា ជាពុទ្ធប្បញ្ញត្តិ ពុទ្ធានុញ្ញាតិ យើងចង់និយាយថា សូម្បីតែព្រះមហាក្សត្រ ថ្នាក់ដឹកនាំគ្រប់ឋានានុក្រមទាំងអស់ ក៏ធ្វើនូវកឋិនកាលហ្នឹងដែរ ។ អ៊ីចឹងនៅក្នុងវាទរបស់លោកខឹម វាសនា ឬមួយក៏វាទរបស់សាសនារបស់អ្នកដទៃ គឺជារឿងរបស់គេទេ គេនិយាយយ៉ាងណា ក៏ជារឿងរបស់គេទៅ យើងកុំទៅខ្វល់ពីបញ្ហារបស់គេដែរ យើងជាអ្នកដែលកើតមកនៅក្នុងកម្ពុជារដ្ឋយើងនេះ យើងបំពេញតួនាទីជាកុលបុត្រដ៏ល្អ ជាប្រជាពលរដ្ឋដ៏ល្អ មិនមែនសូម្បីតែប្រជាពលរដ្ឋរបស់យើងទេ ប្រទេសណាដែលគេមានព្រះពុទ្ធសាសនា ដូចប្រទេសថៃ ប្រទេសជប៉ុន នៅអាមេរិក អូស្រ្តាលី បារាំងអី ក៏គេធ្វើកឋិនដូចយើងដែរ មិនមែនត្រឹមតែខ្មែរយើងទេ យើងបំពេញទៅ យើងនាំគ្នាធ្វើទៅ កុំឲ្យជឿទៅតាមវាទចំពោះខឹម វាសនា ឬមួយក៏សាសនាដទៃផ្សេងទៀត គេប្រៀនប្រដៅតែបក្ខពួករបស់គេទេ គេប្រៀនប្រដៅតែនៅក្នុងបក្សរបស់គេទេ យើងមិនចាំបាច់យកចិត្តទុកដាក់ទៅខ្វល់ទេ ។ ជាធម្មតាបុគ្គលដែលធ្វើនូវអំពើបាប បាបនោះវាមិនទាន់ហុចផលឲ្យ ឃើញថា រសនៃអំពើបាបហ្នឹងវាផ្អែម ពេលដែលអំពើបាបវាហុចផលឲ្យហើយ បុគ្គលដែលធ្វើអំពើបាបហ្នឹង ទោះរត់ទៅពួននៅគ្រប់ទីកន្លែងណាក៏ដោយ ត្រូវតែទទួលនូវផលមួយអកុសលហ្នឹងឯង ។ ដូចយើងតួយ់ាងថា គាត់បំផុសបំផុលការដែលទៅភ្នំគូលែនជាដើម ធ្វើឲ្យប្រជាពលរដ្ឋរំជើបរំជួល  ។ រំជើបរំជួលហ្នឹង វារំជើបរំជួលតែនៅក្នុងជួរគណបក្សរបស់គាត់ទេ អ្នកដែលស្ដាប់គាត់ទេ ក្រៅពីហ្នឹង គេអត់មានរំជើបរំជួល តែទីបញ្ចប់ យើងឃើញទទួលលទ្ធផលយ៉ាងណា គឺវាអត់មានទៅជាការពិតទេ ហើយអ៊ីចឹងបានន័យថា ការលើកឡើងរបស់គាត់បន្ថែមពីលើហ្នឹងទៀត ក៏វាមិនមែនទៅជាការពិតនោះទេ ។ អ៊ីចឹងហើយគ្រាន់តែយើងយកវាទហ្នឹងមកពិចារណាទៅ យើងអាចដឹងថា វាមិនមែនទៅជាការពិតទេ ។ អ៊ីចឹងហើយ នៅក្នុងកឋិនកាលនេះ ខ្ញុំព្រះករុណាអាត្មាភាព ព្រះភិក្ខុឆន សុវណ្ណាល័យ ក៏ចូលរួមចំណែកនៅក្នុងការត្រេកអរនៅក្នុងកឋិនកាលព្រះពុទ្ធសាសនាយើងទូទាំងកម្ពុជារដ្ឋ ទាំងក្រៅប្រទេស “ ៕

RELATED ARTICLES