Tuesday, April 30, 2024
Homeសង្គម និងជីវិតយាយឈឺ ចៅបោះចោលនៅគំនរសំរាម

យាយឈឺ ចៅបោះចោលនៅគំនរសំរាម

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានអះអាងថា គាត់កំពុងមានជំងឺប្រចាំកាយ និងត្រូវបានកូនស្រីបង្កើត ស្លាប់ ចោល២ឆ្នាំមកហើយ ដោយសព្វថ្ងៃស្នាក់នៅជាមួយចៅស្រីបង្កើត តែពេលគាត់មានជំងឺជាប់ខ្លួន ចៅស្រីមិន ជួយមើលថែ បែរជាដឹកគាត់យកមកបំបរបង់ចោលទៅវិញ ដោយប្រាប់ថា នាំទៅរកផ្ទះជួល ឱ្យស្នាក់នៅ តែបែរជាដឹករូបគាត់មកដាក់ចោលនៅគំនរសំរាម មុខវត្តសែនសុខ ក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ ទុកឱ្យគាត់រស់នៅយ៉ាងលំបាកវេទនា ពិបាកជាងស្លាប់ទៅទៀត។

ស្ត្រីវ័យចំណាស់ បានប្រាប់ថា គាត់មានឈ្មោះឡាយ សារុំ អាយុ៦៨ឆ្នាំ ជាអតីតប្រធានសហគមន៍ ក្រីក្រទំនប់ ទី២ (ប៊ូឌីង) មុននេះរស់នៅជាមួយចៅស្រីបង្កើត ឈ្មោះធា យ៉ាយ៉ា ហៅខេង អាយុ២២ឆ្នាំ ជាកម្មការីនីកាត់ដេរ ស្នាក់នៅម្តុំភ្នំរាបសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

លោកសេក ថុល អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ និងមានប្រពន្ធជាអ្នកលក់ដូរនៅមុខវត្តសែនសុខ បានឱ្យដឹង ថា ស្ត្រីចំណាស់ខាងលើ ត្រូវបាននារីម្នាក់ បើករថយន្តកូរ៉ូលឡា ១គ្រឿង អមដោយម៉ូតូ ១គ្រឿង ដឹកយកទៅ បោះចោលនៅមុខវត្តសែនសុខ កាលពីវេលាម៉ោងប្រមាណជាង ៧យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ ប្រាប់ថា ខ្លួនជាអ្នកជិតខាងរបស់គាត់។ បន្ទាប់ពីនារីរូបនោះទៅបាត់ ស្ត្រីចំណាស់បានប្រាប់ថា នាងត្រូវជា ចៅស្រី ដឹកគាត់យកទៅបោះចោល។

តាមស្ត្រីចំណាស់ បានឱ្យដឹងថា គាត់ត្រូវបានចៅស្រីបង្កើត ដឹកមក ដោយប្រាប់ថា រកជួលផ្ទះឱ្យស្នាក់នៅ តែបែរជាដឹកគាត់យកមកទម្លាក់ចោលនៅគំនរសំរាម កាលពី៤ថ្ងៃមុន។ គាត់ជាអតីតប្រធានសហគមន៍ក្រីក្រីទំនប់២ (តំបន់ប៊ូឌីង) កាលពីអំឡុងឆ្នាំ២០០១ គ្រួសារគាត់ និងកូនប្រុស ម្នាក់ ស្រីម្នាក់ ត្រូវបានសាលារាជធានីភ្នំពេញ ដេញឲ្យមករស់នៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ។ លុះក្រោយមក គាត់បានបែកបាក់គ្រួសារ ជីវភាពក្រីក្រ ក៏បានលក់ដី ហើយកូនប្រុសឈ្មោះមាស វាសនា អាយុ៤២ឆ្នាំ បានទៅរស់នៅស្រុកឆ្លូង ខេត្តក្រចេះ ជាមួយប្រពន្ធក្រោយ។ ចំណែករូបគាត់ បានរស់ នៅជាមួយកូនស្រី ឈ្មោះធា សោភណ្ឌ នៅក្នុងភូមិ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តែជាអកុសល នៅឆ្នាំ២០២០ កូនស្រីបានស្លាប់ដោយសារតែជំងឺកូវីដ-១៩ ហើយគាត់ក៏បានទៅរស់នៅជាមួយចៅស្រី ឈ្មោះធា យ៉ាយ៉ា ហៅខេង ជាកម្មការិនីរោងចក្រកាត់ដេរ។

ស្ត្រីចំណាស់ខាងលើ បានបន្តថា នៅពេលថ្មីៗនេះ ដោយសារតែគាត់មានជំងឺលើសឈាម ទឹកនោមផ្អែម ចៅស្រីមិនបានយកចិត្តទុកដាក់មើលថែឡើយ ទុកគាត់ចោលនៅផ្ទះតែម្នាក់ឯង។ លុះនៅថ្ងៃទី៩ ខែវិច្ឆិកា ចៅស្រីបានរៀបចំខោអាវ ដោយប្រាប់ថា មកជួលផ្ទះឱ្យគាត់ស្នាក់នៅ ក្នុងភូមិសែនសុខ ដែលជាកន្លែង ធ្លាប់រស់នៅ ហើយក៏បានដឹកគាត់មកទម្លាក់ចោលនៅគំនរសំរាម តែគាត់អត់ព្រមចុះ ក៏បានដឹកមកទម្លាក់ ចោលនៅមុខវត្តសែនសុខ តែម្តង។

ស្ត្រីខាងលើ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ គាត់បានដេកនៅខ្ទមអ្នកតា មុខវត្តសែនសុខ ហើយនៅពេល ភ្លៀងធ្លាក់ ក៏បានរត់ទៅដេកតាមសំយាបផ្ទះគេ និងបានអ្នកភូមិអាណិតអាសូរ ផ្តល់បាយទឹកខ្លះដែរ។ជុំវិញករណីខាងលើនេះ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនចៅស្រីរបស់ស្ត្រីចំណាស់ខាងលើបានទេ៕

RELATED ARTICLES