Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខួបថ្ងៃកំណើតកូនផ្កាយ៤ បាញ់កាំភ្លើងជាង ២០០គ្រាប់

 ខួបថ្ងៃកំណើតកូនផ្កាយ៤ បាញ់កាំភ្លើងជាង ២០០គ្រាប់

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានគេអះអាងថា ជាកូននាយទាហានពាក់ផ្កាយ៤ បាននាំមិត្តភក្តិប្រុសស្រីជាង ២០នាក់ ទៅជប់លៀងថ្ងៃកំណើតរបស់ខ្លួន នៅលើផ្ទះលម្ហែរបស់ឪពុក លើខ្នងភ្នំគិរីរម្យ លុះផឹកស្រវឹងជោក បានទាញកាំភ្លើងបាញ់លេង អស់ប្រមាណជាង២០០គ្រាប់ ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចម្រុះ ចុះស៊ើបអង្កេត និងរកឃើញសំបកគ្រាប់ ជាង២០០គ្រាប់។

ករណីបាញ់បោះសេរីនេះ បានកើតឡើងរង្គើព្រៃ កាលពីវេលាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលំហែ មួយកន្លែង ស្ថិតនៅភូមិថ្មី (ចម្ការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលំហែ ស្ថិតនៅភូមិថ្មី (ចម្ការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ត្រូវបានកម្លាំង ជំនាញបានបង្កើតគណៈកម្មការ ដោយមាន ការចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវ ពាក់ព័ន្ធករណីបាញ់បោះសេរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៤រសៀល រហូតដល់ យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះ ឈ្មោះឆាយ។

តាមការបំភ្លឺពីឈ្មោះសេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះសឿន ស្រីធា អាយុ៣៨ឆ្នាំ ជាអ្នកចាំដីផ្ទះ ចំណុចកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ឈ្មោះឆាយ បានមកពីភ្នំពេញ វេលាថ្ងៃត្រង់ ដើម្បីរៀបចំ កម្មវិធីខួបកំណើត ដោយមានមិត្តភក្តិប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ។ រហូតដល់វេលាម៉ោងប្រហែល ៤រសៀល ពួកគាត់ជួយរៀបចំផ្ទះ លាងចានឆ្នាំងឱ្យគេរួច ក៏នាំគ្នាទៅសម្រាក នៅផ្ទះរបស់ឈ្មោះរ៉ា ជាអ្នករស់នៅជាប់របងគ្នា។ លុះពេលកំពុងសម្រាក ស្រាប់តែនៅវេលាម៉ោងប្រហែល ៩យប់ ពួកគាត់ បានឮសូរសំឡេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មវិធី។ ពួកគាត់ បានបង្ហើបប្រាប់ថា កន្លងមក ឱ្យតែម្ចាស់ផ្ទះមានកម្មវិធីផឹកស៊ី គឺតែងបាញ់កាំភ្លើងលេងហើយ។

ចំណែកពលរដ្ឋម្នាក់ រស់នៅក្បែរនោះ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ នៅវេលាម៉ោងប្រហែល៤និង៣០ នាទីរសៀល រូបគាត់កំពុងធ្វើការនៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះឆាយ ក៏ឃើញឈ្មោះឆាយ ឈរ កាន់កាំភ្លើងខ្លី បាញ់ឡើងលើ ប្រហែលជា១០គ្រាប់។

ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចចម្រុះ បានរកឃើញវត្ថុតាង រួមមាន សំបកគ្រាប់កាំភ្លើងខ្លីចម្រុះ ចំនួន១១២គ្រាប់ សំបកគ្រាប់កាំភ្លើង M16 ចំនួន៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើង AK ចំនួន៥៥គ្រាប់។ វត្ថុតាង សំបកគ្រាប់កាំភ្លើង ទាំងជាង២០០គ្រាប់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវបន្ត។

ជុំវិញករណីខាងលើនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចាត់តាំងឱ្យកម្លាំងជំនាញ បើកការស៊ើប អង្កេត ស្រាវជ្រាវ ដើម្បីតាមឃាត់ខ្លួនក្រុមខ្មាន់កាំភ្លើងបង្កភាពអនាធិបតេយ្យទាំងអស់នោះ នាំយកមកចាត់ ការតាមច្បាប់៕

RELATED ARTICLES