ភ្នំពេញៈ បន្ទាប់ពីសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពង្រឹង និងបង្កើនសមត្ថភាពការដឹកជញ្ជូនផ្លូវគោក របស់រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ ដោយសិក្សាទីតាំង ពង្រាយខ្សែរត់ បន្ថែមខ្សែរត់ឆ្លងកាត់នៅតំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍន៍ថ្មីៗ ក្នុងការគោលបំណងទាក់ទាញពលរដ្ឋឱ្យងាកទៅប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលការធ្វើដំណើរនោះ លោកបណ្ឌិតប៉ា ចន្ទរឿន អ្នកវិភាគ បានអះអាងថា ដូចទៅនឹងគំនិតរបស់លោក ដែលបានលើកឡើងកាលពីឆ្នាំមុនថា ចង់ឃើញរាជធានីភ្នំពេញ រៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើចរាចរណ៍ឲ្យបានលឿនជាងមុន ។
សូមបញ្ជាក់ថា ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានកោះនរា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សាបន្ថែមលើការកសាងផ្លូវអាកាស ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងប្រព័ន្ធផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍ ព្រមទាំងការពង្រីកទីក្រុងជាដើម ។ ដូច្នេះសម្ដេចនាយករដ្ឋមន្រ្តី ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹង និងបង្កើនសមត្ថភាពផ្តល់សេវាដឹកជញ្ជូនតាមផ្លូវគោក របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ក្នុងនោះត្រូវសិក្សាពង្រាយទីតាំងខ្សែរត់បន្ថែម ឆ្លងកាត់តំបន់កោះនរា និងទីក្រុងរណបកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍន៍ថ្មី ដើម្បីបង្កើនការទាក់ទាញអ្នកនិយមការប្រើប្រាស់មធ្យោបាយរួម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា “ត្រូវហើយអីឡូវសាលារាជធានីភ្នំពេញ ទើបបានរថយន្តក្រុងបន្ថែមប៉ុន្មានរយគ្រឿងទៀត កំពុងខ្លាចអត់ផ្លូវរត់ផង ឥឡូវសូមធ្វើម៉េចសម្រួលទៅតាមនេះ ហើយទៅថ្ងៃក្រោយ ដោយសារតែផ្លូវយើងមានតូច អ៊ីចឹងកន្លែងទីក្រុងថ្មីនេះ គួរតែរៀបចំកន្លែងណាមួយធ្វើជាគន្លងសម្រាប់ផ្លូវរថយន្តក្រុងសាធារណៈ (Bus lane Route) ធ្វើបន្តិចៗម្តង” ។
ក្រោយបានឃើញការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដូចខាងលើនេះ លោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបង្ហាញការចាប់អារម្មណ៍ និងបានចាត់ទុកការណែនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឲ្យសិក្សាគន្លងផ្លូវសម្រាប់រថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញនេះ ជាគិតគូរពីបញ្ហាចរាចរណ៍ជាសំខាន់ ដូចអ្វីដែលលោកបានលើកឡើងកាលពីឆ្នាំមុន ។
