Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្កាយ៤ គៀង សាវុធ បដិសេធពាក់ព័ន្ធការបាញ់ ២០០គ្រាប់ លើភ្នំគិរីរម្យ

ផ្កាយ៤ គៀង សាវុធ បដិសេធពាក់ព័ន្ធការបាញ់ ២០០គ្រាប់ លើភ្នំគិរីរម្យ

ខេត្តកំពង់ស្ពឺ ៖  នាយឧត្តមសេនីយ៍  គៀង  សាវុធ  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបាន ចេញមុខបដិសេធថា រូបលោក និងកូនប្រុស (គៀង  ចាន់តួ)  មិនបានពាក់ព័ន្ធទៅនឹងការបាញ់បោះ នៅផ្ទះលំហែ ចម្ការតែ លើខ្នងភ្នំគិរីរម្យ នោះទេ ហើយបើរកឃើញថា រូបលោក និងកូនប្រុស ជាប់ពាក់ព័ន្ធ លោកនិងកូនប្រុស សុខចិត្តបកស័ក្តិ  និងចូលពន្ធនាគារដោយខ្លួនឯង។

ការចេញមុខបកស្រាយនិងបដិសេធបែបនេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា រូបលោកនិងកូនប្រុស មានជាប់ពាក់ព័ន្ធនឹងការបាញ់បោះ នៅចម្ការតែ លើភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមាណជាង ២០០គ្រាប់។

តាមរយៈសារសំឡេង ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍  គៀង សាវុធ អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា “ខ្ញុំ នាយឧត្តមសេនីយ៍ គៀង សាវុធ ជាអគ្គមេបញ្ជាការរង សូមអះអាង ចំពោះមុខច្បាប់ ពីបញ្ហាការបាញ់បោះ នៅចម្ការតែ លើភ្នំគិរីរម្យ មិនមានឈ្មោះគៀង សាវុធ មិនមានឈ្មោះគៀង ចាន់តួ ទេ សូមមហាជនជ្រាប ហើយបើសិនជាតាមដានទៅឃើញពិតប្រាកដ ខ្ញុំសូមអះអាងចំពោះមុខច្បាប់ថា ទី១-គឺទទួលខុសត្រូវចំពោះ មុខច្បាប់ អាចបកស័ក្តិ ចេញទាំងពីរនាក់ឪកូន ទី២-ចាប់ដាក់ពន្ធនាគារទាំងពីរនាក់ឪកូន សូមមហាជនជ្រាប នេះជាពាក្យពិតរបស់យើងខ្ញុំ គៀង សាវុធ…”។

នាយឧត្តមសេនីយ៍ គៀង សាវុធ បានបញ្ជាក់បន្តថា “រាល់សារព័ត៌មានទាំងអស់ ដែលចុះបំផ្លើសនូវការណ៍ពិត សូមឱ្យកែប្រែឡើងវិញ ក្នុងរយៈពេលមួយអាទិត្យ បើមិនដូច្នោះទេ ខ្ញុំសុំប្តឹងទៅតាមផ្លូវច្បាប់ហើយ ដើម្បីឱ្យអ្នក ឯងយល់អំពីច្បាប់សារព័ត៌មាន យ៉ាងម៉េច ផ្សាយមិនពិត បង្កាច់បង្ខូចមកខ្ញុំនិងកូនខ្ញុំ…”។

ដោយឡែកសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សមត្ថកិច្ចបានកំណត់មុខ សញ្ញាក្រុមខ្មាន់កាំភ្លើង ដែលបាញ់បោះសេរី បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅផ្ទះលម្ហែ នៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអស់ ហើយ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងបន្តនីតិវិធី។

