Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកចៅអធិការ បិទវត្តពោធិលង្កា

ដកចៅអធិការ បិទវត្តពោធិលង្កា

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថេរសភាខេត្តសៀមរាប បានសម្រេចផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីគណៈសង្ឃ នាយកនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់ នៅក្នុងវត្តពោធិលង្កា។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាគណខេត្តសៀមរាប បានបញ្ជាក់ថា សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទាំងអស់ ឱ្យបានជ្រាបថា ៖ សាលាអ នុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ឱ្យនិមន្តទៅគង់តាម បណ្តាវត្តក្នុងក្រុងសៀមរាប។ ព្រះសង្ឃ សរុបមាន ចំនួន ១៤០អង្គ និងតាជី យាយជី ក្មេងវត្ត មានចំនួន៣១នាក់ ក្នុងនោះ ព្រះសង្ឃជាសាមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន៣៨អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌។ ព្រះសង្ឃ ចំនួន១០២អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរកវត្តស្នាក់ នៅបន្ត។ ដោយឡែក តាជី យាយជី និងក្មេងវត្ត ចំនួន៣១នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់ នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្ត ស្នាក់នៅបន្ត។

សាលាអនុគណក្រុង មិនអនុញ្ញាតឱ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កា ទៀតឡើយ។ បើបុគ្គល ណាមួយមិនព្រមចាកចេញតាមការជូនដំណឹងនេះ សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមាន សមត្ថកិច្ច អនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។

សេចក្តីដូចបានពិតប្រគេននិងជូនដំណឹងខាងលើ សូមភិក្ខុ សាមណេរ តាជី យាយជី ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ទាំងអស់ ត្រូវរួសរាន់ធ្វើការទំនាក់ទនងជាមួយ សាលាអនុគណ ក្រុង ឱ្យបានទាន់ពេលវេលា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ…។ ក្នុងករណីសាមីអង្គ សាមីខ្លួន មិនបានធ្វើការទំ នាក់ទំនងទេ សាលាអនុគណក្រុង មិនទទួលខុសត្រូវឡើយ ។

ដោយឡែក ថេរសភាខេត្តសៀមរាប ចេញសេចក្តីសម្រេច ដូចខាងក្រោម ៖

ប្រការ១ ៖ ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឱ្យត្រូវអាបត្តិសង្ឃាទិសេស។

ប្រការ២ ៖ ផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្តោះអាសន្ន រហូតដល់មានការ សម្រេចជាថ្មី ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣ ៖ ក្នុងចន្លោះអន្តរកាល ព្រះមេគណខេត្ត និងព្រះអនុគណក្រុង ត្រូវចាត់តាំងក្រុម ការងារសង្ឃ គ្រប់គ្រងដឹកនាំវត្តពោធិលង្កា ទាំងមូល រហូតដល់មានការសម្រេចជាថ្មី។

ប្រការ៤ ៖ សង្ឃសម្រេចនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ…៕

RELATED ARTICLES