ភ្នំពេញៈ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានតែងតាំងផ្ដល់តួនាទីដល់លោកមេធាវី វ៉ែង មូលីវិភ័ក្រ្ត ជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្ស មានឋានៈស្មើអគ្គនាយក ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ត្រាស់បង្គាប់ មាត្រា១ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន១៩រូប មានឋានៈស្មើអគ្គនាយក និងប្រការ២ ដំឡើងឋានៈទីប្រឹក្សអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន៦រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
ក្នុងចំណោមនោះ ឯកឧត្ដមមេធាវី វ៉ែង មូលីវិភ័ក្រ្ត ស្ថិតនៅក្នុងលេខរៀងទី៥ នៃព្រះរាជក្រឹត្យ ដែលព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ តែងតាំង ផ្ដល់តួនាទី ជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្ស មានឋានៈស្មើអគ្គនាយក ។
ក្រោយទទួលបានការត្រាស់បង្គាប់ តែងតាំង ផ្ដល់តួនាទិជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្ស ឯកឧត្ដមមេធាវី វ៉ែង មូលីវិភ័ក្រ្ត បានចេញសារថ្លែងព្រះរាជអំណរគុណដល់ព្រះមហាក្សត្រ និងថ្លែងអំណរគុណដល់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ព្រមទាំងឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្ដមជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផងដែរ ។
សាររបស់ឯកឧត្ដមមេធាវី វ៉ែង មូលីវិភ័ក្រ្ត មានខ្លឹមសារថា “ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយបង្គំព្រះករុណាជីវិតតម្កល់លើត្បូង និងគោរពថ្លែងអំណរព្រះករុណាទិគុណដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅបំផុត ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អង្គព្រះមហាក្សត្ស នៃព្រះចៅក្រុងកម្ពុជាធិបតី ដោយទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន តែងតាំង និងផ្តល់ឋានៈជា ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានឋានៈស្មើ អគ្គនាយក ដល់ទូលព្រះបង្គំ ។
ខ្ញុំបាទសូមថ្លែងអំណរអរគុណដ៏ខ្ពង់ខ្ពស់បំផុត គោរពជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់រូបខ្ញុំបាទ ឱ្យបានចូលបម្រើការងារគណបក្សប្រជាជនកម្ពុជា ។
ខ្ញុំបាទសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅគោរពជូនដល់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអាណិត ស្រលាញ់ ពេញចិត្ត និងផ្តល់ឱកាសដល់រូបខ្ញុំបាទ ឱ្យបានចូលបម្រើការងារនៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។
ខ្ញុំបាទសូមថ្លែងអំណរអរគុណដល់ ឯកឧត្តម ជិន ម៉ាលីន ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដែលបានទទួលនិងផ្តល់ឱកាសដល់រូបខ្ញុំបាទ ឱ្យចុះជួយការងារមូលដ្ឋាន ភូមិអំបែងថ្ងែ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។
សូមអរគុណថ្នាក់ដឹកនាំដែលបានផ្តល់ឱកាសដល់ខ្ញុំឱ្យចូលបម្រើការងារក្នុងមូលដ្ឋានចុះជួយភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាង់ដំបង កន្លងមក ។
ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយព្រះរាជសព្វសាធុការពរ ដល់ព្រះករុណាជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ សូមស្តេចយាងគង់ប្រថាប់នៅក្នុងព្រះសិរីរាជសម្បត្តិ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួត ជាប្រជានុរាស្រ្តខ្មែរ យូរអង្វែងតរៀងទៅ ។
ខ្ញុំបាទសូមគោរពជូនពរ ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ជិន ម៉ាលីន និងឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យ ក្នុងបុព្វហេតុកសាង ដឹកនាំជាតិមាតុភូមិកម្ពុជា ឱ្យរឹតតែរុងរឿងរីកចម្រើនជានិច្ចនិរន្តរ៍តទៅ “ ៕