លោកបណ្ឌិតប៉ា ចន្ទរឿន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា “កាលពីឆ្នាំមុន ខ្ញុំបានលើកពីភាពចាំបាច់នៃការបង្កើតគន្លងផ្លូវអាទិភាពសម្រាប់ឡានក្រុងនៅភ្នំពេញ។ ម្សិលមិញ នាយករដ្ឋមន្ត្រីក៏បានបង្ហើបរឿងនេះ។ ជាថ្មីម្តងទៀត ខ្ញុំគិតថា ការបង្កើតឱ្យមានគន្លងផ្លូវឡានក្រុង នឹងជួយលើកកម្ពស់ការធ្វើដំណើរតាមឡានក្រុង និងកាត់បន្ថយការចំណាយ និងការកកស្ទះចរាចរណ៍ បានមួយកម្រិតផងដែរ ។
សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងថា គម្រោងឡានក្រុង នៅភ្នំពេញ ហាក់មិនបានជោគជ័យ ដោយប្រជាពលរដ្ឋជាច្រើន មិនជ្រើសរើសការធ្វើដំណើរតាមឡានក្រុង ដោយសារតែវាយឺតជាងការធ្វើដំណើរតាមមធ្យោបាយផ្សេងទៀត។ ដូច្នេះដើម្បីជួយឱ្យគម្រោងឡានក្រុង នៅភ្នំពេញ បានជោគជ័យ សាលារាជធានីភ្នំពេញ និងអាជ្ញាធរ ពាក់ព័ន្ធ គួរពិនិត្យជម្រើសក្នុងការបែងចែកគន្លងផ្លូវអាទិភាព សម្រាប់រថយន្តក្រុង និងបង្កើនចំនួនឡានក្រុង រត់បន្តគ្នាច្រើន ធ្វើឱ្យឡានក្រុង អាចរត់បានលឿន ហើយពលរដ្ឋកាន់តែច្រើន នឹងងាកមកធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈមិនខាន។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានសរសេរនៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ថា “គម្រោងឡានក្រុង នៅភ្នំពេញ ដល់ណាហើយ? កន្លងមក គម្រោងនេះ ដូចជាមិនជោគជ័យ។ បញ្ហាមួយដែលពលរដ្ឋជាច្រើន មិនជ្រើសរើសការធ្វើដំណើរតាមឡានក្រុង ដោយសារតែវាយឺតជាងការធ្វើដំណើរតាមមធ្យោបាយផ្សេងទៀត។ តាមបទពិសោធន៍ និងការសង្កេតរបស់ខ្ញុំ ការបែងចែកគន្លងផ្លូវអាទិភាពសម្រាប់ឡានក្រុង (bus priority lane) និងចំនួនឡានក្រុងរត់បន្តគ្នាច្រើន នឹងធ្វើឱ្យឡានក្រុង អាចរត់បានលឿន ហើយពលរដ្ឋកាន់តែច្រើន អាចងាកមកធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈមិនខាន។ ហេតុនេះ សាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គួរពិនិត្យជម្រើសនេះ” ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិតប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ថា