ជុំវិញករណីខាងលើនេះ លោកវ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំង និងដាក់បទបញ្ជាឱ្យ សមត្ថកិច្ចធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង និងបក្ខពួក ដែលបានបាញ់បោះសេរីនៅលើ ខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បង្កឱ្យប្រជាពលរដ្ឋ និងអ្នកទេសចរដែលមកលេងកម្សាន្ត មានការភ័យខ្លាចយ៉ាងខ្លាំង បើទោះជាក្រុមខ្មាន់កាំភ្លើងនោះ ពាក់ស័ក្តិ ឬពាក់ផ្កាយប៉ុន្មានក៏ដោយ ហើយជាកូនអស់លោកអ្នកធំ មានអំណាចក៏ដោយ។ លោកវ៉ី សំណាង បានដាក់ បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណៈកម្មការអុំទូក កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយដូច្នេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ ឱ្យខាងតែបាន ទោះបីជា បុគ្គលរូបនោះមានតួនាទី បុណ្យស័ក្តិ និងជាកូនអ្នកធំណាក៏ដោយ។ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យ ដោយសារតែក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវ លើកលែងឱ្យឡើយ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងការបំភ្លឺរបស់សាក្សី បានបង្ហាញថា កាលពីវេលាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះឆាយ បាននាំមិត្តភក្តិប្រុស ស្រី ជាង២០នាក់ ទៅជប់លៀងថ្ងៃកំណើតរបស់ខ្លួន នៅលើផ្ទះលម្ហែ របស់ឪពុក លើខ្នងភ្នំគិរីរម្យ ស្ថិតនៅភូមិថ្មី (ចម្ការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច លុះផឹកស្រវឹងជោក បានទាញកាំភ្លើងបាញ់លេងជាច្រើនគ្រាប់ ទ្រហឹងពេញព្រៃ ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចម្រុះ ចុះស៊ើបអង្កេត និងរកឃើញសំបកគ្រាប់ ជាង២០០គ្រាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា តាមការបំភ្លឺពីឈ្មោះសេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះសឿន ស្រីធា អាយុ៣៨ឆ្នាំ ជាអ្នកចាំដីផ្ទះ ចំណុចកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ឈ្មោះឆាយ បានមកពីភ្នំពេញ វេលាថ្ងៃត្រង់ ដើម្បីរៀបចំកម្មវិធីខួបកំណើត ដោយមានមិត្តភក្តិប្រហែលជិត ២០នាក់ មានស្រីមានប្រុស មកចូលរួមផឹកស៊ីផងដែរ។ រហូតដល់វេលាម៉ោងប្រហែល ៤រសៀល ពួកគាត់ ជួយរៀបចំផ្ទះ លាងចានឆ្នាំងឱ្យគេរួច ក៏នាំគ្នាទៅសម្រាកនៅផ្ទះរបស់ឈ្មោះរ៉ា ជាអ្នករស់នៅជាប់របងគ្នា។ លុះពេលកំពុងសម្រាក ស្រាប់តែនៅវេលាម៉ោងប្រហែល ៩យប់ ពួកគាត់បានឮសូរសំឡេង បាញ់កាំភ្លើង បន្តបន្ទាប់ នៅកន្លែងកម្មវិធី។ ពួកគាត់បានបង្ហើបប្រាប់ថា កន្លងមក ឱ្យតែម្ចាស់ផ្ទះមានកម្មវិធីផឹកស៊ី គឺ តែងបាញ់កាំភ្លើងលេងហើយ។

ចំណែកពលរដ្ឋម្នាក់ រស់នៅក្បែរនោះ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ នៅវេលាម៉ោងប្រហែល៤និង ៣០នាទីរសៀល រូបគាត់កំពុងធ្វើការនៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះឆាយ ក៏ឃើញឈ្មោះឆាយ ឈរកាន់កាំភ្លើងខ្លី បាញ់ឡើងលើ ប្រហែលជា១០គ្រាប់។

ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចចម្រុះ បានរកឃើញវត្ថុតាង រួមមាន សំបកគ្រាប់កាំភ្លើងខ្លីចម្រុះ ចំនួន១១២គ្រាប់ សំបកគ្រាប់កាំភ្លើង M16 ចំនួន៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើង AK ចំនួន៥៥គ្រាប់។ វត្ថុតាង សំបកគ្រាប់កាំភ្លើង ទាំងជាង២០០គ្រាប់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវបន្ត។

 ជុំវិញករណីខាងលើនេះ បន្ទាប់ពីមានការបញ្ជាក់អះអាងរបស់នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាការបញ្ជាក់របស់សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដូចខាងលើនេះរួចមក មហាជនមានការជឿជាក់ទាំងស្រុងថា ការ បាញ់បោះសេរី នៅលើភ្នំគិរីរម្យ នោះ គឺពិតជាមិនពាក់ព័ន្ធនឹងនាយឧត្តមសេនីយ៍ គៀង សាវុធ និងកូនប្រុស របស់លោកនោះទេ ព្រោះប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីធំៗ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ បានដឹងនិង ស្គាល់ច្បាស់ថា នាយឧត្តមសេនីយ៍ គៀង សាវុធ ជាមន្ត្រីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលមាន ស្នាដៃល្អក្នុងការបម្រើជាតិ និងប្រជាជន។ ដោយឡែកក្នុងសង្គមគ្រួសារ ក៏លោកបានចិញ្ចឹម អប់រំកូនចៅបានល្អ ជំរុញឲ្យរៀនសូត្របានខ្ពង់ខ្ពស់ ដូច្នេះមិនអាចទៅរួចទេដែលគេចោទថា កូនរបស់លោកហ៊ាន ដល់ទៅយកកាំ ភ្លើងបាញ់បោះសេរី បែបអនាធិបតេយ្យ នៅភ្នំគិរីរម្យនោះ៕ 

RELATED ARTICLES