Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាក់ឆ្កែវត្ត ជាប់ខ្នោះ១

ទាក់ឆ្កែវត្ត ជាប់ខ្នោះ១

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពទាក់ឆ្កែដល់ក្នុងវត្ត តែមិនបានសម្រេច ត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន ចាប់ក្របួចជាប់ម្នាក់ យកទៅចាត់ការតាមច្បាប់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីទាក់ឆ្កែក្នុងវត្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តកៀនស្វាយក្រៅ ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

ជនរងគ្រោះ ជាម្ចាស់ឆ្កែ មានឈ្មោះអាន សុគន្ធ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រជាការពារ មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។ ចំណែកជនសង្ស័យ មានគ្នា២នាក់ (រត់គេចខ្លួន១) រួមមាន ទី១- ឈ្មោះសាន សា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត មានស្រុកកំណើត ភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន) និងទី២-ឈ្មោះទេព សំណាង ហៅបុល ភេទប្រុស មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ (គេចខ្លួន)។ រីឯដកហូត រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1II-2560 និងដំបងឫស្សី ប្រវែង១,១៤ម៉ែត្រ ចងភ្ជាប់ជាមួយ ខ្សែលួសប្រវែង ១,៧២ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលហេតុ ជនសង្ស័យឈ្មោះសាន សា បានមកអង្គុយ លេងនៅច្រកផ្លូវចូលវត្តកៀនស្វាយក្រៅ ខាងលិច ស្រាប់តែបន្តិចក្រោយម លេចមុខជនសង្ស័យឈ្មោះទេព សំណាង បានជិះម៉ូតូ ១គ្រឿង មកបបួលជនសង្ស័យឈ្មោះសាន សា ទៅទាក់ឆ្កែ នៅក្នុងវត្តកៀនស្វាយក្រៅ រួចហើយអ្នកទាំងពីរ ព្រមព្រៀងគ្នាឡើងជិះម៉ូតូដឹកគ្នាចូលទៅក្នុងវត្ត ដោយជនសង្ស័យឈ្មោះសាន សា ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះទេព សំណាង ជាអ្នកកាន់ប្រដាប់ទាក់កឆ្កែ រួចនាំគ្នាជិះម៉ូតូឆ្វែល ក្នុងបរិវេណវត្ត បានឃើញឆ្កែ ចំនួន២ក្បាល ក៏ទាក់ តែទាក់មិនបាន ក៏ជិះត្រឡប់មកអង្គុយនៅ មុខវត្តកៀន ស្វាយក្រៅ បានជួបកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភូមិធំ និងប្រជាការពារកំពុងល្បាត ឃើញជនសង្ស័យទាំង២ នាក់អង្គុយនៅមុខវត្តកៀនស្វាយក្រៅ ក៏បានសួរនាំ ស្រាប់តែជនសង្ស័យ ឈ្មោះទេព សំណាង បានស្ទុះរត់ គេចខ្លួនបាត់។ ចំណែកជនសង្ស័យឈ្មោះសាន សា ភេទប្រុស កម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ បានឃាត់ខ្លួន យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន សា បានឆ្លើយសារភាពថា ខ្លួននិងជនសង្ស័យឈ្មោះទេព សំណាង ពិតជាបាននាំគ្នាទាក់ឆ្កែនៅក្នុងវត្ត ដើម្បីយកទៅលក់ ប្រាកដមែន តែទាក់មិនទាន់បាន ក៏ត្រូវសមត្ថ កិច្ចចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីសាកសួររួច កម្លាំងព្រហ្មទណ្ឌស្រុក បានសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ចំណែកជនសង្ស័យឈ្មោះទេព សំ ណាង ដែលបានរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមឃាត់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់ ៕

RELATED ARTICLES