Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុករត់ ខឹងគេឃាត់ វ៉ៃគេ បែកក្បាល ខ្លួនឯង

បើកឡានបុករត់ ខឹងគេឃាត់ វ៉ៃគេ បែកក្បាល ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់ ផឹកស្រវឹងធ្លាក់ភ្នែក បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករ៉ឺម៉កម៉ូតូ ដឹកអេតចាយ ពីក្រោយ បណ្តាលឱ្យរងការខូចខាត តែមិនព្រមឈប់ដោះស្រាយ ទទួលខុសត្រូវបែរជា ព្យាយាមបើករថយន្តរត់គេច លុះពេលប្រជាពលរដ្ឋប្រទះឃើញ ជួយដេញតាមឃាត់រថយន្ត ស្រាប់តែ កើតមានជាហិង្សាវាយគ្នា បណ្តាលឱ្យអ្នកបើកបររថយន្ត រងរបួសបែកក្បាល ហូរឈាម និងត្រូវសមត្ថ កិច្ចចុះអន្តរាគមន៍ ឃាត់ភាគីទាំងសងខាងទៅសាកសួរ។

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កជាហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រោយផ្ទះឧកញ៉ា ហ៊ុន តូ ផ្លូវ២០៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យជាង៣០ឆ្នាំបើក រថយន្តម៉ាកតូយូតា ព្រូស ស៊េរីឆ្នាំ២០១០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-9451 ធ្វើដំណើរតាម បណ្តោយផ្លូវ៤៣០ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ជិតក្រោយ មន្ទីរពេទ្យរុស្ស៊ី បានរេចង្កូតទៅបុករ៉ឺម៉ក ម៉ូតូដឹកអេតចាយ បណ្តាលឱ្យរងការខូចខាតរ៉ឺម៉កម៉ូតូ និងធ្វើឱ្យអ្នក បើករងរបួសតិចតួច តែមិនបានទៅ មន្ទីរពេទ្យនោះទេ។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ ភាគីរថយន្តបង្កហេតុ មិនព្រមឈប់ទទួលខុសត្រូវនោះទេ បែរជាព្យា យាមបើករថយន្តរត់គេច ទាំងដែលរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ។ លុះរថយន្តបង្កបើករត់រហូតមកដល់ខាងក្រោយផ្ទះលោកឧកញ៉ា ហ៊ុន តូ ក៏មានប្រជាពលរដ្ឋចំនួន២នាក់ ដែលឃើញហេតុការណ៍នោះ នាំគ្នាជួយដេញតាម និងស្ទាក់ឃាត់រថយន្តជាប់។ ប៉ុន្តែពេលឃាត់បានហើយ ស្រាប់តែអ្នកបើកបររថយន្តបង្កហេតុ ចុះពីលើរថយន្ត រួចទាស់ពាក្យសម្តីជាមួយពល រដ្ឋទាំង២នាក់ដែល ជាអ្នកឃាត់រថយន្តនោះ។

បន្ទាប់មក អ្នកបើកបររថយន្តបង្កហេតុ បានហក់ធាក់បុរស២នាក់នោះមុន ទើបបុរស ២នាក់តដៃ វាយវិញ បណ្តាលឱ្យបុរសជាអ្នកបើកបររថយន្តដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងផងនោះ រងរបួសបែកក្បាល ហូរឈាមតែម្តង។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងនាំបុរសទាំង២នាក់ ព្រមទាំងអ្នកបើក បររថយន្តបង្កហេតុ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។

ក្រោយពេលកើតហេតុ ភាគីទាំងអស់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការដោះស្រាយគ្នានៅអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង៕

RELATED ARTICLES