តាមការមើលឃើញរបស់លោក បើសិនជាចង់ឱ្យឡានក្រុង រត់លឿនទាន់ពេលវេលា ហើយអាចទាក់ទាញឱ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋដែលជ្រើសយក មធ្យោបាយធ្វើដំណើរតាមឡានក្រុង ទាល់តែមានការបែងចែកផ្លូវអាទិភាព ហើយជំហានដំបូង អាចពិនិត្យមើលសិក្សាពីការបែងចែកផ្លូវអាទិភាពឡានក្រុង នៅតាមមហាវិថីធំៗ បន្ទាប់មក ដំណាក់កាលទី២ គឺអាចពិនិត្យមើលទៅលើការបង្កើតគន្លងផ្លូវអាទិភាព នៅតាមផ្លូវបន្ទាប់ទៀត។ ដើម្បីឱ្យឡានក្រុង រត់ទៅលឿន ទាន់ពេលវេលា ហើយមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ការកំណត់អាទិភាពគន្លងផ្លូវសម្រាប់ឡានក្រុង នេះ ជារឿងចាំបាច់។ ដូច្នេះលោកសង្ឃឹមថា សាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ នឹងពិនិត្យមើល ឬពិចារណាពីរឿងនេះ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមាន ប្រសាសន៍ថា “បាទ! ខ្ញុំមើលឃើញថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យមើលឡើងវិញ ក្នុងការរិះរកមធ្យោបាយដើម្បីដោះស្រាយការកកស្ទះ និងបញ្ចៀសបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ហើយដំណោះស្រាយមួយហ្នឹង គឺឈរនៅលើមធ្យោបាយដឹកជញ្ជូនតាមរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានដាក់ឱ្យប្រើប្រាស់មួយរយៈមក។ ប៉ុន្តែសេវាដឹកជញ្ជូនតាមឡានក្រុង នៅក្នុងរាជធានីភ្នំពេញ ហ្នឹង ហាក់បីដូចវាពុំសូវទទួលបានជោគជ័យ និងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ដែលនៅក្នុងនោះ តាមការសង្កេតរបស់ខ្ញុំ គឺបញ្ហាបីធំៗ គឺទី១ ការធ្វើដំណើរតាមឡានក្រុង ដែលសាលារាជធានីភ្នំពេញ បានដាក់ឱ្យរត់ហ្នឹង គឺល្បឿនហ្នឹងសឹងតែយឺតជាងការធ្វើដំណើរតាមម៉ូតូ ឬក៏ តាមឡានផ្ទាល់ខ្លួនផង។ ដូច្នេះហើយការយឺតយ៉ាវនេះ ដោយសារតែឡានក្រុង បើកទៅតាមគន្លងផ្លូវដូចគ្នាជាមួយនឹងអ្នកធ្វើដំណើរនៅលើដងផ្លូវដទៃទៀតដែរ។ ទី២ ចំនួនឡាន ដែលរត់លើដងផ្លូវសំខាន់ៗហ្នឹង នៅមានចំនួនតិចនៅឡើយ ដែលធ្វើឱ្យអ្នកធ្វើដំណើរហ្នឹង ត្រូវរង់ចាំយូរ ដូច្នេះក៏ខាតពេលវេលា ហើយនិងគាត់មិនអាចធ្វើដំណើរទៅដល់គោលដៅទាន់ពេលវេលាដែលគាត់ចង់បាន និងទី៣ កង្វះខ្សែឡានរត់ ដើម្បីឆ្លងកាត់ពីផ្លូវមួយទៅផ្លូវមួយ ដើម្បីឱ្យអ្នកដំណើរហ្នឹង គាត់អាចចុះពីឡានមួយនៅលើផ្លូវមួយ ទៅឡើងឡានមួយ នៅលើផ្លូវមួយទៀតហ្នឹង។ ហេតុនេះ ខ្ញុំមើលឃើញថា បើសិនជាមានការអភិវឌ្ឍគម្រោងរថយន្តក្រុង នៅក្នុងរាជធានីភ្នំពេញ មួយកម្រិតទៀត ទី១ គឺការកំណត់នូវគន្លងផ្លូវជាអាទិភាពសម្រាប់រថយន្តក្រុង ហ្នឹងតែម្តង។ ឧទាហរណ៍ថា ផ្លូវសហព័ន្ធរុស្ស៊ី គឺនៅខាងស្តាំដៃបំផុតហ្នឹង គន្លងហ្នឹង គឺសម្រាប់តែឡានក្រុងទេ ដែលមិនអាចឱ្យអ្នកធ្វើដំណើរបើកម៉ូតូ ជិះកង់ ឬក៏ជិះឡាន បើកឡានហ្នឹង អាចបើកផ្លូវហ្នឹងបានទេ។ ប្រសិនបើមានទ្រូងផ្លូវអាទិភាពសម្រាប់ឡាន ក្រុងអ៊ីចឹងទៅ ខ្ញុំគិតថា ឡានក្រុងអាចបើកបានលឿន មិនមានការកកស្ទះ ទោះបីជា អ្នកធ្វើដំណើរ បើកបរម៉ូតូ ឬឡានផ្ទាល់ខ្លួននោះស្ទះ ក៏ឡានក្រុង អាចទៅមុខលឿនដែរ ហើយកាលណាឡានក្រុង បើកលឿនបាន នាំឱ្យការធ្វើដំណើរតាមឡានក្រុងហ្នឹង វាលឿនជាងមធ្យោបាយផ្ទាល់ខ្លួន ហើយវាចំណាយពេលវេលាតិច ចំណាយលុយតិច ហើយមិនធុញថប់ទៅនឹងការកកស្ទះនៅតាមដងផ្លូវផង ហើយតាមរយៈមធ្យោបាយនេះ ខ្ញុំជឿថា ប្រជាពលរដ្ឋ នឹងងាកមកប្រើប្រាស់សេវាឡានក្រុងហ្នឹងច្រើនជាងមុន”។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “បន្ថែមពីការបង្កើននិងកំណត់ឱ្យមានផ្លូវអាទិភាពសម្រាប់ឡានក្រុង ហ្នឹង ខ្ញុំគិតថា ដើម្បីឱ្យការធ្វើដំណើរតាមឡានក្រុងហ្នឹងកាន់តែមានភាពងាយស្រួលហ្នឹង គួរតែបង្កើនចំនួនឡានក្រុងហ្នឹង ឱ្យបានច្រើន ដែលជាទូទៅ នៅក្នុងទីក្រុងមួយចំនួន ដូចជានៅប្រទេសអង់គ្លេស នៅអូស្ត្រាលី សូម្បីតែនៅឥណ្ឌា ដែលមនុស្សកកកុញ ក៏គេប្រើមធ្យោបាយការកំណត់ផ្លូវអាទិភាពសម្រាប់ឡានក្រុងហ្នឹងដែរ ហើយគេបង្កើនឡានសម្រាប់រត់ ៥នាទី តកន្ទុយគ្នា អត់ចាំដល់ ១៥នាទី ឬក៏កន្លះម៉ោងទេ។ ពេលដែលឡានមានច្រើនអ៊ីចឹងទៅ គឺអ្នកដំណើរអត់ព្រួយខ្លាចខកឡានក្រុងទេ ហើយបើឡានខាងមុខពេញ នៅឡានខាងក្រោយបន្ត អាចបន្តជិះបាន ហើយចំណុចមួយទៀតហ្នឹង ឡានក្រុង គួរតែកុំឱ្យរត់ឆ្ងាយពេក។ ឧទាហរណ៍ កន្លងមក យើងមានខ្សែឡានក្រុង រត់ពីរង្វង់មូលកួចកាណុង នៅជ្រោយចង្វា ទៅដល់តាខ្មៅ បើសិនយើងរត់ខ្លី មួយរត់ត្រឹមពីរង្វង់មូលកួចកាណុងហ្នឹង ទៅវិមានឯករាជ្យ ហើយខ្សែមួយទៀត រត់ពីវិមានឯករាជ្យ ទៅតាខ្មៅ ហើយវិលទៅវិលមកហ្នឹង ខ្ញុំជឿថា វាលឿន ដែលអាចធ្វើឱ្យការដឹកជញ្ជូនហ្នឹងទាន់ពេលវេលា ហើយអ្នកជិះឡានហ្នឹង គឺងាយស្រួលចាំ ងាយស្រួលឡើងជិះឡាន។ ហើយកន្លែងស្តុប កន្លែងឡើងជិះឡានក្រុង ហ្នឹងទៀតសោតហ្នឹង គួរតែជ្រើសនៅទល់មុខសាលារៀន ទល់មុខមន្ទីរពេទ្យ ទល់មុខមជ្ឈមណ្ឌលកសិកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម ឬក៏នៅកាច់ជ្រុងផ្លូវដែលអាចឱ្យអ្នកដំណើរហ្នឹង គាត់ងាយឡើងជិះដែរ ពិសេសនិស្សិត បុគ្គលិករដ្ឋ អ្នកធ្វើការ អ្នករកស៊ី អ្នកដើរទិញទំនិញអីហ្នឹង អាចឡើងជិះស្រួល ហើយនិងមធ្យោបាយមួយទៀត បើអាចធ្វើបាននោះ ដោយសារតែកន្លងមកនេះ នៅស្រុកយើងនេះ យើងប្រើ App យើងប្រើកម្មវិធីទូរស័ព្ទដៃ បើសិនជាមានការបង់លុយតាមទូរស័ព្ទដៃ ឬក៏ការឆែកមើលកាលវិភាគ និងខ្សែរត់ របស់ឡានក្រុង ខ្ញុំឃើញប្រទេសមួយចំនួន គេធ្វើបាន ហើយប្រទេសយើង ខ្ញុំជឿថាធ្វើបានដែរ ដោយសារតែឃើញឥឡូវហ្នឹង អ្នករត់ទុកទុក Pass App ឬក៏ App អីហ្នឹង គេអាចមើលឃើញចលនានៃការរត់របស់ឡាន របស់យានគេហ្នឹង។ ដូច្នេះបើសិនជាបង្កើត App ហ្នឹងមួយទៀត អ្នកធ្វើដំណើរងាយស្រួលណាស់ គាត់មើលទៅ គាត់ដឹងថា ឡានដែលត្រូវជិះនេះ លេខប៉ុណ្ណេះ ដែលបានមកដល់ផ្លូវនេះហើយ ហើយនៅសល់ប៉ុន្មាននាទីទៀត គាត់ត្រូវទៅឱ្យទាន់ ឬក៏ប៉ុន្មាននាទីទៀត ឡានហ្នឹងនឹងមកដល់ ដូច្នេះគាត់អាចគ្រប់គ្រង ពេលវេលាបាន និងអាចកំណត់ថា តើត្រូវធ្វើ ដំណើរទៅ ម៉ោងប៉ុន្មាន ហើយចំណាយពេលប៉ុន្មាន អាចទៅដល់គោលដៅ។ អានេះគ្រាន់តែជាជម្រើសគោលនយោបាយមួយក្នុងការអនុវត្តវិស័យ ឬក៏គម្រោងចរាចរណ៍ គម្រោងដឹកជញ្ជូនសាធារណៈ តាមរយៈឡានក្រុង នៅទីក្រុងភ្នំពេញ ហើយបន្ថែមពីនេះ បើសិនជាសាលារាជធានីភ្នំពេញ ឬក៏អាជ្ញាធរពាក់ព័ន្ធចាប់អារម្មណ៍នៅក្នុងជម្រើសហ្នឹង គួរតែមានការសិក្សាបន្ថែមទៀត ឱ្យលម្អិតទៅ យូរនិងឆាប់ រាជធានីភ្នំពេញយើងត្រូវការមធ្យោបាយដឹកជញ្ជូនសាធារណៈហ្នឹង ព្រោះ មិនអាចបណ្តោយឱ្យប្រជាពលរដ្ឋហ្នឹង ដោះស្រាយបញ្ហាខ្លួនឯង ព្រោះនៅពេលដែលប្រជាពលរដ្ឋកាន់តែច្រើន ទិញឡាន ទិញម៉ូតូ ជាការពិតហើយ កាលណាជីវភាពប្រជាពលរដ្ឋហ្នឹងធូរធារបន្តិចទៅ មានលទ្ធភាព ទោះបីខ្វះខាតក្តី ក៏ខ្ចីលុយធនាគារ បង់រំលស់ អី ទិញយកយានយន្ត ម៉ូតូ ឡាន អីមកជិះ ជាមធ្យាបាយចាំបាច់ក្នុងការធ្វើដំណើរទៅ រកស៊ី ទៅធ្វើការ។ ប៉ុន្តែបើសិនជាម្នាក់ៗ ប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនហ្នឹងច្រើនពេក ទី១ ពិបាកទាំងការធ្វើដំណើរ ហើយទី២ ពិបាកទាំងកន្លែងចតទៀត ដែលបង្កបញ្ហា ច្រើន ហើយទាំងបញ្ហាសង្គម ហើយនិងខាត ទៅដល់ថវិកាក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ បើសិនជាមធ្យោបាយដឹកជញ្ជូនសាធារណៈ យើង ដូចជាតាមឡានក្រុង ឬក៏អនាគតទៅ យើងមានរទេះភ្លើងអាកាសខ្នាតតួច ធុន ស្រាល ដែលអាចដឹកមនុស្សបានងាយស្រួល ក៏វាជាមធ្យោបាយចាំបាច់ ដើម្បីដោះស្រាយ បញ្ហាកកស្ទះ ដើម្បីធ្វើឱ្យការធ្វើចរាចរណ៍ នៅក្នុងទីក្រុងហ្នឹង មានភាពប្រសើរ និង ចៀសផុតពីរឿងឈឺក្បាល វិលមុខ ដោយ-សារតែរឿងកកស្ទះចរាចរណ៍ហ្នឹង។ លើសពី ហ្នឹង ក៏វាអាចកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតករ លាក់មុខសព្វថ្ងៃនេះ មនុស្សស្លាប់ចន្លោះពី ៦ទៅ៨នាក់ ជារៀងរាល់ថ្ងៃនេះ”។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមាន ប្រសាសន៍បន្តទៀតថា “ចំពោះការបែងចែក ផ្លូវអាទិភាពហ្នឹង គឺបើសិនជាចង់ឱ្យឡាន ក្រុង វារត់លឿនទាន់ពេលវេលា ហើយអាច ទាក់ទាញឱ្យមានការជឿទុកចិត្តពីប្រជាពល- រដ្ឋដែលជ្រើសយកមធ្យោបាយធ្វើដំណើរតាមឡានក្រុង ទាល់តែមានការបែងចែកផ្លូវអាទិភាព ហើយជំហានដំបូង អាចពិនិត្យមើល សិក្សាពីការបែងចែកផ្លូវអាទិភាពឡានក្រុង នៅតាមមហាវិថីធំៗ ហើយដំណាក់កាលទី២ គឺអាចពិនិត្យមើលទៅលើការបង្កើត គន្លងផ្លូវអាទិភាព នៅតាមផ្លូវបន្ទាប់ទៀត។ ប៉ុន្តែគួរតែមានការសិក្សាឱ្យបានច្បាស់លាស់ ពីតម្រូវការ ហើយនិងពីកត្តាបច្ចេកទេស វិស្វកម្ម ទាក់ទងនឹងផ្លូវថ្នល់ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យដាក់គោលនយោបាយហ្នឹងទៅ វាបង្កើតឱ្យមានផលប៉ះពាល់ទៅដល់បញ្ហា ផ្សេងទៀត ប៉ុន្តែជាភាពចាំបាច់ គឺខ្ញុំមើល ឃើញថា ដើម្បីឱ្យឡានក្រុងហ្នឹង រត់ទៅលឿន ទាន់ពេលវេលា ហើយមានភាពងាយ ស្រួលសម្រាប់ការធ្វើដំណើរ ការកំណត់អា-ទិភាពគន្លងផ្លូវសម្រាប់ឡានក្រុងនេះ គឺជារឿងចាំបាច់ហើយ បើមិនអ៊ីចឹងទេ ទាំងគេ ទាំងខ្ញុំ មិនទៅជ្រើសរើសជិះឡានក្រុងទេ បើនៅទ្រើកៗ យឺតជាងការជិះម៉ូតូ ជិះទុកទុក ឬក៏បើកឡានផ្ទាល់ខ្លួន។ ប៉ុន្តែបើសិនជាឡានក្រុងហ្នឹង រត់ទៅវាលឿនជាង វាមិនកកស្ទះ សម្បូរបែប ៥នាទី ឬយ៉ាងយូរ១០ នាទី មានឡានក្រុងមួយមកដល់ ទាំងខ្ញុំ ទាំងគេ មិនទៅចំណាយពេលខ្វល់រឿងបើកម៉ូតូ បើកឡានខ្លួនឯង ដែលមួយថ្ងៃៗ យ៉ាងហោចណាស់ក៏ចំណាយពេលខ្ទង់ពីកន្លះម៉ោង ទៅ៤៥នាទី ក្នុងការធ្វើដំណើរទៅធ្វើការនោះទេ”។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមាន ប្រសាសន៍បន្ថែមថា “សម្រាប់ចំនួនរថយន្តក្រុង ដូចគ្នាដែរ ដំណាក់កាលនេះ ខ្ញុំមិនមានតួលេខច្បាស់លាស់ នៅក្នុងការកំណត់ថា តើដំណាក់កាលសាកល្បងនេះ ដោយយោងតាមទិន្នន័យ និងបទពិសោធន៍របស់សាលារាជធានីភ្នំពេញ ក្នុងការប្រតិបត្តិការរថយន្តក្រុង កន្លងមកនេះ ថាតើជាមធ្យម ប្រជាពលរដ្ឋជិះឡានក្រុងប៉ុន្មាននាក់? ហើយបើសិនជាកំណត់គន្លងអាទិភាពឡានក្រុងនេះទៅ បើសិនជាចំនួនប្រជាពលរដ្ឋឡើងជិះ ហ្នឹងច្រើន ហើយមានអ្នកនៅចាំតាមកន្លែងចំណតឡានក្រុងនីមួយៗច្រើនហ្នឹង គឺត្រូវតែបង្កើនចំនួនឡានក្រុង ឱ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងបរិមាណតម្រូវការ និងចំនួនប្រជាពលរដ្ឋដែលត្រូវជិះឡានក្រុងហ្នឹង។ អ៊ីចឹងចំនួននេះ វាទាក់ទងទៅនឹងការសិក្សា ស្រាវជ្រាវ និងការពិនិត្យទៅលើស្ថានភាព នៃតម្រូវការនៅក្នុងប្រតិបត្តិការសេវាឡានក្រុងនេះជាក់ស្តែង។ ប៉ុន្តែទោះជាយ៉ាងណា គឺធ្វើម៉េចឱ្យបរិមាណនៃឡានក្រុងហ្នឹង មានន័យថា គម្លាតនៃការធ្វើដំណើររបស់ឡានក្រុង ចរាចរណ៍របស់ឡានក្រុង ពីមួយទៅមួយ កុំឱ្យឃ្លាតពីគ្នាឆ្ងាយ រហូតដល់ទៅកន្លះម៉ោង ឬក៏១ម៉ោង ដែលនៅក្នុងទីក្រុង ជាពិសេសម៉ោងមនុស្សចេញធ្វើការច្រើនហ្នឹង ចេញទៅធ្វើការ និងត្រឡប់មកផ្ទះវិញហ្នឹង គួរតែបង្កើនចំនួនឡានក្រុង ឱ្យបានច្រើន ហើយគម្លាតពីឡានក្រុងមួយ ទៅឡានក្រុងមួយ សម្រាប់ការដឹកជញ្ជូនហ្នឹង បើបាន ចន្លោះពី ១០ទៅ១៥ យ៉ាងយូរ ២០នាទី ប៉ុន្តែ ខ្ញុំថា ១០ ទៅ១៥ហ្នឹង គឺជាពេលវេលាសមស្របហើយ ដើម្បីកុំឱ្យមានការកកស្ទះ”។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមាន ប្រសាសន៍បន្ថែមទៀតថា “ខ្ញុំឃើញនៅទីក្រុងមួយចំនួន ឥឡូវហ្នឹងគឺគេងាកមកប្រើប្រាស់គោលនយោបាយឡានក្រុង ប្រតិបត្តិការ ឡានក្រុង នៅក្នុងទីក្រុង ហើយដើម្បីឱ្យឡានក្រុងហ្នឹង រត់ទៅបានលឿន មានភាពងាយស្រួលនឹងធ្វើដំណើរបានប្រសើរ ការកំណត់គន្លងផ្លូវអាទិភាពសម្រាប់ឡានក្រុងនេះ គឺជារឿងចាំបាច់ណាស់។ ខ្ញុំសង្ឃឹមថា ទស្សនៈដែលខ្ញុំបានលើកឡើង ហើយក៏ដូចជាឃើញប្រជាពលរដ្ឋយើងមួយចំនួនដែលជាអ្នកប្រើប្រាស់ហ្វេសប៊ុកហ្នឹងក៏មានការយល់ឃើញស្រដៀងគ្នាហ្នឹងដែរ ហើយសង្ឃឹមថា សាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធហ្នឹង នឹងពិនិត្យមើល ពិចារណា មិនដឹងថាខាងការងាររបស់លោក បានពិនិត្យពិច័យ សិក្សាខាងហ្នឹងហើយឬនៅទេ? បើសិនជាមិនទាន់បានសិក្សា ឬក៏នៅមិនទាន់បានសាក- ល្បងដែរ សុំពិចារណាពីជម្រើសគោលនយោបាយនៅក្នុងការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុង តាមអ្វីដែលខ្ញុំបានលើកឡើងពីខាងលើ”៕