Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធមេតុងទីន  តុលាការដាក់គុក២ឆ្នាំ

ប្តីប្រពន្ធមេតុងទីន  តុលាការដាក់គុក២ឆ្នាំ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសស្ត្រីមេតុងទីន ឡុង រ៉ានី និងប្តីឈ្មោះគីម ខេមរិទ្ធិ ដាក់ពន្ធនាគារ កំណត់រយៈពេល ២ឆ្នាំ ព្រមទាំងសងជំងឺចិត្តមកដើមបណ្តឹង ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន និងឆបោក និងសមគំនិតក្នុងអំពើឆបោក»។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីន ឈ្មោះឡុង រ៉ានី ត្រូវបានសមត្ថកិច្ចនៃនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០៤០ អ.យ.ក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបន្ទាប់ពីមានការចោទប្រកាន់ពី សំណាក់តំណាងអយ្យការ មេតុងទីននេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធ នាគារ PJ។ គិតមកទល់បច្ចុប្បន្ននេះ មេតុងទីនឈ្មោះឡុង រ៉ានី និងប្តីឈ្មោះ គឹម ខេមរិទ្ធិ កំពុងប្រឈមមុខ នឹងពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រមាណ១០បណ្តឹង ដែលមានកូនតុងទីន ជាច្រើននាក់ ធ្វើការប្តឹងចោទប្រកាន់ មកលើមេតុងទីននេះ និងប្តី អំពីករណីឆបោកប្រាក់តុងទីន ខាតបង់ប្រាក់ ដោយសារតែមានការជឿទុក ចិត្តទៅលើមេតុងទីន ដែលតែងតែសម្ញែងទ្រព្យសម្បត្តិ លុយ ឡាន វីឡា និងផ្តល់ការធានាលើការបង្វិលប្រាក់ ជូនកូនតុងទីនវិញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០ (៧) ៦០០(៦) ៥០០(៦) ដោយដើមបណ្តឹងជាកូនតុងទីន បានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប ៣២៧ ១៦០ដុល្លារ ពីមេតុងទីនឈ្មោះឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានបត្រមួយសន្លឹក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ដុល្លារ និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅ ឱ្យបានគ្រប់ចំនួនបន្ថែមទៀត។ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ក្នុងមូលប្បទានបត្រខាងលើ នៅធនាគារ (ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់ តាមកាលកំណត់ ស្រាប់តែខាងធនាគារ ឆ្លើយតបថា មូលប្បទានបត្រនេះ មិនមាន សាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីន ប្លុកមូលប្បទានបត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ ទៀត ផង។

ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅមានកូនតុងទីនជាច្រើននាក់ ដែលរងគ្រោះ ដោយ សារមេតុងទីនពីរនាក់ប្តីប្រពន្ធនេះ វេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២លានដុល្លារអាមេរិក ឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះឡុង រ៉ានី និងប្តី ជាមេតុងទីននេះ បន្តបន្ទាប់ទៀតផងដែរ៕

RELATED ARTICLES