Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ជង់កាំភ្លើងជ័រ ប្លន់ម៉ូតូស្រី ប៉ូលិសចាប់វ៉ៃខ្នោះ

ភ្ជង់កាំភ្លើងជ័រ ប្លន់ម៉ូតូស្រី ប៉ូលិសចាប់វ៉ៃខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពប្រើកាំភ្លើងច្នៃជ័រ និងកាំបិត ភ្ជង់ប្លន់ម៉ូតូពីស្ត្រីម្នាក់ បានសម្រេច រួចព្យាយាមជិះរត់គេចខ្លួនដែរ តែត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រុកបវេល និងកម្លាំងជំនាញ ស្រុកភ្នំព្រឹក សហការគ្នាពួនស្ទាក់បង្ក្រាបបានភ្លាមៗ នាំយកមកចាត់ការតាមច្បាប់។

ករណីប្លន់ម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្បែរស្ពានដំរីស្លាប់ ក្រុមទី១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ុត សុវណ្ណរិទ្ធ ហៅសៅលីញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះពិ វ៉ិត ភេទស្រី អាយុ៤៦ឆ្នាំ មានលំនៅក្រុម០២ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកប វេល។ រីឯម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២៣ គ្មានស្លាកលេខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំភ្លើងច្នៃជ័រ និងកាំបិត ភ្ជង់គំរាមប្លន់យកម៉ូតូ) បានកើតឡើងនៅចំណុចក្បែរស្ពានដំរីស្លាប់ ក្រុមទី ១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល បង្កឡើង ដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ កញ្ចាស់ ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ បានធ្វើសកម្មភាពស្ទាក់ពីមុខស្ត្រីរងគ្រោះ រួចដកកាំភ្លើងច្នៃជ័រ និងកាំបិត មកភ្ជង់ស្ត្រីរងគ្រោះឈ្មោះ ពិ វ៉ិត ប្លន់ម៉ូតូស្កុបពី ពណ៌ស បានសម្រេច រួចជនសង្ស័យបានយកម៉ូតូជិះគេចខ្លួន បាត់ ដោយបន្សល់ទុកម៉ូតូរបស់ខ្លួន (ជនសង្ស័យ) ម៉ាកវីវ៉ា នៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹក នាំកម្លាំងជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុក ភ្នំព្រឹក ដែលមានលោកវរសេនីយ៍ទោ ហេង បារាំង ជាអធិការ ចុះស្រាវជ្រាវនិងធ្វើការស្ទាក់ចាប់បានជនសង្ស័យឈ្មោះប៊ុត សុវណ្ណរិទ្ធ នៅចំណុចភូមិអន្លង់ ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២៣ គ្មានស្លាកលេខ (ជារបស់ជនរងគ្រោះ និងបានប្រគល់ជូនជនរងគ្រោះវិញ)។ ម៉ូតូរបស់ជនសង្ស័យ ចំនួន១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ (បន្សល់ទុកនៅកន្លែងកើតហេតុ)។ ខ្នោះដៃ ចំនួន១។ កាំបិតស្នៀត ចំនួន១ និងកាំភ្លើងកែច្នៃជ័រ ចំនួន១ដើម។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES