Thursday, January 23, 2025
Homeព័ត៌មានជាតិអ្នកប្រជាធិបតេយ្យ គួរបន្តរួបរួមក្រោមបក្សភ្លើងទៀន ល្អជាងចូលបក្សបង្កើតថ្មី

អ្នកប្រជាធិបតេយ្យ គួរបន្តរួបរួមក្រោមបក្សភ្លើងទៀន ល្អជាងចូលបក្សបង្កើតថ្មី

ភ្នំពេញៈ អ្នកវិភាគ បានលើកឡើងថា អ្នកប្រជាធិបតេយ្យនិយម ឬអ្នកដែលមាននិន្នាការប្រឆាំង ចង់ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) តាមរយៈការបោះឆ្នោត គួរបន្តរួបរួមក្រោមបក្សភ្លើងទៀន ឬយកបក្សចាស់វស្សា ជាស្នូលសម្ព័ន្ធភាពឆ្ពោះទៅអនាគត ល្អជាងចូលបក្សបង្កើតថ្មី ។

លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកលើកទឹកចិត្តអ្នកប្រជាធិបតេយ្យនិយម បន្តរួបរួម ហើយយកបក្សភ្លើងទៀន ជាបក្សចាស់វស្សាជាស្នូល «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ជាជាងចាយពេលអត់ប្រយោជន៍ចូលរួមជាមួយបក្សបង្កើតថ្មី ។

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “ បាទ! ចំណុចខ្លាំងរបស់អ្នកប្រជាធិបតេយ្យ របស់បក្សប្រឆាំងនៅក្នុងស្រុកខ្មែរយើងនេះ ចំណុចធំបំផុត គឺការរួបរួមគ្នា ការឯកភាពគ្នា មិនមែនការបែកបាក់គ្នាទេ ។ អ៊ីចឹងដំណោះស្រាយសម្រាប់ការរួបរួម ខ្ញុំមើលឃើញថា សម្ព័ន្ធអនាគតរបស់បក្សប្រឆាំង មានគណបក្សតូចៗរួមជាមួយគណបក្សភ្លើងទៀន ដើម្បីពង្រឹងចលនាបក្សប្រឆាំងនៅក្នុងស្រុកខ្មែរនេះ ខ្ញុំគិតថា វាជាដំណោះស្រាយមួយដែលល្អហើយ ដែលសមរម្យហើយ វាមិនចាំបាច់អីទៅបង្កើតចរន្តបក្សនយោបាយថ្មី ដើម្បីបង្រួមអ្នកប្រជាធិបតេយ្យ វាមិនអាចទេ ព្រោះធ្វើយ៉ាងដូច្នោះ វាជារូបភាពបំបែកបំបាក់ក្នុងចំណោមអ្នកប្រជាធិបតេយ្យដូចគ្នា ច្រើនជាងការរួបរួមគ្នាជាធ្លុងមួយទៅថ្ងៃមុខ ព្រោះសកម្មភាពវាមិនបានចំណេញសម្រាប់អ្នកប្រជាធិបតេយ្យ តែទៅចំណេញសម្រាប់គណបក្សកាន់អំណាចទៅវិញ ជាពិសេសយើងបានឃើញហើយថា គណបក្សកម្លាំងជាតិ ដែលជាគណបក្សមួយបង្កើតថ្មី ហើយបំបែកចេញពីគណបក្សភ្លើងទៀននោះ ប្រកាសឈរសមាជិកព្រឹទ្ធសភា ការបោះឆ្នោតសមាជិកព្រឹទ្ធសភា ហើយនិងក្រុមប្រឹក្សាឃុំសង្កាត់ បើនិយាយពីរូបភាពជាក់ស្ដែង វាអត់មានកម្លាំងទេ អ៊ីចឹងកម្លាំងដែលបាន គឺជាកម្លាំងបំបែកបំបាក់គណបក្សភ្លើងទៀន ។ ដូច្នេះគណបក្សភ្លើងទៀន ដែលសង្ឃឹមថា នឹងបានបេក្ខជនតំណាងព្រឹទ្ធសភាជាប់ឆ្នោតនៅពេលខាងមុខនេះ ជាង១០នាក់នោះ វាត្រូវធ្លាក់តទៅទៀត ដោយសារការបែកបាក់គ្នាហ្នឹង ហើយការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌក៏អ៊ីចឹងដែរ ។ អ៊ីចឹងវាជារូបភាពមួយមិនបង្ហាញការរួបរួមទេ តែជាការបែកបាក់គ្នាទៅវិញទេ ហើយការបែកបាក់នេះ វាមិនមែនជារឿងល្អរបស់បក្សប្រឆាំង ព្រោះភាគច្រើនអ្នកដែលចូលរួមជាមួយគណបក្សកម្លាំងជាតិ សុទ្ធតែចេញពីគណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងនោះ ។ អ៊ីចឹងដល់ពេលបែកបាក់គ្នា មានអីចំណេញ? អ្នកដែលចំណេញ គឺកាន់អំណាច គឺគណបក្សប្រជាជននោះ ។ ចំណេញទី១ កម្លាំងរបស់បក្សប្រឆាំងមិនអាចរកការរួបរួមគ្នាឃើញទេ ។ ចំណេញទី២ ការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ គណបក្សប្រជាជន នឹងនាំមុខដាច់ទៀតហើយ ដោយសារអី? សំឡេងដែលបានតិចហើយ ដល់ពេលបែកបាក់គ្នា វារឹតតែតិចទៅទៀត អ៊ីចឹងកាលណារឹតតែតិច គណបក្សកម្លាំងជាតិក៏អត់ គណបក្សភ្លើងទៀនក៏អត់ ។ ខ្ញុំឧទាហរណ៍ថា ឥឡូវសមាជិកព្រឹទ្ធសភាម្នាក់ មានអង្គបោះ១០០នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ ហើយស្រាប់តែមកបំបែកសំឡេងដាច់អស់ម្នាក់ ទៅបោះឲ្យកម្លាំងជាតិ នៅសល់តែ៩៩នាក់ ។ អ៊ីចឹងអា៩៩នោះ វាសូន្យទៅហើយ វាត្រូវប្រគល់អាសនៈមួយនោះ ឲ្យទៅខាង CPP​ ដាច់ ។ អ៊ីចឹងវាជារឿងមួយដែលអត់មានចំណេញអីសោះ មានន័យថា ការបែកបាក់គ្នា ដើម្បីផលប្រយោជន៍ឯកជន ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមមួយៗហ្នឹង មិនមែនជាការបង្ហាញពីឆន្ទៈរួម បម្រើផលប្រយោជន៍រួមទេ ។ អ៊ីចឹងបានថា CPP ចំណេញច្រើនណាស់ ការបែកបាក់របស់អ្នកប្រជាធិបតេយ្យហ្នឹង “ ។

លោករស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ ក្នុងចំណុចនេះដែរ ជាការរំលឹកសម្ដីលោករ៉ុង ឈុន អតីតអនុប្រធានគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ បានតំណែងទីប្រឹក្សា ដែលគាត់បាននិយាយថា មូលហេតុដែលគាត់ចាកចេញពីភ្លើងទៀន ដោយសារភ្លើងទៀនមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន ហើយថា ការចាកចេញរបស់គាត់មិនមែនជាការបំបែកសំឡេងគណបក្សប្រឆាំងនោះ គឺតាមពិត វាគ្រាន់តែជាលេសមួយរបស់លោករ៉ុង ឈុន ទេ ។ លេសនោះ គឺគាត់ចាកចេញរួចទៅហើយ គាត់សម្រេចចិត្ត គាត់ធ្វើសកម្មភាពរួចទៅហើយ ផ្ដិតមេដៃបង្កើតគណបក្សកម្លាំងជាតិ ហើយៗ ប៉ុន្តែគ្រាន់តែគាត់មិនទាន់លាលែងពីភ្លើងទៀន ។ អ៊ីចឹងភាសារបស់គាត់គ្រាន់តែជាភាសាមួយទុកផ្លូវក្រោយទេ តែវាបានធ្វើសកម្មភាពរួចទៅហើយ ។ អ៊ីចឹងបើនិយាយភាសានយោបាយ ហៅថា ក្បត់បក្ស ក្បត់រួចទៅហើយ ។ អ៊ីចឹងទង្វើហើយនិងសកម្មភាពបែបនេះ វាឆ្លុះបញ្ចាំងឲ្យឃើញរឹតតែច្បាស់ថា ក្រុមអ្នកនយោបាយដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយនិងក្រុមអ្នកនយោបាយជាតិនិយមពិតប្រាកដ វាបានញែកចេញពីគ្នាហើយ ។ អ៊ីចឹងដូចខ្ញុំបញ្ជាក់អ៊ីចឹងថា ករណីលោករ៉ុង ឈុន គឺជារឿងមួយទុកផ្លូវក្រោយសម្រាប់ខ្លួនឯងខ្លះទេ តែសកម្មភាពគាត់គឺបានចូលរួមជាមួយគណបក្សកម្លាំងជាតិរួចទៅហើយ ហើយគាត់លាលែងពីភ្លើងទៀនតាមក្រោយ ។ អ៊ីចឹងមានន័យថា ខ្ចីដៃបក្សភ្លើងទឿនប្រើរួចទៅហើយ ហើយសកម្មភាពគាត់ទៀតសោត បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា អ្នកប្រជាធិបតេយ្យពិតប្រាកដ​ និងអ្នកប្រជាធិបតេយ្យស្វែងរកផលប្រយោជន៍ខ្លួនឯង ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួននោះ គឺវាញែកចេញពីគ្នាបានបាត់ទៅហើយ ។ អ៊ីចឹងសួរថា ទៅបង្កើតគណបក្សថ្មីហ្នឹង វាមានផលចំណេញអី? វាអត់ចំណេញទាល់តែសោះ ។ អ៊ីចឹងសម្រាប់លោករ៉ុង ឈុន ហើយនិងក្រុមអ្នកនយោបាយផ្សេងទៀត ខ្ញុំគិតថា សកម្មភាពនេះគ្រាន់តែធ្វើដើម្បីបំភ័ន្តសាធារណៈមតិ នៅក្នុងចំណោមអ្នកប្រជាធិបតេយ្យដូចគ្នាទេ ព្រោះគណបក្សភ្លើងទៀន ជាគណបក្សចាស់វស្សាមួយ ដែលមានរចនាសម្ព័ន្ធដល់មូលដ្ឋានរួចទៅហើយ “ ។

លោករស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងទោះបីជាគាត់មិនចូលរួមការបោះឆ្នោត ក៏សម្ព័ន្ធរបស់ខ្លួនអាចជាតំណាងបាន ដូចជាគណបក្សឆន្ទៈខ្មែរ ដែលអចិន្រ្តៃយ៍គណបក្ស អនុម័តថា ឈរឈ្មោះព្រឹទ្ធសភា ជំនួសគណបក្សភ្លើងទៀននោះ គេបានធ្វើហើយ! គេបានចុះបញ្ជី គេបានដាក់ពាក្យឈ្មោះព្រាតហើយតើ! ម៉េចក៏យើងថា ជម្រើសនៅផ្ទះថ្មី ល្អជាងនៅផ្ទះចាស់ ។ យើងទៅសង់ផ្ទះថ្មីដែលគ្រឿងមិនគ្រប់ ហើយនៅផ្ទះចាស់ ដែលអាចកែច្នៃបាន ម៉េចមិននៅផ្ទះចាស់ កែច្នៃទៀតទៅ? ព្រោះការបុកគ្រឹះនយោបាយនេះ មិនមែនរឿងលេងសើចទេ មិនមែនអស់លោកគ្រាន់តែកាន់ក្បាលមីក្រូស្រែកហើយ គេបោះឆ្នោតឲ្យទេ ទាល់តែមានសំឡេងនៅមូលដ្ឋាន ទាល់តែមានសកម្មជននៅមូលដ្ឋានរកសំឡេងឆ្នោត អាហ្នឹងបានវាបាន ហើយដល់ពេលយើងនាំគ្នាធ្វើអ៊ីចឹង ខ្ញុំមើលទៅ វាអត់អីចំណេញទាល់តែសោះ ហើយបើទោះបីជាថ្ងៃមុខ មានការរួបរួមឡើងវិញ ក៏ជាការរួបរួមដែលបង្កើតនូវភាពបែកបាក់ ពីព្រោះទិសដៅផ្សេងគ្នា មួយធ្វើនយោបាយដើម្បីការផ្លាស់ប្ដូរប្រទេសជាតិ សង្គមជាតិមួយពិតប្រាកដ ហើយមួយទៀតគ្រាន់តែធ្វើនយោបាយដោះដូរផលប្រយោជន៍ផ្ទាល់ខ្លួន វាអត់ដូចគ្នាទេ អ៊ីចឹងបំផុតនឹងបែកបាក់គ្នា ។ ក្នុងន័យដែរ ក្រៅពីលោករ៉ុង ឈុន ខ្ញុំក៏កត់សម្គាល់ឃើញថា លោកជា មុនី ដែលគាត់បានទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ហើយតំណែងអនុប្រធានគណបក្សនោះ គាត់ធ្លាប់បាននិយាយថា រួមសុខរួមទុក្ខជាមួយគណបក្សភ្លើងទៀន តែពេលដល់គាត់មកចូលរួមជាមួយគណបក្សកម្លាំងជាតិ គាត់បែរជានិយាយថា កន្លែងណាបានសុខ គាត់ទៅរកកន្លែងដែលបានសុខហើយ ។ តាមពិត ជា មុនី មិនមែនជា វិជ្ជា ទេ ជា មុនី គ្រាន់តែស៊ីពែជា វិជ្ជា អ្នកដែលជាវីរបុរសកម្មករពិតប្រាកដ ជា វិជ្ជា ឯណោះទេ ហើយជា មុនី គ្មានស្អីទេ ។ អ៊ីចឹងពួកអស់នេះ គឺស្ទុះរកប្រយោជន៍ទេ មិនឲ្យគាត់ប្រែក្រឡាស់សម្ដីម៉េច បើគេឲ្យតួនាទីអនុប្រធានបក្សហើយ? អ៊ីចឹងចង់ មិនចង់ គាត់តថ្លៃជាមួយគណបក្សភ្លើងទៀន មិនបានផង តែទៅនោះបាន គាត់មិនទៅនោះ? អ៊ីចឹងខ្ញុំមិនមានវាយតម្លៃអីទេ ប៉ុន្តែគ្រាន់ថា ឲ្យលោកសាកហែលមើល តើការធ្វើនយោបាយចាប់ផ្ដើមពីថ្មីនេះ វាដូចអស់លោកគិតអត់? អ៊ីចឹងជាយន្តការ គឺគណបក្សភ្លើងទៀន បង្ហាញជំហរសម្ព័ន្ធសភាពឲ្យរឹងមាំទៅ អ៊ីចឹងអ្នកដែលមានទិសដៅខុសពីប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន យកប្រជាធិបតេយ្យមកបិទបាំង គឺវានឹងរលាយរលត់ខ្លួនឯង វាជារឿងធម្មតា “ ។

លោករស់ សារ៉ុម បានមានប្រសាសន៍បន្ថែមថា “ ជារួមទៅ ចំពោះខ្ញុំៗមើលឃើញថា ដើម្បីដំណើរការវិវឌ្ឍរបស់យើងធ្វើដំណើរលឿន ហើយរឹងមាំនោះ វាមិនអាចមានគណបក្សកាន់អំណាច តែម្ខាងទេ ត្រូវតែមានគណបក្សប្រឆាំងមួយ ដែលមានសក្ដានុពលពិតប្រាកដ រឹងមាំពិតប្រាកដ ហើយគណបក្សដែលខ្ញុំមើលឃើញថា រឹងមាំ ហើយអាចកែច្នៃ កែសម្រួលបាននោះ គឺគណបក្សភ្លើងទៀនហ្នឹងហើយ ដែលមានអាយុចាស់វស្សាហ្នឹង ទោះបីជាវាមានចំណុចខ្វះខាតខ្លះ តែអាចកែបាន ។ អ៊ីចឹងស្ថានភាពនោះ វាចាំបាច់ណាស់ ត្រូវតែកែសម្រួល ហើយពង្រឹងនៅក្នុងជើងអ្នកប្រជាធិបតេយ្យ ។ ដូចថា ឥឡូវនៅមូលដ្ឋាន មាន២០០០នាក់ ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀននេះ សំឡេងនេះមិនងាយរកទេ ។ អ៊ីចឹងយើងថែអាហ្នឹងឲ្យគង់ សមាជិកព្រឹទ្ធសភា បានប៉ុនណា យកប៉ុណ្ណឹងទៅ ក្រុមប្រឹក្សារាជធានីស្រុកខណ្ឌបានប៉ុនណា យកប៉ុណ្ណឹងទៅ ហើយត្រៀមខ្លួនមូលគ្នារួបរួមគ្នាក្នុងចំណោមអ្នកប្រជាធិបតេយ្យ ធ្វើការរួមគ្នាហ្នឹង ចូលរួមការបោះឆ្នោត ២០២៧-២០២៨ ។ អាហ្នឹងបានជាអ្នកនយោបាយពិតប្រាកដ គ្រឹះប្រជាធិបតេយ្យ គ្រឹះមូលដ្ឋាននេះ វាអាចឈររឹងមាំបាន ចុះបើបង្កើតថ្មី? គ្រាន់តែសម្រួលរចនាសម្ព័ន្ធឡើងវិញ ក៏ងាប់ដែរ គ្រាន់តែលុយលើកស្លាក ហើយនិងសម្រួលរចនាសម្ព័ន្ធ អស់លោកចាយពេល១ឆ្នាំទៀត មិនដឹងធ្វើកើតអត់ផង ចុះអ្វីដែលយើងមានហើយ ហេតុអ្វីក៏យើងមិនរួមគ្នាធ្វើឲ្យបានល្អទៅ? “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ ខាងលើនេះ បានធ្វើឡើងស្របពេលដែលគេមើលឃើញថា គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំង កំពុងជួបភាពរង្គោះរង្គើផ្ទៃក្នុងខ្លាំង ព្រោះក្រៅពីសកម្មជនមួយចំនួនបានទៅចុះចូលជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) តាំងពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នោះ រហូតមកដល់ពេលនេះ មានមនុស្សសំខាន់ៗជាច្រើនដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងមួយនេះ បានចាកចេញទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលបានធ្វើសមាជលើកដំបូង កាលពីថ្ងៃអាទិត្យ​ ទី១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នៅក្នុងសមាជលើកដំបូងនោះ គណបក្សកម្លាំងជាតិ បានលើករបៀបវារៈចំនួន៦ មកពិភាក្សានិងអនុម័ត រួមមានៈ របៀបវារៈទី១ បោះឆ្នោតជ្រើសប្រធាន និងអនុប្រធានគណបក្ស, របៀបវារៈទី២ បោះឆ្នោតអនុម័តលក្ខន្តិកៈគណបក្ស, របៀបវារៈទី៣ បោះឆ្នោតជ្រើសសមាជិកគណៈកម្មាធិការនាយក, របៀបវារៈទី៤ បោះឆ្នោតជ្រើសសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍, របៀបវារៈទី៥ កំណត់ទិសដៅការងារ សម្រាប់បោះឆ្នោតសកល២០២៧-២០២៨ ខាងមុខ និងរបៀបវារៈទី៦ តែងតាំងទីប្រឹក្សាគណបក្ស និងដាក់បញ្ជីបេក្ខជនឈ្មោះបោះឆ្នោតអសកល ឆ្នាំ២០២៤ ។ 

ជាលទ្ធផល នៅក្នុងរបៀបវារៈទី១ សមាជដំបូងរបស់គណបក្សកម្លាំងជាតិ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលោកស៊ុន ចន្ធី អតីតអគ្គលេធិការរង និងជាអតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍គណបក្សភ្លើងទៀន ជាប្រធានគណបក្ស និងលោកជា មុនី អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សភ្លើងទៀន ជាអនុប្រធានគណបក្ស, របៀបវារៈទី៣ បោះឆ្នោតជ្រើសសមាជិកគណៈកម្មាធិការនាយក ចំនួន២៨រូប, របៀបវារៈទី៤ បោះឆ្នោតជ្រើសសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៩រូប និងរបៀបវារៈទី៦ តែងតាំងលោករ៉ុង ឈុន ជាទីប្រឹក្សាគណបក្សកម្លាំងជាតិ ៕

RELATED ARTICLES