Thursday, January 23, 2025
Homeព័ត៌មានជាតិបក្សកម្លាំងជាតិ តែងតាំងលោករ៉ុន ឈុន ជាទីប្រឹក្សា

បក្សកម្លាំងជាតិ តែងតាំងលោករ៉ុន ឈុន ជាទីប្រឹក្សា

ខេត្តកំពង់ធំៈ បន្ទាប់ពីបានសម្រេចចិត្តលាលែងតំណែងអនុប្រធានគណបក្សភ្លើងទៀន ទៅចូលរួមសកម្មភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ លោករ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមាជគណបក្សកម្លាំងជាតិ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជាទីប្រឹក្សា ។ ចំណែកលោកជា មុនី អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាកចេញពីគណបក្សភ្លើងទៀន ផងដែរ ត្រូវបានតែងតាំងជាអនុប្រធានគណបក្សកម្លាំងជាតិ ។

គណបក្សកម្លាំងជាតិ នៅថ្ងៃអាទិត្យ​ ទី១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើសមាជលើកដំបូង លើរបៀបវារៈចំនួន៦ រួមមានៈ របៀបវារៈទី១ បោះឆ្នោតជ្រើសប្រធាន និងអនុប្រធានគណបក្ស, របៀបវារៈទី២ បោះឆ្នោតអនុម័តលក្ខន្តិកៈគណបក្ស, របៀបវារៈទី៣ បោះឆ្នោតជ្រើសសមាជិកគណៈកម្មាធិការនាយក, របៀបវារៈទី៤ បោះឆ្នោតជ្រើសសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍, របៀបវារៈទី៥ កំណត់ទិសដៅការងារ សម្រាប់បោះឆ្នោតសកល ២០២៧-២០២៨ ខាងមុខ, របៀបវារៈទី៦ តែងតាំងទីប្រឹក្សាគណបក្ស និងដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតអសកល ឆ្នាំ២០២៤ ។  

ជាលទ្ធផល នៅក្នុងរបៀបវារៈទី១ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលោកស៊ុន ចន្ធី ជាប្រធានគណបក្ស និងលោកជា មុនី ជាអនុប្រធានគណបក្ស ។ របៀបវារៈទី៣ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការនាយក ២៨រូប ។ របៀបវារៈទី៤ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការអចិន្រ្តៃយ៍ ៩រូប និងរបៀបវារៈទី៦ តែងតាំងលោករ៉ុង ឈុន ជាទីប្រឹក្សាគណបក្ស ។

គួរបញ្ជាក់ថា សមាជលើកដំបូង របស់គណបក្សកម្លាំងជាតិ ដែលមានរូបសញ្ញាអំពូលភ្លើង និងមានអក្សរកាត់ គ.ក.ជ បានធ្វើឡើងក្រោយពេលដែលលោករ៉ុង ឈុន និងលោកជា មុនី បានធ្វើសន្តិសីទសារព័ត៌មាន បញ្ជាក់ពីមូលហេតុសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀន មកចូលរួមជាមួយគណបក្សទើបបង្កើតថ្មីមួយនេះ ។

លោករ៉ុង ឈុន បានបញ្ជាក់នៅក្នុងសន្នីសិទសារព័ត៌មាន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មូលហេតុដែលចាកចេញពីគណបក្សភ្លើងទៀន ព្រោះតែគណបក្សភ្លើងទៀន មិនអាចចូលរួមការបោះឆ្នោត នៅពេលខាងមុខតទៅទៀតបានទេ ។ ដូច្នេះដើម្បីបន្តចរន្តនយោបាយ លោកមើលឃើញថា មានតែគណបក្សកម្លាំងជាតិ មួយគត់​ ដែលមានទស្សននយោបាយ ឆន្ទៈ ព្រមទាំងគោលដៅច្បាស់លាស់ ជាអ្នកបន្ត និងរក្សាបាននូវស្មារតីដើមរបស់គណបក្សភ្លើងទៀន ដោយពិតប្រាកដ ។ ជាពិសេសលោកថា លោកចាត់ទុកគណបក្សភ្លើងទៀន ប្រៀបដូចជាផ្ទះចាស់ ឬជាសារមន្ទីរ សម្រាប់តែធ្វើការគោរពសក្ការៈប៉ុណ្ណោះ តែបើឲ្យនៅជាមួយបន្តទៀត មិនអាចធ្វើបានទេ គឺត្រូវតែរកឡានថ្មី ដើម្បីបន្តដំណើរទៅមុខឲ្យដល់គោលដៅ ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ ។ ជាមួយនោះដែរ លោករ៉ុង ឈុន បញ្ជាក់ថា ការដែលលោកទៅចូលរួមជាមួយកម្លាំងជាតិ មិនមែនបានន័យថា ជាការចូលរួមចំណែកបំបែកសំឡេងគណបក្សប្រឆាំង (ភ្លើងទៀន) ទេ ហើយការចូលទៅនេះ ក៏មិនមែនដើម្បីបានតំណែងប្រធានស្ដីទី ឬតំណែងជាន់ខ្ពស់អ្វីមួយក្នុងគណបក្សកម្លាំងជាតិដែរ ព្រោះបើលោកប្រាថ្នាទ្រព្យសម្បត្តិតំណែងបុណ្យស័ក្ដិ លោកមិនលាឈប់ពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានឋានៈជាឧត្ដមមន្រ្តី និងបានប្រាក់ខែច្រើននោះទេ ។

ចំណែកលោកជា មុនី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននោះថា ការដែលលោកសម្រេចចិត្តចាកចោលគណបក្សភ្លើងទៀន ដោយភ្លេចពាក្យរួមសុខទុក្ខជាមួយ ព្រោះកាលស្នើសុំចូលរួមសកម្មភាពជាមួយគណបក្សភ្លើងទៀន លោកបានបញ្ជាក់ក្នុងកម្មវត្ថុ ថា សុំចូលរួមសុខរួមទុក្ខនយោបាយក្នុងគណបក្សភ្លើងទៀន ព្រោះតែលោកយល់ថា ការរស់នៅក្នុងនាមជាអ្នកនយោបាយ វាមិនខុសពីការរស់នៅក្នុងផ្ទះទេ បើកាលណាមិនសុខហើយ ត្រូវរកកន្លែងដែលបានសុខហើយ ៕

RELATED ARTICLES