Thursday, January 23, 2025
Homeព័ត៌មានជាតិព្រះមហាក្សត្រ ​យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារាំង

ព្រះមហាក្សត្រ ​យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារាំង

ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសព្វព្រះរាជហឫទ័យ ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង រយៈពេល១សប្ដាហ៍ ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់លោក អេមម៉ានូអែល ម៉ាក្រុង ( Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។

អញ្ជើញចូលរួមដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ។

នៅពេលយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការអញ្ជើញចូលរួមជូនព្រះរាជដំណើរព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ពីសំណាក់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្ដេចស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចទៀ បាញ់ ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្រ្តិអ្នកមុខអ្នកការជាច្រើនរូបផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក មជ្ឈិមបូព៌ា នៃក្រសូងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈខ្ពង់ខ្ពស់ នៅពេលនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ។

សេចក្ដីសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក មជ្ឈិមបូព៌ា នៃក្រសូងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងបន្ថែមថា អំឡុងពេលបំពេញព្រះរាជទស្សនកិច្ចផ្លូវការនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការជាមួយលោក អ៊ីម៉ានូអែល ម៉ាក្រុង នៅវិមានប្រធានាធិបតី Palais de l’Élysée  នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់មក ព្រះករុណាជាអម្ចាស់លើត្បូង នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នឹងប្រទានព្រះរាជសវនាការជូនលោកស្រី អ៊ូដ្រេ អាហ្ស៊ូឡាយ (Audrey AZOULAY) អគ្គនាយិកា នៃអង្គការយូណេស្កូ ដែលនេះបង្ហាញអំពីការទទួលស្គាល់របស់កម្ពុជា អំពីការចូលរួមចំណែករបស់អង្គការពិភពលោកមួយនេះ ក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។

ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីស នេះផងដែរ ព្រះមហាក្សត្រកម្ពុជា នឹងយាងទៅប្រាសាទហ្វុងតាញប្លូ (Fontainebleau) ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប។ ជាមួយគ្នានោះ ព្រះអង្គក៏នឹងយាងទតបណ្ណាសាររបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ ៕

RELATED ARTICLES