Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករបុកម៉ូតូ ក្រឡាប់ ស្លាប់១ របួស១៣

ឡានដឹកកម្មករបុកម៉ូតូ ក្រឡាប់ ស្លាប់១ របួស១៣

ខេត្តកំពង់ស្ពឺ ៖ រថយន្តកូរ៉េដឹកកម្មករ ១គ្រឿង ទើបនឹងទទួលកម្មករ-កម្មការិនីចេញពីធ្វើការរោងចក្រ បើកបរ សំដៅទៅផ្ទះ  ស្រាប់តែបុកម៉ូតូ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូ ស្លាប់ នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ ចំណែករថយន្តដឹកកម្មករ បានរេចង្កូតក្រឡាប់ ចាក់កម្មករចោលពេញផ្លូវបណ្តាល ឱ្យរងរបួស ១៣នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៥នាទីព្រលប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំស្នំ ក្រពើ ស្រុកគងពិសី។

បុរសរងគ្រោះ ជាអ្នកជិះម៉ូតូ ដែលត្រូវរថយន្តដឹកកម្មករបុកស្លាប់ មានឈ្មោះពៅ មន្នី អាយុ៣៦ឆ្នាំ មានលំនៅ ភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី។ ចំណែកបុរសជាអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះស៊ួង ជាតិ ហៅតឿ មានលំនៅ ភូមិត្រពាំងលាប ឃុំផុង ស្រុកបសេដ្ឋ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនកើតហេតុ មានរថយន្តកូរ៉េដឹកកម្មកររោងចក្រ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-9396 បើកបរដោយឈ្មោះស៊ួង ជាតិ ហៅតឿ និងមានដឹកកម្មករចំនួន ៤៥នាក់ បើកបរមកពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង។ លុមុះកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តដឹកកម្មករ បានវ៉ាជែងរថយន្ត ១គ្រឿងទៀត រួចក៏ជ្រុលទៅ បុកម៉ូតូ ១គ្រឿង ម៉ាក YAMAHA MT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JH-9772 បើកបរដោយឈ្មោះពៅ មន្នី ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង បញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជា អ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ប្រភពដដែល បន្តថា បន្ទាប់ពីបុកម៉ូតូរួចហើយ រថយន្តបានរេចង្កូតក្រឡាប់ ធ្វើឱ្យកម្មករដែលជិះលើរថយន្ត ចំនួន១៣នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែក អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្ត ទៅរក្សាទុក រង់ចាំដោះ ស្រាយគ្នាតាមនីតិវិធី។

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES