Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់លុយដណ្តឹងប្រពន្ធ ប្លន់មិត្តភក្តិ ចាក់៨កាំបិត អារក

អត់លុយដណ្តឹងប្រពន្ធ ប្លន់មិត្តភក្តិ ចាក់៨កាំបិត អារក

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានស្រីស្នេហ៍របស់ខ្លួន តឿនបង្ខំឱ្យចូលស្តីដណ្តឹង តែដោយសារខ្វះ លុយថ្លៃបណ្ណាការ ស្រាប់តែបែកគំនិតល្បួងមិត្តភក្តិម្នាក់ ទៅផឹកស៊ី រួចចាក់មិត្តភក្តិចំនួន ៨កាំបិត និងចាប់ អារកសម្លាប់ ប្លន់យកម៉ូតូ ទៅលក់ តែគ្មានអ្នកទិញ ក៏ដោះគ្រឿងលក់ បានលុយមួយចំនួន ទីបំផុតត្រូវបាន សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករបាន នាំយកមកចាត់ការតាមច្បាប់។ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ ចាក់មិត្តភក្តិ ៨កាំបិត រួចអារក ប្លន់ម៉ូតូនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្នុងទឹកថ្លុក ខាងជើងរោងម៉ាស៊ីន កិនស្រូវអប្សរា រ៉ាយ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

ជនសង្ស័យជាឃាតករដៃឆៅ ដែលត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះពេជ្រ រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានប្រទះឃើញសពដេកផ្កាប់មុខនៅក្នុងទឹកថ្លុក ខាងជើងរោងម៉ាស៊ីនកិនស្រូវ អប្សរា រ៉ាយ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ភ្លាមៗ រួចរាយការណ៍ទៅខាងជំ នាញ ចុះទៅពិនិត្យនិងស្រាវជ្រាវ កំណត់អត្តសញ្ញាណជនរងគ្រោះ រហូតកំណត់បានថា សពជនរងគ្រោះ មានឈ្មោះណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានលំនៅ ភូមិរំលេច សង្កាត់ ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។

តាមការពិនិត្យ និងធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានបញ្ជាក់ ថា សពជនរងគ្រោះ មានស្លាកស្នាមអារកពីមុខ ជិតដាច់ និងមានស្នាមចាក់ប្រហារ សរុបចំនួន ៨កាំបិត ក្នុងនោះ ត្រូវចំគល់ក ១កាំបិត ឆ្អឹងជំនីរឆ្វេង ៥កាំបិត កំភួនដៃឆ្វេង ១កាំបិត និងខ្នងដៃឆ្វេង ១កាំបិត។ រីឯវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ១ដើម និងស្រាបៀរកម្ពុជា ចំនួន៦កំប៉ុង។

តាមការបំភ្លឺពីស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ កូនប្រុសគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០២៣ ពណ៌ខ្មៅ ចេញទៅធ្វើការ លុះក្រោយកើតមានករណីឃាត កម្មសម្លាប់កូនប្រុសគាត់បែបនេះ ក៏បាត់ម៉ូតូ ១គ្រឿងនោះតែម្តង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីនេះ គឺជាអំពើឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ) ដែល ជនសង្ស័យគឺជាអ្នកស្គាល់គ្នាជិតដិតជាមួយជនរងគ្រោះ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ សពជនរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីកំណត់បានមុខសញ្ញាណជនសង្ស័យរួចហើយ និងដោយមានការដឹកនាំចង្អុលបង្ហាញពីលោកស្នងការ និងការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងការិយា ល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញក្រុងឧដុង្គម៉ែជ័យ បានបើកការស្រាវជ្រាវតាម ចាប់ខ្លួនជនសង្ស័យ ដល់ភ្នំពេញ ហើយជនសង្ស័យបានជិះរថយន្តឈ្នួល គេចទៅខេត្តពោធិ៍សាត់ តែមកដល់ ត្រង់ចំណុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ ក៏ត្រូវបានកម្លាំងជំនាញខេត្តកំពង់ស្ពឺ សហការជាមួយនគរបាល ស្រុកពញាឮ ចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករដៃឆៅ ឈ្មោះពេជ្រ រ៉ាវី បានឆ្លើយសារភាពថា រូបគេពិតជា បានចាក់និងអារកសម្លាប់ជនរងគ្រោះ ជាមិត្តភក្តិ ដើម្បីប្លន់យកម៉ូតូទៅលក់ ប្រាកដមែន។ មូលហេតុដោយ សារតែខ្លួនខ្វះលុយដណ្តឹងប្រពន្ធ នៅខេត្តតាកែវ។

ជនសង្ស័យជាឃាតករ បានសារភាពបន្តថា បន្ទាប់ពីល្បួងជនរងគ្រោះទៅផឹកស៊ី នៅចំណុចកើតហេតុហើយ ខ្លួនក៏ចាក់និងអារកសម្លាប់ជនរងគ្រោះ ប្លន់យកម៉ូតូជនរងគ្រោះ ទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ ទើបខ្លួន បានដោះគ្រឿងលក់ ហើយក៏បានជិះម៉ូតូនោះទៅប្លុងចោលនៅផ្សារនាគមាស តែម្តង។ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តរកឃើញម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបានដោះបូមមុខក្រោយ កុងទ័រ ស៊ីម៉ាំង កាបាំង ហើយប្លុងចោលនៅផ្សារនាគមាស។ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES