Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតខ្សែភ្លើងបង្កប់ ឆក់ក្មេង២នាក់ស្លាប់ សង ៣៥០០ដុល្លារ

តខ្សែភ្លើងបង្កប់ ឆក់ក្មេង២នាក់ស្លាប់ សង ៣៥០០ដុល្លារ

ខេត្តសៀមរាប ៖ ករណីក្មេងប្រុស ២នាក់បងប្អូន នាំគ្នាលេងទឹកប្រឡាយ ក្នុងបុរីមួយកន្លែង ហើយត្រូវចរន្ត អគ្គិសនីដែលម្ចាស់ដីឡូត៍ ជាជនជាតិចិន តខ្សែភ្លើងបង្កប់ក្នុងទុយោ ឆ្លងប្រឡាយ ឆក់បណ្តាលឱ្យស្លាប់២នាក់ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នោះ ត្រូវបានជនជាតិចិន ជាម្ចាស់ដីឡូត៍ យល់ព្រមសងសំណង ចំនួន ៣៥០០ដុល្លារ ឱ្យទៅក្រុមគ្រួសារក្មេងប្រុសរងគ្រោះ ទាំង២នាក់ ដើម្បីបញ្ចប់រឿង។

គួររំលឹកថា ករណីក្មេងប្រុស២នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅក្នុងទឹកប្រឡាយនោះ បានកើតឡើងកាល ពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបុរីមួយ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិចន្លោង សង្កាត់ស្រងែ ក្រុងសៀមរាប។ ដែលករណីនេះ ដំបូងឡើយ ត្រូវបានគេលាក់បាំងមិនឱ្យអ្នកសារព័ត៌មាន ស្គាល់ម្ចាស់ដីឡូត៍នោះឡើយ។

តាមប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ម្ចាស់ដីឡូត៍ មានឈ្មោះចាវ ហ្វិន ភេទប្រុស ជនជាតិចិន រស់នៅភ្នំពេញ បានជួលកម្មករខ្មែរ ឱ្យនៅយាមដី ព្រមទាំង ភ្ជាប់ខ្សែភ្លើងរត់កាត់ក្រោមដីឆ្លងប្រឡាយ។ ដោយសារតខ្សែភ្លើងខ្វះបច្ចេកទេស ទើបបណ្តាលឱ្យឆក់ក្មេងប្រុស ២នាក់បងប្អូន ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ប្រភពដដែល បន្តថា មុនកើតហេតុ ក្មេងប្រុស ២នាក់បងប្អូនជីដូនមួយ នាំគ្នាមកលោតទឹកលេង នៅប្រឡាយ ហើយក៏ត្រូវខ្សែភ្លើងបង្កប់ក្នុងទុយោក្នុង ដាច់រលាត់ ឆក់ស្លាប់ទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើការកោសល្យវិច័យសព រួចបញ្ជាក់ថាក្មេង ប្រុសទាំង២នាក់ ពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ នៅក្នុងទឹកប្រឡាយប្រាកដមែន។

បន្ទាប់មក ជនជាតិចិន ជាម្ចាស់ដីឡូត៍ បានចេញសំណង ចំនួន៣៥០០ដុល្លារ ឱ្យទៅក្រុមគ្រួសារក្មេងប្រុស រងគ្រោះ ទាំង២នាក់ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES