ភ្នំពេញៈ ក្រុមយុវជនខ្មែរប្រមាណ២០នាក់ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំគ្នាជិះកង់ទៅដាក់ញត្តិនៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើឱ្យរាជរដ្ឋាភិបាល លុបអាជ្ញាប័ណ្ណនាំចេញឈើទៅបរទេស របស់ក្រុមហ៊ុនអង្គរផ្លាយវូត ។
នៅក្នុងញត្តិ ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញទៅក្រៅប្រទេសនោះ មានខ្លឹមសារថា “ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់បរិស្ថាន និងធនធានធម្មជាតិ មានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយទទួលបានព័ត៌មានពីការស្នើសុំពន្យារនាំឈើចេញរយៈពេល ៥ឆ្នាំបន្ថែមទៀត របស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ។ យោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “ក្រុមហ៊ុនអង្គរផ្លាយវូត នៅតែបន្តនាំចេញឈើកម្រទៅលក់នៅក្រៅប្រទេស” ក្រោយពីមានការអនុញ្ញាតដោយទីស្ដីការគណៈរដ្ឋមន្រ្តី សម្រេចពន្យារពេលនៃការនាំឈើចេញរហូតដល់ដំណាច់ឆ្នាំ២០២៣ ។
យោងតាមសេចក្ដីសម្រេចលេខ ៧៣៩ ស.ជ.ណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី ទទួលបានការពន្យារពេលនាំចេញផលិតផលឈើកែច្នៃចំនួន ១០៣ ៧៦៣,១៥ម៉ែត្រគូប ដែលនៅសល់ពីការអនុញ្ញាតកាលពីឆ្នាំ២០១៦ ឲ្យបន្តការនាំចេញរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ ការអនុញ្ញាតរបស់រាជរដ្ឋាភិបាលខាងលើនេះ បានឲ្យនាំចេញតែប្រភេទឈើកែច្នៃ ដូចជា ក្ដារបន្ទះ ក្ដារកម្រាលការ៉ូ និងផលិតផលកែច្នៃផ្សេងៗទៀតដែលជាផលិតផលពីចំណិតឈើស្នូល តែផ្ទុយទៅវិញក្រុមហ៊ុនបាននាំចេញឈើកម្រជាច្រើនប្រភេទដូចជា ស្រឡៅ កកោះ ផ្ចឹក សុក្រម ជាដើម ចំនួន ២.២៣៥.៨៤០គីឡូក្រាម ទៅកាន់ប្រទេសវៀតណាម បើយោងតាមបញ្ជីនាំចេញឈើរបស់ក្រុមហ៊ុន ដែលបានចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ “ ។
ញតិ្តដដែល បន្តទៀតថា “ផ្អែកតាមទិន្នន័យនាំឈើចេញខាងលើ ដែលផ្ទុយពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈអង្គការជាតិ-អន្តរជាតិ និងសហគមន៍មូលដ្ឋាន ធ្លាប់រកឃើញបន្តបន្ទាប់ពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់អភិរក្ស ។ ដើម្បីរក្សាបាននូវនិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា ព្រមទាំងតបនឹងសេចក្ដីព្រួយបារម្ភខាងលើ យើងខ្ញុំទាំងអស់គ្នាដែលជាប្រជាពលរដ្ឋខ្មែរ ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាលុបអាជ្ញាប័ណ្ណអនុញ្ញាតការនាំឈើចេញ របស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី និងធ្វើការស៊ើបអង្កេតអំពីការនាំចេញប្រភេទឈើកម្រដែលផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា “ ។
ជាលទ្ធផលនៃការដាក់ញត្តិ ដែលមានខ្លឹមសារដូចខាងលើ នាព្រឹកនោះ ក្រុមយុវជន បានទទួលជោគជ័យ និងរលូន ដោយបន្ទាប់ពីខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលយកញត្តិហើយ ពួកគេក៏បន្តយកមកដាក់បន្តនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ។
លោកកើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ដែលជាអ្នកដឹកនាំការជិះកង់យកញតិ្តទៅដាក់នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺប៉ុន្មានម៉ោងក្រោយការដាក់ញត្តិនោះថា ការដាក់ញត្តិ ពិតជាទទួលបានជោគជ័យហើយ ដោយទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ព្រមទទួលយក ប៉ុន្តែការឆ្លើយយ៉ាងណាពីប្រមុខរាជរដ្ឋាភិបាលនោះ លោកមិនទាន់ដឹងទេ ។ យ៉ាងណា លោកថា ការដដែលដាក់ញត្តិនេះ ដោយសារតែក្រុមយុវជន និងប្រជាពលរដ្ឋមានការព្រួយបារម្ភពីការបាត់បង់ព្រៃឈើ និងការនាំឈើកម្រទៅក្រៅប្រទេស របស់ក្រុមហ៊ុនអង្គរផ្លាយវូត ខុសគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានផ្ដល់អាជ្ញាបណ្ណឲ្យនាំចេញតែប្រភេទឈើកែច្នៃ ដូចជាក្ដារបន្ទះ ជាដើម ។ ដូច្នេះរាជរដ្ឋាភិបាលត្រូវតែពិចារណាពីរឿងនេះ ព្រោះបើសិនជានៅតែមានក្រុមហ៊ុននាំចេញឈើ វាពិតជាធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ធនធានធម្មជាតិនៅប្រទេសកម្ពុជា ។
លោកកើត សារ៉ាយ បានមានប្រសាសន៍ថា “ បាទ! ហ្នឹងហើយ សម្រាប់ការជិះកង់ក្នុងការយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហើយនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហ្នឹង គឺយើងបានចេញដំណើរពីទីលានប្រជាធិបតេយ្យទៅ ដោយយើងមានកង់ប្រហែលជា២០កង់ជាង នៅក្នុងការជិះចាក់ទៅមុខវត្តបទុម គឺជាដំបូងយើងបានយកញត្តិទៅដាក់មុខវត្តបទុម ហើយខុទ្ទកាល័យក៏បានពិនិត្យមើលលើឯកសារមួយចំនួនហើយ ហើយក៏មិនទាន់បានទទួលយកដែរ ដោយរុញឲ្យពួកយើងហ្នឹងយកទៅដាក់ទៅក្រសួងកសិកម្ម ជាមុនសិន ហើយចាំក្រសួងកសិកម្មហ្នឹងគេបានវ៉ៃលិខិតចូល ហើយយកក្បាលលិខិតហ្នឹងមកដាក់នៅខុទ្ទកាល័យវិញ ។ ដូច្នេះយើងក៏បានបន្តដំណើរទៅក្រសួងកសិកម្មតែម្ដង ហើយទន្ទឹមនឹងនោះ យើងក៏បានចូលទៅដាក់បានជោគជ័យ ហើយក្រសួងកសិកម្ម ក៏បានទទួលលិខិតយើង ក្នុងការដែលទទួលសំណើរបស់ពួកយើង ហើយសំណើនោះ គឺយើងដាក់ធ្វើយ៉ាងណាសុំឲ្យសាមីក្រសួងជំនាញ ហើយក៏ដូចជាសាមីពាក់ព័ន្ធនៅក្នុងការផ្ដល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុននាំចេញឈើ អង្គរផ្លាយវូត ខូអិលធីឌី ដែលយើងមានការបារម្ភ ហើយនិងបានរកឃើញនូវចំណុចមួយចំនួនដែលក្រុមហ៊ុននេះនៅតែបន្តនាំឈើបាន ហើយឈើទាំងអស់នោះ វាកំពុងតែធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ធនធានធម្មជាតិនៅប្រទេសកម្ពុជា ។ ដូច្នេះយើងបារម្ភចំពោះព្រៃឈើនៅកម្ពុជា បើសិនជានៅតែមានក្រុមហ៊ុននាំចេញឈើ ។ នេះហើយជាមូលហេតុដែលយើងធ្វើញត្តិនេះឡើង ដើម្បីស្នើសុំឲ្យសាមីពាក់ព័ន្ធបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុននាំឈើមួយហ្នឹង ព្រោះនៅក្នុងនោះក៏វាមានភាពមិនប្រក្រតីមួយចំនួនដែរ ហើយបន្ទាប់ទៅ យើងក៏យកក្បាលលិខិតដែលក្រសួងកសិកម្ម បានទទួល យកទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហើយមកដល់ពេលនេះ យើងក៏បានជោគជ័យក្នុងការដាក់ជូនស្ថាប័នទាំងពីរដែរ “ ។
ដូចគ្នានេះដែរ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោកហេង គឹមហុង ដែលបានចូលរួមដឹកនាំជិះកង់ ដាក់ញត្តិនោះដែរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃដដែលនោះថា លោកសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងធ្វើការពិចារណាលុបចោលអាជ្ញាប័ណ្ណនេះ ដោយខានពុំបាន ដើម្បីធានានូវការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ទាំងការរក្សាគម្របព្រៃឈើឲ្យបាន៦០% និងការអនុវត្តកម្មវិធីកាបូន និងកាបូនអព្យាក្រឹត ឲ្យបានល្អប្រសើរ តែបើសិនជានៅតែកាប់ឈើទៀត អី្វទាំងអស់នេះវាមិនអាចជោគជ័យទៅបានទេ ។
លោកហេង គឹមហុង បានមានប្រសាសន៍ថា “ បាទ! នៅព្រឹកនេះ ក្រុមយុវជនប្រមាណជាជិត៣០នាក់ បាននាំគ្នាដង្ហែញត្តិ ដោយមានអ្នកគាំទ្រប្រមាណជាជិត៣០០ ស្នាមមេដៃ និងចុះហត្ថលេខា ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលពិចារណាក្នុងការលុបចោលអាជ្ញាបណ្ណរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ដែលជាក្រុមហ៊ុនមួយទទួលបានអាជ្ញាបណ្ណនាំចេញឈើទៅបរទេសកន្លងមក ។ អ្វីដែលយើងមានការព្រួយបារម្ភ ដោយសារតែក្រុមហ៊ុនអង្គរផ្លាយវូត នេះ បាននាំចេញនូវប្រភេទឈើដែលផ្ទុយអំពីការសម្រេចរបស់រដ្ឋាភិបាល ដែលឲ្យចេញក្ដារកុងផ្លាកកេ ឈើកិនអីជាដើម ។ល។ហ្នឹង ប៉ុន្តែផ្ទុយទៅវិញ យើងរកឃើញថា មានការនាំចេញនូវឈើទៅកាន់ប្រទេសវៀតណាម គឺជាប្រភេទឈើចេញពីតំបន់ការពារធម្មជាតិ ដូចជាឈើ សុក្រំ ស្រឡៅ ផ្ដៀក ជាដើម។ល។ ដែលមិនមែនជាឈើឧស្សាហកម្ម អានេះជាអ្វីដែលយើងបានរកឃើញ ។ ដូច្នេះបានជាយើងមានការព្រួយបារម្ភ ខណៈពេលដែលក្រុមហ៊ុននេះ បានធ្វើការស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងបន្ថែមពេលវេលាឲ្យខ្លួននាំចេញឈើ៥ឆ្នាំទៅទៀត ហើយយោងតាមកិច្ចសំណើរបស់ក្រុមហ៊ុនអង្គរផ្លាយវូត នេះ គឺរដ្ឋាភិបាលបានអនុញ្ញាតឲ្យនាំចេញ១ឆ្នាំសិន ហើយយើងបារម្ភថា រដ្ឋាភិបាលអាចនឹងបន្តគោលការណ៍ឲ្យក្រុមហ៊ុននេះនាំចេញ៤ឆ្នាំបន្តទៀត “ ។
លោកហេង គឹមហុង បន្តថា “ ដូច្នេះហើយបានជាកន្លងមក អង្គការសង្គមស៊ីវិលក៏យើងធ្លាប់បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញករណីនេះ ហើយមកដល់ពេលនេះ ក្រុមយុវជន និងប្រជាពលរដ្ឋហ្នឹងក៏បានធ្វើញត្តិមួយផ្សេងទៀត ដើម្បីស្នើសុំទៅកាន់រដ្ឋាភិបាលឲ្យលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុននេះតែម្ដង ហើយធ្វើការស៊ើបអង្កេត ពីព្រោះអីយើងឃើញថា កន្លងមក ព្រៃឈើនៅតំបន់ការពារធម្មជាតិហ្នឹងចេះតែត្រូវបានកាប់បំផ្លាញជាបន្តបន្ទាប់ ហើយផ្ទុយទៅវិញមានក្រុមហ៊ុនមួយ បែរជានាំចេញទៅក្រៅប្រទេសផ្ទុយពីគោលការណ៍នាំចេញ ។ ដូច្នេះយើងរំពឹងថា រដ្ឋាភិបាលនឹងទទួលយកញត្តិរបស់យុវជន ក៏ដូចជាសេចក្ដីថ្លែងការណ៍អង្គការសង្គមស៊ីវិល នាពេលកន្លងមក ដើម្បីដោះស្រាយបញ្ហានេះកុំឲ្យកើតមានឡើងតទៅទៀត ហើយសុំកុំឲ្យកាប់ឈើខ្មែរយើងតទៅទៀត ហើយជាពិសេសទៀតសោតហ្នឹងក៏រំពឹងថា នឹងមានការស៊ើបអង្កេតទៅលើក្រុមហ៊ុននេះ ដែលហ៊ានអនុវត្តខុសពីគោលការណ៍ដែលរាជរដ្ឋាភិបាលបានអនុម័តនោះ ។ ទន្ទឹមជាមួយគ្នានេះ យើងរំពឹងយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងធ្វើការពិចារណាលុបចោលអាជ្ញាប័ណ្ណនេះ ដោយខានពុំបាន ដើម្បីធានានូវការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ទាំងការរក្សាគម្របព្រៃឈើឲ្យបាន៦០% ជាដើម។ល។ និងការអនុវត្តកម្មវិធីកាបូន និងកាបូនអព្យាក្រឹត ឲ្យបានល្អប្រសើរ តែបើសិនជានៅតែកាប់ឈើទៀត អីទាំងអស់ហ្នឹងវាមិនអាចជោគជ័យទៅបានទេ “ ។
ជាមួយគ្នានោះដែរ អ្នកចូលរួមជិះកង់ដាក់ញត្តិម្នាក់ទៀត លោកម៉ា ចិត្រា យុវជនបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃដដែលនោះថា ជាសំណូមពរបន្ថែម សូមរាជរដ្ឋាភិបាល មេត្តាបញ្ឈប់ការនាំចេញឈើទៅក្រៅប្រទេស ហើយត្រូវតែដាំដើមឈើឡើងវិញ នៅតំបន់ណាដែលជាតំបន់ព្រៃ និងបញ្ឈប់ការផ្ដល់ដីផ្សេងៗ ដូចជាដីសម្បទានសេដ្ឋកិច្ច ឬក៏ដីសង្គមកិច្ចអីក៏ដោយ ឲ្យតែពាក់ព័ន្ធបញ្ហាព្រៃឈើ គួរតែអភិរក្សទុកឲ្យបានល្អប្រសើរ ទើបវាជាប្រយោជន៍របស់សង្គមជាតិយើងទាំងមូល ។
លោកម៉ា ចិត្រា បានមានប្រសាសន៍ថា “ បាទ! ពាក់ព័ន្ធនឹងការដាក់ញត្តិដោយក្រុមយុវជន កាលពីព្រឹកមិញនេះ (១៦ វិច្ឆិកា) គឺយើងស្នើសុំទៅដល់រដ្ឋាភិបាល តាមរយៈក្រសួងកសិកម្មហ្នឹង ហើយយើងបានដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីដែរ ដើម្បីឲ្យគាត់បញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនអង្គរផ្លាយវូតហ្នឹងបញ្ឈប់ការនាំចេញឈើទៅលក់នៅក្រៅប្រទេស ។ ជាលទ្ធផល យើងអត់ទាន់មានអីទេ ក្រៅតែពីការទទួលយកញត្តិហ្នឹង មានន័យថា តំណាងខាងខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោកក៏ទទួល ហើយតំណាងខាងក្រសួងកសិកម្មហ្នឹងក៏គាត់ទទួលដែរ ហើយគាត់ថា នឹងឆ្លងទៅថ្នាក់លើ ហើយយ៉ាងយូរ៧ថ្ងៃ គេនឹងជូនដំណឹងត្រលប់មកវិញ ។ អានេះតាមអ្វីដែលយើងបានដឹងព្រឹកមិញនេះ ហើយទន្ទឹមនេះដែរ ខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្រ្តីថ្មី នឹងមានការពិចារណាក្នុងការបញ្ឈប់ការនាំចេញឈើទៅក្រៅប្រទេសនេះ ព្រោះអីការនាំចេញឈើទៅដល់ក្រៅប្រទេស វាទទួលបានផលចំណេញក៏ពិតមែន ប៉ុន្តែផលចំណេញហ្នឹង ផលចំណេញសម្រាប់តែអ្នកដែលរកស៊ីឈើទេ ហើយកាលណាអ្នករកស៊ីឈើកាន់តែកាប់ឈើ អ្នកដែលរងផលប៉ះពាល់ហ្នឹង គឺប្រជាពលរដ្ឋទូទៅ មិនថាអ្នកមាន មិនថាអ្នកក្រទេ គឺប៉ះពាល់ទាំងអស់ មិនថាអ្នកនៅជុំវិញព្រៃ សូម្បីតែអ្នកនៅទីក្រុងក៏ដោយ ព្រោះអីអធិបតេយ្យភាពនៃព្រៃឈើនេះ វាទូលំទូលាយណាស់ វាមិនប៉ះពាល់តែអ្នកដែលនៅក្បែរព្រៃទេ អ្នកនៅភ្នំពេញក៏ដោយ អ្នកនៅណាក៏ដោយ កាលណាអស់ព្រៃឈើ វាបម្រែបម្រួលអាកាសធាតុ ។ អ៊ីចឹងវាធ្វើឲ្យប់ះពាល់ជារួមទាំងអស់ គឺមនុស្សជាតិយើងនឹងប៉ះពាល់ទាំងអស់គ្នា អ៊ីចឹងហើយបានយើងសំណូមពរឲ្យបញ្ឈប់ការនាំចេញឈើ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានរបស់ខ្មែរយើង ហើយនិងចូលរួមចំណែកក្នុងការថែរក្សានូវប្រភពនៃជីវិតរបស់មនុស្សហើយនិងសត្វផងដែរ ។ និយាយទៅ ក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំសុំឲ្យរដ្ឋាភិបាលគិតមើល ថាតើពេលដែលយើងនាំចេញឈើអ៊ីចឹង វាមាននិវន្តរភាពប៉ុនណា? មានន័យថា អាមុខរបរហ្នឹងវានឹងចិញ្ចឹមជីវិតខ្មែរហ្នឹងបានប៉ុន្មានម៉ឺននាក់ ប៉ុន្មានសែននាក់? ហើយវាមានអាយុកាលប៉ុន្មានរយឆ្នាំ បើយើងគិតពីការនាំចេញឈើ? យើងចេះតែឲ្យនាំចេញ អ៊ីចឹងចង់ មិនចង់ ព្រៃឈើស្រុកខ្មែរ អស់ គឺចប់ហើយ មានអីទៀត? “ ។
លោកម៉ា ចិត្រា បន្តថា “ ប្រទេសយើងតូច ធនធានយើងតូច បើយើងធ្វើអីមិនទាន់កើត យើងគួរណាស់តែរក្សាវាទុកទៅជាប្រយោជន៍សម្រាប់កូនចៅយើងជំនាន់ក្រោយ ឬក៏ទៅថ្ងៃមុខរបស់យើង នៅពេលដែលមានបច្ចេកទេសគ្រប់គ្រាន់ ឬក៏មានភាពច្នៃប្រឌិតខ្លួនឯង អាចធ្វើការកែច្នៃឈើ ហើយទន្ទឹមនឹងនេះដែរ ក៏យើងត្រូវគិតដាំដើមឈើឡើងវិញ នៅពេលដែលយើងកាប់វាហើយ ព្រោះអីដែលយើងមើលឃើញបច្ចុប្បន្ននេះ វាអត់អ៊ីចឹងទេ ។ ខ្ញុំជិះម៉ូតូពីភ្នំពេញ ទៅតាមព្រះវិហារ ទៅដល់ស្ទឹងត្រែង ខ្ញុំសង្វេគណាស់ ខ្ញុំឃើញអាដីគេទុកចោលពេលដែលគេកាប់ឈើហើយ រាប់សិបហិកតារ រាប់ពាន់ហិកតារ រាប់ម៉ឺនហិកតារ ។ អាហ្នឹងហើយយើងមើលឃើញថា មានកេរអាករហើយ ប៉ុន្តែយើងបែរជាចាយវាយខ្ជះខ្ជាយ ។ អ៊ីចឹងធ្វើឲ្យខាតប្រយោជន៍ជាតិធ្ងន់ធ្ងរណាស់ ។ អ៊ីចឹងជាសំណូម ខ្ញុំសំណូមពរទៅរដ្ឋាភិបាល មេត្តាបញ្ឈប់ការនាំចេញឈើ ហើយត្រូវតែដាំដើមឈើឡើងវិញ នៅតំបន់ណាដែលជាតំបន់ព្រៃ ហើយបញ្ឈប់ការផ្ដល់ដីផ្សេងៗ ដូចជាដីសម្បទានសេដ្ឋកិច្ច ឬក៏ដីសង្គមកិច្ចអីក៏ដោយ ឲ្យតែពាក់ព័ន្ធបញ្ហាព្រៃឈើ គួរតែអភិរក្សទុកឲ្យបានល្អប្រសើរ អាហ្នឹងវាជាប្រយោជន៍របស់សង្គមជាតិយើងទាំងមូល “ ។
ទោះយ៉ាងណា ជុំវិញការដាក់ញត្តិ និងលើកឡើងរបស់ក្រុមយុជនខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទេ នៅថ្ងៃដដែល ។ ចំណែកខាងក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី ដែលរងការចោទថា បាននាំចេញឈើខុសគោលការរបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់អាជ្ញាប័ណ្ណឲ្យនោះ ក៏មិនទាន់អាចទាក់ទងសុំការបញ្ជាក់បំភ្លឺបានទេ នៅថ្ងៃដដែលនោះ៕