Thursday, January 23, 2025
Homeព័ត៌មានជាតិលទ្ធផលព្រះសវនាការ រវាងព្រះមហាក្សត្រកម្ពុជា ជាមួយប្រធានាធិបតីបារាំង

លទ្ធផលព្រះសវនាការ រវាងព្រះមហាក្សត្រកម្ពុជា ជាមួយប្រធានាធិបតីបារាំង

ប្រទេសបារាំងៈ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបព្រះរាជសវនាការ ជាមួយលោកអេមម៉ានូអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមាន Élysée ប្រទេសបារាំង ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់នាយកដ្ឋានអឺរ៉ុប នៃអគ្គនាយកដ្ឋានអឺរ៉ុប និងអាហ្រ្វិក-មជ្ឈិមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញពីលទ្ធផលនៅក្នុងព្រះរាជសវនាការនោះថា ព្រះករុណាព្រះមហាក្សត្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាព ដែលរដ្ឋាភិបាលបារាំងបានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។

ព្រះករុណាព្រះមហាក្សត្រកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាល ស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ រយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្តេចហ៊ុន ម៉ាណែត។

ព្រះករុណាព្រះមហាក្សត្រកម្ពុជា ក៏បានសម្ដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះគម្រោងនៃការសិក្សាការជួសជុល និងការពង្រីក​សារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និងការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា ។

ជាកិច្ចឆ្លើយតប លោកអេមម៉ានូអែល ម៉ាក្រុង (Emmanuel MACRON) បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ ជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីក​សារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។ លោកបានចាត់ទុកជោគជ័យនៃយន្តការអន្ដររដ្ឋាភិបាល ស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម ។ ជាមួយនេះ លោកបានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង។ លើសពីនេះ ដោយបានដឹងថា កម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ។

នៅចុងបញ្ចប់នៃព្រះរាជសវនាការ លោកអេមម៉ានូអែល ម៉ាក្រុង (Emmanuel MACRON) សូមយាងព្រះករុណាព្រះមហាក្សត្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងប៉ារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០២៤ ។ ចំណែកព្រះករុណាព្រះមហាក្សត្រកម្ពុជា ទ្រង់បានអញ្ជើញលោកប្រធានាធិបតីនៃ​សាធារណរដ្ឋបារាំង ចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ។ លោកប្រធានាធិបតី បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម ៕

RELATED ARTICLES